ក្រោយពីមានការកាត់បន្ថយជំនួយសម្រាប់អង្គការក្រៅរដ្ឋាភិបាលនៅប្រទេសកម្ពុជារយៈពេល២០ឆ្នាំមកនេះ អង្គការខ្លះបានរិះរកយុទ្ធសាស្ត្រថ្មីដើម្បីរក្សានិរន្តរភាពរបស់ខ្លួន។ យុទ្ធសាស្ត្ររបស់អង្គការមិត្តសំឡាញ់គឺរកចំណូលសម្រាប់ខ្លួនឯងជាជាងពឹងផ្អែកទាំងស្រុងលើប្រាក់ជំនួយសម្រាប់ជួយក្មេងកំព្រា និងគ្រួសារអនាថា។
ក្មេងអនាថាភាគច្រើនជាកូនរបស់ជនរងគ្រោះនៃការប្រើប្រាស់គ្រឿងញៀន និងគ្រួសារក្រីក្រ។ ក្មេងទាំងនេះអាចដើរតាមគន្លងឪពុកម្តាយរបស់ខ្លួន បើគ្មានអង្គការជួយក្មេងអនាថា ដូចជាអង្គការមិត្តសំឡាញ់ ជួយសង្គ្រោះទេនោះ។
ដូចអង្គការជាច្រើនទៀតដែរ អង្គការមិត្តសំឡាញ់ធ្លាប់ពឹងផ្អែកស្នើរតែទាំងស្រុងលើជំនួយពីសប្បុរសជនដើម្បីសង្គ្រោះក្មេងក្រីក្រដែលឪពុកម្តាយបោះបង់ចោលនិងគ្រួសារអនាថាដែលមានកូនតូចៗ។
ប៉ុន្តែលោកពិន សុខុម អ្នកសម្របសម្រួលកម្មវិធីសង្គ្រោះជីវិតនៃអង្គការមិត្តសំឡាញ់បានឲ្យដឹងថា ក្រោយពីប្រឈមនឹងជំនួយថយចុះកាលពីឆ្នាំ១៩៩៦ អង្គការមិត្តសំឡាញ់បានចាប់ផ្តើមយុទ្ធសាស្ត្ររក្សានិរន្តរភាពការងាររបស់ខ្លួនដោយបណ្តុះបណ្តាលជំនាញដល់ក្មេងៗក្រោមបន្ទុករបស់ខ្លួនដើម្បីបើកហាងរកចំណូលជួយទ្រទ្រង់ការចំណាយរបស់អង្គការ។
«នៅពេលកុមារ យុវវ័យមកទទួលសេវាបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយបានផ្តល់វិជ្ជាជីវហើយ យើងបានបង្កើតភោជនីយដ្ឋាន និងហាងផ្សេងៗ ដើម្បីឲ្យមានប្រាក់ចំណូលដើម្បីជួយគម្រោង ក៏ដូចជាកាត់បន្ថយហានិភ័យដែលម្ចាស់ជំនួយកំពុងកាត់បន្ថយជំនួយជាបណ្តើរៗ»។
បច្ចុប្បន្នអង្គការមិត្តសំឡាញ់រកចំណូលបាន៥០%នៃចំណាយសរុបប្រមាណជាង២លាន៥សែនដុល្លារ។ នេះបើតាមតួលេខនៃការចំណាយរបស់អង្គការមិត្តសំឡាញ់ឆ្នាំ២០១៦។
លោកសុខុមបន្តថា ជំនាញដែលអង្គការមិត្តសំឡាញ់បណ្តុះបណ្តាលរួមមានជំនាញខាងបដិសណ្ឋារកិច្ច ដែលរួមមានរបៀបទទួលភ្ញៀវ ធ្វើម្ហូប និងរៀនភាសា ជំនាញខាងជួសជុលម៉ូតូ ជំនាញខាងកាត់ដេរសម្លៀកបំពាក់ធម្មតា និងប្រពៃណី ជំនាញខាងសម្អាងកាយ ដូចជាកាត់សក់ ធ្វើក្រចក ជំនាញខាងផ្សារដែក និងជំនាញខាងអគ្គិសនី។ ជំនាញទាំងនេះបានធ្វើឲ្យអតីតក្មេងអនាថានិងអង្គការមិត្តសំឡាញ់បើកអាជីវកម្មរកចំណូលជួយក្មេងនិងគ្រួសារអនាថាដែលទើបទៅនៅអង្គការមិត្តសំឡាញ់។
អង្គការមិត្តសំឡាញ់បានជួយក្មេងស្នាក់នៅនិងរៀនសូត្រចំនួន៥១៣៩នាក់ និងធ្វើការជាមួយក្មេងនិងយុវជន៩៣៣៩នាក់។ នេះបើតាមរបាយការណ៍ឆ្នាំ២០១៦របស់អង្គការជួយក្មេងអនាថានេះ។ ក្មេងទាំងនោះភាគច្រើនចេញពីគ្រួសារក្រីក្រ ហើយខ្លះជាអ្នករងគ្រោះនៃថ្នាំញៀន។
