ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋខ្មែរអាមេរិកាំងកាន់តែសកម្ម ប្រកួតយកតំណែងជាតំណាងរាស្ត្រសង្កាត់ទី១៨ Middlesex នៅទីក្រុងឡូវែល


លោក មុំ រ៉ាឌី (ឆេ្វង) លោក កៃ កាម៉ារ៉ា (កណ្តាល) និងលោក ឃឹម ឆេត (ស្តាំ) គឺជាបេក្ខជនខ្មែរអាមេរិកាំងបីនាក់ ដែលឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្នាក់រដ្ឋសម្រាប់សង្កាត់ទី១៨ Middlesex ឆ្នាំ២០១៦ នៃរដ្ឋម៉ាសាឈូសេត។
លោក មុំ រ៉ាឌី (ឆេ្វង) លោក កៃ កាម៉ារ៉ា (កណ្តាល) និងលោក ឃឹម ឆេត (ស្តាំ) គឺជាបេក្ខជនខ្មែរអាមេរិកាំងបីនាក់ ដែលឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្នាក់រដ្ឋសម្រាប់សង្កាត់ទី១៨ Middlesex ឆ្នាំ២០១៦ នៃរដ្ឋម៉ាសាឈូសេត។

បេក្ខជនខ្មែរអាមេរិកាំងទាំងបីនាក់នេះ ដែលបានតាំងចិត្តបម្រើ និងធ្វើឲ្យមានការផ្លាស់ប្តូរបន្ថែមទៀតនៅក្នុងសហគមន៍នេះ រួមមានលោក មុំ រ៉ាឌី និងលោក ឃឹម ឆេត ដែលអ្នកទាំងពីរជាបេក្ខជននៃគណបក្សប្រជាធិបតេយ្យ និងលោក កៃ កាម៉ារ៉ា បេក្ខជនមកពីគណបក្សសាធារណៈរដ្ឋ។

ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ថ្នាក់​រដ្ឋ​ម៉ាសាឈូសេត នឹង​ចាប់ផ្តើម​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ដោយ​គេ​ឃើញ​មាន បេក្ខជន​ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​បីនាក់ បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ដើម្បី​ប្រកួត​យក​តំណែង​ជា​តំណាងរាស្ត្រ​ថ្នាក់​រដ្ឋ​សម្រាប់​សង្កាត់​ទី១៨ Middlesex នៅ​ទីក្រុង​ឡូវែល។

អ្នក​ទាំង​បី​នាក់​នេះ​បាន​ប្រាប់ VOA ថា ពួក​គេ​ចង់​បម្រើ​សហគមន៍​នេះ​ឲ្យ​មាន​ការ​រីកចំរើន​បន្ថែម​ទៀត។

បេក្ខជន​ខ្មែរ​អាមេរិកាំង​ទាំង​បី​នាក់​នេះ ដែល​បាន​តាំង​ចិត្ត​បម្រើ​ និង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​បន្ថែម​ទៀត​នៅ​ក្នុង​សហគមន៍​នេះ រួមមាន​លោក មុំ រ៉ាឌី និង​លោក ឃឹម ឆេត ដែល​អ្នក​ទាំង​ពីរ​ជា​បេក្ខជន​នៃ​គណបក្ស​ប្រជាធិបតេយ្យ និង​លោក កៃ កាម៉ារ៉ា ​បេក្ខជន​មក​ពី​គណបក្ស​សាធារណៈរដ្ឋ។ ក្រៅ​ពី​បេក្ខជន​ខ្មែរ​បីរូប​នេះ បេក្ខជន​ជនជាតិ​អាមេរិកាំង​ស្បែកស​ម្នាក់​ទៀត គឺ​លោក David M. Ouellette នៃ​គណបក្ស​ប្រជាធិបតេយ្យ​ក៏​ចូលរួម​ប្រកួត​ប្រជែង​យក​តំណែង​នេះ​ដែរ។

មុំ រ៉ាឌី គឺជា​តំណារាស្ត្រ​ប្រចាំ​សង្កាត់​ទី​១៨ Middlesexនៅ​រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។
មុំ រ៉ាឌី គឺជា​តំណារាស្ត្រ​ប្រចាំ​សង្កាត់​ទី​១៨ Middlesexនៅ​រដ្ឋ​ម៉ាសាឈូសេត កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។

