ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អន្តរជាតិ​ថា​ជន​រង​គ្រោះ​ដីធ្លី​នៅ​កំពង់​ស្ពឺ ​ត្រូវ​ទទួល​បាន​សំណង​ពី​ឈ្មួញ​រំលោភ​ដីធ្លី​បន្ថែម​លើ​សំណង​ANZ


 ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០១០ មកពីខេត្តកំពង់ស្ពឺហែរញត្តិដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០១០ មកពីខេត្តកំពង់ស្ពឺហែរញត្តិដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

ក្រុម​អង្គការ​អន្តរជាតិ​បាន​និយាយថា​ជន​រង​គ្រោះ​ដីធ្លី​នៅ​កំពង់​ស្ពឺ ​ត្រូវ​ទទួល​បាន​សំណង​ពី​ឈ្មួញ​រំលោភ​ដីធ្លី​បន្ថែម​លើ​សំណង​ANZ ​របស់​ប្រទេស​អូស្ត្រាលី​ដែល​បាន​ទទួល​ស្គាល់​កំហុស​រឿង​រំលោភ​សិទ្ធិ​មនុស្ស​។​ ធនាគារ​នេះ​បាន​សម្រេច​ផ្តល់​សំណង កាល​ពីថ្ងៃ​ទី៧ ​ខែកុម្ភៈ ​ក្រោយ​រយៈ​ពេល​៥ឆ្នាំ​ ដែល​មាន​ការ​ប្តឹង​តវ៉ា​រយៈ​ពេល​៥ឆ្នាំ។ ក្រុមហ៊ុន ​Phnom Penh ​Sugar នៅ​មិន​ទាន់​មាន​វិធានការ​ទទួល​ខុស​ត្រូវ​យ៉ាង​ណា​ទេ ​ទោះ​ជា​ធនាគារ​ដែល​ជា​អ្នកផ្តល់​កម្ចី​បាន​ព្រម​ព្រៀង​សង​សំណង​ដល់​ជន​រង​គ្រោះ​ក្តី។​ ការនេះ​បង្ហាញ​ថា​វាជា​រឿង​ដ៏​លំបាក​ដែល​ជន​រងគ្រោះ​នៅ​កន្លែង​ដ៏ទៃ​ អាច​មាន​ឳកាស​ទទួល​សំណង​ដោយ​សារការ​រំលោភ​បំពាន​ដីធ្លី​ដ៏​ស្រួចស្រាល់​នៅ​កម្ពុជា។​

ក្រុម​អ្នក​តស៊ូ​មតិ​អន្តជាតិ​រួម​ទាំង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ផង​បាន​និយាយ​ថា​ពលរដ្ឋ​ដែល​បាត់​បង់​ដីធ្លី​ដោយ​សារ​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​នៅ​ខេត្ត​កំពង់​ស្ពឺ​ជាង ​១០០០​គ្រួសារ​ចាំ​បាច់​ត្រូវ​ទទួល​បាន​សំណង​ដោយសារ​ការ​រំលោភ​បំពាន​សិទ្ធិ​ផងដែរ ​មិន​មែន​គ្រាន់​តែ​ទទួល​សំណង​ពី​ធនាគារ​អូស្ត្រាលី ​ANZ ​ដែល​បាន​ទទួល​កំហុស​របស់​ខ្លួន​នោះ​ទេ។

អង្គការ​សមធម៌​កម្ពុជា​ Equitable ​Cambodia ​(EC) ​និង ​អង្គការ​អភិវឌ្ឍន៍​ប្រកប​ដោយ​បរិយាប័ន្ន​អន្តរជាតិ ​Inclusive ​Development ​International​ (IDI) ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ដាក់​បណ្តឹង​មួយ​ក្នុង​នាម​ជា​តំណាង​របស់​គ្រួសារ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ចំនួន​យ៉ាងតិច ​១២០០​គ្រួសារ ​ដាក់​ទៅ​កាន់​ស្ថាប័ន​ទំនាក់​ទំនង​ជាតិ​ប្រទេស​អូស្ត្រាលី​ សម្រាប់​គោល​ការណ៍​ណែនាំ​សម្រាប់​សហគ្រាស​ពហុជាតិ​នៃ​អង្គការ​អូអ៊ីស៊ីឌី​ OECD ​មុន​ពេល​មាន​កិច្ចព្រម​ព្រៀង​ផ្តល់​សំណង​ពីធនាគារ​ ANZ ​នៅ​ពេល​ក្រុម​ហ៊ុន​ស្ករ​ (Phnom Penh Sugar)​ របស់​លោក​ឧកញ៉ា ​លី យ៉ុងផាត់ ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ​មិន​ទាន់​ប្រកាស​ទទួល​ខុស​ត្រូវ​យ៉ាង​ណា​ចំពោះ​ពលរដ្ឋ​រងគ្រោះ​នៅ​ឡើយ។

លោក ​ហ្វ៊ីល រ៉បប៊ឺតសុន​ (Phil Robertson )​នាយក​រង​នៃ​អង្គការ​សិទ្ធិមនុស្ស​ Human Rights Watch ​បាន​ថ្លែង​ប្រាប់ ​VOA ​តាម​ទូរសព្ទ​ថា​នៅ​កម្ពុជា​អ្នក​មាន​អំណាច​ អ្នក​មាន​និង​ក្រុម​ឈ្មួញ​បរទេស​ចង់​បាន​ដី​នៅ​ទីណា​ហើយ​ ពលរដ្ឋ​នឹង​ត្រូវ​គេ​បណ្តេញ​ចេញ​ពីផ្ទះ​សម្បែង ​ហើយ​ត្រូវ​បង្ក្រាប​ ចាប់​ដាក់​គុក ​ចោទ​ប្រកាន់​ទោស​បើ​ពលរដ្ឋ​ណា​ឬ​អង្គការ​ណា​ហ៊ាន​តវ៉ា​រក​ដំណោះ​ស្រាយ​ពីឈ្មួញ​អ្នក​មាន​អំណាច។​ តែ​លោក​បាន​បញ្ជាក់​ពី​ក្តី​រីករាយ​របស់​លោក​ដែល​ក្រុមហ៊ុន​ឬ​ធនាគារ ​ANZ​ អូស្ត្រាលី​ចេញ​មុខ​ទទួល​ខុស​ត្រូវ។

«វាជា​រឿង​សោក​ស្តាយ​ អ្នក​ដឹង​ទេ ​នេះ​គឺ​ក្រុមហ៊ុន​បរទេស​ដែល​ទទួល​ខុស​ត្រូវ​នៅ​ពេល​មាន​ក្រុមហ៊ុន​ជន​ជាតិ​កម្ពុជា​ជាច្រើន​ដែល​ពាក់ព័ន្ធ​ក្នុងការ​បោក​ប្រាស់​ពលរដ្ឋខ្លួន​ហើយ​ មិន​បាន​ទទួល​ខុស​ត្រូវ​ទាល់​តែ​សោះ‍»។

លោក​បាន​ចោទ​ប្រកាន់​រឿង​នេះ​ថា​កើត​ឡើង​ដោយ​សារ​តែ​អំពើ​ពុករលួយ​និង​ទង្វើ​ខុសច្បាប់​របស់​ក្រុម​មន្ត្រី​សាធារណៈ ​ហើយ​លោក​ថា​បើគ្មាន​យុទ្ធនាការ​ពីក្រុម​អង្គការ​ជាតិ​និង​អន្តរជាតិ​ដ៏​វែង​ដើម្បី​ទាមទារ​យុត្តិធម៌​ជូនជន​រងគ្រោះ​ទេ​លោក​មិន​គិតថា​នឹង​មាន​ការ​ទទួល​ស្គាល់​កំហុស​ដូច​ដែល​ធនាគារ ​ANZ ​បាន​ប្រកាន់​យក​នៅ​នាទី​ចុង ក្រោយ​ទេ។

«លោក​ដឹង​ទេ​ វាជា​រឿង​លំបាក​ក្នុង​ការ​និយាយ​ថា​ក្រុមហ៊ុន​ចិន​មួយ​ឬក្រុម​ហ៊ុន ​វៀតណាម​មួយ​ ដែល​រំលោភ​ដីធ្លី​អាច​នឹង​ផ្តល់​សំណង​ដូចគ្នា​នឹងANZ។​ ខ្ញុំ​ចង់​មានន័យ​ថា​ក្រុមហ៊ុន​ទាំង​នេះ ​ខ្ញុំ​បញ្ជាក់​ជាថ្មី​គឺថា​មាន​ទាហ៊ាន​មន្ត្រី​រដ្ឋាភិបាល​ពី​ប្រទេស​កម្ពុជា​ពាក់​ព័ន្ធ​ពីក្រោយ​និង​ជា​វិនិយោគ​ដែល​មាន​ការ​ពឹងអាង​លើ​ក្រុមហ៊ុន​ទាំង​នេះ ដើម្បី​កេង​ផល​ប្រយោជន៍​ពី​ប្រជាជន​កម្ពុជា។​ លោក​អ្នក​គិត​ថា​ក្រុមហ៊ុន​ចិន​នោះ​នឹង​សង​លុយ​ច្រើន​ដល់​កសិករ​ដែល​រងការ​បណ្តេញ​ចេញ​ពីដី​ពួក​គេ ​នៅ​ពេល​ក្រុម​ហ៊ុន​ ចូល​កាន់​កាប់?​ ខ្ញុំមិន​គិត​អី​ចឹង​ទេ‍»។