បច្ចុប្បន្នមានអ្នកមកទទួលការបណ្តុះបណ្តាលជំនាញនៅអង្គការមិត្តសំឡាញ់រវាង២៥០នាក់ទៅជាង៣០០នាក់។ ជាង៦០ទៅ៧០%នៃអ្នកបានទទួលការបណ្តុះបណ្តាលចុងចប់ដើមត្រូវបានអង្គការមិត្តសំឡាញ់បញ្ជូនទៅធ្វើការក្នុងទីផ្សារការងារក្នុងស្រុក។នេះបើតាមវុទ្ធី សុកញ្ញា មន្ត្រីទំនាក់ទំនងនៃអង្គការហ៊្រ្វិន្សអ៊ីនធឺណាសិនណល។
«យើងចង់ឲ្យគាត់រៀនអីដែលថ្មីនៅជុំវិញខ្លួនគាត់ អីចឹងយើងព្យាយាមបោះគាត់ទៅខាងក្រៅ ទៅធ្វើការនៅស្ថាប័នខាងក្រៅ ជាជាងឲ្យគាត់រៀនតែនៅក្នុងហ្នឹងដដែល ធ្វើការនៅកន្លែងហ្នឹងដដែល។ យើងចង់ឲ្យគាត់រៀនអីដែលថ្មី។ អីចឹងក្រុមការងារយើង ពេលដែលសិស្សរៀនចប់ភ្លាមគឺយើងព្យាយាមរកការងារខាងក្រៅឲ្យពួកគាត់»។
ជាក់ស្តែង ម្ចាស់ហាងមួយចំនួននៅភ្នំពេញក៏បានគាំទ្រកម្មវិធីអង្គការមិត្តសំឡាញ់ ដោយទទួលយកសិស្សពីអង្គការមិត្តធ្វើការនៅហាងរបស់ពួកគេ ដោយផ្តល់ប្រាក់ខែនិងការបង្ហាត់បង្រៀនបន្ថែម។
អ្នកស្រីប៊ី រតន៍វត្តី អាយុ៣០ឆ្នាំជា ម្ចាស់ហាងកាត់ដេររចនាវត្តី បានទទួលសិស្សជាងកាត់ដេរពីអង្គការមិត្តសំឡាញ់និងអង្គការផ្សេងទៀតធ្វើជាកូនជាង ហើយផ្តល់ប្រាក់ខែផង និងបណ្តុះបណ្តាលបន្ថែមផង។ អ្នកស្រីនិយាយថា ម្ចាស់ហាងជួសជុលម៉ូតូ រថយន្តដែលជាអតិថិជនរបស់អ្នកស្រីក៏បានទទួលសិស្សពីអង្គការមិត្តសំឡាញ់ដែរ។ សិស្សទាំងនោះមានចរិតល្អ គោរពម៉ោងពេល។
ពីមុនអ្នកស្រីមិនបានដឹងអំពីកិច្ចការអង្គការមិត្តសំឡាញ់សង្គ្រោះក្មេងអនាថាទេ។
«ប៉ុន្តែនៅពេលដែលខ្ញុំបានទទួលសិស្សមក គឺខ្ញុំបានឮព័ត៌មានតាមរយៈកូនសិស្សទាំងអស់ហ្នឹងថា អង្គការផ្តល់អីខ្លះ ជួយអីខ្លះដល់ខ្មែរ។ អីចឹង ខ្ញុំកូនខ្មែរដែរ ខ្ញុំចង់រួមចំណែក។ ទោះបីជាអត់បានច្រើនក៏ដោយ ប៉ុណ្ណាក៏ដោយតាមសមត្ថភាពរបស់ខ្ញុំ ខ្ញុំចង់ជួយកូនខ្មែរយើងឲ្យមានចំណេះដឹងពិតប្រាកដ»។
នាងយ៉ិន ស្រីលក្ខណ៍ អាយុ២២ឆ្នាំកូនជាងកាត់ដេរមកពីអង្គការមិត្តសំឡាញ់និយាយថា នាងធ្វើការផង រៀនបន្ថែមផងជាងមួយឆ្នាំហើយនៅហាងកាត់ដេររចនាវត្តីនេះ ហើយនាងក៏ចង់ជួយក្មេងជំនាន់ក្រោយដូចមេជាងរបស់នាងដែរ។
«ខ្ញុំមកធ្វើការទីហ្នឹង ខ្ញុំសប្បាយចិត្ត ព្រោះកន្លែងគាត់ដេរស្អាត មានវិន័យ មានសណ្តាប់ធ្នាប់ល្អអីចឹង។ ខ្ញុំចូលចិត្តអីចឹង។ទៅអនាគត ខ្ញុំចង់បើកហាងដូចគាត់ដែរ»។
ក្រៅពីបញ្ជូនសិស្សរបស់ខ្លួនទៅធ្វើការនៅតាមហាងនានា និងបើកហាងរកចំណូល អង្គការមិត្តសំឡាញ់ក៏បានបណ្តុះបណ្តាលស្ត្រីអនាថាដែលមានកូនក្នុងបន្ទុក ឲ្យមានមុខរបរផងដែរ។
