ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនសង្ស័យ​២នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ក្នុង​ការបង្ក្រាប​គ្រឿង​ញៀន​តម្លៃ​៧០​ម៉ឺន​ដុល្លារ​នៅ​ភ្នំពេញ


ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គ​ស្នង​ការរងនគរបាល​ជាតិ​នៅ​​ក្នុង​សន្និសីទ​កាសែត​​ស្តី​ពី​ការ​បង្ក្រាប​គ្រឿង​ញៀន​ជាង​៥០​គីឡូក្រាម។ (រូបថត៖ នគរបាល​ជាតិ)
ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គ​ស្នង​ការរងនគរបាល​ជាតិ​នៅ​​ក្នុង​សន្និសីទ​កាសែត​​ស្តី​ពី​ការ​បង្ក្រាប​គ្រឿង​ញៀន​ជាង​៥០​គីឡូក្រាម។ (រូបថត៖ នគរបាល​ជាតិ)

សមត្ថកិច្ច​និង​អាជ្ញាធរ​ប្រឆាំង​គ្រឿងញៀន​ កាលពី​ដើម​សប្តាហ៍​កន្លង​ទៅ​បាន​ដកហូត​បាន​មេតំហ្វេតាមីន ហេរ៉ូអ៊ីន​និង​ប្រភេទថ្នាំ​គ្រាប់​ជាច្រើន​ម៉ឺនគ្រាប់​ទម្ងន់​ជាង​៥០​គីឡូក្រាម​និង​ចាប់​ខ្លួន​មេខ្លោង​បាន​ចំនួន​២នាក់​ អំឡុង​ការបង្រ្កាប​​ជាច្រើន​លើក​ក្នុង​រាជធានី​ភ្នំពេញ។ សង្គមស៊ីវិល​សាទរ​ចំពោះ​ការ​បង្ក្រាប​នេះ​តែក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ដោយ​សារ​ការវាយ​ប្រហារ​របស់​គ្រឿង​ញៀន។

ជនសង្ស័យ​ថា​ជា​មេក្លោង​គ្រឿងញៀន​២នាក់​ត្រូវបាន​ចាប់ខ្លួន ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ជាង​៥០​គីឡូក្រាម​ជាលើក​ទី១ ដែល​មាន​តម្លៃ​ប្រមាណ​ជា​៧០ម៉ឺន​ដុល្លារ​ នៅ​រាជធានី​ភ្នំពេញ។ នេះ​បើ​តាមការ​ឲ្យដឹង​ពី​មន្រ្តី​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។

លោក មាស វិរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ប្រាប់ VOA​នៅ​ថ្ងៃ​អាទិត្យ​ ថា ការ​បង្រ្កាប​បាន​គ្រឿង​ញៀន​ចំនួន​ជាង​៥០​គីឡូក្រាម​នេះ គឺជា​ចំនួន​ដ៏​ច្រើន​បំផុត​ដែល​សមត្ថកិច្ច​ចាប់​បាន​ក្នុង​ពេល​កន្លង​មក​។ លោក​បន្ថែម​ថា បើតាម​ការ​ប៉ាន់​ស្មាន​របស់​អាជ្ញាធរ គ្រឿង​ញៀន​ជាង​៥០​គីឡូក្រាម​នេះ មាន​តម្លៃ​ប្រហែល​ជា​ជាង​កន្លះ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក​មាន​ប្រសាសន៍​ថា៖

«បើ​គិត​ជា​តម្លៃ​តាមទីផ្សារ​នៅ​កន្លែង​ផលិត​នៅ​តំបន់​ត្រី​កោណ ប្រហែល​ជា​ជាង​កន្លះ​លាន ប្រហែល​ជា៧០ម៉ឺន​ដុល្លារ»។

