គ្រួសារខ្មែរអាមេរិកាំង៨គ្រួសារនៅក្នុងរដ្ឋមីនីសូតាកំពុងធ្វើការតវ៉ា និងស្វែងរកអន្តរាគមន៍ពីអាជ្ញាធរអាមេរិក និងអាជ្ញាធរខ្មែរដើម្បីជួយឲ្យស្វាមី កូនប្រុស និងបងប្អូនប្រុសរបស់ពួកគេអាចបន្តរស់នៅសហរដ្ឋអាមេរិកជួបជុំគ្រួសារ ខណៈពេលដែលអ្នកទាំងនេះនឹងត្រូវបញ្ជូនទៅប្រទេសកម្ពុជា ដោយសារតែពួកគេបានបាត់បង់សិទ្ធិរស់នៅសហរដ្ឋអាមេរិក ព្រោះតែបានប្រព្រឹត្តអំពើខុសច្បាប់មួយចំនួន។
អ្នកស្រី ជូន ឃឿន តែងស្រមៃថា អ្នកស្រី និងបងប្អូនទាំង៥នាក់របស់អ្នកស្រី នឹងលែងបែកគ្នាតទៅទៀតហើយ ក្រោយពីបានរួចរស់ជីវិតពីរបបខ្មែរក្រហម និងបានភៀសខ្លួនមករស់នៅទឹកដីសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៨០មកនោះ។
ក៏ប៉ុន្តែ ក្តីស្រមៃរបស់ស្ត្រីវ័យ៦០ឆ្នាំផ្លាយរូបនេះ ដែលបច្ចុប្បន្នរស់នៅរដ្ឋមីនីសូតា ហាក់មិនប្រាកដនៅឡើយទេ ដោយសារប្អូនប្រុសម្នាក់របស់អ្នកស្រី នឹងត្រូវអាជ្ញាធរអាមេរិកគ្រោងបញ្ជូនទៅប្រទេសកម្ពុជា។
អ្នកស្រី ជូន ឃឿន ដែលជាបងស្រី បានប្រាប់ VOA នៅក្នុងដំណើរមកកាន់រដ្ឋធានីវ៉ាស៊ីនតោនកាលពីខែវិច្ឆិកាកន្លងទៅ ដើម្បីស្វែងរកអន្តរាគមន៍ពីស្ថានទូតខ្មែរ ឲ្យជួយកុំឲ្យមានការបញ្ជូនប្អូនប្រុសអ្នកស្រី គឺលោក ជូន ភឿយ ទៅកម្ពុជា ជាទីដែលលោកមិនដែលស្គាល់ និងធ្លាប់រស់នៅពីមុនថា៖
«ខ្ញុំមិនមានអីទេ ចង់ឲ្យគេទុកប្អូនខ្ញុំតែប៉ុណ្ណឹង ព្រោះដែលថាបញ្ជូនទៅនេះ ខ្ញុំក៏ភ័យដែរ។ ខ្ញុំមិនចង់ឲ្យប្អូនខ្ញុំទៅទេ ព្រោះទី១ គ្មានបងប្អូននៅស្រុកខ្មែរទេ ហើយបងប្អូនមានសល់តែប្រាំនាក់ រួចពីស្លាប់មក។ ម្តាយខ្ញុំស្លាប់ទៅ ខ្ញុំជាអ្នកទទួលបន្ទុកប្អូនខ្ញុំទាំងអស់។ បងប្អូនខ្ញុំប្រាំនាក់»។
អ្នកស្រីរៀបរាប់ថា ប្អូនប្រុសរបស់អ្នកស្រី ដែលកើតនៅជំរំសារិននៃប្រទេសថៃ បានពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃាតកម្មមួយរបស់ក្រុមក្មេងទំនើង ដែលលោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំកាលពីឆ្នាំ១៩៩៨។ លោក ជូន ភឿយ បានជាប់ទោសរួចរាល់ហើយ។ តាំងពីឆ្នាំ២០០៨មក លោក ជូន ភឿយបានចាប់ផ្តើមជីវិតថ្មី និងមានភរិយារស់នៅក្នុងជីវភាពសាមញ្ញ។
ក៏ប៉ុន្តែ នៅខែសីហា ឆ្នាំ២០១៦នេះ លោក ជូន ភឿយ រួមទាំងបុរស៧នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន និងឃុំខ្លួនដោយអាជ្ញាធរគយ និងអន្តោប្រវេសន៍អាមេរិក ហើយត្រូវរង់ចាំបញ្ជូនខ្លួនទៅប្រទេសកម្ពុជា។
ការចាប់ខ្លួន និងការបញ្ជូនខ្លួនអ្នកទាំង៨នាក់នេះកើតមានឡើង ដោយសារតែច្បាប់អន្តោប្រវេសន៍ឆ្នាំ១៩៩៦ដ៏តឹងរ៉ឹងរបស់សហរដ្ឋអាមេរិក និងកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តឆ្នាំ២០០២រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក ដែលមិនអាចទុកពួកគេនៅសហរដ្ឋអាមេរិកបានទេ ទោះបីជាពួកគេបានជាប់ទោសរួចហើយក្តី និងកែប្រែខ្លួនក្តី។
កាលពីឆ្នាំ១៩៩៦ រដ្ឋសភាអាមេរិកបានអនុម័តច្បាប់អន្តោប្រវេសន៍ដ៏តឹងរឹងមួយ ដែលបានពង្រីកនិយមន័យនៃប្រភេទ«ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ» ដោយរួមបញ្ជូលទាំងករណីតូចតាចដូចជាការលួចឆក់ ការក្លែងបន្លំឯកសារ និង«ការប្រព្រឹត្តអំពើហិង្សា» ដែលអាចប៉ះពាល់ដល់រូបរាងកាយ និងទ្រព្យសម្បត្តិរបស់អ្នកដទៃជាដើម។ ជាទូទៅ ច្បាប់នៅតាមរដ្ឋជាច្រើននៅសហរដ្ឋអាមេរិក ចាត់ទុកប្រភេទ«ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ»ថា ជាការប្រព្រឹត្តអំពើឃោរឃៅ និងព្រៃផ្សៃដូចជាការធ្វើឃាត និងការរំលោភសេពសន្ថវៈតែប៉ុណ្ណោះ។
បន្ថែមលើនេះ ច្បាប់នេះអនុញ្ញាតឲ្យចៅក្រមនៃតុលាការអន្តោប្រវេសន៍អាមេរិកដកសិទ្ធិរស់នៅស្របច្បាប់ជានិរន្តរបស់ជនណាដែលមិនមែនជាពលរដ្ឋអាមេរិកាំង តែមានសិទ្ធិរស់នៅស្របច្បាប់ ហើយបញ្ជូនជននោះទៅកាន់ប្រទេសដើមកំណើតរបស់ពួកគេវិញ។
យ៉ាងណាមិញ រដ្ឋាភិបាលអាមេរិកមិនអាចបញ្ជូនជនណាមួយទៅប្រទេសដែលចាត់ទុកថាជាដើមកំណើតរបស់ពួកគេបានទេ បើសិនជារដ្ឋាភិបាលប្រទេសនោះមិនមានកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តជាមួយអាមេរិកនោះ។ ដូច្នេះ ដើម្បីអនុវត្តច្បាប់អន្តោប្រវេសន៍របស់ខ្លួន នៅឆ្នាំ២០០២ រដ្ឋាភិបាលអាមេរិកបានបញ្ចុះបញ្ចូលឲ្យរដ្ឋាភិបាលកម្ពុជាធ្វើកិច្ចព្រមព្រៀងមាតុភូមិនិវត្ត ទទួលយកពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក ហើយបានប្រព្រឹត្តអំពើខុសច្បាប់ទៅប្រទេសកម្ពុជា។
