ក្រុមមន្ត្រីនៃគណៈប្រតិភូសិទ្ធិមនុស្សរបស់រដ្ឋាភិបាលខ្មែរ ប្រឹងថ្លែងកោតសរសើរមិនដាច់ពីមាត់អំពីជោគជ័យខាងសង្គម និងសេដ្ឋកិច្ច សម្រេចបានដោយការដឹកនាំរបស់លោកហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងជំនួបជាមួយក្រុមតំណាងប្រទេសប្រជាធិបតេយ្យជាច្រើន ដែលនៅបន្តបង្ហាញការព្រួយបារម្ភអំពីការរួមតូចទៅនៃលំហប្រជាធិបតេយ្យ ដោយសារការរំលោភសិទ្ធិមនុស្ស និងសិទ្ធិនយោបាយក្នុងប្រទេសកម្ពុជា។
លោកកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់ក្រុមតំណាងប្រទេសប្រជាធិបតេយ្យ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី៣២របស់អង្គការសហប្រជាជាតិ ធ្វើឡើងនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីថ្ងៃពុធថា ៤០ឆ្នាំក្រោយការរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពតនោះ កម្ពុជាបានប្រែក្លាយពីទីដែលមិនមានសន្តិសុខ និងមានចម្ការមីនដ៏គ្រោះថ្នាក់ មកជាទីដែលមានសន្តិភាពពេញលេញ និងជាទីកន្លែងដ៏ពេញនិយមសម្រាប់ទេសចររាប់លាននាក់។
លោកថា កម្ពុជាបានប្រែក្លាយពីទីធ្លាប់មានការប្រយុទ្ធគ្នាដើម្បីដណ្តើមអំណាច មកជាទីដែលមានការគោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងក្លាយជារដ្ឋមាននីតិរដ្ឋ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីពេញលេញ។ ប្រធានសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនេះក៏បានឲ្យដឹងទៀតថា កម្ពុជាបានងើបចេញពីប្រទេសមានសេដ្ឋកិច្ចទន់ខ្សោយ និងជាប់ផុងក្នុងភាពក្រីក្រ ក៏ដូចជាការខ្វះស្បៀងអាហារមកជាប្រទេសនាំចេញស្បៀង និងបានក្លាយជាប្រទេសមួយដែលមានសេដ្ឋកិច្ចជឿនលឿនឆាប់រហ័ស និងជាប្រទេសកាត់បន្ថយភាពក្រីក្រយ៉ាងអស្ចារ្យផងដែរ។
ក៏ប៉ុន្តែ ក្រុមតំណាងប្រទេសប្រជាធិបតេយ្យជាច្រើនមានដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសក្នុងសហភាពអឺរ៉ុប ព្រមទាំងប្រទេសជប៉ុនមិនបានមើលរំលងការធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ។
លោក Jason Ross Mack តំណាងសហរដ្ឋអាមេរិក បានស្នើភ្លាមៗនៅចំពោះមុខគណៈប្រតិភូសិទ្ធិមនុស្សកម្ពុជា ដោយលើកជាអនុសាសន៍ឲ្យប្រទេសកម្ពុជាដោះលែងរាល់បុគ្គលដែលត្រូវបានគេឃុំខ្លួន រួមទាំងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
«យើងសុំផ្តល់អនុសាសន៍ដល់កម្ពុជាទីមួយ ផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញដល់សមាជិកអ្នកនយោបាយជំទាស់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ និងដោះលែងរាល់អ្នកទាំងឡាយណា ដែលត្រូវបានគេឃុំខ្លួនតាមតែអំពើចិត្ត ក្នុងនោះមានលោកកឹម សុខា»។
