ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​និង​អ្នក​បញ្ជា​ទិញ​អន្តរ​ជាតិ​ខ្លះ​ទទូច​ឲ្យ​កម្ពុជា​កែប្រែ​ស្ថានការណ៍​ដើម្បី​រក្សាទីផ្សារ​អឺរ៉ុប​និង​អាមេរិក


រូបឯកសារ៖ កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។
រូបឯកសារ៖ កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។

ខណៈរដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​ពី​សហភាព​អឺរ៉ុប​និង​សភា​សហរដ្ឋ​អាមេរិក​ ដោយ​សារ​តែ​បញ្ហា​​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស ​ក្រុម​សហជីពនិង​អ្នក​បញ្ជា​ទិញ​អន្តរ​ជាតិ​ខ្លះ​ចង់ឃើញ​ស្ថានភាព​សហជីព​និង​កម្មករ ​និង​បញ្ហា​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​​ប្រសើរ​ឡើង។

នៅពេល​សហភាព​អឺរ៉ុប ​និង​សហរដ្ឋ​អាមេរិក​ដែល​ជា​ទីផ្សារ​ដ៏ធំ​សម្រាប់​ទំនិញ​កម្ពុជា កំពុង​ពិចារណា​មិន​បន្ត​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​កម្ពុជា​ ដោយសារ​ការ​ស្តារឡើងវិញ​រឿង​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ នៅតែ​ប្រទាញ​ប្រទង់​គ្នា​នៅឡើយ​នោះ សហជីព​និង​អ្នក​បញ្ជា​ទិញ​អន្តរជាតិ​ខ្លះ​ ចង់​ឃើញ​ស្ថានភាព​សហជីព​និង​កម្មករ​ និង​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវបាន​កែ​ទម្រង់​ឡើងវិញ ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​ទៅមុខ​ដោយ​គ្មាន​ក្តី​កង្វល់។

លោកស្រី​ ខេស៊ី ហ្វេនហ្គោល​ (Cathy Feingold)​ នាយក​ផ្នែក​កិច្ចការ​អន្តរជាតិ​នៃសហជីព​សហរដ្ឋ​អាមេរិកដ៏ធំ​មួយ​ឈ្មោះ ​AFL-CIO ​បាន​ថ្លែង​ថា ​ស្ថានភាព​សហជីព​ការងារ​និង​សិទ្ធិ​សេរីភាព​គួរ​ត្រូវ​មានការ​កែប្រែ​ឲ្យ​ប្រសើរ​ឡើង។

«ប្រសិន​បើ​រដ្ឋាភិបាល​ចង់​បញ្ជូន​សារ​ជា​សំខាន់​ ដែល​ថា​ខ្លួន​មាន​ការ​តាំងចិត្ត​កែ​ទម្រង់សិទ្ធិ​ការងារ​សំខាន់ៗ ​ដូចជា​សេរីភាព​ប្រមូល​ផ្តុំ ​សិទ្ធិ​មាន​សហជីព​ពាណិជ្ជកម្ម​ឯករាជ្យក្នុង​ប្រទេស​កម្ពុជា​ជាដើម​នោះ​ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ទម្លាក់​បទ​ចោទ​ទាំង​ឡាយ ហើយ​ធានា​ចំពោះ​លំហ​សេរីភាព​សម្រាប់​សង្គម​ស៊ីវិល​សម្រាប់​សកម្មជន​សហជីព ពាណិជ្ជកម្ម ​សកម្មជន​សិទ្ធិមនុស្ស​ ដើម្បី​ប្រតិបត្តិការ​ដោយ​គ្មាន​អំពើ​ហិង្សា‍»។

លោកស្រី​ថ្លែង​យ៉ាង​ដូច្នេះ ​ដោយ​យោង​ទៅលើ​អំពើ​ហិង្សា​បង្រ្កាប​ការ​តវ៉ា​កម្មករ​និង សហជីព​កាលពី​ចុង​ឆ្នាំ​២០១៣​ និង​ដើម​ឆ្នាំ​២០១៤ ​ដែល​មាន​ការ​ចាប់ខ្លួន​មេដឹកនាំសហជីព ​និង​ការស្លាប់​ និង​របួស​កម្មករ​មួយ​ចំនួន​ ដោយសារ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​លើ​ការ​តវ៉ា​ដើម្បី​ទាមទារ​តម្លើង​ប្រាក់​ឈ្នួល​និង​សេរីភាព​នានា ​ដែល​បាន​កើត​ឡើង​នៅ​តំបន់​សួន​ឧស្សាហកម្ម​កាត់ដេរ​ កាណាឌីយ៉ា​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​លើកំណាត់​ផ្លូវ​វេង​ស្រេង។​ រឿងនេះ​ត្រូវគេ​ចាត់​ទុកថា​នៅមិន​ទាន់​ត្រូវគេ​ផ្តល់​យុត្តិធម៌នៅឡើយ​ទេ ​រហូត​មកដល់​ពេល​នេះ។​