ក្នុង​សន្និសីទ​សារព័ត៌មាន បង្ហាញ​លទ្ធផល​បឋម​នៃ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ជាង​៥០​គីឡូ​ក្រាម កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ មន្រ្តី​មាន​សមត្ថកិច្ច​ថ្លែង​ថា កាល​ពី​ដើម​សប្តាហ៍​កន្លង​ទៅ​ក្រសួងមហាផ្ទៃបាន​បើក​ការ​ស៊ើប​អង្កេត​ទ្រង់ទ្រាយ​ធំ​មួយ​ជា​បន្ទាន់​បន្ទាប់ពី​រក​ឃើញ​គ្រឿង​ញៀន​ជាង​៥០​គីឡូក្រាម​នៅ​ក្នុង​ផ្ទះ​មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ។​ កង​កម្លាំង​សមត្ថកិច្ច​ជំនាញ​ក៏​បាន​បើក​ការស៊ើប​អង្កេត​ជា​បន្តបន្ទាប់ រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ម្ចាស់​សណ្ឋាគារ​រតនៈសម្បត្តិ ក្នុង​ខេត្ត​រតនគិរី ឈ្មោះ ស៊ី ឡាឡយ ជា​ជនជាតិ​ខ្មែរ​ដើមកំណើត​ជនជាតិ​ភាគតិច​ឡាវ កាល​ពី​រសៀល​ថ្ងៃទី​១៨ ខែ​ឧសភា​ ដោយ​សង្ស័យ​ថា​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន។

ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​សៅរ៍ថា គ្រឿង​ញៀន​ភាគ​ច្រើន​ហូរចូល​មក​ពី​ប្រទេស​ឡាវ ហើយ​កម្ពុជា​ជា​ប្រទេស​ដែល​រងគ្រោះ​ដោយ​គ្រឿងញៀន ដោយ​សារ​បរទេស​យក​ធ្វើ​ជា​ទីតាំង​ដើម្បី​ឆ្លង​កាត់ និង​ចែក​ចាយ​បន្តទៅ​កាន់​ប្រទេស​ជិតខាង។ ទោះជា​យ៉ាងណា​លោក​ថា សមត្ថកិច្ច​កំពុង​បន្ត​តាមដាន​ដើម្បី​ស្វែង​រក​អ្នក​ដែល​ពាក់ព័ន្ធ​បន្ថែម។

លោក ម៉ក់ ជីតូ អគ្គស្នងការ​រង​នគរបាល​ជាតិ​ថ្លែង​ថា៖

«មាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន អគ្គស្នងការ​នគរបាលជាតិ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មាន​ព្រះរាជ​អាជ្ញា និង​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អយ្យការ​ព្រហ្មទណ្ឌ​ មាន​ខាង​នាយក​មន្ទីរ​ពិសោធន៍​របស់​អាជ្ញាធរ​ប្រឆាំង​គ្រឿងញៀន នាយក​មន្រ្តី​ពិសោធន៍​ក្រសួង​សុខាភិបាល ដើម្បី​គាត់​រៀបចំ​ពិនិត្យ​ឲ្យ​ច្បាស់។ ទី១​តើសារធាតុ​ហ្នឹង​ជា​សារធាតុ​អី?​ទី២ កំណត់​ឲ្យ​ដឹង​ថា​តើ​មាន​សុទ្ធ​ប៉ុន្មាន​ភាគ​រយ? ព្រោះ​ច្បាប់​របស់​យើង ការ​ផ្តន្ទាទោស​ជន​ល្មើស​ពាក់ព័ន្ធ​គ្រឿងញៀន​ គឺផ្អែក​លើ​បរិមាណ​និង​ភាព​សុទ្ធ។ អញ្ចឹង​យើង​វាយ​តម្លៃ​ច្បាស់​បញ្ជូន​ទៅ​តុលាការ​ បញ្ជូន​ទៅ​ព្រះ​រាជអាជ្ញា​ដើម្ប​កាត់​ទោស​ឲ្យបាន​ត្រឹមត្រូវ»។

ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ លើក​ឡើង​ថា ការ​ចាប់​បានគ្រឿង​ញៀន​ជាង​៥០​គីឡូក្រាម​ដែល​មាន​ដូចជា មេតំហ្វេតាមីន ហេរ៉ូអ៊ីន និង​ប្រភេទ​ថ្នាំ​គ្រាប់​ជាច្រើន​ម៉ឺន​គ្រាប់​ដែល​ចាប់​បាន​នេះ​ ជា​ករណី​រក្សា​ទុក និង​ជួញដូរ​ឆ្លងដែន​ដែល​មាន​ការចាត់តាំង។ លោក​បន្ថែម​ថា ក្នុង​ករណី​បង្រ្កាប​គ្រឿង​ញៀន​ទ្រង់​ទ្រាយ​ធំ​នៅ​បី​ទីតាំង​នេះ សមត្ថកិច្ច​ចាប់​បាន​ជន​សង្ស័យ​ជា​មេក្លោង​ចំនួន​២​នាក់ ​ដែល​នឹង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់។