លោក មុំ រ៉ាឌី ដែល​ជា​តំណាងរាស្ត្រ​ថ្នាក់​រដ្ឋ​នៅ​សង្កាត់​ទី១៨ Middlesex ​នា​ពេល​បច្ចុប្បន្ន​នេះ បាន​ប្រាប់ VOA ថា លោក​សម្រេច​ឈរ​ឈ្មោះ​ម្តង​ទៀត​ ដោយសារ​លោក​ចង់​បម្រើ​សហគមន៍​នេះ​បន្ត​ទៀត ដើម្បី​បញ្ចប់​កិច្ចការ​ដែល​លោក​បាន​ចាប់ផ្តើម​ក្នុង​អណត្តិ​របស់​លោក ដូច​ជា​ការ​សុំ​បាន​ថវិកាចំនួន​២០០លាន​ដុល្លារ​សម្រាប់​បង្កើត​បន្ទប់​សវនាការ ការ​បង្កើត​ស្ពាន​អចិន្ត្រៃយ៍​នៅ​សង្កាត់​ទី១៨ និង​ការ​ពង្រឹង​វិស័យ​អប់រំ និង​ការ​អភិវឌ្ឍ​ខាង​ផ្លូវ​ថ្នល់​ជា​ដើម។

«‍អញ្ចឹង​បាន​ន័យ​ថា អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​បាន​រីកចំរើន​ទៅ​ហើយ ហើយ​បើសិន​ខ្ញុំ​មិន​បន្ត​កិច្ចការ​នេះ​ទៀត គឺ​កិច្ចការ​ដែល​ខ្ញុំ​បាន​រៀបចំ​ធ្វើ​ហើយ​នោះ គឺ​ប្រហែល​ជា​សាបសូន្យ​បាត់​អស់​ទៅ​វិញ។ អាស្រ័យ​ដូច្នេះ គឺ​ខ្ញុំ​សូម​បន្ត​កិច្ចការ​បម្រើ​ប្រជាជន​យើង​នៅ​ក្នុង​ម៉ាសាឈូសេត​នេះ​បន្ត​ទៅ​ទៀត។ បាទ នេះ​គឺជា​កិច្ចការ​សំខាន់»។

លោក​មុំ រ៉ាឌី បាន​ភៀស​ខ្លួន​មក​រស់នៅ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​១៩៨៤ ហើយ​ក្លាយ​ជា​ពលរដ្ឋ​អាមេរិកាំង​នៅ​ឆ្នាំ​១៩៩០។ លោក​បាន​ប្រាប់ VOA ថា លោក​បាន​ចូល​ប្រឡូក​កិច្ចការ​សង្គម​ជាច្រើន​ក្នុង​រយៈពេល​២០ឆ្នាំ​កន្លង​ទៅ​នេះ ដូចជា​ធ្វើ​ជា​សមាជិក​ក្រុម​ក្មេង​ប្រុស និង​ក្មេង​ស្រី​នៅ​ទីក្រុង​ឡូវែល សមាជិក​ក្រុម​ដឹកនាំ​មជ្ឈមណ្ឌល​សុខភាព Saints និង​ជា​សមាជិក​ក្រុមប្រឹក្សា​របស់​សមាគម​ខ្មែរ​ជាដើម។

ទាក់ទង​នឹង​ការ​ប្រកួត​ប្រជែង​ពី​សំណាក់​បេក្ខជន​ដែល​ជា​ខ្មែរអាមេរិកាំង​ពីរនាក់​ទៀត លោក មុំ រ៉ាឌី ថា លោក​រីករាយ ​នៅ​ពេល​ដែល​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ប្រឡូក​ក្នុង​នយោបាយ​នៅ​សហរដ្ឋ​អាមេរិក។

«‍យើង​រស់នៅ​ក្នុង​ប្រទេស​សេរី។ ប្រទេស​សេរី គឺ​ល្អ​ណាស់ ដែល​យើង​មាន​បេក្ខជន​ប្រមាណ​បីនាក់​ទៀត ឡើង​មក​ប្រកួត​ប្រជែង។ ទីមួយ​វា​ជួយ​រក​គំនិត​បន្ត​បន្ថែម​ទៀត»។

