អង្គការទិន្នន័យអំពីការអភិវឌ្ឍ[កម្ពុជា] ដែលជាភាសាអង់គ្លេសថា Open Development Cambodia បានបង្កើតការបោះជំរុំបច្ចេកវិទ្យា ICT លើកដំបូងបង្អស់ក្នុងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងផ្តោតទៅលើសុវត្ថិភាពលើប្រព័ន្ធអ៊ិនធើណេត ទិន្នន័យបើកទូលាយដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព គំនិតច្នៃប្រតិដ្ឋទាក់ទងនឹងរឿងសង្គម និងកម្មវិធីបើកចំហ។
ការបោះជំរុំបច្ចេកវិទ្យា ICT លើកដំបូងនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែធ្នូនៅខេត្តសៀមរាប។
លោកធី ទ្រី នាយកប្រតិបត្តិនៃអង្គការ Open Development Cambodia និងអ្នកតំណាងការបោះជំរុំ បានប្រាប់ VOA ខ្មែរថា ក្រុមការងារបានខិតខំប្រឹងប្រែង យ៉ាងខ្លាំងដើម្បីស្វែងរកប្រធានបទដ៏ល្អបំផុតសម្រាប់អ្នកចូលរួមនៅក្នុងប្រទេសកម្ពុជា។ ហើយប្រធានបទនៃការបោះជំរុំនេះត្រូវឆ្លងកាត់ច្រើនដំណាក់ការដើម្បីទទួលបានការទទួលការយល់ព្រមពីអ្នកពាក់ព័ន្ធនឹងជំរុំនេះ។
អ្នកចូលរួមនៃជំរុំបច្ចេកវិទ្យា ICT Camp មកពីវិស័យផ្សេងៗគ្នាទំាងអស់ ត្រូវបានបណ្តុះបណ្តាលអំពីរបៀបប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមឲ្យបានត្រឹមត្រូវនិងមានសុវត្ថិភាពបំផុត។ ក្រៅពីនេះពួកគេទាំងអស់នឹងទទួលបានការបង្រៀនទាក់ទងនឹងបច្ចេកវិទ្យាទំនើប ដែលពួកគេអាចយកទៅអនុវត្តនៅក្នុងក្រុមហ៊ុន ឬជីវិតប្រចាំថ្ងៃរបស់ពួកគេដើម្បីទទួលបានលទ្ធផលល្អប្រសើរជាងមុន។
«ហើយសម្រាប់ Camp (ការបោះជំរុំ) ដែលយើងគ្រោងធ្វើខែ១២ យើងមានជាយើងហៅថា លុយកញ្ចប់ថរិកាតូចមួយសម្រាប់អ្នកចូលរួមទាំងអស់ដែលគាត់មានគំនិតច្នៃប្រតិដ្ឋល្អហើយគាត់ចង់ ឬគាត់មានបញ្ហា ប៉ុន្តែគាត់អត់ដឹងថា បច្ចេកវិទ្យាដោះស្រាយយ៉ាងមេច។ អ៊ីចឹងគាត់អាចទៅជាមួយអ្នករៀបចំកម្មវិធី ឬអ្នកជំនាញ។ អ៊ីចឹងគាត់អាចបង្កើតជា project (គម្រោង)។ អ៊ីចឹងយើងឲ្យរង្វាន់សម្រាប់ពួកគាត់អនុវត្តទៅលើគម្រោងរបស់គាត់សាកល្បង៣ខែ បន្ទាប់ពីកម្មវិធីជំរុំបច្ចេកវិទ្យា ICT Camp នឹងចប់។ មិនមានន័យថា រៀនដើម្បីជជែក ប៉ុន្តែបើអាចរៀនទៅលើអី ហើយគាត់អាចយកអាហ្នឹងទេ?»
លោកធី ទ្រី តំណាងសមាជិករៀបចំនៃជំរុំ ICT នេះ ជឿជាក់យ៉ាងមុតមាំថា ជំរុំបច្ចេកវិទ្យា ICT ដំបូងរបស់កម្ពុជាផ្តល់នូវការយល់ដឹងពិសេសដល់ប្រជាជនកម្ពុជា។ ក្រៅពីទទួលបានចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាថ្មី ដូចដែលបានរៀបរាប់ ពួកគេនឹងត្រូវបានផ្តល់កញ្ចប់ថរិកាបន្តិចបន្តួចក្នុងការផ្តួចផ្តើមគម្រោងបច្ចេកវិទ្យាដើម្បីផ្សព្វផ្សាយចំណេះដឹងបន្ថែម។
ក្នុងនាមជាវាគ្មិនដែលបកស្រាយប្រធានបទអំពី«គម្រោងជំរុំបច្ចេកវិទ្យា ICTD (Information Communication Technology for Development) លោកម៉ក់ ពុទ្ធា បានលើកឡើងថា សុន្ទរកថានេះនឹងបង្ហាញអំពីសារៈសំខាន់នៃបច្ចេកវិទ្យានៅក្នុងអង្គការផ្សេងៗគ្នា។
«ជារួម Session (វគ្គ)ខ្ញុំនឹង វាគ្រាន់តែបង្ហាញអំពីតើមាន Project (គម្រោង) ដែលគេអាចប្រើប្រាស់ Technology (បច្ចេកវិទ្យា) នៅក្នុង Section (វិស័យ) គេ។ នៅក្នុង Sector Education (វិស័យអប់រំ) វាមាន Project (គម្រោង) ដែល link (ពាក់ព័ន្ធ)ជាមួយជំរុំបច្ចេកវិទ្យា ICTD នៅកន្លែងណាគេអនុវត្ត ហើយ Technology (បច្ចេកវិទ្យា) គេប្រើធ្វើទៅលើរឿងអី។ អ៊ីចឹងបើគាត់ចង់ប្រើប្រាស់ Technology (បច្ចេកវិទ្យា)ហ្នឹងដែរ ហើយគាត់អាចមានអ្នកបច្ចេកទេស យ៉ាងហោចណាស់ដឹងពី Networking។ គាត់អាច go channel អ៊ីចឹងទៅ talk (និយាយ) ជាមួយអង្គការហ្នឹង។ តើខ្ញុំអាច expand (ពង្រីក)នឹងប្រើបាន?»
