កាលសម្លាប់លោក កែម ឡី អ្នកវិភាគដ៏លេចធ្លោម្នាក់ និងការវាយប្រហារក្នុងទ្រង់ទ្រាយធំលើអ្នកប្រឆាំងនឹងរដ្ឋាភិបាលនៅកម្ពុជា កំពុងតែដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន ពីសំណាក់ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស ដូចជាប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក។
យ៉ាងណាមិញ សមាជិកដឹកនាំសហគមន៍នៅក្រៅប្រទេស បានព្រមានពីការស្រងាកចិត្តលើគណបក្សកាន់អំណាចប្រជាជនកម្ពុជា (CPP) ហើយថា ការណ៍នេះទំនងជាមិនអាចនាំឲ្យមានការគាំទ្របន្ថែមទៀតលើមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលនិរទេសទៅរស់នៅប្រទេសបារាំង។
លោក សម រង្ស៊ី មិនទទួលបានប្រយោជន៍ពីការមិនពេញចិត្តនឹង CPP ពីសំណាក់ពលរដ្ឋរស់នៅក្រៅប្រទេសឡើយ
នៅប្រទេសអូស្ត្រាលី លោក ហុង លីម ដែលជាសមាជិកតំណាងរាស្ត្ររដ្ឋ Victoria និងជាសមាជិកលេចធ្លោក្នុងសហគមន៍ខ្មែរនៅអូស្ត្រាលី បានប្រកាសឈប់គាំទ្រលោក សម រង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិ (CNRP)។
លោកថា សកម្មភាពរបស់មេដឹកនាំគណបក្សប្រឆាំង ក្រោយពីចាញ់ឆ្នោត៤អណត្តិជាប់ៗគ្នា និងការខ្វះការប្រឹក្សាយោបល់ជាមួយសហគមន៍ខ្មែរនៅអូស្ត្រាលី បានធ្វើឲ្យលោកបោះចោលការគាំទ្រនេះ។
លោក ហុង លីម បាននិយាយសំដៅទៅលើលោក សម រង្ស៊ី ថា៖ «ពលរដ្ឋនៅទីនេះបានបាត់បង់ការជឿទុកចិត្តលើគណបក្សប្រឆាំង ដោយសារពួកគេបានព្រងើយកន្តើយនឹងសំឡេងសហគមន៍នេះ។ គ្មានការប្រឹក្សាយោបល់ជាមួយគាត់ទេ។ ហើយលោក សម រង្ស៊ី គ្រាន់តែចេញមុខមកដឹកនាំ ហើយបាត់មុខទៅវិញ។ ហើយការធ្វើបែបនេះមិនមានប្រយោជន៍ទៀតទេ»។
តាំងពីដើមមក ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីបានផ្តល់ជំនួយ និងការគាំទ្រជាច្រើនដល់គណបក្សប្រឆាំង ដែលកើតចេញពីការច្របាច់ចូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ដែលបច្ចុប្បន្នគឺជាអនុប្រធានគណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣។
លោក សម រង្ស៊ី បានបដិសេធមិនវិលចូលស្រុកវិញកាលពីដើមឆ្នាំ២០១៦នេះ ក្រោយពេលដែលលោកអាចរងការគំរាមចាប់ដាក់គុកនៅក្នុងករណីបទបរិហារកេរ្តិ៍។ លោក កឹម សុខា ក៏កំពុងតែប្រឈមនឹងការឃុំខ្លួនដែរ ក្នុងករណីស្រដៀងគ្នា។
ក្នុងករណីនេះ លោក ហុង លីម បានអះអាងថា គណបក្សសង្គ្រោះជាតិ បានបរាជ័យក្នុងការជំរុញឲ្យអ្នកដឹកនាំជំនាន់ក្រោយចេញមុខចូលរួមដឹកនាំបក្ស។