តាំងពីឆ្នាំ២០០២មក មានពលរដ្ឋខ្មែរដែលបានកើតនៅជំរំជនភៀសខ្លួន ហើយបានរស់នៅនិងធំដឹងក្តីនៅសហរដ្ឋអាមេរិកប្រមាណជាង៥០០នាក់ ត្រូវបានបញ្ជូនទៅប្រទេសកម្ពុជា និងកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
ទោះជាយ៉ាងណាក្តី សមាជិកគ្រួសាររបស់បុរសទាំង៨នាក់នៅរដ្ឋមីនីសូតានេះទទូចសុំឲ្យរដ្ឋាភិបាលកម្ពុជាជួយអន្តរាគមន៍ដើម្បីឲ្យបុរសទាំង៨នាក់បាននៅជុំប្រពន្ធកូន និងក្រុមគ្រួសារសាច់ញាតិរបស់ពួកគេ។
អ្នកស្រី ជិត សេន ដែលជាម្តាយរបស់លោក ជិត នីន ដែលកំពុងជាប់ឃុំខ្លួន និងត្រូវបញ្ជូនទៅប្រទេសកម្ពុជា បានប្រាប់ VOA ទាំងទឹកភ្នែកថា កូនប្រុសរបស់អ្នកស្រីគឺជាមនុស្សល្អ បើទោះបីជាកូនប្រុសអ្នកស្រីបានប្រព្រឹត្តអំពើខុសឆ្គងបន្តិចបន្តួចពីអតីតកាលក្តី។
«ខ្ញុំចង់ឲ្យកូនខ្ញុំនៅទីនេះបានជួបចៅខ្ញុំ។ ចង់និយាយប្រវត្តិកូនខ្ញុំ។ បើលោកយកកូនខ្ញុំទៅទៀត កូនខ្ញុំកំព្រា។ ចៅខ្ញុំកំព្រា អត់មានឪពុកទេ។ ចៅខ្ញុំកំព្រាអត់មានឪពុក ដេកវះបេះដូង។ តែលោកផ្តាច់ជីវិតខ្លួនទាំងពីរទាំងបីទៅ ខ្ញុំអត់មានទឹកចិត្តទេ»។
អ្នកស្រី ជិត សេន បានឲ្យដឹងថា លោក ជិត នីន បានជាប់ពន្ធនាគាររយៈពេលជិតពីរឆ្នាំពីបទបង្កអំពើហិង្សា ហើយបានចេញពីពន្ធនាគារ និងកសាងជីវិតថ្មី មានភរិយា និងកូនសរុបចំនួន៥នាក់ រួមទាំងកូនជាមួយនឹងភរិយាមុនរបស់លោក។ លោក ជិត នីន កើតនៅជំរុំខាវអ៊ីដាង នៅឆ្នាំ១៩៨០ មុនក្រុមគ្រួសារលោក និងលោកបានទទួលសិទ្ធិជាជនភៀខ្លួនរស់នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិកនៅឆ្នាំ១៩៨៦។
អ្នកស្រី ជែននី ស្រី (Jenny Srey) ដែលជាភរិយាទី២របស់លោក ជិត នីន បានបញ្ជាក់ថា កិច្ចព្រមព្រៀងបញ្ជូនពលរដ្ឋដែលរដ្ឋាភិបាលអាមេរិកយល់ថា ជាពលរដ្ឋខ្មែរនោះខ្វះភាពមនុស្សធម៌ ដោយសារតែអ្នកទាំងនេះ ជាពិសេសស្វាមីរបស់អ្នកស្រី មិនបានកើតនៅប្រទេសកម្ពុជាទេ។
