រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកស ខេង នៅថ្ងៃពុធ បានណែនាំឲ្យសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន ដែលបានចុះបញ្ជីត្រឹមត្រូវ សូមរាយការណ៍ទៅអភិបាលរាជធានីខេត្ត ឬក្រសួងមហាផ្ទៃ ដើម្បីសម្របសម្រួលនិងដោះស្រាយ ក្នុងករណីដែលមានការរារាំង ឬរឹតត្បិតពីអាជ្ញាធរមូលដ្ឋាន។
បើតាមសេចក្តីជូនដំណឹងចេញដោយលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ បញ្ជាក់ថា សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន ដែលបានចុះបញ្ជីត្រឹមត្រូវ មានសិទ្ធិសេរីភាពពេញលេញក្នុងការអនុវត្តន៍សកម្មភាពនៅកម្ពុជា ស្របតាមច្បាប់ និងលក្ខន្តិកៈរបស់ខ្លួន ដោយមិនមានការរារាំង និងការរំលោភបំពាន។
លោក ស ខេង បន្ថែមក្នុងសេចក្តីណែនាំនោះថា ដើម្បីធានាឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ធ្វើសកម្មភាពក្នុងការចូលរួមអភិវឌ្ឍប្រទេសលើគ្រប់វិស័យនោះ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវសហការសម្របសម្រួលរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាដែលធ្វើសកម្មភាពស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានទៀងទាត់។
លោក ស ខេង ក៏បានណែនាំឲ្យអង្គការ និងសមាគមទាំងអស់ ត្រូវជូនដំណឹងទៅអាជ្ញាធរ ដើម្បីសម្របសម្រួល នៅពេលមានការរារាំងណាមួយ។
លោក ស ខេង បញ្ជាក់ក្នុងសេចក្តីណែនាំនោះថា៖ «សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីត្រឹមត្រូវ ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងសហគមន៍នានានៅមូលដ្ឋាន នៅពេលធ្វើសកម្មភាពនៅតាមមូលដ្ឋាន ហើយមានការរារាំង ឬរឹតត្បិតពីអាជ្ញាធរមូលដ្ឋាន សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាននោះ ត្រូវរាយការណ៍អំពីករណីនេះជូនអភិបាលនៃអភិបាលរាជធានីខេត្ត ឬក្រសួងមហាផ្ទៃ ដើម្បីជួយសម្របសម្រួល និងដោះស្រាយ»។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា អង្គការសង្គមស៊ីវិលទាំងអស់ គួរតែជូនដំណឹងមកអាជ្ញាធរពាក់ព័ន្ធ និងក្រសួងមានសមត្ថកិច្ចរបស់រដ្ឋាភិបាល ដើម្បីស្វែងរកដំណោះស្រាយ ជាជាងស្រែកតាមប្រព័ន្ធផ្សព្វផ្សាយ។
លោកមានប្រសាសន៍ថា៖ «សមាគមអីផ្សេងៗដែលចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ ជួបពិភាក្សាជជែកគ្នាក្នុងវេទិកាសាធារណៈ ដើម្បីរកបញ្ហាដោះស្រាយទៅមុខទៀត ទាស់អី បញ្ហាអី ថ្នាំងថ្នាក់រឿងអី ជជែកគ្នាជាមួយគ្នា»។
ការចេញសេចក្តីណែនាំរបស់លោកស ខេង ដែលជាអនុប្រធានគណបក្សគ្រប់គ្រងប្រទេសផងនោះ ធ្វើឡើងស្របពេលដែលស្ថាប័នអន្តរជាតិធំៗមួយចំនួនដូចជាសហរដ្ឋអាមេរិក សភាសហភាពអឺរ៉ុប អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស អង្គការការពារសិទ្ធិមនុស្ស (Human Rights Watch) ជាដើម បានរិះគន់ជាបន្តបន្ទាប់ថា រដ្ឋាភិបាលកម្ពុជាកំពុងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានភាពខ្ទេចខ្ទី តាមរយៈការរំលាយគណបក្សសង្គ្រោះជាតិ ការចាប់ខ្លួនប្រធានគណបក្សនេះដាក់ពន្ធនាគារ ការបង្ក្រាបលើសង្គមស៊ីវិល និងការរឹតត្បិតលើសារព័ត៌មានឯករាជ្យជាដើម។