បន្ថែម​ពី​លើនេះ​ ក្រុម​មេដឹកនាំ​សហជីព​ទាំង​៦នាក់​ រួមមាន​លោក​ អាត់ ធន់​ លោក ​ជា មុនី​ អ្នកស្រី​ យ៉ាង សោភ័ណ្ឌ ​លោក ​ប៉ាវ ស៊ីណា ​លោក​ រ៉ុង ឈុន ​និង​អ្នកស្រី​ ម៉ម ញឹម ​ត្រូវគេ​ដឹង​ថា​នឹង​ត្រូវគេ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជាថ្មី ​ប្រសិន​បើ​ពួកគេ​ហ៊ាន​ធ្វើ​សកម្មភាព​តវ៉ា​ក្នុង​រយៈពេល​៥ឆ្នាំ​ខាងមុខ​ នៅពេល​រឿង​ក្តីក្តាំ​នៅ​តុលាការ​មិនទាន់​ត្រូវបាន​ចប់​នៅឡើយ ​ដោយសារ​សំណុំ​រឿង​នេះ​កំពុង​រង់ចាំ​ការ​សម្រេច​ពី​តុលាការ​ជាន់ខ្ពស់។

រូបឯកសារ៖ កម្មករកំពុងតទល់ជាមួយនឹងប៉ូលិសប្រដាប់អាវុធ នៅក្នុងបាតុកម្មហិង្សាមួយដែលបានកើតឡើងនៅសង្កាត់ស្ទឹងមានជ័យ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។
រូបឯកសារ៖ កម្មករកំពុងតទល់ជាមួយនឹងប៉ូលិសប្រដាប់អាវុធ នៅក្នុងបាតុកម្មហិង្សាមួយដែលបានកើតឡើងនៅសង្កាត់ស្ទឹងមានជ័យ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។

លោកស្រី ​ខេស៊ី ហ្វេនហ្គោល ​បានថ្លែង​អំពី​ក្តី​បារម្ភ​អំពី​នីតិរដ្ឋ ​និង​ការ​មិន​ទទួល​បានយុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ ​មិត្តភក្តិ​ជា​មេដឹកនាំ​សហជីព​ជាច្រើន ​សកម្មជន​សង្គម ស៊ីវិល​ជាច្រើន​ កម្មករ​ជាច្រើន​ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ពី​អាជ្ញាធរ ​នៅពេល ពួកគេ​គ្រាន់តែ​សម្តែង​មតិ​តវ៉ា​ឲ្យ​មាន​ការ​តម្លើង​ប្រាក់​ឈ្នួល​ សេរីភាព​ក្នុង​ការ​បង្កើត សហជីព​ឯករាជ្យ​ ហើយនឹង​សិទ្ធិកម្មករ​និង​សិទ្ធិ​ជា​មូលដ្ឋាន​នានា​នោះ។

«ដូច្នេះ​វាជា​ក្តីបារម្ភ ​ដែល​លោក​ដឹង​ស្រាប់​ហើយ​គឺថា​ ប្រសិន​បើកម្ពុជា​ចង់​បន្ត​ក្លាយ​ជា​ប្រទេស​ដែល​ក្រុមហ៊ុន​អន្តរជាតិ​ល្បីៗ​ យល់​ថា​គេ​នឹង​អាច​មក​ធ្វើ​ពាណិជ្ជកម្ម ​គឺពាណិជ្ជកម្ម​តាម​វិធី​ដែល​មាន​ការ​គោរព​បទដ្ឋាន​សិទ្ធិ​កម្មករ​ខ្ពស់​ ហើយ​ខ្ញុំ​គិតថា​យើង​នឹង​ត្រូវការ​ឃើញ​មាន​ការ​ផ្លាស់ប្តូរ​ធំៗ​មួយ​ចំនួន‍»។