អ្នកស្រីសុផា វី អាយុ៥៧ឆ្នាំ បានទៅរៀនអាជីវកម្មខ្នាតតូចនៅអង្គការមិត្តសំឡាញ់ មុនមកបើកលក់ភេសជ្ជៈនៅចំហៀងមន្ទីរពេទ្យកាល់ម៉ែត ភ្នំពេញ។ អង្គការមិត្តសំឡាញ់បានជួយជាសម្ភារៈមានតម្លៃសរុប៣៥០ដុល្លារក្នុងការបើកមុខរបរនេះ។
«រៀនលក់ ព្រោះពីដើមខ្ញុំអត់ដែលចេះលក់ទេ ពីដើមខ្ញុំធ្វើការ។ ខ្ញុំធ្វើការក្នុងស្ថាបនរដ្ឋជាង២០ឆ្នាំមកនេះ។ ដល់លើកទីមួយសម្រាប់ជីវិតគឺទៅរៀនពីអង្គការហ្នឹងមកវិញ តែហ្មង ចា៎»។
អ្នកស្រីឲ្យដឹងថា អ្នកស្រីបានបង្រៀនឲ្យកូនស្រីរបស់អ្នកស្រីមានមុខរបរនេះដែរ។
ទោះជាយ៉ាងណាក្តី សុកញ្ញាឲ្យដឹងថា ការទាក់ទាញក្មេងអានាថា និងយុវជនមកទទួលការបណ្តុះបណ្តាលជំនាញមានការលំបាក ពីព្រោះពួកគេភាគច្រើនក្រីក្រត្រូវការលុយភ្លាមៗ ខ្វះចំណេះដឹង ហើយពួកគេសុខចិត្តធ្វើចំណាកស្រុកទៅធ្វើការពលកម្មនៅក្រៅប្រទេស ដែលពួកគេមិនអាចធ្វើបាននៅពេលចាស់ទៅ។
«លុយមានសារៈសំខាន់ តែគាត់ចំណាយពេលត្រឹម៦ខែទៅ១ឆ្នាំដើម្បីទទួលបានជំនាញគឺខ្ញុំគិតថា វាធ្វើឲ្យជីវិតរបស់គាត់មាននិរន្តរភាពទីកាន់អនាគតវែងឆ្ងាយទៀត»។
ក្រៅពីនេះ យុវជននិងគ្រួសារអានាថាមួយចំនួនមិនអាចស្នាក់នៅជាមួយអង្គការបាន ដោយសារពួកគេនៅញៀនថ្នាំ ញៀនស្រា បារី ហើយនឹងត្រូវការសេរីភាពផ្សេងទៀត។ អង្គការមិត្តសំឡាញ់គោរពសេរីភាពអ្នកមករកជំនួយ ហើយមិនមែនជាមន្ទីរឃុំឃាំងពួកគេដើម្បីបន្សាបថ្នាំញៀននោះទេ។
យុវជនញៀនថ្នាំម្នាក់ដែលមិនបញ្ចេញឈ្មោះ និងមិនបង្ហាញមុខនិយាយថា៖
«ធ្លាប់ទៅនៅដែរ តែនៅអត់បានយូរ។ ជួនកាលទៅនៅទៅមានគំនិតមួយគិតថា នៅក្រៅសប្បាយជាង មានគ្រឿនញៀនប្រើ មានស្រាផឹក ហើយមានមិត្តភក្តិច្រើន អីចឹងបានជានៅមណ្ឌលអត់បានយូរទេ។ ដូចថា យើងទម្លាប់ដើរលេងខូចខិល អត់កែកើតណា៎»។
ក្មេង និងជនអនាថាស្នាក់នៅអង្គការមិត្តសំឡាញ់មានអាយុពីទារករហូតដល់២៤ឆ្នាំ លើកលែងឪពុកម្តាយកុមារតូចៗ។
ទោះជាអង្គការមិត្តសំឡាញ់ត្រូវចំណាយច្រើនសម្រាប់កុមារកំព្រា និងក្មេងអនាថាក្តី ប៉ុន្តែអង្គការមិត្តសំឡាញ់មិនមានគោលការណ៍អនុញ្ញាតការសុំកូនចិញ្ចឹមនៅក្រៅប្រទេសទេ ដោយសារអ្នកគ្រប់គ្រងអង្គការយល់ថា ការធ្វើបែបនេះជាការប្រថុយប្រថានខ្ពស់ ព្រោះពិបាកតាមដានអំពីជីវិតកុមារ។ ប៉ុន្តែលោកពិន សុខុមបន្ថែមថា ឪពុកម្តាយធម៌ក្នុងស្រុកដែលមានជីវភាពធូរធារអាចសុំកូនចិញ្ចឹមពីអង្គការមិត្តសំឡាញ់បាន។
លោកបន្តថា ការសង្គ្រោះនិងការជួយបណ្តុះកុមារក្នុងស្រុកគួរជាអាទិភាព ព្រោះកុមារអាចនៅមានទំនាក់ទំនងជិតស្និទ្ធជាមួយសាច់ផ្សេងៗ៕