សហភាពអឺរ៉ុបនៅដើមខែតុលានេះ បានជូនដំណឹងទៅរដ្ឋាភិបាលកម្ពុជាថា ប្រទេសកម្ពុជានឹងបាត់បង់ឋានៈអនុគ្រោះពន្ធសម្រាប់នាំទំនិញចូលទីផ្សាររបស់សហគមន៍អឺរ៉ុប ដោយសារតែការរំលោភសិទ្ធិមនុស្ស។ សហភាពអឺរ៉ុបក៏បានទុកពេលឲ្យកម្ពុជារយៈពេល១២ខែ ដើម្បីស្តារស្ថានភាពប្រជាធិបតេយ្យឡើងវិញ មុននឹងសម្រេចដកពន្ធអនុគ្រោះ ដែលផ្តល់ផលចំណេញឲ្យកម្ពុជាប្រមាណជា៧០០លានដុល្លារក្នុងមួយឆ្នាំៗ។
លោក សឿង សារឿន នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ដែលជាអង្គការសមាជិកភាពធំជាងគេនៅកម្ពុជា និងមានអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិជាង១៧០ជាសមាជិក ប្រាប់ VOA ថា ការចេញសេចក្តីណែនាំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញពីសញ្ញាវិជ្ជមានសម្រាប់ការអនុវត្តការងាររបស់សង្គមស៊ីវិល។ លោកបន្ថែមថា ការសម្រេចនេះអាចបណ្តាលមកពីលទ្ធផលនៃការជជែកគ្នាក្នុងវេទិការវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ព្រមជាមួយនឹងការអំពាវនាវរបស់អន្តរជាតិឲ្យមានការបើកលំហរសេរីភាពសម្រាប់សង្គមស៊ីវិលឲ្យកាន់តែទូលាយ។
លោក សឿង សារឿន បន្ថែមដោយរំពឹងថា អាជ្ញាធរថ្នាក់ក្រោមនឹងអនុវត្តបានត្រឹមត្រូវ និងរំពឹងថា សញ្ញាវិជ្ជមាននៃការសហការរវាងរដ្ឋាភិបាល និងសង្គមស៊ីវិលនេះ នឹងប្រព្រឹត្តទៅដោយរលូន មិនមានការប្រែប្រួល។
លោកមានប្រសាសន៍ថា៖ «ខ្ញុំនៅតែសង្ឃឹមថា យើងជាខ្មែរដូចគ្នាទេ។ ហើយការធ្វើការរបស់អង្គការសង្គមស៊ីវិលរយៈពេលជាង៣០ឆ្នាំមកនេះហ្នឹងគឺ ចេតនាសំខាន់គឺដើម្បីចូលរួមការអភិវឌ្ឍប្រទេសហ្នឹងប្រកបដោយប្រជាធិបតេយ្យ និងនិរន្តរភាព។ អ្វីដែលសំខាន់ជាងនេះទៅទៀតហ្នឹងគឺ មន្រ្តី ឬក៏អាជ្ញាធរមូលដ្ឋានហ្នឹង លោកត្រូវតែបំពេញកាតព្វកិច្ច និងតួនាទីរបស់ខ្លួន ឲ្យដែលជាអ្នកបម្រើរាស្រ្តហ្នឹង ត្រូវតែជាអ្នកបម្រើពិតប្រាកដ»។
បើតាមបាយការណ៍របស់ក្រសួងមហាផ្ទៃ អង្គការ សមាគម ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃរហូតមកដល់ពេលនេះមានចំនួន ៥.៣៦៣ អង្គការ ក្នុងនោះ សមាគមមានចំនួន ២.១៧៩ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣.១៤៩។
ថ្លែងក្នុងវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល កាលពីខែមិថុនាកន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស ខេង លើកឡើងថា អង្គការសង្គមស៊ីវិល គឺជាដៃគូដ៏ល្អដែលមិនអាចខ្វះបានក្នុងការរួមចំណែកអភិឌ្ឍប្រទេស និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកក៏បានបន្ថែមថា បើតាមការសិក្សារួម មួយក្នុងចំណោមសង្គមស៊ីវិលប្រមាណជា២.០០០ កាលពីឆ្នាំ២០១២ កន្លងទៅ ពួកគេបានចំណាយទឹកប្រាក់សរុបប្រមាណពី ៦០០ ទៅ៧០០លានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ក្នុងនោះអ្នកទទួលផលដោយផ្ទាល់ និងប្រយោល មានជិត១២លាននាក់។
នៅមុន និងក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨ នាពេលកន្លងទៅថ្មីៗនេះ ក្រុមសមាគម អង្គការសង្គមស៊ីវិលសកម្មៗមួយចំនួន បានបន្ថយសកម្មភាពការងាររបស់ខ្លួន ដោយពួកគេបានអះអាងថា បានទទួលរងសម្ពាធ និងការរឹតត្បិតពីរដ្ឋាភិបាល៕