លោក ម៉ក់ ជីតូ បន្ថែម​ថា ក្រសួង​មហាផ្ទៃបាន​សម្រេច​បង្កើត​ក្រុម​ការងារ​ចំពោះកិច្ច​ដែល​មានការ​ចូល​រួម​ពីក្រុម​ជំនាញ​ដើម្បីវិភាគ​ពី​សារធាតុ​ដែល​ចាប់​បាន​ ក្នុង​ការ​កំណត់​ពី​ចំនួន​គ្រឿងញៀន​សុទ្ធ​ដើម្បី​ឲ្យ​តុលាការកាត់ទោស​ឲ្យ​បាន​ត្រឹមត្រូវ។

មាត្រា​៤០​ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ចែង​ថា​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី២០ ទៅ​៣០ឆ្នាំ ​ឬ​អស់​មួយជីវិត ក្នុង​ករណី​រក្សាទុក​ដឹកជញ្ជូន​ឬជួញដូរ​ដោយ​ខុស​ច្បាប់ នូវសារធាតុ​ញៀន​ប្រភេទហេរ៉ូអ៊ីន មាន​បរិមាណ​សុទ្ធ​ចាប់ពី​៨០​ក្រាម​ឡើង​ទៅ និង​មេតំហ្វេតាមីនបរិមាណ​សុទ្ធ​ចាប់ពី២៤០​ក្រាម​ឡើង​ទៅ។

លោក យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​បានសាទរ​ចំពោះ​ការបង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​របស់​អាជ្ញាធរនេះ។ ទោះ​ជា​យ៉ាង​ណា​លោក​ថា​ ​ចំនួន​គ្រឿង​ញៀន​ដ៏​ច្រើន​បែប​នេះ​បង្ហាញ​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហាដែល​ជះ​ឥទ្ធិពល​ដោយ​សារ​គ្រឿង​ញៀន​ ដែល​លោកថា រដ្ឋាភិបាល​ត្រូវ​ប្តេជ្ញា​បង្ក្រាប​ និង​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក​មាន​ប្រសាសន៍​ថា៖

«បើសិនជា​អាជ្ញាធរ​បង្រ្កាប​បាន​កាន់​តែ​ច្រើន​បាន​ទ្រង់ទ្រាយ​ធំ​បញ្ហា​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រហែល​អាច​នឹង​ជា​ថយ​ចុះ។ ហើយ​ជា​ឱកាស​មួយ​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​សង្គម អាច​កាត់​បន្ថយ​បងធំ ​ហើយ​ជាមួយ​គ្នា​នោះ​ទៀត​សោត ឪពុកម្តាយ​ទាំងអស់​លែង​សូវ​បារម្ភ​ពី​រឿង​កូន​ធ្លាក់​ចូលទៅ​ក្នុង​អន្ទាក់​គ្រឿងញៀន។ ប៉ុន្តែ​អាជ្ញាធរ​ត្រូវ​តែ​ប្រឹងប្រែង​ធ្វើ​ឲ្យ​បានខ្លាំង​ក្លា​ទៅ​ទៀត ពីព្រោះ​ថា​៥០​គីឡូនេះ​មិនទាន់​អស់​ទេ គឺ​នៅ​សល់ច្រើន​ទៀត ដែល​ត្រូវ​បន្តបង្រ្កាប​ឲ្យ​កាន់​តែ​សកម្ម​ថែម​ទៀត»។

បើតាម​របាយការណ៍​របស់​អគ្គ​ស្នងការ​នគរបាលជាតិ រយៈពេល​ជាង​៤ខែ​នៃ​ការ​ដាក់​ចេញ​យុទ្ធនាការ​បង្រ្កាប​គ្រឿងញៀន គិតពី​ខែ​មករា​ដល់​ថ្ងៃទី២០ ខែ​ឧសភា​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​បាន​ចំនួន​៣,៥៦២​ករណី​ឃាត់ខ្លួន​មនុស្ស​ជាង​៨ពាន់នាក់ និង​ដកហូត​ថ្នាំញៀន​បាន​ជាង ១០០គីឡូក្រាម៕


XS
SM
MD
LG