ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​បង្កើន​ការប្រុងប្រយ័ត្ន ខណៈ​កុមារ​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​ផ្តាសាយ​បក្សី H5N1


រូបឯកសារ៖ មាន់​កំពុង​​រង់ចាំ​ចំណី​នៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃទី២០ ខែមករា ឆ្នាំ២០០៤។
រូបឯកសារ៖ មាន់​កំពុង​​រង់ចាំ​ចំណី​នៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃទី២០ ខែមករា ឆ្នាំ២០០៤។

មន្រ្តី​សុខាភិបាល​ខេត្ត​ព្រៃវែង​បាន​ឱ្យ​ដឹង​ថា​ កុមារី​ម្នាក់​អាយុ​១១ឆ្នាំ ​រស់​នៅ​ក្នុង​ស្រុក​ស៊ីធរ​កណ្តាល បាន​ស្លាប់​ដោយ​សារ​ជំងឺ​ផ្តាសាយ​បក្សី​ H5N1 នៅ​ក្នុង​ភូមិសាស្រ្ត​ដែល​មាន​សត្វ​មាន់​ទា​ងាប់​ជា​បន្តបន្ទាប់។

លោក សេង បញ្ញាឬទ្ធិ​ ប្រធានមន្ទីរ​សុខា​ភិបាល​ខេត្ត​ព្រៃវែង ប្រាប់​វីអូអេ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា ​មាន​ករណី​ស្លាប់​មាន់​និង​ទា​ជា​ច្រើន​នៅ​ក្នុង​តំបន់​ដែល​កុមារី​រស់​នៅ ដែល​នេះ​ជា​មូលហេតុ​នាំ​ឱ្យ​ក្មេង​ស្រី​ម្នាក់​កើត​ជំងឺ​ផ្តា​សាយ​បក្សី H5N1​ ហើយ​ស្លាប់​កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ។ ប្រធាន​មន្ទីរ​សុខាភិបាល​រូប​នោះ​បន្ថែម​ថា​ ក្មេង​ស្រី​ដែល​រស់​នៅ​ក្នុង​ភូមិ​រលាំង​ ឃុំ​រំលេច​ ស្រុក​ស៊ីធរកណ្តាល ខេត្ត​ព្រៃវែង​ បាន​ចាប់ផ្តើម​ឈឺ​ ដោយ​មាន​រោគ​សញ្ញា​គ្រុន​ក្តៅ ក្អក និង​ឈឺក​ កាល​ពី​ថ្ងៃទី​១៦ ខែ​កុម្ភៈ។

ទោះ​ជា​យ៉ាង​ណា លោក​អះអាង​ថា​ មិន​មាន​ការ​បិទ​ភូមិ​ដែល​ក្មេង​ស្រី​នោះ​រស់​នៅ​ឡើយ។ លោក​បន្ត​ថា មន្ត្រី​ពាក់​ព័ន្ធ​កំពុង​តែ​ស៊ើប​អង្កេត​បន្ត និង​រៀបចំ​ចំណាត់​ការ​បន្ថែម​ទៀត​លើ​ករណី​នេះ។

លោក​បញ្ជាក់ថា​៖ «ឥឡូវយើ​ងកំពុងតែ​សិក្សា​ស្រាវជ្រា​វជាមួយមន្ទីរ​កសិកម្ម​ ហើយ​ក្រសួ​ងក៏​គាត់​ចុះមក​ដែរ​ក្រសួង​កសិកម្ម មាន​មន្ត្រី​ជំនាញ​ជា​ច្រើន​កំពុង​តែ​ជួប​ជុំគ្នា​នៅ​ទី​ហ្នឹង ស្រាវជ្រាវ​ ប៉ុន្តែអត់​ទាន់​ឃើញ​ថា​មាន​ការ​ឆ្លងអី​បន្តទៅទៀត​ទេ»។

លោក​ សេង បញ្ញាឬទ្ធិ​ ជំរុញ​ឱ្យ​ប្រជាពល​រដ្ឋ​រក្សា​ភាពស្ងៀម​ស្ងាត់​និង​ចូលរួម​ទប់​ស្កាត់​ទាំង​អស់​គ្នា ខណៈ​មន្ត្រី​ជំនាញ​កំពុង​តែ​ធ្វើការ​ ដោយ​ការ​អប់​រំនិង​ផ្សព្វ​ផ្សាយ​ទៅ​ដល់​ប្រ​ជាពល​រដ្ឋ។

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ កញ្ញា អ៊ឹម រចនា ប្រាប់​វីអូអេ​តាម​ប្រព័ន្ធតេឡេក្រាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​អំពី​សត្វ​ស្រុកងាប់​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ទៀត ក្រៅ​ពី​ខេត្ត​ព្រៃ​វែង​ឡើយ។

បើ​តាម​អ្នក​នាំ​ពាក្យរូបនេះ ក្រសួងនិ​ង​មន្ត្រី​ជំនាញ​កំពុងតែ​ស្ថិត​នៅ​ទីកន្លែង​កើត​ហេតុ ដើម្បី​យក​សំណាក​សត្វ​មក​ពិសោធន៍។

កញ្ញា​ថ្លែង​ថា​៖ «ក្រសួង​ក៏​សូម​អំពាវ​នាវ​ដល់​ប្រជាពល​រដ្ឋទាំងអស់ ដែល​លោក​ប្រទះ​ឃើញ​មាន​សត្វស្លាប់​ ជា​ពិសេស​សត្វមាន់ សត្វទា​ហ្នឹង​ សូម​មេត្តា​កុំ​បរិភោគ ហើយកុំ​ទៅ​ក្បែរ​ជាពិសេស​គឺ​ត្រូវរាយ​ការណ៍​បន្ទាន់មក​ខាង​អាជ្ញាធរ​មូលដ្ឋាន ឬមួយក៏​ខាងមន្ទីរក​សិកម្ម​ រុក្ខា​ប្រ​មាញ់​ និង​នេសាទ ដើម្បី​ឱ្យក្រុម​មន្ត្រី​របស់​យើ​ង​បាន​ចុះ​ទៅ​ជួយ​អន្ត​រាគ​មន៍​ទាន់ពេ​ល​វេលា​»។

