ថ្វីត្បិតតែពលរដ្ឋខ្មែរអាមេរិកាំងនៅសង្កាត់ Orange County រដ្ឋកាលីហ្វ័ញ៉ា នៅតែប្រឈមនឹងបញ្ហាជីវភាពរស់នៅ សុខភាព និងអន្តោប្រវេសន៍ក្តី ក៏អង្គការបម្រើប្រយោជន៍ពលរដ្ឋមួយ កំពុងប្រមូលផ្តុំសហគមន៍ខ្មែរឲ្យស្វែងយល់ពីគ្នាទៅវិញទៅមក តាមរយៈសកម្មភាពផ្សេងៗ ដើម្បីផ្តល់សេវាកម្មសំខាន់ៗដល់ពលរដ្ឋខ្មែរនៅសង្កាត់នោះ។
បញ្ហាជីវភាពរស់នៅ និងអន្តោប្រវេសន៍នៅតែជាកត្តាប្រឈមចម្បងៗរបស់ពលរដ្ឋខ្មែរអាមេរិកាំង ដែលបានភៀសខ្លួន និងធ្វើចំណាកស្រុកមករស់នៅតំបន់ Orange County រដ្ឋកាលីហ្វ័ញ៉ា។
ក្រៅពីបញ្ហាជីវភាពនៅមានកម្រិត ពលរដ្ឋខ្មែរមួយចំនួនកំពុងមានបញ្ហាសុខភាព ដូចជាជំងឺលើសឈាម និងទឹកនោមផ្អែមជាដើម។ រីឯ យុវជនជំនាន់ក្រោយរបស់ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនវិញ ក៏កំពុងជួបនឹងបញ្ហាក្នុងសង្គម ដូចជាក្រុមបងធំបងតូច និងគ្រឿងញៀនជាដើម។
យ៉ាងណាមិញ មិនមែនត្រឹមតែពលរដ្ឋខ្មែរប៉ុណ្ណោះទេ តែពលរដ្ឋអាមេរិកាំងដែលមានជីវភាពខ្សត់ខ្សោយផ្សេងៗទៀត ក៏កំពុងតែប្រឈមនឹងបញ្ហាទាំងអស់នេះដែរ។ ក៏ប៉ុន្តែ អ្វីដែលសំខាន់នោះគឺថា មានអង្គការមួយចំនួន ដូចជាអង្គការសមាគមន៍គ្រួសារខ្មែរបានចាត់វិធានការផ្សេងៗដើម្បីឆ្លើយតបនឹងកង្វះខាត និងកត្តាប្រឈមទាំងអស់នេះ។
ទាក់ទងនឹងបញ្ហាអន្តោប្រវេសន៍ លោក ពឹង វឌ្ឍនា នាយកប្រតិបត្តិនៃសមាគមន៍គ្រួសារខ្មែរ (the Cambodian Family) បានប្រាប់ VOA ថា ពលរដ្ឋខ្មែរភាគច្រើនមិនសូវយល់ដឹងពីដំណើរការនៃសំណុំឯកសារសុំសិទ្ធិជាពលរដ្ឋអាមេរិកាំងពេញសិទ្ធិទេ។
«បើតាមខ្ញុំយល់ឃើញ ចំពោះបញ្ហាអន្តោប្រវេសន៍ គឺថាបងប្អូនប្រជាជនខ្មែរយើង ភាគច្រើនអ្នកមកថ្មី គាត់មិនសូវដឹងពីសិទ្ធិរបស់គាត់ ហើយមិនដឹងថា តើរយៈពេលប៉ុន្មានគាត់អាចចូលសញ្ជាតិអាមេរិកាំងបាន ថាឯកសារអ្វីខ្លះគាត់ត្រូវត្រៀមខ្លួន ដើម្បីចូលរួមជាពលរដ្ឋអាមេរិកាំង»។
បន្ថែមលើនេះ ពលរដ្ឋខ្មែរភាគច្រើនមិនដឹងពីការស្វែងរកព័ត៌មាន ដែលអាចជួយពួកគេដោះស្រាយបញ្ហាអន្តោប្រវេសន៍នេះ។ លោក ពឹង វឌ្ឍនា បានពន្យល់ថា៖