«អ្នកទាំងនេះបានភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិកតាំងពីតូច។ ពួកគេគឺដូចពលរដ្ឋអាមេរិកាំងផ្សេងទៀតដែលកើតនៅសហរដ្ឋអាមេរិកនេះ។ អ្នកខ្លះមកទីនេះតាំងពីមានអាយុ៣ខែ។ ពេលពួកគេគិត យល់សុបិន្ត និយាយ គឺជាភាសាអង់គ្លេសទាំងអស់។ ពួកគេជាជនរងគ្រោះដោយសារតែសង្គ្រាម»។
រីឯអ្នកស្រី គុល សុខា (Sokha Kul) ដែលបានធ្វើដំណើរមកកាន់រដ្ឋធានីវ៉ាស៊ីនតោនដែរនោះ បានស្នើសុំឲ្យមន្ត្រីស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិកជួយស្វែងរកដំណោះស្រាយឲ្យស្វាមីរបស់អ្នកស្រីបានរស់នៅជួបជុំគ្រួសារវិញ។
«ខ្ញុំចង់ឲ្យរដ្ឋាភិបាលទាំងពីរលុបចោលកិច្ចព្រមព្រៀងនេះ ដែលធ្វើការបញ្ជូនពលរដ្ឋខ្មែរទៅកម្ពុជា ពីព្រោះខ្ញុំយល់ថា អ្នកទាំងនេះមិនគួរត្រូវបែកបាក់គ្រួសារទេ ពីព្រោះពួកគេបានកែខ្លួនហើយ»។
ស្វាមីរបស់អ្នកស្រីគឺលោក ញៀន សាម៉េត (Nhean Sameth) ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពីរខែ ប៉ុណ្ណោះពីបទបង្កការខូចខាតទ្រព្យសម្បតិ្តកាលពីឆ្នាំ២០០០។ ក្រោយពីចេញពីមន្ទីរឃុំឃាំង លោក ញៀន សាម៉េត បានចាប់ដៃគ្នាសាងគ្រួសារ មានកូនពីរនាក់។ លោក ញៀន សាម៉េត មិនដែលស្គាល់ប្រទេសកម្ពុជាឡើយ ដោយសារលោកបានកើតនៅជំរំកាំពុត (Kamput) នៅប្រទេសថៃកាលពីឆ្នាំ១៩៨២ មុនពេលទទួលបានសិទ្ធិមករស់នៅសហរដ្ឋអាមេរិកក្នុងនាមជាជនភៀសខ្លួននៅឆ្នាំ១៩៨៥។
មិនខុសពីគ្រួសារដទៃទៀត អ្នកស្រី សុជាតា ផាសិត ដែលជាភរិយារបស់លោក ឆេន អ៊ំ (Chan Om) សុំអង្វរឲ្យរដ្ឋាភិបាលខ្មែរកែប្រែកិច្ចព្រមព្រៀងឆ្នាំ២០០២នេះ ដើម្បីជួយស្វាមីលោកស្រី និងអ្នកទាំង៧នាក់ផ្សេងទៀត ដោយសារតែពួកគេជាមនុស្សល្អ ហើយបានជាប់ទោសរួចហើយ។
«ខ្ញុំយល់ថា អ្នកទាំង៨នាក់ហ្នឹង អ្វីដែលគាត់បានធ្វើ គឺបានកន្លងហួសទៅហើយ ហើយគាត់បានទទួលទោសរួចហើយ។ ហើយរយៈពេលក្រោយមក គាត់បានធ្វើជាមនុស្សល្អ។ ខ្ញុំចង់ឲ្យរដ្ឋាភិបាលខ្មែរយើងហ្នឹងយល់ពីបញ្ហាគាត់រាល់ថ្ងៃផង ហើយនឹងការរស់នៅរបស់គាត់ ដែលបានកែខ្លួនទៅជាមនុស្សថ្មី មានជីវិតថ្មីមួយទៀតហើយ»។
អ្នកស្រី លឹម ម៉ន ក៏ស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាធ្វើអន្តាគមន៍លើករណីបញ្ជូនកូនប្រុសច្បងរបស់អ្នកស្រីទៅកាន់ប្រទេសកម្ពុជា ពីព្រោះកូនប្រុសរបស់អ្នកស្រីបានជាប់ទោសរួចហើយ ហើយក៏បានកសាងជីវិតថ្មីដូចពលរដ្ឋអាមេរិកាំងទូទៅដែរ។