តំណាងរបស់សហរដ្ឋអាមេរិករូបនេះ ក៏បានស្នើដល់ភាគីកម្ពុជា ឲ្យបើកលំហសេរីភាពដល់អង្គការសង្គមស៊ីវិល និងបណ្តាញផ្សព្វផ្សាយឯករាជ្យឡើងវិញ និងលុបចោលប្រកាសអន្តរក្រសួងមួយស្តីពីការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធើណិត។
លោកក៏បានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកនៅមានការបារម្ភយ៉ាងខ្លាំងអំពីការធ្លាក់ចុះធ្ងន់ធ្ងរនៃការគោរពសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ ការគាបសង្កត់ក្រុមប្រឆាំងខាងនយោបាយ សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការហាមឃាត់កម្មករមិនឲ្យចងក្រងសមាគម និងការតវ៉ាដោយសន្តិវិធី ដែលបានបើកផ្លូវឲ្យមានការបោះឆ្នោតមិនសេរី និងមិនយុត្តិធម៌ទាល់តែសោះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
លោក Jason Ross Mack តំណាងសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ថា ជារួមការវិវត្តទាំងនេះបានធ្វើឲ្យរិចរិលយ៉ាងខ្លាំងនូវការសម្រេចបានរបស់កម្ពុជាកាលពីមុនមក ក្នុងការលើកកម្ពស់ការផ្សះផ្សាខាងនយោបាយ និងជំរុញកំណើនសេដ្ឋកិច្ច។
លោកកែវ រ៉េមី និងក្រុមមន្ត្រីអមដំណើរលោកចាត់ទុកថា សិទ្ធិមនុស្ស និងសិទ្ធិនយោបាយត្រូវបានលើកស្ទួយឡើងវិញ ហើយប្រព័ន្ធតុលាការក៏មានឯករាជ្យភាព ក្រោយការរស់ឡើងវិញរបស់កម្ពុជាពីរបបប៉ុល ពត។ កម្ពុជាក៏ជាឋានសួគ៌សម្រាប់អង្គការសង្គមស៊ីវិល និងសហជីពទៀតផង។
លោកកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងយ៉ាងដូច្នេះ៖
«ពាក់ព័ន្ធនឹងការពង្រឹងលំហសង្គមស៊ីវិលនោះ កម្ពុជាគឺជាឋានសួគ៌សម្រាប់អង្គការក្រៅរដ្ឋាភិបាល។ អ្នកអាចស្រម៉ៃទៅថា ចំនួនប្រជាជនកម្ពុជាមានតែ១៥លាននាក់ទេ តែកម្ពុជាគឺជាទីកន្លែងសម្រាប់ការតាំងនៅរបស់សមាគមក្នុងស្រុក និងអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលដល់ទៅជិត៦០០០ដែលបានចុះបញ្ជី ក៏ដូចជាជាង៤០០០សហជីព ដែលជាតួលេខលើសលប់ធៀបនឹងប្រទេសក្នុងតំបន់»។
ចំណែកលោកណី សំអុល ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ ដែលអង្គុយគៀកនឹងលោកកែវ រ៉េមី បានវាយបកទៅតំណាងប្រទេសប្រជាធិបតេយ្យទាំងឡាយ ដែលរិះគន់កម្ពុជានោះ ដោយនិយាយថា កុំយកវេទិកាពិនិត្យរបាយការណ៍ជាសាកលតាមកាលកំណត់ ឬហៅថា UPR នេះជាទីធ្វើការឃោសនានយោបាយសម្រាប់ជាប្រយោជន៍ដល់ក្រុមមួយ ឬគណបក្សនយោបាយ ដោយមិនបានគិតដល់អ្នកដទៃ។
លោកនិយាយថា សម្រាប់កម្ពុជា អ្វីដែលជាតម្រូវការចាំបាច់គឺសន្តិភាព ជាអ្វីដែលកម្ពុជាបានមកដោយលំបាក។ លោកបន្តថា ប្រជាជនកម្ពុជាក៏ត្រូវបានផ្តល់សិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ហើយពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់យ៉ាងក្នុងការជួបជុំ និងបញ្ចេញមតិ តែការប្រើប្រាស់សិទ្ធិសេរីភាពទាំងនោះត្រូវតែគិតដល់អ្នកដទៃផងដែរ។