«ប្រជាពលរដ្ឋខ្មែរភាគច្រើន ប្រហែលលើស៩០ភាគរយ មិនដឹងពីព័ត៌មានដែលថា ទៅកន្លែងណាដាក់ទទួលពាក្យនោះទេ។ មូលហេតុអ្វី? ទី១ ពួកគាត់មិនសូវចេះភាសាអង់គ្លេស ភាគច្រើនអ្នកដែលគាត់មក។ ពេលណាយើងមិនចេះភាសា ព័ត៌មានគឺមានកម្រិត។ ទី២ ប្រព័ន្ធផ្សព្វផ្សាយក្នុងសហគមន៍ខ្មែរយើងនៅសហរដ្ឋអាមេរិកមានតិចតួច»។
ជាការឆ្លើយតប សមាគមន៍គ្រួសារខ្មែរបានធ្វើការជាមួយដៃគូអង្គការផ្សេងៗ ដើម្បីសម្រួលដល់ពលរដ្ឋខ្មែរទាក់ទងនឹងអន្តោប្រវេសន៍នេះ។
«យើងបានធ្វើការជាដៃគូយ៉ាងជិតស្និតជាមួយបណ្តាអង្គការដែលមានឯកទេស និងមានមេធាវីផ្នែកអន្តោប្រវេសន៍ដ៏ល្បីៗអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីបញ្ជូនពលរដ្ឋប្រជាជនខ្មែរយើង ដែលគាត់មានបញ្ហាអន្តោប្រវេសន៍ ទៅសាកសួរព័ត៌មាន និងទទួលបានសេវាកម្មផ្នែកអន្តោប្រវេសន៍ដ៏សមស្រប និងមិនក្លាយជាដែលត្រូវគេឆកបោក»។
សព្វថ្ងៃនេះ ចំនួនពលរដ្ឋខ្មែរអាមេរិកាំងដែលបានភៀសខ្លួន និងធ្វើចំណាកស្រុកមកសង្កាត់ Orange County រដ្ឋកាលីហ្វ័ញ៉ាមានចំនួនជាង១ម៉ឺននាក់ ដែលភាគច្រើនធ្វើការនៅក្នុងរោងចក្រផលិតសម្ភារៈពេទ្យ និងផលិតនំជាដើម។
បញ្ហាដ៏ចម្បងមួយទៀតដែលពលរដ្ឋខ្មែរអាមេរិកាំងនៅតំបន់ Orange County នេះជួបប្រទះគឺបញ្ហាសេវាសុខភាព។ លោក ពឹង វឌ្ឍនា បានលើកឡើងពីបញ្ហារារាំងមួយចំនួន ដែលបណ្តាលឲ្យការស្វែងរកសេវាសុខភាពដ៏សមស្របរបស់ពលរដ្ឋខ្មែរជួបបញ្ហាច្រើន។
«ទី១ គឺបញ្ហាយាន្តជំនិះ។ អ្នកខ្លះដែលមករស់នៅទីនេះដំបូង ពួកគាត់មិនចេះបើកឡាន។ ភាគច្រើន ឪពុកម្តាយចាស់ៗ និងលោកយាយចាស់ៗនោះ ពួកគាត់ច្រើនតែពឹងកូនចៅគាត់ឲ្យជូនទៅ។ ទី២ កង្វះធនធានមនុស្សផ្នែកសុខាភិបាល ដែលចេះនិយាយភាសាខ្មែរ និងដឹងពីវប្បធម៌ខ្មែរយើង។ ជាពិសេស ឧទាហរណ៍ ខ្ញុំលើកយកបញ្ហាកោសខ្យល់មួយចុះ។ ពេទ្យខ្លះគាត់មិនដឹងថា កោសខ្យល់យ៉ាងម៉េច។ ពេលទៅពេទ្យ គេអាចថា មានគេវាយធ្វើបាប»។