ក្រុមហ៊ុន​ដែល​ជា​អ្នក​បញ្ជា​ទិញ​ជាច្រើន​ធ្លាប់​បាន​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា​ជាបន្ត បន្ទាប់​ឲ្យ​ធ្វើការ​កែប្រែ​ស្ថានការណ៍ ​និង​កែទម្រង់​ជា​សំខាន់​ដើម្បី​បន្ត​ទំនាក់​ទំនងពាណិជ្ជកម្ម។

ក្រុមហ៊ុន​ H&M group ​ដែល​ទិញ​ផលិតផល​ជាច្រើន​ពី​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជាប្រមាណ​៦០​ ដែល​ភាគច្រើន​គឺជា​សម្លៀក​បំពាក់​ និង​ខោអាវ​ទំនើបៗ ​ក៏ចង់​ឃើញស្ថានភាព​ប្រសើរ​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

មន្ត្រី​ទំនាក់​ទំនង​ក្រុមហ៊ុន​ H&M group​ លោកស្រី ​អ៊ុលរីកា អាយសាក់សិន ​(Ulrika Isaksson) ​បាន​ថ្លែង​ប្រាប់​ VOA​ តាម​សារ​អេឡិចត្រូនិក​អ៊ីម៉េល​ថា​ លោកស្រី​នៅរំពឹងពី​ការ​គិតគូរ​ឡើងវិញ​ចំពោះ​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប។

«យើង​តាម​ឃ្លាំមើល​យ៉ាង​ដិតដល់​ចំពោះ​ស្ថានការណ៍​កម្ពុជា។​ យើង​យល់​ច្បាស់ណាស់​ពី​តម្រូវ​ការ​ទាំងមូល​របស់​សហភាព​អឺរ៉ុប​ក្នុងការ​ពិនិត្យ​មើល​ពី​វិធី​ដែល​ត្រូវដោះស្រាយ​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា។ ​វា​ជា​រឿង​សំខាន់​ តែ​ស្មុគស្មាញផងដែរ ​ហើយ​ដោយសារ​ថា​ នេះ​គឺជា​រឿង​ដែល​មាន​ការ​ប៉ះពាល់​ជា​អវិជ្ជមានដ៏​ធ្ងន់ធ្ងរលើ​បញ្ហា​ការងារ ​ចំពោះ​កម្មករ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ បញ្ហា​នេះចាំបាច់​ត្រូវមាន​ការ​ពិចារណារ​ឡើងវិញ‍»។

លោកស្រី​ អ៊ុលរីកា អាយសាក់សិន​ បាន​បន្ត​ថា​ កិច្ចពិភាក្សា​នានា​នៅ​កម្ពុជា​កំពុង​បន្តដំណើរ។

«ក្នុង​អំឡុង​ពេល​៤ឆ្នាំ​កន្លងទៅ​ យើង​ទាំងអស់​គ្នា​ រួមមាន​ដៃគូ​ក្នុង​ប្រទេស​និងអន្តរជាតិ បាន​បន្ត​ធ្វើការ​ពិភាក្សា​យោបល់​ជាមួយ​នឹង​រដ្ឋាភិបាល​ ជាពិសេស​នោះ​គឺលើ​បញ្ហាសិទ្ធិកម្មករ​និង​ការងារ។ ​យើង​នៅតែ​ធ្វើការ​ទាក់ទង​ដើម្បី​បន្ត​កិច្ចពិភាក្សាបែប​នោះ នៅក្នុង​ប្រទេស​ដោយ​ផ្ទាល់‍​នៅ​ឡើយ»។

ដោយសារ​ស្ថានការណ៍​នយោបាយ​នៅ​អាប់អួរ​ គួប​ផ្សំ​នឹង​ការ​ព្រមាន​របស់​សហភាពអឺរ៉ុប​និង​សភា​សហរដ្ឋ​អាមេរិក ​រឿង​ដក​ប្រពន្ធ​អនុគ្រោះពន្ធ​ដល់​ទំនិញកម្ពុជា​នេះ​ ការ​ប្រជែង​ប្រជាប្រិយភាព​រវាង​គណបក្ស​កាន់អំណាច​ និង​ក្រុម​ជំទាស់​ក៏កើត​មាន​ឡើងដែរ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​មិន​ពេញ​ចិត្ត​នឹង​ក្រុម​ជំទាស់​ ដែល​លោក​ថា បាន​កៀងគរ​អន្តរជាតិ​ឲ្យ​ផ្តាច់​ជំនួយ​ ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​នោះ​ កំពុង​បន្ត​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​សុខទុក្ខ​កម្មករ ​កែទម្រង់​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ និង​តម្លើងប្រាក់ខែ​ដល់​កម្មករ​រោងចក្រ នៅក្នុង​ពេល​ដំណាលគ្នា​ដែល​អឺរ៉ុប និង​ស.រ.អា​ដែលទទូច​ឲ្យ​មាន​ការ​កែទម្រង់​ និង​ស្តារ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