ចំណែកនាងឡាយ គឹមជូ អ្នកស្ម័គ្រចិត្តវ័យជាង២០ឆ្នាំ ជឿជាក់ថា ការស្ម័គ្រចិត្តសម្រាប់ជំរុំបច្ចេកវិទ្យា ICT បានឱ្យនាងស្គាល់ និងទំនាក់ទំនងជាមួយមនុស្សកាន់តែច្រើន និងស្វែងយល់ពីនិន្នាការបច្ចេកវិទ្យាថ្មី ដែលនាងអាចអនុវត្តនៅក្នុងការងារប្រចាំថ្ងៃរបស់នាង។ នាងគឹមជូនឹងស័្មគ្រជាអ្នកសម្រាបសម្រួលក្នុងការបោះជំរុំ ICT ក្នុងប្រទេសកម្ពុជាផងដែរ។
«អ្វីដែលខ្ញុំ expect (រំពឹងទុក) គឺខ្ញុំចង់រៀនពី Security (សុវត្ថិភាព)ហ្នឹងព្រោះអីពេលខ្ញុំកាន់ Page (ទំព័រ) ខ្ញុំត្រូវ boost page អ៊ីចឹងត្រូវ pay (ចំណាយ) លុយតាម master card ឬvisa អ៊ីចឹងណា។ អ៊ីចឹងខ្ញុំដឹងថា ធ្វើម៉េច ការ pay(ចំណាយ) លុយនឹងកុំឲ្យមានគេ គេលួចលុយដែលយើងប្រើនេះបាន។ អ៊ីចឹងខ្ញុំចង់ដឹងពី Speaker (វាគ្មិន) ថា គាត់មានវិធីសាស្ត្រអីដែលការពារបាន។ ការរំពឹងទុករបស់ខ្ញុំគឺខ្ញុំចង់រៀនអំពីសុវត្ថិភាព។ នៅពេលខ្ញុំគ្រប់គ្រងទំព័រលើហ្វេសប៊ុក ខ្ញុំចាំបាច់ត្រូវចំណាយលុយតាមរយៈប័ណ្ណមេ ឬប័ណ្ណសម្គាល់ខ្លួន។ ហេតុដូច្នេះហើយខ្ញុំចង់ដឹងពីរបៀបការពារប្រាក់ពីការលួច ដូច្នេះខ្ញុំចង់ដឹងពីវាគ្មិនអំពីរបៀបដែលពួកគេដោះស្រាយរឿងនេះ»។
លោកផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្តល់ការពេញចិត្តនិងគាំទ្រដល់ការបោះជំរុំ ហើយជឿជាក់ថា ជំរុំនេះនឹងក្លាយជាធនធានដ៏ល្អសម្រាប់ប្រជាពលរដ្ឋរបស់យើងដើម្បីស្វែងយល់បន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងសង្គមទំនើបនេះ។
លោកនិយាយថា៖
«ពេលនេះអ្នកណាក៏ធ្វើការងារមួយចំនួនទាក់ទងនឹង Technology ហ្នឹងដែរ។ ប្រសិនបើមានការអប់រំ ការដឹងឮ មានទ្រឹស្តីអ៊ីចឹង វាអាចអ្នកទាំងអស់នោះបានចូលរួម បានដឹងច្រើន»។
ការបោះជំរុំ ICT កម្ពុជាមានដើមកំណើតមកពី Camp ICT ដែលតែងប្រារព្ធធ្វើនៅក្នុងទីក្រុងបាងកកសម្រាប់អ្នកចូលរួមមកពីតំបន់មេគង្គតាំងពីឆ្នាំ២០០៨។ ហើយការបោះជំរុំកើតឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងអប់រំមនុស្សឱ្យបានដឹងអំពីសារៈសំខាន់និងការប្រើប្រាស់បច្ចេកវិទ្យា។
នេះគឺជាឆ្នាំទីមួយហើយដែលកម្មវិធីជំរុំបច្ចេកវិទ្យា ICT កម្ពុជាប្រព្រឹត្តក្នុងខេត្តសៀមរាម ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃទី២១ខែធ្នូ។ ហើយការបោះជំរុំមានមនុស្សជាង១០០នាក់ចូលរួមនិងទទួលបានការបណ្ដុះបណ្ដាលពីវាគ្មិនមានបទពិសោធន៍និងសក្ដានុភាពលើប្រធានបទផ្សេងៗគ្នា៕