លោកបានបន្ថែមថា ដើម្បីដោះស្រាយបញ្ហាសុខភាពដ៏ធំមួយនេះ សមាគមន៍គ្រួសារខ្មែរបានស្វះស្វែងរកជំនួយពីអង្គការផ្សេងៗទៀត ដោយផ្សព្វផ្សាយចំណេះដឹងខាងសុខភាព ដើម្បីជួយដល់ពលរដ្ឋខ្មែរដែលត្រូវការសេវាសុខភាព ដូចជាសមាគមន៍មាតាបិតាខ្មែរ សហគមន៍ខ្មែរ (UCC) សមាគមន៍ខ្មែរនៅទ្វីបអាមេរិកាំង (CAA) និងសមាគមន៍គ្រួសារសុខភាពល្អ។
«ជួនកាលបើសិនជាពួកគាត់ខ្វះខាតខាងយាន្តជំនិះ យើងមានបុគ្គលិកជួយទៅដឹកគាត់ ដើម្បីយកគាត់ទៅពេទ្យ។ ហើយទី២ យើងមានសេវាបកប្រែជាភាសាខ្មែររបស់គាត់ ជាពិសេសអ៊ំៗចាស់ៗដែលគាត់មិនមានអ្នកបកប្រែ។ ដូច្នេះ យើងមានអ្នកបកប្រែ»។
លោកក៏បានសង្កត់ធ្ងន់ថា តាមច្បាប់ពលរដ្ឋនៅរដ្ឋកាលីហ្វ័ញ៉ា មានសិទ្ធិស្នើសុំសេវាបកប្រែ នៅពេលទៅពិនិត្យសុខភាព។ មួយវិញទៀត បញ្ហាសុខភាពផ្លូវចិត្តរបស់ពលរដ្ឋខ្មែរវ័យចាស់ៗក៏កំពុងតែទទួលបានការយកចិត្តទុកដាក់ខ្លាំងពីអង្គការជាច្រើន ដូចជាសមាគមន៍គ្រួសារខ្មែរជាដើម។
ដោយឡែក ទោះបីជាង៤០ឆ្នាំកន្លងទៅក្រោយពេលដែលក្រុមពលរដ្ឋខ្មែរដំបូងគេបង្អស់បានមកតាំងទីលំនៅនៅសហរដ្ឋអាមេរិកនេះក៏ដោយ ក៏ការយល់ដឹងពីសិទ្ធិពលរដ្ឋក្នុងការបោះឆ្នោតនៅមានកម្រិតនៅឡើយ។
លោក ពឹង វឌ្ឍនា បានបញ្ជាក់ថា៖
«ភាគច្រើនពលរដ្ឋមិនសូវយល់ដឹងពីសិទ្ធិរបស់គាត់ ថាតើការចុះឈ្មោះបោះឆ្នោត ឬក៏មានសិទ្ធិបោះឆ្នោតនោះ វាមានសារៈសំខាន់យ៉ាងណា»។
ក៏ប៉ុន្តែ តាមរយៈកិច្ចការរបស់សមាគមន៍គ្រួសារខ្មែរ ពលរដ្ឋខ្មែរកាន់តែច្រើនឡើងនៅតំបន់ Orange County កំពុងតែសិក្សាស្វែងយល់បន្ថែមពីបញ្ហាក្នុងសង្គម ដែលពាក់ព័ន្ធនឹងសិទ្ធិ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
«ការចួលរួមក្នុងកិច្ចការសង្គមរបស់បងប្អូនខ្មែរយើងមានការសស្រាក់សស្រាំណាស់។ បងប្អូនប្រជាពលរដ្ឋយើងបានទៅចូលរួមស្តាំក្រុមប្រឹក្សាក្រុងជជែកពិភាក្សាពីបញ្ហានានា ដែលប៉ះពាល់ដល់សហគមន៍យើង»។
ទាក់ទងនឹងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរនៅតំបន់នេះ លោក ពឹង វឌ្ឍនា បានឲ្យដឹងថា ពលរដ្ឋមួយចំនួនធំធ្វើការពីរកន្លែង ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងដើម្បីឧបត្ថម្ភការសិក្សារបស់កូនជាដើម។