លោកថា៖ «គណបក្សនេះមិនមានគម្រោងស្នងតំណែងទេ»។ លោកបន្ថែមថា ការបន្ថែមមេដឹកនាំថ្មីក្នុងបក្ស អាចជាបញ្ហាចម្បងមួយ ដែលគណបក្សសង្គ្រោះជាតិប្រឈមមុខ មុនការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយនេះ និងការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ការវាយប្រហារលើគណបក្សប្រឆាំង
លោក ហុង លីម បានឲ្យដឹងថា សមាជិកគណបក្សសង្គ្រោះជាតិប្រមាណ១៨នាក់ត្រូវបានឃុំខ្លួន ខណៈដែលការបាញ់សម្លាប់លោក កែម ឡី បានធ្វើឲ្យសហគមន៍ខ្មែររស់នៅក្រៅប្រទេសមានការខឹងសម្បា។
រដ្ឋាភិបាលនៅរាជធានីភ្នំពេញកាន់តែមានការភ័យព្រួយពីសហគមន៍ខ្មែររស់នៅក្រៅប្រទេសរាប់សែននាក់ ដែលបានរត់ភៀសខ្លួនដោយសារតែសង្គ្រាម ហើយក្លាយជាជនអន្តោប្រវេសន៍នៅប្រទេសលោកខាងលិច។
ក្រុមដែលមានអត្ថប្រយោជន៍ផ្សេងៗក្នុងសហគមន៍ខ្មែររស់នៅក្រៅប្រទេស ក៏ត្រូវបានចោទថា បានញុះញ៉ុងឲ្យមានការមិនពេញចិត្តពីខាងគណបក្សប្រឆាំង ដោយជារឿយៗជំរុញឲ្យមានការធ្វើបាតុកម្មហិង្សា ប្រឆាំងនឹងរដ្ឋាភិបាល រួមមានការចោទប្រកាន់អំពីការរំលោភព្រំដែនដោយប្រទេសវៀតណាមដោយគ្មានមូលដ្ឋានពិតប្រាកដផងដែរ។
លោក ហុង លីម ក៏ត្រូវបានរិះគន់មិនសំចៃមាត់ដោយរដ្ឋាភិបាលកម្ពុជា និងត្រូវបានប្រកាសថាជាជនដែលកម្ពុជាមិនស្វាគមន៍ ក្រោយពីលោកបានហៅរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ថាជារបបតិរច្ឆាន ទាក់ទិននឹងការសម្លាប់លោក កែម ឡី។
សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកព្រួយបារម្ភ និងមិនពេញចិត្ត
នៅសហរដ្ឋអាមេរិក ការសម្លាប់លោក កែម ឡី ក៏បានបណ្តាលឲ្យមានការខឹងសម្បាពីសំណាក់ពលរដ្ឋខ្មែរអាមេរិកាំងជាច្រើន។ ក៏ប៉ុន្តែ ការព្រួយបារម្ភក៏កំពុងតែកើនឡើងទាក់ទងនឹងសមត្ថភាពរបស់គណបក្សប្រឆាំងដើម្បីតតាំង និងជំនះស្ថានភាពនយោបាយកម្ពុជាសព្វថ្ងៃនេះ។
លោក ប៉ែន សុខផល ប្រធានផ្នែកទំនាក់ទំនងយុវជន និងនិស្សិតនៃគណបក្សសង្គ្រោះជាតិ នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក បានឲ្យដឹងថា សម្រាប់ការបោះឆ្នោតដែលនឹងឈានមកដល់នាពេលខាងមុខនេះ គណបក្សឆាំងនឹងផ្តោតសំខាន់លើការធ្វើយុទ្ធនាការជាមួយយុវជន ដើម្បីបង្កើនការគាំទ្រ និងប្រមូលផ្តុំថវិកា។
