ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​ត្រូវ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ


លោក ពេជ្រ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA Khmer នៅក្នុង​បន្ទប់​ផ្សាយ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី​២៣ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
លោក ពេជ្រ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA Khmer នៅក្នុង​បន្ទប់​ផ្សាយ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី​២៣ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​មួយ​រូប បាន​ដាក់​សំណើ​ផ្លូវ​ការ​មួយ​នៅ​ថ្ងៃ​នេះ សុំ​ឲ្យ​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បញ្ជូន​​ប្រធាន​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ​ចូល​បំភ្លឺ​​អំពី​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​នឹង​ព្រំដែន​កម្ពុជា វៀតណាម។

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និងជា​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ បាន​កោះ​ហៅ​លោក វ៉ា គឹមហុង ទេស​រដ្ឋ​មន្ត្រី​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ឲ្យ​ចូល​បំភ្លឺ​ ​អំពី​កិច្ចព្រមព្រៀង​ព្រំ​ដែន​ចំនួន​ពីរ​ជាមួយ​ប្រទេស​វៀតណាម។

ក្នុង​លិខិត​មួយ​ច្បាប់​ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ លោក​ពេជ្រ ស្រស់ ​បាន​សុំ​ឲ្យ​លោក ​វ៉ា គឹមហុង​ ពន្យល់​ពី «ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន» អំពី​កិច្ចព្រមព្រៀង​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​ទី​៥​ខែ​តុលា​នេះ និង​ពន្យល់​ពី​សន្ធិ​សញ្ញាបំពេញ​បន្ថែម​និង​នីតិវិធី​នៃ​ការ​បោះ​បង្គោល​កំណត់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​មួយ​ចំនួន​ទៀត។

រូបឯកសារ៖ លោក វ៉ា គឹមហុង ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​កិច្ច​ប្រជុំ​ចង្អៀត​គណៈ​កម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​វៀតណាម កាល​ពីថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៦។ (VOA)
រូបឯកសារ៖ លោក វ៉ា គឹមហុង ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​កិច្ច​ប្រជុំ​ចង្អៀត​គណៈ​កម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​វៀតណាម កាល​ពីថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៦។ (VOA)

លោក​ វ៉ា គឹមហុង បាន​ប្រាប់​ VOA​ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា លោក​នឹង​ចូល​បំភ្លឺ​តាម​សំណើ​ខាង​លើ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។

«ខ្ញុំ​ទៅ ​ចូល​ស្អែក​ម៉ោង​ប្រាំបី​កន្លះ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី»

យ៉ាង​ណា​ក្តី លោក​ទេសរដ្ឋមន្ត្រីសុំ​មិន​បកស្រាយ​លម្អិត​ពី​អ្វី​ដែល​លោក​នឹង​លើក​មក​បក​ស្រាយ​នៅ​ថ្ងៃ​ស្អែក​នោះ​ទេ​ ដោយ​លោក​យោង​លើ​គោលការណ៍​ពិធីការ។

​ក្នុង​អំឡុង​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៥​ខែ​តុលា នៅ​ប្រទេស​វៀតណាមកម្ពុជា​និង​វៀតណាម​បាន​ចុះ​កិច្ចព្រមព្រៀង​ចំនួន​២ រួម​មាន កិច្ចព្រមព្រៀងសន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​ប្រទេស​ទាំង​ពីរ និង​ពិធីសារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។ ពិធីសារ​នេះ ​គឺជា​កិច្ចព្រមព្រៀង​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែននៃ​ប្រទេស​ជាប់​ភូមិ​ផង​របង​ជាមួយ​គ្នា ដែល​រហូត​មក​ដល់​ពេល​នេះ​ប្រទេស​ទាំងពីរ បាន​បោះ​បង្គោល​កំណត់​ដែន​សីមា​បាន​ចំនួន​៣១៥​បង្គោល ក្នុង​ចំណោម​បង្គោល​ព្រំដែន​សរុប​ចំនួន​៣៧១​បង្គោល លើ​បន្ទាត់​ព្រំដែន​ជាង​១២០០ គីឡូម៉ែត្រ។

លោក​ស្រី មូ សុខហួរ អនុ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ឆ្លើយ​តប​នឹង​សំណួរ​របស់​វីអូអេ តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​នៅ​ឡើយ​ទេ​គិត​ត្រឹម​នៅ​ថ្ងៃ​ពុធ​នេះ។

ទោះ​ជា​យ៉ាង​ណា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំជាង​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ចុង​ឆ្នាំ​២០១៧ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​មិន​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​កម្ពុជា-វៀតណាម​ ខាង​លើ​នោះ ទេ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ ​អតីត​គណបក្ស​សង្គ្រោះ​ជាតិលើក​ឡើង​ថា ការ​ចុះ​ហត្ថលេខា​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc ​ដើម្បី​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​នោះ គឺ​ជា «ការ​ចុះ​ហត្ថលេខា​កាត់​ទឹកដី​ខ្មែរ​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ ដោយ​ស្រប​ច្បាប់» និង​មិន​អាច​ទទួល​យក​បាន។

​គណបក្ស​សង្គ្រោះ​ជាតិ ​ក៏​បាន​ចាត់​ទុក​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា-វៀតណាម​នា​ពេល​កន្លង​មក​ថា ជា​ការ​ធ្វើ​ឡើង​តាម​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ​១៩៨៥ ដែល​គណបក្ស​ប្រឆាំង​នេះ ហៅ​ថា​ជា​សន្ធិសញ្ញា​ខុសច្បាប់ និង​ដែល​ត្រូវ​បាន​មោឃភាព​ដោយ​កិច្ចព្រមព្រៀង​សន្តិភាពក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣៕

XS
SM
MD
LG