«ហេតុដូច្នេះ សម្រាប់កម្ពុជា សន្តិភាពគឺជាសេចក្តីត្រូវការចាំបាច់ជាងអ្វីៗទាំងអស់ដើម្បីការអភិវឌ្ឍ ដែលរដ្ឋាភិបាលត្រូវតែការពារ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីរក្សាសិទ្ធិ និងការរីកចម្រើនរបស់ប្រជាជន ជាពិសេសសិទ្ធិសេដ្ឋកិច្ច និងសង្គម»។
យ៉ាងណាក៏ដោយ ក្រុមតំណាងសហគមន៍ប្រទេសប្រជាធិបតេយ្យនៅតែមិនអស់ចិត្តនឹងការធ្លាក់ចុះថមថយនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រួមទាំងការរំលោភសិទ្ធិផ្សេងៗទៀតមានទាំងសិទ្ធិដីធ្លី ហើយតំណាងមួយចំនួននៃសហគមន៍ប្រទេសប្រជាធិបតេយ្យ ក្នុងនោះមានប្រទេសបារំាង បានស្នើឲ្យមានការចូលរួមឡើងវិញរបស់អ្នកនយោបាយជំទាស់ ក្នុងវិស័យនយោបាយកម្ពុជា ហើយអ្នកតំណាងផ្សេងទៀតក៏បានស្នើឲ្យលុបចោលច្បាប់ស្តីពីគណបក្សនយោបាយ ឬធ្វើវិសោធនកម្មមួយចំនួននៃច្បាប់ ដែលនាំឲ្យមានការរំលាយគណបក្ស។
អ្នកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានចូលរួមជាមួយក្រុមប្រទេសប្រជាធិបតេយ្យទាំងនោះ ដែលសម្តែងការព្រួយបារម្ភអំពីការរំលោភលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ អ្នកស្រីបានប្រាប់ VOA តាមសារឆ្លើយឆ្លងអេឡិចត្រូនិកមួយថា រដ្ឋាភិបាលកម្ពុជាត្រូវទទួលស្គាល់ការណ៍ពិតមួយថា កម្ពុជាមិនមានប្រព័ន្ធនយោបាយសេរីពហុបក្សទៀតនោះទេ ហើយក៏គ្មានប្រជាធិបតេយ្យដែរ បើគ្មានសំឡេងអ្នកជំទាស់។
«គ្មានសន្តិភាពទេ គ្មានសេរីភាពទេ គ្មានប្រជាធិបតេយ្យទេ បើសិនជាអត់មានសំឡេងអ្នកហ៊ានប្រឆាំង អ្នកហ៊ានតវ៉ា អត់មានសុខសន្តិភាព និងការអភិវឌ្ឍដោយមានយុត្តិធម៌ក្នុងសង្គមទេ បើសិនជាអត់មានការចូលរួមពីសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យ»។
អនុប្រធានគណបក្សជំទាស់នេះក៏បានព្រមានថា ការក្រោកឈររបស់ពលរដ្ឋខ្មែរដែលចង់បានលទ្ធិប្រជាធិបតេយ្យ និងការផ្លាស់ប្តូរជាវិជ្ជមាន នឹងផ្ទុះឡើង ប្រសិនបើរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបន្តរាំងខ្ទប់ពលរដ្ឋមិនឲ្យមានការបញ្ចេញមតិដោយសេរី និងហាមមិនឲ្យគណបក្សដែលពួកគេគាំទ្របានចូលរួមការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនោះ។
ការប្រជុំពិនិត្យរបាយការណ៍ជាសាកលតាមកាលកំណត់ ឬហៅថា UPR លើកទី៣២របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅឆ្នាំ២០១៩នេះ កើតឡើង នៅចំពេលកម្ពុជាកំពុងប្រឈមនឹងការដាក់គំនាបខាងពាណិជ្ជកម្មពីសហភាពអឺរ៉ុប ដែលជាញយដងរំឭកដល់រដ្ឋាភិបាលកម្ពុជា ឲ្យស្តារដំណើរការប្រជាធិបតេយ្យឡើងវិញ ពោលគឺបើកលំហសង្គមស៊ីវិល ផ្តល់សិទ្ធិនយោបាយពេញលេញដល់អ្នកនយោបាយជំទាស់ និងការមានប្រតិបត្តិការឡើងវិញនូវបណ្តាញព័ត៌មានឯករាជ្យជាដើម៕