ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បំពេញ​កាតព្វកិច្ច​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ពេញ​លេញ


រូបឯកសារ៖ ព្រះសង្ឃមកពីវត្ត​មុនីសុតារាម នៅរដ្ឋ​មីនីសូតា ​សហរដ្ឋ​អាមេរិក មក​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ការ​ដោះលែង​លោក កឹម សុខា នៅ​មុខ​ក្រសួង​ការបរទេស រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
រូបឯកសារ៖ ព្រះសង្ឃមកពីវត្ត​មុនីសុតារាម នៅរដ្ឋ​មីនីសូតា ​សហរដ្ឋ​អាមេរិក មក​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ការ​ដោះលែង​លោក កឹម សុខា នៅ​មុខ​ក្រសួង​ការបរទេស រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

ក្រុម​ពលរដ្ឋ​និង​សកម្មជន​នៃ​អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​អាមេរិក​ បាន​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​កាតព្វកិច្ច​របស់​ខ្លួន​ទៅ​តាម​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស នៅ​មុន​ការ​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​ការប្រកាស​ឯកសារ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​​ដ៏​សំខាន់​របស់​អង្គការ​សហប្រជាជាតិ​។

ក្រុម​សកម្មជន​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្មែរ​អាមេរិក​ក្នុង​តំបន់​ជុំវិញ​រដ្ឋធានី​វ៉ាស៊ីនតោន​ គ្រោង​នឹង​រៀបចំ​ពិធី​ជួប​ជុំ​ពិភាក្សា​គ្នា​មួយ​នៅ​ឯ​បណ្ណាល័យ​សាធារណៈ​ Cleveland Park Library ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​អាទិត្យ ​ទី៩ ខែ​ធ្នូ ​ឆ្នាំ​២០១៨​នេះ ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ទៅ​តាម​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស។

គម្រោង​ជួប​ជុំ​គ្នា​នេះ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ មុន​ពេល​ដែលកម្ពុជា​និង​បណ្ដា​ប្រទេស​នានា​ទូទាំង​ពិភពលោក​ នឹង​ប្រារព្ធ​ខួប​លើក​ទី​៧០​ឆ្នាំ​នៃ​ការ​ប្រកាស​ឯកសារ​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ​ដ៏​សំខាន់​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ​នៅ​ថ្ងៃ​ទី​១០ ធ្នូ។

លោក នាថបណ្ឌិត តាកែវ ឫទ្ធិពល ប្រធាន​សមាគម​សង្គហ​ប្រយោជន៍​ជាតិ​យើង និង​ជា​ប្រធាន​អង្គការ​មហាសន្និបាត​កំពូល​ខ្មែរ​ឯនាយ​សមុទ្រ បាន​មាន​ប្រសាសន៍​ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​វីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា កម្ពុជា នៅ​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ពេញ​លេញ​ទៅ​តាម​ការ​ចែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​នេះ​ទេ។

«‍ប្រទេស​កម្ពុជា​យើង ជា​ពិសេស​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ មាន​ការ​ខ្វះ​ខាត​ជា​ច្រើន​ចំណុច​ ច្រើន​មាត្រា​ណាស់ ដូចជា​ការ​ធានា​ឱ្យ​មាន​សិទ្ធិ​ក្នុង​ការ​រស់នៅ​ជា​មនុស្ស​ហើយ​និង​សិទ្ធិមនុស្ស​ជា​ពលរដ្ឋ​ក្នុង​ការ​អនុវត្ត​គំនិត​នយោបាយ​និង​ទស្សនៈ​នយោបាយ​ជាដើម»។

សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​ ត្រូវ​បានមហាសន្និបាត​អង្គការ​សហប្រជាជាតិអនុម័តនា​ទីក្រុង​ប៉ារីស ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​១៩៤៨ គឺ​បី​ឆ្នាំ​ក្រោយ​ពី​ការ​បញ្ចប់​ទៅ​នៃ​សង្គ្រាម​លោក​លើក​ទី​២។

សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​នេះ មាន​៣០​មាត្រា ដែល​មាន​គោលបំណង​ការពារ​សិទ្ធិ​របស់​មនុស្ស​គ្រប់​គ្នា​ នៅ​គ្រប់​ទី​កន្លែង និង​បង្ការ​ការ​រំលោភបំពាន​សិទ្ធិ​នានា។

