នៅក្រោយពេលដែលមានការតវ៉ាខ្លាំងពីក្រុមអង្គការសង្គមស៊ីវិលចម្រុះ ធនាគារ ANZ អូស្ត្រាលីយល់ព្រមផ្តល់កញ្ចប់ហិរញ្ញវត្ថុដល់គ្រួសារនៅខេត្តកំពង់ស្ពឺ ក្នុងប្រទេសកម្ពុជា ដែលត្រូវគេបណ្តេញចេញពីលំនៅដ្ឋានដោយក្រុមហ៊ុនស្ករ (Phnom Penh Sugar) របស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជន កម្ពុជា។ ក្រុមហ៊ុននេះត្រូវបានផ្ដល់ប្រាក់កម្ចី ៤០លានដុល្លារពីធនាគារ កាលពីឆ្នាំ ២០១១។ នេះបើតាមសេចក្តីថ្លែងការណ៍ចុងក្រោយមួយរបស់ស្ថាប័នទំនាក់ទំនងជាតិប្រទេសអូស្ត្រាលី Australian National Contact Point (AusNCP) ដែល VOA ទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ។
កិច្ចព្រមព្រៀងនេះកើតឡើងរយៈពេល៥ឆ្នាំ ក្រោយអង្គការសមធម៌កម្ពុជា (EC) និងអង្គការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្នអន្តរជាតិ (Inclusive Development International) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានដាក់បណ្តឹងមួយក្នុងនាមជាតំណាងរបស់គ្រួសារដែលទទួលរងផលប៉ះពាល់ចំនួនយ៉ាងតិច ១២០០គ្រួសារ ដាក់ទៅកាន់ស្ថាប័នទំនាក់ទំនងជាតិប្រទេសអូស្ត្រាលី សម្រាប់គោលការណ៍ណែនាំសម្រាប់សហគ្រាសពហុជាតិនៃអង្គការអូអ៊ីស៊ីឌី OECD។
សេចក្តីប្រកាសព័ត៌មានចុងក្រោយកាលពីថ្ងៃទី២៧ ខែកុម្ភៈ បានបញ្ជាក់ឲ្យដឹងអំពីការចរចារវាងភាគីពាក់ព័ន្ធនានាកាលពីថ្ងៃទី៧ ខែកុម្ភៈ ដែលបានពិភាក្សានិងព្រមព្រៀងគ្នាថា នឹងទទួលដោះស្រាយបញ្ហាលំបាករបស់ពលរដ្ឋ និងកែតម្រូវបញ្ហាសិទ្ធិមនុស្ស។
«ធនាគារ អេអែនហ្ស៊ិត (ANZ) ទទួលស្គាល់ចំពោះទុក្ខលំបាកដែលសហគមន៍រងផលប៉ះពាល់បានប្រឈម ហើយបានយល់ព្រមថា នឹងចំណាយផលចំណេញដែលធនាគារបានទទួលចំណូលពីការផ្តល់ប្រាក់កម្ចី ទៅដល់សហគមន៍ដែលរងផលប៉ះពាល់ទាំងនោះ»។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា អង្គការសមធម៌កម្ពុជា និងអង្គការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្នអន្តរជាតិ (Inclusive Development International) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានស្វាគមន៍ចំពោះធនាគារអេអែនហ្ស៊ិត ដែលសម្រេចបរិច្ចាគកញ្ចប់ថវិកាចំពោះសហគមន៍ទាំងនោះ ហើយនិងការប្តេជ្ញារបស់ធនាគារដើម្បីពង្រឹងបទដ្ឋាននៃការគោរពសិទ្ធិមនុស្ស។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចេញដោយភាគីទាំងបីទៅលើសេចក្តីសម្រេចនេះ ធនាគារ ANZ ក៏បាន «ទទួលស្គាល់ថា ការត្រួតពិនិត្យដ៏ត្រឹមត្រូវទៅលើគម្រោងដែលផ្តល់មូលនិធិដោយកម្ចីរបស់ខ្លួននោះ មិនទាន់មានភាពគ្រប់គ្រាន់នៅឡើយទេ និងទទួលស្គាល់អំពីការលំបាកនានាដែលសហគមន៍រងការប៉ះពាល់បានប្រឈម»។