«ជីវភាពគាត់ឥឡូវនេះនៅតំបន់ Orange County បានប្រសើរ តែមិនប្រសើរណាស់ណាទេ។ ខ្ញុំក៏សូមជូនជាយោបល់ដែរថា បើសិនជាបងប្អូនជួបនឹងបញ្ហាផ្សេងៗ ពួកគាត់អាចទាក់ទងបណ្តាអង្គការសមាគមន៍ផ្សេងៗ ដែលបម្រើសេវាកម្មសង្គមជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើង»។
លោកក៏បានបញ្ជាក់បន្ថែមថា ការអប់រំគឺជាកត្តាសំខាន់ ក្នុងការជួយឲ្យពលរដ្ឋខ្មែរអាមេរិកាំងនៅតំបន់នេះអាចឈានចាប់យកឱកាសការងារល្អប្រសើរជាងនេះ។ អាស្រ័យហេតុនេះ កម្មវីធីមួយដែលអង្គការរបស់លោកកំពុងធ្វើគឺផ្តោតលើភាពជាអ្នកដឹកនាំរបស់យុវជន។ ក៏ប៉ុន្តែ លោក ពឹង វឌ្ឍនា បញ្ជាក់ថា យុវជនខ្មែរនៅតែបន្តជួបបញ្ហាប្រឈមច្រើនក្នុងការសិក្សា។
«ចំពោះបងប្អូនយុវជនខ្មែរយើង ពួកគាត់ភាគច្រើនមានបញ្ហាលំបាកបញ្ចប់ថ្នាក់មធ្យមសិក្សា ហើយនឹងឈានទៅដល់មហាវិទ្យាល័យ។ បញ្ហាលំបាកអី? ទី១ ម្តាយឪពុករបស់គាត់មិនចេះភាសា។ ហើយទី២ ម្តាយឪពុករបស់គាត់មិនបានរៀនចប់ចុង ចប់ដើមឲ្យបានខ្ពង់ខ្ពស់។ ដល់ពេលគាត់មកដល់ទីនេះ គាត់មិនមានចំណេះដឹងគ្រប់គ្រាន់ដើម្បីជួយកិច្ចការសាលា ឬក៏ចូលរួមក្នុងការសិក្សារបស់កូនទេ»។
បន្ថែមលើនេះ កម្មវិធីសិក្សាផ្លូវការនៅតាមសាលារៀននៅសហរដ្ឋអាមេរិកភាគច្រើនមិនសមស្របទៅតាមវប្បធម៌ ភាសា និងប្រវត្តិអន្តោប្រវេសន៍របស់យុវជនខ្មែរ។
យ៉ាងណាមិញ សមាគមន៍គ្រួសារខ្មែរ សហការជាមួយនឹងអង្គការជាដៃគូជាច្រើននៅតំបន់ Orange County បានបង្កើតកម្មវិធីសិក្សាក្រៅម៉ោងសិក្សា និងកម្មវិធីផ្តល់អាហារូបករណ៍ជាច្រើនដល់យុវជនខ្មែរមួយចំនួន ដើម្បីឲ្យពួកគេបានបន្តការសិក្សាដល់ថ្នាក់មហាវិទ្យាល័យ។
លោក ពឹង វឌ្ឍនា នាយកប្រតិបត្តិសមាគមន៍គ្រួសារខ្មែរ បានសង្កត់ធ្ងន់ថា បើទោះបីជាសហគមន៍ខ្មែរនៅតំបន់ Orange County នេះបន្តជួបកត្តាប្រឈមខាងលើនេះក្តី ក៏ពលរដ្ឋខ្មែរនៅតំបន់នេះបន្តប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតរមួត និងសាមគ្គីគ្នា ដើម្បីដើរឆ្ពោះទៅរកការរីកចំរើនកាន់តែប្រសើរជាងនេះនាពេលអនាគត៕