តែ​ក្រុម​ជំទាស់​បាន​អះអាង​ថា​ ការ​ផ្អាក​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​កម្ពុជា​ មិនមែន​ជា​កំហុស​របស់​គណបក្ស​ជំទាស់​ទេ​ គឺ​ដោយសារ​រដ្ឋាភិបាល​មិនព្រម​កែទម្រង់​និង​ធ្វើតាម​ការ​ទាមទារ​របស់​សហគមន៍​អន្តរជាតិ។

រូបឯកសារ៖ អ្នកគាំទ្រម្នាក់បានកាន់រូបលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលនៅជាប់ឃុំ នៅមុខសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។
រូបឯកសារ៖ អ្នកគាំទ្រម្នាក់បានកាន់រូបលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលនៅជាប់ឃុំ នៅមុខសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។

លោក​អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​រំលាយ​បាន​ទម្លាក់ការ​ទទួល​ខុសត្រូវ​លើ​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​ធ្វើ​ឲ្យអន្តរជាតិ​មិន​ពេញ​ចិត្ត៖

«បើ​គាត់​មិនចង់​ឲ្យ​គេ​ដាក់​ទណ្ឌកម្ម​ទេ ​គឺ​គាត់​ត្រូវនាំ​ប្រទេស​កម្ពុជា​មក​គន្លង​ប្រជាធិបតេយ្យ​វិញ​ ដែល​សហគមន៍​អន្តរជាតិ​ គេ​បាន​ជួយ​ជ្រោមជ្រែង​ គេ​បាន​ផ្គត់ផ្គង់ ​គេ​បាន​ឧបត្ថម្ភ ​គេបាន​បង្កើត​ឲ្យ​មាន​តាមរយៈ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃទី ២៣ ​ខែតុលា ​ឆ្នាំ​១៩៩១។ ​កាលណា​គាត់​ដើរ​មកតាម​គន្លង​ហ្នឹង​វិញទៅ ​គឺកម្ពុជា​នឹង​បានអ្វីៗ​ទាំងអស់​ ហើយ​គាត់​មិន​ត្រូវ​ចាត់ទុក​គណបក្ស​ប្រឆាំង​ជា​បច្ចាមិត្ត​ទេ​ ព្រោះ​រយៈពេល​កន្លង​មកនេះ​គឺ​លោក​ ហ៊ុន សែន​ហ្នឹង​បាន​ចាត់ទុក​គណបក្ស​ប្រឆាំង​ជាសត្រូវ​ មិនមែន​ជា​ដៃគូ​ទេ។​ អីចឹង​បាន​ជា​ពេល​គាត់ខឹង​នឹង​សហគមន៍​អន្តរជាតិ​ គាត់បែរ​មក​ជា​ប៉ុនប៉ង ​គំរាមកំហែង ​យាយី​មក​លើ​គណបក្ស​ប្រឆាំង‍»។

លោក​បាន​ថ្លែងថា​ សេដ្ឋកិច្ច​កម្ពុជា​គឺពឹង​ផ្អែក​លើការ​នាំចេញ​មួយ​ផ្នែកធំ​ ដែល​អន្តរជាតិ​អនុញ្ញាត​ឲ្យ​មាន​ការ​នាំចូល​ទំនិញ​ខ្មែរ​ទៅ​លក់​ក្នុង​ប្រទេស​គេ ​ដោយ​មិន​យក​ពន្ធ​នោះ គឺ​ដោយ​សារ​កម្ពុជា​ត្រូវ​ធានា​ការ​គោរព​សិទ្ធិមនុស្ស​និង​គោរព​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​លោក​អេង ឆៃអ៊ាង ​បាន​ចាត់​ទុកថា​ការ​បង្រ្កាប​ក្រុម​ជំទាស់ សង្គម​ស៊ីវិល ចុង​ក្រោយ​នេះ​ គឺជា​ការ​សម្លាប់​ប្រជាធិបតេយ្យ​និង​រំលោភ​សិទ្ធិមនុស្ស​ដែល​សហគមន៍​អន្តរជាតិ​ត្រូវ​ពិនិត្យ​លក្ខខណ្ឌ​ទាំងអស់​ឡើងវិញ​ដើម្បី​កែលម្អ។

មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​នានា​ និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ប្រឆាំង​នឹង​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប​និង​ស.រ.អា​ ដោយ​បញ្ចេញសារ​ជា​បន្ត​បន្ទាប់​ថា​ កម្ពុជា​មិន​ឱនក្បាល​ជាមួយ​បរទេស​ យក​អធិបតេយ្យភាព​ធ្វើជា​ថ្នូរ​នឹង​ជំនួយ​ទេ។

តែ​សភា​នៅ​សប្តាហ៍​ថ្មីៗ​នេះ​បាន​ធ្វើ​ច្បាប់​ដើម្បី​បើក​ផ្លូវ​ឲ្យ​អ្នក​នយោបាយ​ជំទាស់ ​១១៨ នាក់​ដើម្បី​ចូល​ធ្វើ​នយោបាយ​វិញ ​ក្រោយពី​តុលាការ​បាន​រារាំង​ក្នុង​រយៈពេល​៥ឆ្នាំ​នៅ​មុនការ​បោះឆ្នោត​កាលពី​ខែកក្កដា ​ឆ្នាំ​២០១៨។

ទោះជា​យ៉ាងណាក្តី​លោក​ រ៉ុង ឈុន​ មេដឹកនាំ​សហជីព​កម្ពុជា​មួយ​រូប​កំពុង​ស្ថិត​នៅ ស.រ.អា​ ដើម្បី​ជួប​ជាមួយ​សហគមន៍​ខ្មែរ​ និង​សហជីព​ អង្គការ​ សមាគន៍​មួយ​ចំនួន​ក្នុងសហរដ្ឋ​អាមេរិក ​និង​ប្រទេស​កាណាដា ​ដើម្បី​សេរីភាព​និង​សិទ្ធិ​ការងារ​ក្នុង​ប្រទេសកម្ពុជា។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ឯកជន​របស់​លោក​ក្នុង​សហរដ្ឋ​អាមេរិក​និង​កាណាដា​ លោក​ រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ​បាន​ថ្លែង​ថា​ លោក​នឹង​លើក​ពី​បញ្ហា​សេរីភាព​សហជីព​ កម្មករ​និង​សេរីភាព​សមាគម​ក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​ជជែក​ជាមួយ​ដៃគូ​នានា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ថា លោក​ចង់​ឃើញ​អន្តរាគមន៍​បន្ថែម​ទៀត​ពី​ក្រុម​សហជីព​ និង​សមាគម អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​នៅ​សហរដ្ឋ​អាមេរិក​និង​កាណាដា​ ដើម្បី​ឲ្យ​សេរីភាព​សហជីព ​និង​អង្គការ​សង្គម​ស៊ីវិល ​សមាគម​នានា​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ប្រទេស​កម្ពុជា។

លោក ​រ៉ុង ឈុន​ ដែល​ជា​ប្រធាន​សមាគម​គ្រូប​ង្រៀន​ឯករាជ្យ​ផង​នោះ​ គ្រោង​នឹង​ជួប​សហគមន៍​ខ្មែរក្នុង​រដ្ឋ​នានា​ក្នុង​សហរដ្ឋអាមេរិក​ និង​កាណាដា​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​រយៈពេល​ជិត ២ខែ​ ចាប់​ផ្តើម​ពី​ស.រ.អា​ កាល​ពី​ថ្ងៃ​ទី៣០ ​ខែ​មករា ​ឆ្នាំ​២០១៩​នេះ។ ​លោក​មាន​គម្រោង​ការ​ជួប​ជាមួយ​តំណាង​សហជីព ​និង​អង្គការ​ធំៗ​ក្នុង​សហរដ្ឋ​អាមេរិក​ផងដែរ។