លោកថា៖ «យើងមានគម្រោង ខ្ញុំផ្ទាល់ និងក្រុមយុវជនសហរដ្ឋអាមេរិកនឹងចុះផ្ទាល់នៅឆ្នាំ២០១៧ និង២០១៨ ដើម្បីពង្រឹងយុវជនទូទាំងប្រទេសរបស់គណបក្សសង្គ្រោះជាតិ ក៏ដូចជាយុវជនសកម្មក្នុងសង្គមដែលជួយជាតិ ឲ្យគាត់ដាក់ចិត្តដាក់កាយដាក់ពលិកម្ម ដើម្បីជាចលនា ឲ្យគាត់ធ្វើការសម្រុកឲ្យខ្លាំងពីការបោះឆ្នោត ឲ្យគាត់តាមដានការបោះឆ្នោត ឲ្យគាត់ដឹកនឹងសម្រួលការបោះឆ្នោត ឲ្យគាត់ត្រៀមថវិកាខ្លះ ដើម្បីជួយដល់ការធ្វើដំណើរ ការហូបចុកជាដើម»។
រីឯលោក យ័ប គឹមទឹង ប្រធានអង្គការខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក ក៏បានឲ្យដឹងថា កិច្ចការមួយផ្នែកដែលអង្គការរបស់លោកផ្តោតនោះ គឺការផ្តល់សំឡេងឲ្យគណបក្សប្រឆាំង ដើម្បីធានាឲ្យមានបរិយាកាសនយោបាយដោយស្មើភាពគ្នាដល់គណបក្សនយោបាយទាំងអស់នៅកម្ពុជា តាមរយៈការផ្សព្វផ្សាយពត៌មាន។
លោកថា៖ «ពួកយើងចង់ឃើញគណបក្សប្រឆាំងមានសំឡេង ឲ្យបានទៅដល់ប្រជាជនខ្មែរអាមេរិកាំង និងប្រជាជនខ្មែរនៅស្រុកខ្មែរ ពីព្រោះយើងឃើញថា គណបក្សកាន់អំណាច មិនសូវឲ្យឱកាសពួកគណបក្សប្រឆាំង បញ្ចេញសម្លេងនៅទូរទស្សន៍ និងវិទ្យុនៅស្រុកខ្មែរ។ ឧទាហរណ៍ ការរំលោភដីធ្លីនៅស្រុកខ្មែរ គេដឹងឮមួយពិភពលោក ប៉ុន្តែវិទ្យុ ឬក៏ទូរទស្សន៍នៅស្រុកខ្មែរមិនសូវបានបញ្ចាំងឲ្យខ្មែរយើងដឹង»។
យ៉ាងណាមិញ លោក ទូច វិបុល ដែលជាប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកាំង បានឲ្យដឹងថា អង្គការរបស់លោកផ្តោតសំខាន់ទៅលើដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយធ្វើការជាមួយនឹងតំណាងរាស្ត្រ និងសមាជិកសភា និងព្រឹទ្ធសភានៅសហរដ្ឋអាមេរិក។
លោកក៏បានលើកឡើងថា អង្គការរបស់លោក មានគម្រោងបង្កើតវេទិកាសាធារណៈមួយ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដោយចង់អញ្ជើញតំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មកពិភាក្សា និងចែករំឡែកគោលនយោបាយការទូតរវាងគ្នាទៅវិញទៅមក។
លោកថា៖ «យើងធ្វើកិច្ចការយុវជននៅសហរដ្ឋអាមេរិក និងយុវជននៅស្រុកខ្មែរយើង ដោយផ្សារភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក។ ហើយមានគោលការណ៍មួយចំនួន ដែលយុវជនក្នុងស្រុកបានស្ម័គ្រចិត្តចូលរួមផ្សព្វផ្សាយអំពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ជាពិសេសការពង្រឹងនីតិរដ្ឋនៅកម្ពុជា»។
លោក ហ៊ុន សែន ថ្មីៗនេះ ក៏បានចាប់យកពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេសឲ្យធ្វើជាមូលដ្ឋានដ៏មានសក្តានុពលមួយ សម្រាប់ការគាំទ្ររបស់ពួកគេនាពេលអនាគត៕
រាយការណ៍បន្ថែម និងប្រែសម្រួលដោយ ទែន សុខស្រីនិត