សេច​ក្តី​ជូន​ព័ត៌មាន​របស់ក្រសួង​សុខា​ភិបាល ស្តី​ពី​ការ​រក​ឃើញ​ករណី​ទី១​នៃ​ជំងឺ​ផ្តាសា​យបក្សី ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈនេះ ឱ្យ​ដឹង​ថា​ នេះ​ជា​ករណី​ស្លាប់​លើក​ទី១ហើយ បន្ទាប់​ពី​ជំងឺ​ផ្តាសាយ​បក្សី​នេះ​មិន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា អស់​រយៈពេល​៩​ឆ្នាំ​មក​ហើយ តាំង​ពី​ឆ្នាំ​២០១៤មក។ ក្រសួងសុខាភិបាល​បន្ថែម​ថា ​ជំងឺផ្តាសាយ​បក្សី​នេះ​ចាប់ផ្តើម​កើត​មាន​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​ឆ្នាំ​២០០៥ ដោយ​មាន​អ្នកឆ្លង​ជំងឺ​នេះ​សរុប​ចំនួន​ ៥៧​នាក់ ហើយក្នុងនោះ ៣៨នាក់បានស្លាប់។

បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​ដដែល H5N1 ​ជា​ជំងឺផ្តាសាយ​មួយ ដែលឆ្លងពី​សត្វ​បក្សី​ឈឺទៅ​បក្សី​ផ្សេង​ទៀត​ ប៉ុន្តែ​ពេល​ខ្លះ​វា​ឆ្លង​ពី​បក្សី​ទៅ​មនុស្ស​ដែរ​ និងថា​ បើសិន​ជា​វា​កើតនៅ​លើម​នុស្ស​ វា​នឹង​ធ្ងន់ធ្ងរដែល​តម្រូវ​ឱ្យ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

ក្រសួង​សុខាភិបាល​បញ្ជាក់ថា​៖ «ទោះ​បី​វា​មិន​ងាយ​ឆ្លង​ពី​មនុស្សម្នាក់​ទៅមនុស្ស​ម្នាក់​ទៀត​ ប៉ុន្តែ​បើ​វាផ្លាស់ប្តូរ​ វា​អាច​នឹង​រាលដាល​ ដូចនឹង​ជំងឺផ្តាសាយ​តាម​រដូវកាល។ ដូច្នេះ​ការ​រកឃើញ​ទាន់​ពេល​វេលា និង​ទប់​ស្កាត់​ការឆ្លងបន្ត​ឱ្យបាន​លឿន​គឺ​មា​នសារៈ​សំខាន់​បំផុត​ កុំ​ឱ្យ​មាន​ការ​ឆ្លង​ផ្ទុះ​ក្នុង​សហគ​មន៍»។

រដ្ឋមន្រ្តី​សុខាភិបាល លោក ម៉ម ប៊ុន​ហេង បាន​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​ថា ​ជំងឺ​ផ្តាសាយ​បក្សី​ «នៅ​តែ​បន្ត​គំរាម​កំហែង​ដល់​សុខភាព​ប្រជាជន​កម្ពុជា និង​កើត​មាន​ច្រើន​លើ​កុមារ ដែល​ជា​ក្រុម​មាន​ហានិភ័យ​ខ្ពស់ និងមាន​ភាព​ងាយ​រង​គ្រោះ​ច្រើន»។

លោក​បន្ថែម​ថា៖ «កុមារី​ដែល​បាន​ស្លាប់​នេះ គឺ​ជា​ករណី​ផ្តាសាយ​បក្សី​ទី​៥៧ ដែល​កើត​មាន​លើ​មនុស្ស​ចាប់​តាំងពី​ឆ្នាំ​២០០៥ ហើយ​នេះ​ជា​ករណី​ទី១ ដែល​បាន​កើត​ឡើង​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ»។

គួរ​បញ្ជាក់​ថា ​ជំងឺ​ផ្តាសាយ​បក្សី​ ឬ​ H5N1​ ជា​ជំងឺ​ឆ្លង​ម៉្យាង​ដែល​កើត​នៅ​លើ​បក្សី ហើយ​មាន​កម្រិត​ឆ្លង​ខ្ពស់​ ដែល​អាច​ឆ្លង​ទៅ​កាន់​មនុស្ស​តាម​រយៈការ​ប៉ះពាល់​បក្សី​ឈឺ​ ឬ​បក្សី​ដែល​ងាប់។ នេះ​បើ​តាម​គេហ​ទំព័រ​របស់​អង្គការ​សុខភាព​ពិភព​លោក ​(World Health Organization)។

មន្រ្តី​សុខាភិបាល​កម្ពុជា​អះអាង​ថា​ មេរោគ​ផ្តាសាយ​បក្សី​ ​H5N1​ ​ជា​រៀង​រាល់​ឆ្នាំ​តែង​តែ​ត្រូវ​បាន​រក​ឃើញ​នៅ​ពេល​ដែល​អាកាស​ធាតុ​ចាប់​ផ្តើម​ត្រជាក់ គឺ​ចាប់​ពី​ខែ​ធ្នូ​រហូត​ដល់​ខែ​មេសា ហើយ​ក្រសួង​សុខាភិបាល និង​ក្រសួង​កសិកម្ម​តែង​តែ​ចាត់​វិធាន​ការ​ភ្លាមៗ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG