ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ៖ ផ្តាសាយ​បក្សី​(H5N1)​នៅ​ខេត្ត​បាត់​ដំបង​សង្ស័យ​ឆ្លង​ពី​សត្វ​ស្លាប​ងាប់​នៅ​កន្លែង​ចិញ្ចឹម​មាន់​ទា


រូបឯកសារ៖ សត្វ​មាន់​កំពុង​ស៊ី​ចំណី​នៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃទី២០ ខែមករា ឆ្នាំ២០០៤ ខណៈ​ដែល​មាន​ការ​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ពេល​នោះ។
រូបឯកសារ៖ សត្វ​មាន់​កំពុង​ស៊ី​ចំណី​នៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃទី២០ ខែមករា ឆ្នាំ២០០៤ ខណៈ​ដែល​មាន​ការ​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ពេល​នោះ។

អាជ្ញាធរ​នៅ​ក្នុង​តំបន់​មាន​ផ្ទុះ​សត្វ​មាន់​ងាប់ប្រមាណ​១.៥០០​ក្បាល ក្នុងឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់​ដំបង អះអាង​ថា​ការណ៍​នេះ​សង្ស័យ​ជា​ករណី​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​(H5N1) កើត​ចេញ​ពី​សត្វ​ស្លាប​ដែល​ចូល​មក​ស៊ី​ចំណី​ក្បែរ​សត្វ​មាន់​ក្នុង​កន្លែង​ចិញ្ចឹម​មាន់​នោះ។

មេភូមិ​ព្រែក​តា​ច្រែង លោក ជៀប វ៉ាន់ ប្រាប់​VOA​នៅ​ថ្ងៃ​ពុធ​នេះ​ថា​អ្នក​ភូមិ​ម្នាក់​បាន​ចិញ្ចឹម​មាន់​និង​ទា​កាប៉ា ដើម្បីលក់​និង​យក​លាមក​មក​ធ្វើ​ជី​សម្រាប់​ដើម​មៀន​នៅ​ក្នុង​ចម្ការ​របស់​លោក​ក្នុង​ឃុំ​ព្រែក​នរិន្ទ ខេត្ត​បាត់​ដំបង។ លោក​បន្ត​ថា​តាម​ការ​សាក​សួរ​ពី​អ្នក​ធ្វើ​ការ​ក្នុង​កន្លែង​ចិញ្ចឹម​មាន់​នោះ មាន​សត្វ​ស្លាប​ដែល​ចូល​មក​ស៊ី​ចំណី​មាន់​ ហើយ​ងាប់ ទើប​បណ្តាល​ឲ្យ​មាន់​ងាប់​ជា​បន្ត​បន្ទាប់ គិត​ចាប់​តាំង​ពី​សប្តាហ៍​មុន។

លោក​មាន​ប្រសាសន៍​ថា៖ «សត្វ​ស្រុក​យើង​នេះ វា​មាន​មក​ងាប់​នៅ​ហ្នឹង។ គេ​ថា​ប្រហែល​វា​ចម្លង​ពីអា​សត្វ​ហ្នឹង​ឯង។ អាសត្វ​ហ្នឹង​ ​រអែងតែ​មក​ស៊ី​ចំណី​ជាមួយ​មាន់។ មិន​ដឹង​វា​ហើរ​មិន​ពី​ខាង​ណា ថា​មាន​ងាប់​នៅ​ហ្នឹង»។

លោក​មេ​ភូមិ​ឲ្យ​ដឹង​ទៀតថា​សត្វ​មាន់​ប្រមាណ​១.៥០០​ក្បាល​ងាប់​ជា​បន្ត​បន្ទាប់ ហើយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ក្រុម​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បាត់​ដំបង​បាន​កម្ទេច​សត្វ​ទា​កាប៉ា​ប្រមាណ​២០០​ក្បាល​ដែល​នៅ​រស់ ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​បន្ត​ទៀត។

ចំណែក​មេឃុំ​ព្រែក​នរិន្ទ លោក សេង យី មាន​ប្រសាសន៍​ថា​មិន​មាន​ករណី​ឆ្លង​ទៅ​តាម​ភូមិ​ឃុំ​នៅ​ក្បែរ​នោះ​ទេ រហូត​មក​ដល់​ថ្ងៃ​ពុធ​នេះ។ លោក​បន្ថែម​ថា​សំណាក​របស់​មនុស្ស​មួយ​ចំនួន​នៅ​កន្លែង​ចិញ្ចឹម​មាន់ ​ក៏​ត្រូវ​បាន​យក​ទៅ​ធ្វើ​តេស្ត​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «តាម​ដែល​ខ្ញុំ​ស្មាន​មើល​ទៅ មិន​រាល​ដាល​ទេ។ មិន​ឆ្លង​អី​ទេ ព្រោះ​អី​ឥឡូវ​វា​ស្ងប់​ស្ងាត់​អស់ទៅ​ហើយ បាញ់​ថ្នាំ​បាញ់​អី ចម្ការ​នៅ​ជុំវិញ​អស់​ហើយ នៅ​កន្លែង​ហ្នឹង»។

លោក វឿង ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់​ដំបង មាន​ប្រសាសន៍​ថាអ្នក​យាម​ចម្ការ២នាក់ ត្រូវ​បាន​យក​សំណាក ដើម្បី​ធ្វើ​តេស្ត​ថា​តើ​មាន​ឆ្លង​វីរុស​ផ្តាសាយ​បក្សី​ ឬ​យ៉ាងណា។ លោក​បន្ត​ថា​លទ្ធផល​អាច​នឹង​ចេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ឬ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ។

លោក ប៉ែន សេដ្ឋា ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​បាត់ដំបង មាន​ប្រសាសន៍​ថាការ​ពិនិត្យ​សត្វ​មាន់​ដែល​ងាប់ បង្ហាញ​ថា​មាន​ជំងឺ​ផ្តាសាយ​បក្សី​(H5N1) ទើប​បណ្តាល​ឲ្យ​សត្វ​មាន់​ងាប់។ លោក​បន្ត​ថា​តំបន់​ដែល​មាន​សត្វ​មាន់​ងាប់ និង​តំបន់​ក្បែរ​នោះ ​ត្រូវ​ដាក់​ក្នុង​ការ​តាម​ដាន។

លោក​ប្រាប់​VOA​ថា​៖ «យើង​ដាក់​តំបន់​ហ្នឹង​ទៅ​ជា​តំបន់​តាម​ដាន​ឃ្លាំ​មើល​ ហើយ​យើង​មិន​ឲ្យ​មានការ​ចិញ្ចឹម​បន្ត ឲ្យ​ផ្អាក លុះ​ត្រា​តែ​មាន​ប្រកាស​ថ្មីលើក​លែង​តំបន់​ហ្នឹង​លែង​ផ្ទុះ បាន​យើង​អាច​ចិញ្ចឹម​បន្ត​ទៀត​បាន»។

យោង​តាម​ប្រកាស​របស់​ក្រសួង​កសិកម្ម ​ចុះ​ថ្ងៃ​ទី​១២ ខែ​មករា ក្រសួង​បាន​កំណត់​តំបន់​ជំងឺ​ផ្តាសាយ​បក្សី​ក្នុង​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ហើយ​ឲ្យ​បំផ្លាញ​ចោលបក្សី​គ្រប់​ប្រភេទ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ទៅ​តាម​វិធានបច្ចេក​ទេស​បសុ​ពេទ្យ។

ក្រសួង​កសិកម្ម​ក៏​បញ្ជា​ឲ្យ​ផ្អាក​ជា​បណ្តោះ​អាសន្ន​លើ​ការ​ទិញ ការ​លក់ និង​ការ​ដឹក​ជញ្ជូន​បក្សី​គ្រប់​ប្រភេទ​ចេញ​ចូល ឬ​ឆ្លង​កាត់​ក្នុង​តំបន់​នោះ ពី​ចម្ងាយ​៣​គីឡូម៉ែត្រ​នៃ​តំបន់​ផ្ទុះ​ជំងឺ។ ក្រសួង​បញ្ជា​ឲ្យ​ក្រុម​ការងារ​បន្ត​ស្រាវជ្រាវ​រក​ប្រភព​ជំងឺ​ផ្តាសាយ​បក្សី ក្នុង​រយៈ​ពេល​៣០​ថ្ងៃ និង​ត្រួត​ពិនិត្យ​ឃ្លាំ​មើល​ចលនា​បក្សី​ជា​ប្រចាំ​ក្នុងតំបន់​ជុំវិញកន្លែង​ផ្ទុះ​ជំងឺ​ប្រមាណ​១០​គីឡូម៉ែត្រ។

គួរ​បញ្ជាក់​ថា​ជំងឺ​ផ្តាសាយ​បក្សី​ឬ​H5N1​ជា​ជំងឺ​ឆ្លង​ម៉្យាង​ដែល​កើត​នៅ​លើ​បក្សី ហើយ​មាន​កម្រិត​ឆ្លង​ខ្ពស់​ ដែល​អាច​ឆ្លង​ទៅ​កាន់​មនុស្ស​តាម​រយៈការ​ប៉ះពាល់​បក្សី​ឈឺ​ ឬ​បក្សី​ដែល​ងាប់។ នេះ​បើ​តាម​គេហ​ទំព័រ​របស់​អង្គការ​សុខភាព​ពិភព​លោក​(World Health Organization)។ បើ​តាម​ក្រសួង​សុខាភិបាលកម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០០៤​រហូត​ដល់​ឆ្នាំ​២០១៤ មាន​ករណី​ជំងឺ​ផ្តាសាយ​បក្សី​ជាង​៥០​ករណី ដែល​បណ្តាល​ឲ្យ​មនុស្សយ៉ាង​តិច៣៧​នាក់​ស្លាប់។ ចាប់​តាំង​ពី​ឆ្នាំ​២០១៥​រហូត​មក​ដល់​ពេល​នេះ​ មេរោគ​ផ្តាសាយ​បក្សី​ត្រូវ​បាន​រក​ឃើញ​តែ​បន្តិច​បន្តួច​នៅ​លើ​សត្វ​បក្សី​ប៉ុណ្ណោះ តែ​មិន​មាន​កើត​លើ​មនុស្ស​នោះ​ទេ៕

XS
SM
MD
LG