រូបឯកសារ៖ ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០១០ មកពីខេត្តកំពង់ស្ពឺហែរញត្តិដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
រូបឯកសារ៖ ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០១០ មកពីខេត្តកំពង់ស្ពឺហែរញត្តិដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

មន្ត្រី​ក្រុមហ៊ុន ​Phnom Penh Sugar​ និង​ លោក​ លី យ៉ុងផាត់​ ម្ចាស់​ក្រុមហ៊ុន​ដែល ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នឹងការ​បណ្តេញ​ចេញ​ពលរដ្ឋ​ពីដី​ នៅ​ខេត្ត​កំពង់​ស្ពឺ​ដើម្បី​យក​ដី​ដាំ​ចំការ​អំពៅ​ ផលិត​ស្ករ​នោះ​ ហើយ​នឹង​ការ​ចោទ​ប្រកាន់​រឿង​រំលោភ​សិទ្ធិ មនុស្ស​និង​ពលកម្ម​កុមារ​នោះ ​មិន​បាន​ឆ្លើយ​តប​នឹង​ការ​ស្នើសុំ​ធ្វើ​បទ​សម្ភាសន៍​នោះ ទេ​តាំង​ពី​សប្តាហ៍​មុន​ ដោយ​ទូរសព្ទ​គ្មាន​អ្នក​ទទួល មិន​អាច​ទាក់​ទងបាន​ហើយ សំណើរ​របស់ ​VOA ​តាម​ប្រព័ន្ធ​អ៊ីម៉េល​ក៏គ្មាន​ការ​ឆ្លើយ​តប។

ធនាគារ​អូស្ត្រាលី ​ANZ​ ដែល​បាន​ផ្តល់​កម្ចី​៤០​លាន​ដុល្លារ​កាល​ពីឆ្នាំ​២០១១​ដល់​ក្រុម ហ៊ុន​លោក​លី យ៉ុងផាត់​នោះ​ បាន​ព្រមព្រៀង​គ្នា​កាលពី​ដើម​ខែកុម្ភៈ​ក្រោយ​ពីកិច្ច​ប្រជុំ​ដែល​សម្រប​សម្រួល​ដោយ​អ្នក​ត្រួត​ពិនិត្យ​ឯករាជ្យ​ពី​ក្រសួង​រតនាគារ​អូស្ត្រាលី ​ហៅ​ថា​ស្ថាប័ន​ទំនាក់​ទំនង​ជាតិ​ប្រទេស​អូស្ត្រាលី ​Australian ​National ​Contact ​Point (AusNCP) ​ដែល​មាន​ការ​ចូលរួម​ពីភាគី​រងគ្រោះ ​អង្គការ​សមធម៌​កម្ពុជា ​អង្គការ​ IDI និង​ធនាគារ ​ANZ ​មុនលទ្ធផល​នៃកិច្ច​ព្រមព្រៀង​ជា​ប្រវត្តិ​សាស្ត្រ​ ចេញ​ពីភាគី​ទាំងអស់​លើ​ដំណោះ​ស្រាយ​សំណង​ ដែល​គ្រប់​ភាគី​មិនបាន​បញ្ជាក់​ពីចំនួន​ទឹក​ប្រាក់ ​ហើយ​ចាត់​ទុក​ថា​ជា​រឿង​សម្ងាត់​នៅ​ឡើយ​នោះ។ ​តែ​ធនាគារ​ ANZ ​ត្រូវ​គេ​ដឹងថា​បាន​ព្រម​ផ្តល់​ប្រាក់​ចំណេញ​និង​ការ​ប្រាក់​បាន​មក​ពី​កម្ចី​៤០​លាន​ដុល្លារ​នេះ​ដល់​ពលរដ្ឋ​រង​គ្រោះ។

លោកស្រី ​អាលី ហាញ ​(Ali Hines) ​អ្នក​ធ្វើ​យុទ្ធនាការ​ដីធ្លី ​នៃអង្គការ​ Global ​Witness ក្នុង​ប្រទេស​អង់គ្លេស​បាន​កោត​សរសើរ​ចំពោះ​កិច្ច​ព្រមព្រៀង​រវាង​ពលរដ្ឋ​រងគ្រោះ​ដោយ​ការ​រំលោភ​ដីធ្លី​និង​ធនាគារ​ ANZ ។

«អង្គការ ​Global Witness ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​ចិត្ត​សង​ប្រាក់​ដល់​សហគមន៍​រងផល​ប៉ះពាល់​ក្នុង​ប្រទេស​កម្ពុជា ​ក៏ដូច​ជា​ការ​ភ្ជាប់​ដ៏ធំ​ទូលាយ​ចំពោះ​សហគមន៍​អ្នកវិនយោគ។​ សំណុំ​រឿង​នេះ​គឺជា​ការ​រំឭក​ដ៏មាន​សារ:​សំខាន់​មួយថា​ក្រុមអ្នក​វិនិយោគ​នានា​ មិនអាច​បិទ​ភ្នែក​ចំពោះ​បញ្ហា​រំលោភ​បរិដ្ឋាន​និង​សិទ្ធិមនុស្ស ​ដែល​ប្រព្រឹត្ត​ដោយ​ក្រុមហ៊ុន​ដែល​គេធ្វើ​វិនិយោគ​ទេ‍»។

របាយ​ការណ៍​អង្គការ​សិទ្ធិ​មនុស្ស ​លីកាដូ​និង​ អាដហុកបាន​បង្ហាញ​ពី​ការ​រំលោភ​ដីធ្លី ​មួយ​ទសវត្សរ៍​ចុង​ក្រោយ​យ៉ាង​ខ្លាំង​មួយ​ផ្នែក​ធំគឺ​ដោយសារ​ដី​សម្បទាន​ សេដ្ឋកិច្ច​ដែលមាន​ក្រុមហ៊ុន​ជិត​៣០០ដែល​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ប្រគល់​ជូន​ដល់​ក្រុម​ហ៊ុន​ឯក​ជន​មុន​ពេល​ដក​ហូត​មក​វិញ​និង​ឈប់​ផ្តល់​បន្ថែម​ដែល​នេះត្រូវ​គេដឹង​ថា​ជា​វិធាន​ការ​មួយ​របស់​រដ្ឋាភិបាល។​ពលរដ្ឋ​ជាច្រើន​សែន​នាក់​នៅទូទាំង​ប្រទេស​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​រំលោភ​បំពាន​ដីធ្លី​ជា​ទូទៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​រឿង​នេះ​កើត​ចេញពី​វិវាទ​ដីធ្លី​ ច្រើន​ជាង​២លាន​ហិកតា ។

លោក​ស្រី​ អាលី ហាញ ​បាន​បញ្ជាក់​បន្ថែម​ថា៖ «ពលរដ្ឋ​សរុប​ចំនួន​៨០​ ភាគរយ​នៅ​ជនបទ​ក្នុង​ប្រទេស​កម្ពុជា។​ ហើយ​ការ​រំលោភ​បំពាន​ដីធ្លី​ជារឿយៗ​ត្រូវ​ប្រព្រឹត្ត​ឡើង​ដោយ​គ្មានការ​ពិគ្រោះ​យោបល់​ឬផ្តល់​សំណង​នោះទេ។​ ជា​ញយៗ​រឿង​ដំបូង​ដែល​សហគមន៍​ដឹង​អំពី​ការ​វិនិយោគ​គឺ​នៅពេល​ដែល​មាន​គ្រឿង​ចក្រ​ឈូស​ឆាយ​បាន​ទៅដល់។​ ដីរាប់​លាន​ហិកតា​ត្រូវ​គេ​យក​ដោយ​គ្មាន​ការ​ដឹង​ឮឬ​យល់​ព្រម​ពី​ពលរដ្ឋ​ដែល​នៅ​លើដី‍»។

លោក​ស្រី​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា​ច្បាប់​កម្ពុជា​តម្រូវ​ឲ្យ​ការពារ​ព្រៃឈើ ​ការ​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​រស់នៅ​លើដី​ តែច្បាប់​ទាំងនេះ​កម្រ​ឃើញ​មាន​ការ​អនុវត្តន៏​ក្រៅពី​ឃើញ​អាជ្ញាធរ​សន្តិសុខ​រិបអូស​ដីធ្លី​ហើយ​បែង​ចែក​ទៅ​ក្រុមហ៊ុន​អ្នកមាន​អំណាច​ដែល​ជិតដិត​នឹង​រដ្ឋាភិបាល។

ដោយ​សារ​តែ​សហភាព​អឺរ៉ុប​ដែល​ជា​ទីផ្សារ​ដ៏ធំ​បំផុត​មួយ​សម្រាប់​ទំនិញ​កម្ពុជា​បាន​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំចូល​ទាំង​អស់​ទៅ​អឺរ៉ុប​លើក​លែង​តែ​អាវុធ​EBA ​មួយ​ផ្នែក​នោះ ​ស្ករ​គឺជា​ផលិត​ផល​មួយ​ដែល​ត្រូវ​ប៉ះពាល់​ឬត្រូវ​បង់ពន្ធ​បើ​នាំចូល​ទៅ​ទីផ្សារ​អឺរ៉ុប។​ ការ​នេះ​ដោយសារ​តែ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​និង​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​មិន​ត្រូវ​បាន​ស្តារ​ឡើងវិញ​តាមការ​ទាមទារ​របស់​សហភាព​អឺរ៉ុប។

រូបឯកសារ៖ ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០១០ មកពីខេត្តកំពង់ស្ពឺហែរញត្តិដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
រូបឯកសារ៖ ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០១០ មកពីខេត្តកំពង់ស្ពឺហែរញត្តិដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

លោក​បណ្ឌិត ​លោក​ អ៊ា សុផល ​សាស្ត្រាចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​អន្តរជាតិ​នៅ​មហា​វិទ្យាល័យ ​Occidental ​ទីក្រុង ​ Los Angeles ​រដ្ឋ ​California​ ​សហរដ្ឋ​អាមេរិក​បាន​កត់​សម្គាល់​ពីការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​រឿងព្យួរ ​EBA ​មួយ​ផ្នែក។

លោក​ថែ្លង​ថា៖ «សហភាព​អឺរ៉ុប​កំពុង​សម្លឹង​មើល​អ្នកណា​ដែល​ខូច​និង​អ្នក​ដែល​ល្អ។​ ស្ករ​ត្រូវ​រង​ទណ្ឌកម្ម​ដោយ​ហេតុផល​ត្រឹម​ត្រូវ។​ ជា​ការ​ពិត​រឿង​នេះ​សម្រាប់​ខ្ញុំវា​ហាក់​ដូចជា​ថា​នៅ​ខណៈ​ដែល​គ្រប់គ្នា​ស្តាយ​ផល​ប៉ះពាល់​មិន​សមល្មម​លើ​រដ្ឋាភិបាល​កម្ពុជា​ទាក់​ទង​នឹង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​ហើយ​ថា​តើ​រដ្ឋាភិបាល​កម្ពុជា​គ្មាន​ជំហរ​ផ្សេងពី​រដ្ឋា​ភិបាល​ចិន​ដូចម្តេច​នោះ​ រឿងនេះ​ពិត​ជា​មាន​ផល​ប៉ះពាល់​លើ​ស្ថានភាព​នានា​ដូចជា ​ស្ករ ​ដីធ្លី ​និង​ការ​រំលោភ​បំពាន​ផ្សេង​ទៀត​នៅ​នឹង​កន្លែង‍»។

លោក ​អ៊ា សុផល ​ដែលជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើងថា​ «ការ​ពឹង​ផ្អែក​ជំនួយក្នុង​ប្រទេស​កម្ពុជា៖ ​តើ​ជំនួយ​បរទេស​ធ្វើ​ឲ្យ​អន្តរាយ​លទ្ធិ​ប្រជាធិប​តេយ្យ​យ៉ាង​ដូចម្តេច‍?» ​បាន​យោង​ទៅលើ​ការ​ប៉ះពាល់​២០​ភាគរយ​និង​ខាតបង់​ថវិកា​ជាច្រើន​លាន ដុល្លារ។

លោក​ថ្លែង​ទៀត​ថា៖ «ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ផ្តោត​លើ​អ្នក​រំលោភ​ដីធ្លី ​នឹង​មាន​ឥទ្ធិពល។​ សហភាព​អឺរ៉ុប​ត្រូវតែ​ដាក់​ទណ្ឌកម្ម​លើជន​ទាំង​ឡាយ​ដែល​ប្រពឹត្ត​មិន​ត្រឹមត្រូវ​ជាមួយ​ពលរដ្ឋ​កម្ពុជា‍»។

លោក ​ម៉ុង ឫទ្ធី ​នាយក​ក្រុមហ៊ុន​ Mong Reththy Group ​(MRG) ​ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​ការពារ​ក្រុមហ៊ុន​នៅ​កម្ពុជា​របស់​លោក​ថា​ធ្វើ​ជំនួញ​ត្រឹម​ត្រូវ​មិនមាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹងការ​រំលោភ​សិទ្ធិ​មនុស្ស ​និង​សិទ្ធិកុមារ​ហើយ​នឹង​រង​ទណ្ឌកម្ម​ពី​អឺរ៉ុប​ដែរ។

លោក​ថ្លែង​ថា៖ «ខ្ញុំអត់​បាន​ខ្ចី​លុយ​គេទេ​ ហើយ​គេ​ក៏មិន​ឲ្យខ្ញុំ​ខ្ចីលុយ​ដែរ​ ដោយសារ​តែខ្ញុំ​ធ្វើ​កសិកម្ម​ដោយ​សុចរិត​ អីចឹង​វាពិបាក​។​ និយាយរួម​គេ​អត់​ឲ្យខ្ញុំ​ខ្ចី​ទេ​ និយាយ​តាម​ត្រង់។​ ហើយ​មួយ​ទៀត​អំពី​រឿង​រំលោភ​សិទ្ធិមនុស្ស​រំលោភ​ (ពលកម្ម)​ កុមារ​អីហ្នឹង​ ខ្ញុំថា​ក្រុមហ៊ុន​លើពិភព​លោក​បើធ្វើ​ឲ្យបាន​ប្រហែល​ខ្ញុំទៅ​ មិនដឹង​ជា​មាន​សិទ្ធ​ប៉ុន្មាន​ទៀត​ទេ​ គឺមាន​ទាំង​ផ្ទះនៅ ​អាហារ​បីពេល ​បោក​ខោអាវ​ឲ្យទៀត​ ទឹក​ភ្លើង​អត់​គិត​លុយ ​ឈឺ​មើល​អត់ យក​លុយ​ទៀត​ ធ្វើឲ្យ​បាន​តែ​ប្រហែល​ខ្ញុំទៅ​បាន​ហើយ‍»។

លោក​ថា​ក្រុមហ៊ុន​របស់​លោក​ដែល​មាន​បុគ្គលិក​២ម៉ឺន​នាក់​នៅតែ​នាំ​ផលិត​ផល​ជាច្រើន​ទៅ​អឺរ៉ុប​ដោយ​គ្មាន​ការបង់​ពន្ធ​ដដែល ​ដូចជា​ស្វាយ​ ប្រេង​ដូង។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ក្រុមហ៊ុន​ខ្ញុំមិន​មាន​ប៉ះពាល់​អីទេ​ណា​ចូល​ក៏​អត់អី​ ហើយ​នាំ​ចេញ​ក៏អត់​អីដែរ ​មក​ពីអី វិស័យ​កសិកម្ម ​ខ្ញុំនាំ​ប្រេង​ដូងទៅ​សហគមន៍​អឺរ៉ុប​ហ្នឹង​យូរ​ហើយ​ ហើយ​អនុគ្រោះ​តាំង​ពីដើម​មក​ ហើយ​មិន​មាន​បិទ​វិស័យ​ដូង​ប្រេងទេ។​ ហើយ​មួយ​ទៀត​ស្វាយ​ ខ្ញុំនាំ​ទៅ​សហគមន៍​អឺរ៉ុប​និង​សូវៀត​ដែរ​ក៏មិន​មាន​ប៉ះពាល់​អីដែរ។​ ក្រុមហ៊ុន​ខ្ញុំ​នាំចេញ​រួច​ពន្ធ​ទាំងអស់ ​មិន​មាន​បង់​ពន្ធ​អីទេ‍»។

លោក​ ម៉ុង ឫទ្ធី ​បាន​បញ្ជាក់​បន្ថែម​ថា​ក្រុមហ៊ុន​របស់​លោក​ដែល​មាន​អាយុ​កាល​២៦ ឆ្នាំមក​ហើយ​នោះ​ មាន​មុខ​ជំនួញ​ទាក់ទង​នឹង​ចំការ​ដូង​ប្រេង​រាប់សែន​ហិកតា​ ចំការ​កៅស៊ូ ​មាន​កំពង់​ផែ ​សំណង់​ ការ​ចញ្ចឹម​សត្វ​ជាដើម៕

XS
SM
MD
LG