ក៏​ប៉ុន្តែ​លោក​សង្ឃឹម​ថា ពលរដ្ឋ​នៅ​សង្កាត់​ទី១៨ នឹង​បន្ត​បោះឆ្នោត​ឲ្យ​រូប​លោក។

«‍ដោយ​សារ​ខ្ញុំ​បាន​ធ្វើការ​បម្រើ​សង្គម​យើង តាំង​ពី​[ឆ្នាំ]១៩៨៤​មក។ អញ្ចឹង​ខ្ញុំ​និយាយ​ក្នុង​លក្ខណៈ​ដែល​ខ្ញុំ​បាន​ធ្វើ​ផ្ទាល់។ ខ្ញុំ​ជឿ​ថា បងប្អូន​យើង​នៅ​ក្នុង​ទីក្រុង​ឡូវែល​បាន​ស្គាល់​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​តាំង​ពី​ហ្នឹង​មក កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​បម្រើ​សង្គម ជា activist [សកម្មជន] និង the voice of the voiceless [ធ្វើ​ជា​សម្លេង​របស់​អ្នក​ដែល​មិន​មាន​សម្លេង]។ សំខាន់​ជាង​គេ គឺ​ជួយ​បងប្អូន​យើង ដែល​មិន​អាច​ធ្វើការ​បាន និង​បងប្អូន​ដែល​មាន​បញ្ហា។ នេះ​គឺ​សំខាន់​ជាង​គេ​បង្អស់»។

លោក​ឃឹម ឆេត គឺជា​បេក្ខជន​ក្មេង​ជាង​គេ​នៅ​ក្នុង​ចំណោម​បេក្ខជន​ទាំង​បួន​នាក់ ដែល​ឈរ​ឈ្មោះ​ប្រកួត​យក​តំណែង​តំណាងរាស្ត្រ​ថ្នាក់​រដ្ឋ​សម្រាប់​សង្កាត់​ទី១៨​នេះ។ លោក​បាន​ភៀស​ខ្លួន​មក​រស់នៅ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ១៩៨៤​នៅ​ទីក្រុង​ញូវយ៉ក ហើយ​លោក​បាន​មក​រស់នៅ​ទីក្រុង​ឡូវែល​នៅ​ឆ្នាំ​២០០៨។

បដា​បង្ហាញ​ពី​បេក្ខជន​ឈ្មោះ Cheth Khim នៃ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​សម្រាប់​សង្កាត់​ទី១៨ Middlesex នៅ​រដ្ឋម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។
បដា​បង្ហាញ​ពី​បេក្ខជន​ឈ្មោះ Cheth Khim នៃ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​សម្រាប់​សង្កាត់​ទី១៨ Middlesex នៅ​រដ្ឋម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។

លោក​ឃឹម ឆេត ដែល​ទទួល​បាន​ការ​សិក្សា​ខាង​ច្បាប់ បាន​ប្រាប់​ VOA ថា លោក​មាន​បទពិសោធន៍​បម្រើ​ការងារ​សង្គម​ច្រើន ហើយ​ថា លោក​មាន​ឆន្ទះ​ខ្ពស់ ដើម្បី​អភិវឌ្ឍ​សង្កាត់​នេះ ដោយ​លោក​ចង់​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍ និង​ពង្រឹង​កម្រិត​អប់រំ​របស់​ពលរដ្ឋ​នៅ​សង្កាត់​ទី១៨​នេះ។

«‍ខ្ញុំ​បាន​រៀន​ចប់​ខាង​សង្គមកិច្ច។ ខ្ញុំ​រៀន​ខាង​ច្បាប់ ដើម្បី​ជួយ​ដល់​សង្គម។ សព្វថ្ងៃ ខ្ញុំ​មិន​បាន​ជាប់​ធ្វើ​ជា​ចៅ​សង្កាត់​ផង ខ្ញុំ​ជួយ​សង្គម​ខ្ញុំ​ដោយ​ free citizenship​ [ផ្តល់​សេវា​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជា​ពលរដ្ឋ​អាមេរិក​ដោយ​មិន​យក​កម្រៃ]។ ខ្ញុំ​ជួយ​សង្គម​ខ្ញុំ​ គ្រប់​សាសន៍ មិន​ចាំ​តែ​សាសន៍​ខ្មែរ​ទេ»។

លោក​ ឃឹម ឆេត បាន​បញ្ជាក់​ថា លោក​នឹង​ជួយ​ពលរដ្ឋ​នៅ​សង្កាត់​ទី​១៨​នេះ ដោយ​មិន​មាន​ការ​រើស​អើង​អ្វី​ឡើយ។