«ខ្ញុំចង់ប្រាប់ថា សូមឲ្យគាត់ទុកកូនខ្ញុំនៅទីនេះ ឲ្យខ្ញុំបានជួបជុំកូន ព្រោះបងប្អូនវានៅទីនេះ។ ខ្ញុំអត់មានបងប្អូននៅទីនោះ [ស្រុកខ្មែរ] ហើយកូនខ្ញុំវាអត់ចេះខ្មែរ អត់មានបងប្អូននៅស្រុកខ្មែរទៀត អត់ចេះរកស៊ីអី ព្រោះវាកើតនៅមន្ទីរខាវអ៊ីដាង ហើយវាជាប់មន្ទីរឃុំឃាំងតំាងពីអាយុ១៤ឆ្នាំ ហើយវាមិនមែនខ្មែរឯណា។ និយាយតែអង់គ្លេស»។
កូនប្រុសរបស់អ្នកស្រី គឺលោក ឆេង សឿន (Chheng Soeun) ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ២៥ឆ្នាំពីបទជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មរវាងក្រុមក្មេងទំនើងតាំងពីលោកមានអាយុ១៤ឆ្នាំម្ល៉េះ។ លោក ឆេង សឿន បានចេញពីមន្ទីឃុំឃាំងមុននៅឆ្នាំ២០១២ ក្រោយពីបានជាប់ឃុំរយៈពេលជាង១៧ឆ្នាំ ដោយសារអាកប្បកិរិយាល្អ។
អ្នកស្រី លឹម ម៉ន បានរៀបរាប់ថា ក្រោយពីបានចេញពីមន្ទីឃុំឃាំង លោក ឆេង សឿន បានប្រកបមុខរបរជាជាងកាត់សក់ មានផ្ទះនៅ មានគ្រួសារ និងបង់ពន្ធជូនរដ្ឋដូចគ្នានឹងពលរដ្ឋដទៃទៀតដែរ។
ក្រៅពីលោក ជូន ភឿយ លោក ជិត នីន លោក ឆេង សឿន លោក ឆេន អ៊ំ និងលោក ញៀន សាម៉េត បុរសបីនាក់ទៀតដែល VOA មិនអាចទាក់ទងសមាជិកក្រុមគ្រួសារបានរួមមាន លោក អន រ៉ន (An Ron) លោក អ៊ូច ចាន់ហេង (Ouch Chan Heng) និងលោក ផាន ចំរើន (Phan Chamroeun)។
បុរសទាំង៨នាក់នេះកំពុងទន្ទឹងរង់ចាំជោគវាសនារបស់ពួកគេ ដោយសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងពិចារណាកែប្រែកិច្ចព្រមព្រៀងមាតុនិវត្តជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីបញ្ឈប់ការបញ្ជូនពលរដ្ឋខ្មែរដែលបានកែប្រែខ្លួន។
នាពេលបច្ចុប្បន្ន អ្នកទាំង៨នាក់នេះកំពុងជាប់ឃុំខ្លួនដោយអាជ្ញាធរគយ និងអន្តោប្រវេសន៍នៅរដ្ឋមីនីសូតានៅឡើយ។ ទោះជាយ៉ាងណាក្តី សមាជិកគ្រួសាររបស់អ្នកទាំង៨នេះ អះអាងថា ពួកគេនឹងបន្តតស៊ូមតិ និងរង់ចាំការឆ្លើយតបពីរដ្ឋាភិបាលកម្ពុជាឲ្យមានការកែប្រែកិច្ចព្រមព្រៀងមាតុភូមិនិវត្តឆ្នាំ២០០២ជាមួយរដ្ឋាភិបាលអាមេរិក៕