អង្គការសមធម៌កម្ពុជា និងអង្គការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្នអន្តរជាតិ បានអំពាវនាវជាប្រចាំឲ្យធនាគារ ANZ ដកប្រាក់ចំណេញពីកម្ចីនោះ ផ្តល់ទៅឲ្យគ្រួសារទាំងឡាយជាសំណងសម្រាប់ការបរាជ័យរបស់ខ្លួន ទាក់ទងនឹងការត្រួតពិនិត្យមិនបានត្រឹមត្រូវនេះ។ ក្នុងខែតុលា ឆ្នាំ២០១៨ នាយកប្រតិបត្តិរបស់ធនាគារស្សែនអ៊ែលលៀត (Shayne Elliot ) បានប្រាប់គណៈកម្មការរដ្ឋសភាអូស្ត្រាលីថា នេះគឺជា «ស្ថានភាពអាក្រក់ខ្លាំងបំផុត» ហើយប្រាប់ថា ធនាគារនឹងពិចារណាក្នុងការផ្តល់សំណងដល់គ្រួសារទាំងនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមដដែលលោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាថ្លែងថា៖
«យើងសូមអបអរសាទរចំពោះលោក ស្សែន អ៊ែលលៀត និងធនាគារ ANZ សម្រាប់ការធ្វើរឿងដ៏ត្រឹមត្រូវមួយនេះ ដោយបង្វែរប្រាក់ចំណូលដែលទទួលបានពីកម្ចីនោះ ទៅឲ្យគ្រួសារដែលទទួលរងផលប៉ះពាល់នៅក្នុងខេត្តកំពង់ស្ពឺ។ នេះគឺជាការទទួលស្គាល់ដ៏សំខាន់មួយ ទៅលើការលំបាកដែលកំពុងកើតឡើង ដែលសហគមន៍បានទទួលរងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ហើយវានឹងធ្វើឲ្យមានការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ពួកគាត់។ ទោះយ៉ាងណាក៏ដោយ ក៏វាមិនអាចជំនួសឲ្យការទទួលខុសត្រូវណាមួយរបស់ក្រុមហ៊ុនស្ករភ្នំពេញ ក្នុងការផ្តល់សំណងពេញលេញដល់សហគមន៍សម្រាប់ការខូចខាតទាំងឡាយរបស់ពួកគាត់ឡើយ»។
លោក វុទ្ធី បានថ្លែងប្រាប់ VOA តាមទូរសព្ទបន្ថែមថា៖
«តាមរយៈការចរចានិងការសម្របសម្រួលធនាគារ ANZ មានការសម្រេចចិត្តថាបានផ្តល់មកវិញនូវប្រាក់ដែលខ្លួនបានទទួលពីការផ្តល់កម្ចីហ្នឹង មកឲ្យប្រជាពលរដ្ឋវិញទាំងអស់ បូកទាំងថ្លៃការប្រាក់ផ្សេងៗទៀត។ ហើយយើងមានការសាទររីករាយមែនទែន ចំពោះការសម្រេចចិត្តនេះ ដែលខាងប្រធានធនាគារ ANZ លោក Shayne Elliot គឺគាត់មានការប្តេជ្ញានៅក្នុងការផ្តល់នូវដំណោះស្រាយជូនប្រជាពលរដ្ឋ ដូចអ្វីដែលគាត់បានលើកឡើងទៅខាងគណៈកម្មការសភារបស់ប្រទេសអូស្ត្រាលីកន្លងមក។ ហើយយើងឃើញថា អ្វីដែលគាត់បានលើកឡើងគឺសមិទ្ធផលនេះត្រូវបានសម្រេច ហើយយើងសង្ឃឹមថា ការផ្តល់មូលនិធិនេះនឹងអាចជួយស្តារ ក៏ដូចជាបន្ធូរភាពលំបាករបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ»។
គេមិនទាន់ដឹងថា តើទឹកប្រាក់ចំនួនប៉ុន្មានលានដុល្លារដែលធនាគារ អេអែនហ្ស៊ិតដែលបានចាកចេញពីកម្ពុជានៅឆ្នាំថ្មីៗនេះ ដោយលក់ភាគហ៊ុនទៅឲ្យក្រុមហ៊ុនថ្មី J Trust Royal Bank ត្រូវផ្តល់ជាកញ្ចប់ថវិកាទេ។ ទោះជាយ៉ាងណាក៏ដោយ គេដឹងថាទឹកប្រាក់ដែលធនាគារនេះបានផ្តល់កម្ចីឲ្យក្រុមហ៊ុនស្ករ Phnom Penh Sugar គឺចំនួន៤០លានដុល្លារ។
កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកត្រួតពិនិត្យឯករាជ្យនៃស្ថាប័នទំនាក់ទំនងជាតិប្រចាំប្រទេសអូស្ត្រាលី បានសម្របសម្រួលកិច្ចប្រជុំផ្សះផ្សាមួយរវាងភាគីទាំងឡាយដែលចេញលទ្ធផលជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ។
លោក សឹង សុខុម ដែលជាតំណាងម្នាក់នៃគ្រួសារដែលទទួលរងការប៉ះពាល់ បានបង្ហាញក្តីរីករាយចំពោះដំណោះស្រាយនេះ ដោយបានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នាដដែលតាមខ្លឹមសារដើមថា៖