«‍ខ្ញុំ ឆេត ឃឹម មិន​មាន​បក្ខ មិន​មាន​ពួក​អី​ទេ។ ខ្ញុំ​ដឹង​តែ​ជួយ​សង្គម សង្កាត់​របស់​ខ្ញុំ​នៅ​ក្នុង​ទីក្រុង​ឡូវែល​នេះ​គ្រាន់តែ​ប៉ុណ្ណឹង​អែង។ រឿង​យុត្តិធម៌​ខ្ញុំ​ឈរ​ជានិច្ច»។

លោក​បន្ថែម​ថា លោក​មាន​សង្ឃឹម​ច្រើន​ បើ​ទោះ​បី​ជា​មាន​ពលរដ្ឋ​ខ្លះ​យល់​ថា ការ​មាន​បេក្ខជន​ខ្មែរ​អាមេរិកាំង​ឈរ​ច្រើន​នាំ​ឲ្យ​បែក​សន្លឹក​ឆ្នោត​យ៉ាង​ណា​ក្តី។

«‍ខ្ញុំ​ចង់​ដឹង តើ​បេក្ខជន​នីមួយៗ​ធ្វើ​អ្វី​ខ្លះ​ឲ្យ​សង្គម​ដើម្បី​ឲ្យ​វា​បាន​សន្លឹក​ឆ្នោត​ទៅ​មុខ ពីព្រោះ​ខ្ញុំ​បាន​ធ្វើ​រួច​ទៅ​ហើយ។ ហើយ​ខ្ញុំ​មិន​ជាប់​ផង ខ្ញុំ​នៅតែ​ធ្វើ។ តើ​សន្លឹក​ឆ្នោត​បែក មិន​បែក? មិន​បាច់​គិត​អញ្ចឹង​ទេ។ ប៉ុន្តែ យើង​ត្រូវ​គិត តើ​អ្នក​ណា​គេ​នឹង​ជាប់ ដើម្បី​ជួយ​សង្គម ពីព្រោះ​ខ្ញុំ​មាន​សង្ឃឹម​ច្រើន ពីព្រោះ​ខ្ញុំ​មិន​ខ្លាច​ទេ ពីព្រោះ​ខ្ញុំ​ជួយ​សង្គម»។

រីឯ​លោក កៃ កាម៉ារ៉ា ដែល​ជា​បេក្ខជន​មក​ពី​គណបក្ស​សាធារណៈរដ្ឋ បាន​ប្រាប់ VOA ថា លោក​សម្រេច​ចិត្ត​ឈរ​ឈ្មោះ​ដណ្តើម​យក​តំណែង​នេះ ដើម្បី​មាន​ឱកាស​បម្រើ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​នេះ។

«‍ខ្ញុំ​មិនដែល​រារេរ​នឹង​ទៅ​ធ្វើ​អ្វីៗ​មួយ ដែល​បម្រើ​ប្រជាជន​ទេ និង​បងប្អូន​យើង​នៅ​ក្នុង​ក្រុង​នេះ ហើយ​នៅ​ទីណា ក៏​ខ្ញុំ​បម្រើ​បាន​ដូច​គ្នា​ដែរ»។

លោក កៃ កាម៉ារ៉ា ​បាន​ភៀសខ្លួន​មក​រស់នៅ​សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ​១៩៨២ ហើយ​បាន​ក្លាយ​ជា​ពលរដ្ឋ​អាមេរិកាំង​នៅ​ឆ្នាំ​១៩៩៥។ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន។ ហើយ​សព្វថ្ងៃ​នេះ លោក​គឺជា​អ្នក​ជំនាញ​ជាន់ខ្ពស់​ខាង​ផ្នែក​ជួសជុល​បញ្ហា​ប្រព័ន្ធ​ព័ត៌មាន (IT Disaster Recovery)។

បដា​បង្ហាញ​ពី​បេក្ខជន​ឈ្មោះ Khemara Kayនៃ​គណបក្ស​សាធារណៈរដ្ឋ​ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​សម្រាប់​សង្កាត់​ទី១៨ Middlesex នៅ​រដ្ឋម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។
បដា​បង្ហាញ​ពី​បេក្ខជន​ឈ្មោះ Khemara Kayនៃ​គណបក្ស​សាធារណៈរដ្ឋ​ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​សម្រាប់​សង្កាត់​ទី១៨ Middlesex នៅ​រដ្ឋម៉ាសាឈូសេត កាលពី​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៦។

លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា លោក​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​បញ្ហា​ក្នុង​សង្កាត់​ទី១៨ និង​បញ្ហា​នៅ​ប្រទេស​កម្ពុជា ដែល​ពលរដ្ឋ​ខ្មែរ​នៅ​សង្កាត់​នេះ​ព្រួយ​បារម្ភ​ច្រើន។

«‍បងប្អូន​នៅ​ទីក្រុង​ឡូវែល​បាន​សុំ​ឲ្យ​ខ្ញុំ​ឈរឈ្មោះ ពីព្រោះ​គេ​មើល​មក​ខ្ញុំ​ថា មាន​តែ​ខ្ញុំ​មួយ​ទេ ​ដែល​អាច​ទាមទារ​សេរីភាព​របស់​ខ្មែរ​យើង​នៅ​ស្រុក​ខ្មែរ​ក៏​បាន នៅ​ស្រុក​នេះ​ក៏​បាន»។

បន្ថែម​លើ​នេះ បញ្ហា​ដែល​លោក​ កៃ កាម៉ារ៉ា ផ្តោត​សំខាន់​ដើម្បី​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្រសើរ​ជាង​មុន​នៅ​ក្នុង​សង្កាត់​ទី១៨​នេះ រួម​មាន​ការ​ពង្រីក​ឱកាស​ការងារ ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ និង​ការ​ពង្រីក​ឱកាស​បណ្តាក់​ទុន​ខាង​អាជីវកម្ម​ក្នុង​ក្រុង​ជា​ដើម។

យ៉ាងណាមិញ បេក្ខជន​ទាំង​បីរូប​នេះ​យល់​ថា ការ​ចាប់​ផ្តើម​ចូលរួម​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ក្នុង​វិស័យ​នយោបាយ​អាមេរិក គឺជា​ជំហាន​ល្អ បើ​ទោះ​បី​ជា​អតីតកាល និង​បច្ចុប្បន្នកាល​នៃ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​កំណើត​របស់​ពួកគេ​ មិន​ទាន់​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ដោយ​ពេញ​លេញ​ក៏​ដោយ។

បន្ថែម​លើ​នេះ ពួកគេ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​នៅ​សង្កាត់​ទី១៨ Middlesex នេះ ជាពិសេស​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​សង្កាត់​នេះ ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​បញ្ចេញ​សម្លេង​របស់​ខ្លួន និង​ដើម្បី​ការ​ផ្លាស់ប្តូរ​អ្វី​ដែល​ពួក​គេ​ចង់បាន។

គួរ​បញ្ជាក់​ផង​ដែរថា ទីក្រុង​ឡូវែល​នៃ​រដ្ឋ​ម៉ាសាឈូសេត មាន​សង្កាត់​បី គឺ​សង្កាត់​ទី១៦ សង្កាត់​ទី១៧ និង​សង្កាត់​ទី១៨ Middlesex ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​សរុប​ប្រមាណ​៣០.០០០នាក់។ នៅ​សង្កាត់​ទី​១៨​នេះ មាន​ប្រជា​ពលរដ្ឋ​សរុប​ប្រមាណ​៣៩.០០០នាក់​រស់នៅ ដែល​ជាង​៤៨ភាគរយ​គឺជា​ពលរដ្ឋ​ជនជាតិ​ស្បែកស និង​ជាង​៣០ភាគរយ​ជា​ពលរដ្ឋ​ជនជាតិ​អាស៊ី។

ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ថ្នាក់​រដ្ឋ​សម្រាប់​សង្កាត់​ទី១៨ Middlesex នៃ​រដ្ឋ​ម៉ាសាឈូសេត​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា​ខាង​មុខ​នេះ ហើយ​បេក្ខជន​ខ្មែរ​អាមេរិកាំង​ទាំង​បី​រូប​នេះ​ សង្ឃឹម​ថា ពលរដ្ឋ​នៅ​សង្កាត់​នេះ​នឹង​បោះឆ្នោត​ឲ្យ​ពួកគេ​រៀងៗ​ខ្លួន៕

XS
SM
MD
LG