ថ្លែង​ប្រាប់ ​VOA ​តាម​ប្រព័ន្ធ​ហ្វេសប៊ុក​ លោក​ រ៉ុង ឈុន ​បាន​បន្ថែម​ថា ​ក្រុម​សហជីព​និង​អង្គការ​សមាគមន៍​កម្ពុជា​ត្រូវការ​សេរីភាព​បន្ថែម​ទៀត។

«នៅ​ប្រទេស​កម្ពុជា​យើង​ឃើញ​មាន​ច្បាប់​ ដូច​ជា​ច្បាប់​ស្តីពី​សហជីព ​ច្បាប់​ស្តីពី​អង្គការ​សង្គម​ស៊ីវិល ​នៅ​កម្ពុជា​មាន​ការ​រឹត​បន្តឹង​សហជីព ​ក៏ដូចជា​សមាគម​ក្នុង​ការ​ធ្វើ​សកម្មភាព‍»។

លោក ​រ៉ុង ឈុន ​បាន​សង្កត់​ធ្ងន់​ថា​ ការ​រឹតត្បិត​ទាំង​នោះ​រួម​ទាំង​សិទ្ធិ​ចុះ​បញ្ជី ​សិទ្ធិ​ចងក្រង​ជា​សហជីព សិទ្ធិ​ជួប​ប្រជុំ ​សិទ្ធិ​អន្តរាគមន៍​ដល់​សមាជិក​និង​កម្មករ​ជាដើម​ដែល​មាន​ការ​រឹតបន្តឹង​ដោយ​ច្បាប់។

វិស័យ​កាត់ដេរ ​ដែល​មាន​កម្មករ​ជិត​១លាន​នាក់​ គឺជា​វិស័យ​សំខាន់​មួយ​ទ្រទ្រង់​ដល់ សេដ្ឋកិច្ច​ប្រទេស ​បន្ថែម​លើ​វិស័យ​ទាំង​បី​ទៀត​ គឺ​កសិកម្ម ​សំណង់ ​និង​ទេសចរណ៍។ វិស័យ​ឧស្សាហកម្ម​រោងចក្រ​កាត់ដេរ​នេះ​រក​ចំណូល​រាប់ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

ការ​អនុគ្រោះ​ពន្ធ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ រាល់​មុខ​ទំនិញ​លើកលែង​សព្វាវុធ‍​(EBA)​ បានធ្វើឱ្យ​កម្ពុជា​ចំណេញ​ប្រាក់ពន្ធ​ជិត​៧០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។​ តែ​សហភាព​អឺរ៉ុប ចាប់​ផ្តើម​ដំណើរការ​ពិនិត្យ​មើល​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ ​កាលពី​ខែតុលា ឆ្នាំមុន ​ដោយ​បាន​កំណត់​ពេល​វេលា​រយៈពេល​មួយ​ឆ្នាំ មុន​នឹង​ប្រកាស​លទ្ធផល​ដក​ជាស្ថាពរ ​បើគ្មាន​ការកែ​ទម្រង់​ដែល​អាច​យក​ជាការ​បាន​ទៅលើ​បញ្ហា​ជាច្រើន​ដែល​គេគិត​ថា​ ការ​ធ្វើ​ឲ្យ​រស់ឡើង​វិញ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ ការ​ដោះ​លែង និង​ទម្លាក់​បទ​ចោទ​ប្រឆាំង​នឹង​លោក​កឹម សុខា ​ការ​បោះឆ្នោត​ឡើង​វិញ​ ការ​ផ្តល់​តួនាទីដល់​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​របស់​គណបក្ស​ជំទាស់​ជាដើម​នោះ។​ ដោយ​ឡែក ​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ GSP​ កម្ពុជា​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហរដ្ឋ​អាមេរិក​មាន​ចំនួន​ប្រមាណ​ជា​៤០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ដោយ​មិន​តម្រូវ​ឲ្យ​បង់​ពន្ធគយ។ ​

តែ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពីរ​រូប​គឺលោក ​Ted Cruz ​និង​លោក Chris Coons ​កំពុង​ធ្វើ​សេចក្តី​ស្នើ ​«ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា‍»​ នៅឆ្នាំ​២០១៩ ​ដើម្បី​តម្រូវ​ឱ្យ​រដ្ឋបាល​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ពិនិត្យ​មើល​ឡើង​វិញ​លើ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ​ (GSP) ​ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ឱ្យ​កម្ពុជា​ជាថ្មី​កាលពី​ដើម​ឆ្នាំ​២០១៨៕

XS
SM
MD
LG