«យើងបានទទួលរងនូវការលំបាកយ៉ាងសម្បើម ក្នុងជីវភាពរស់នៅរបស់យើង ចាប់តាំងពីក្រុមហ៊ុនស្ករ បានយកដីធ្លីរបស់យើង កាលពីជិត១០ឆ្នាំមុន ហើយការផ្តល់ការរួមចំណែកមួយនេះ នឹងជួយដល់ស្ថានភាពរបស់ពួកយើងបានច្រើនណាស់។ សហគមន៍ដែលទទួលរងការប៉ះពាល់ទាំងមូល រួមទាំងរូបខ្ញុំផង សូមសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារ ANZ ដែលបានដោះស្រាយបណ្តឹងរបស់ពួកយើង»។
ដោយឡែក លោកស្រី ណាតាលី ប៊ូហ្កាល់ស្គី (Natalie Bugalski) នាយិកាទទួលបន្ទុកផ្នែកច្បាប់របស់អង្គការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្នអន្តរជាតិបានអះអាងថា៖
«កិច្ចព្រមព្រៀងនេះ បង្កើតជាករណីផ្លូវច្បាប់ (យុត្តិសាស្ត្រ) ដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មធនាគារ ហើយយើងសូមស្វាគមន៍ភាពជាអ្នកដឹកនាំរបស់ធនាគារ ANZ នៅក្នុងករណីនេះ។ បន្តទៅមុខទៀត ធនាគារទាំងអស់ គួរទទួលស្គាល់ថាពួកគេមិនអាចមើលទៅលើផ្លូវណាផ្សេងទៀតឡើយ នៅពេលដែលពួកគេផ្តល់លុយកម្ចីដល់សាជីវកម្មនានាដែលបំពានសិទ្ធិទាំងឡាយរបស់មនុស្ស និងបង្កឲ្យមានការឈឺចាប់។ ប្រសិនបើធនាគារមួយ រួមចំណែកដល់ការប៉ះពាល់សិទ្ធិមនុស្សធ្ងន់ធ្ងរ តាមរយៈសកម្មភាពផ្តល់កម្ចីបែបនេះ ធនាគារនោះ មានទំនួលខុសត្រូវក្នុងការរួមចំណែកផ្តល់សំណងដែរ»។
លោក ដេវីដ ផ្រេដ (David Pred) នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្នអន្តរជាតិ បានថ្លែងថា៖
«ករណីនេះទើបតែជាករណីលើកទីពីរគត់ ក្នុងចំណោមករណីលើសពី៣០០ ដែលបានបិទបញ្ចប់ នៅក្នុងប្រវត្តិសាស្ត្រ២០ឆ្នាំរបស់ប្រព័ន្ធស្ថាប័នទំនាក់ទំនងថ្នាក់ជាតិរបស់ OECD ដែលដំណើរការបណ្តឹង ទទួលបានលទ្ធផលជាការផ្តល់សំណងហិរញ្ញវត្ថុមាំទាំមួយសម្រាប់អ្នកដាក់បណ្តឹង។ នេះជាកំណត់ត្រាដ៏អស្ចារ្យមួយ។ យើងសង្ឃឹមថាលទ្ធផលនេះ នឹងជួយជំរុញលើកទឹកចិត្តឲ្យមានពេលអនាគតកាន់តែភ្លឺស្វាង សម្រាប់យន្តការគណនេយ្យភាពរបស់សាជីវកម្ម ដែលជនរងគ្រោះដោយសារតែទង្វើខុសឆ្គងរបស់សាជីវកម្ម អាចរំពឹងថាមានការដាក់បណ្តឹងត្រឹមត្រូវតាមច្បាប់ដើម្បីទទួលបានសំណងប្រកបដោយប្រសិទ្ធភាព»។
ធនាគារ ANZ ក៏ព្រមព្រៀងក្នុងការត្រួតពិនិត្យឡើងវិញ និងពង្រឹងគោលនយោបាយសិទ្ធិមនុស្សរបស់ខ្លួន រួមទាំងដំណើរការពិនិត្យផ្នែកសង្គមនិងបរិស្ថានរបស់អតិថិជនខ្លួន និងយន្តការដោះស្រាយបណ្តឹងផងដែរ។
អង្គការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្នអន្តរជាតិ និងអង្គការសមធម៌កម្ពុជាដែលស្វាគមន៍ការប្តេជ្ញាចិត្តនេះ បានបញ្ជាក់បន្ថែមថា នឹងទន្ទឹងរង់ចាំធ្វើការជាមួយធនាគារ ANZ ដើម្បីបង្កើតនូវយន្តការដោះស្រាយបណ្តឹង ដែលបង្កលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់និងប្រកបដោយប្រសិទ្ធភាព សម្រាប់សហគមន៍ទទួលរងការប៉ះពាល់ ហើយយើងសូមជំរុញឲ្យធនាគារផ្សេងទៀត អនុវត្តតាមដូច្នេះដែរ៕