ប្រទេស​កម្ពុជា បាន​ប្រកាស​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួនដោយ​ទទួល​ស្គាល់​ថា​ ខ្លួន​នឹង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុងសេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​នេះ។

ប៉ុន្តែ លោក ទូច វិបុល ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង ក្នុង​សហរដ្ឋ​អាមេរិក​នេះ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួនឱ្យ​បាន​ពេញ​លេញតាម​ការ​ប្រកាស​នេះ​ទេ។

«‍គឺ​មាន​នៅ​លើ​ក្រដាស ប៉ុន្តែ​ការ​អនុវត្ត​ភាព​ជាក់​ស្ដែង យើង​ឃើញ​ទាំង​អស់​គ្នា​ហើយ​គឺ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​បាន​បរាជ័យ​ហើយ បរាជ័យ​ទៀត​ក្នុង​ការ​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​ក្នុង​ការ គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​មុនៗ គឺ​ថា​យើង​ឃើញ​ទាំង​អស់​គ្នា​ហើយ នៅ​មាន​កម្រិត​នៅ​ឡើយ»។

អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លងមក​ហើយ រដ្ឋាភិបាល​កម្ពុជា បាន​រង​ការ​រិះគន់​យ៉ាង​ច្រើន​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ អំពី​ការ​រំលោភបំពាន​សិទ្ធិមនុស្សក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​ការគាបសង្កត់​និង​រឹតត្បិត​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​ការ​បំបិទ​សិទ្ធិ​នយោបាយ​បក្ស​ប្រឆាំង​ជា​ដើម។

ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ចន្ទ​ទី​៣ ខែ​ធ្នូ​នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​បង្ហាញ​គោលជំហរ​របស់​ខ្លួន​ក្នុង​ការ​អនុញ្ញាត​ឱ្យ​បុគ្គល​ដែល​ត្រូវ​បាន​ហាម​ប្រាម​សិទ្ធិ​ធ្វើ​នយោបាយ​កន្លង​មក ឱ្យ​មាន​សិទ្ធិ​អាច​ចាប់​ផ្ដើម​សកម្មភាព​នយោបាយ​របស់​ពួកគេ​ឡើងវិញ​បាន។

លោក ផៃ​ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាសន៍​មួយ​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​បាន​ព្យាយាម​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ទៅ​តាម​រដ្ឋធម្មនុញ្ញ​កន្លង​មក រួម​ទាំង​ការ​ធ្វើ​វិសោធនកម្ម​ចុងក្រោយ​ទៅលើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដើម្បី​ផ្ដល់​សិទ្ធិ​និង​អំណាច​ដល់​នាយករដ្ឋមន្ត្រី ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

«‍រឿង​ដែល​សម្រេច​កាល​ពី​ពេល​ថ្មីៗ​នេះ តាម​រយៈ​ការ​បញ្ជាក់​ប្រាប់​ពី​គោលជំហរ​ក្នុង​កិច្ចការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន ​គឺ​មាន​ទិសដៅ​ ដើម្បី​ផ្ដល់​បុព្វសិទ្ធិ​និង​អំណាច​ដល់​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​អនុវត្ត​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​ថា នាយក​រដ្ឋមន្ត្រី​មាន​បុព្វសិទ្ធិ​ក្នុង​ការ​ស្នើ​សុំ​ដល់​ព្រះមហាក្សត្រ​ក្នុង​ការ​បន្ធូរបន្ថយ​ឬ​លើកលែង​ទោស​ដល់​ទណ្ឌិត​ណាមួយ»។

អ្នកស្រី មីសែល បាសែឡែត ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស បាន​មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អ្នកស្រី ពី​ទីក្រុង​ហ្សឺណែវ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា «អ្វី​ដែល​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​ ចង់​បាន​គឺ​ពិភពលោក​មួយ ដែល​ទុក្ខ​វេទនា​ត្រូវ​បាន​កាត់​បន្ថយ ហើយ​គ្មាន​នរណា​ម្នាក់​ជា​អ្នក​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ​ឬ​មាន​អំណាច​ពេក រហូត​ដល់​ថ្នាក់​អាច​គេច​វះ​ពី​យុត្តិធម៌​បាន​ឡើយ‍»៕

XS
SM
MD
LG