ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​បារម្ភ​ពីការ​បរិភោគ​សាច់ជ្រូក ​ពេល​មាន​ជំងឺ​ប៉េស្តជ្រូក


សាច់ជ្រូកលក់នៅផ្សារកណ្តាលក្នុងរាជធានីភ្នំពេញ​ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
សាច់ជ្រូកលក់នៅផ្សារកណ្តាលក្នុងរាជធានីភ្នំពេញ​ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​​​ចាប់​ផ្តើម​រីក​រាល​ដាល​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៩​មក។ ​ខេត្ត​ចំនួន​ប្រាំ​បាន​រង​ការវាយ​ប្រហារ​ដោយ​ជំងឺ​ឆ្លង​នេះ។ ​ជ្រូក​ប្រមាណ​៣០០០​ក្បាល​បាន​ងាប់។​ ប្រជា​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ភ័យ​ខ្លាច​ក្នុង​ការ​បរិភោគ​សាច់ជ្រូក។

ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ដែលបាន​ផ្ទុះ​និង​រាតត្បាត​នៅ​តាម​ខេត្ត​ចំនួន​ប្រាំ​ជាប់​ព្រំដែន​កម្ពុជា​និងវៀតណាម​ បានបង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​បរិភោគ​សាច់​ជ្រូក​នៅ​ក្នុង​ក្រុង​ភ្នំពេញ។​ ព្រម​ជាមួយ​នោះ​ របរ​ជួញ​ដូរ​សាច់​ជ្រូក​ក៏​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ផង​ដែរ។​

ផ្អែក​តាម​របាយ​ការណ៍​របស់​ក្រសួង​កសិកម្ម​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៩​មក ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​រីករាល​ដាល​ក្នុង​ខេត្ត​រតនគីរី ​កណ្តាល​ តាកែវ ស្វាយរៀង​និង​ខេត្ត​ត្បូងឃ្មុំ។​ ជ្រូក​ចំនួន​២៩៦០​ក្បាល​បាន​ងាប់​ដោយ​សារ​ជំងឺ​នេះ។​ ប៉ុន្តែ​មិន​មាន​ការ​ឆ្លង​ និង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ទេ។​

ទោះ​ជា​យ៉ាង​ណា ការភ័យ​ខ្លាច​បាន​សាយ​ភាយក្នុង​ចំណោម​អ្នក​និយម​បរិភោគ​សាច់​ជ្រូក​ក្នុង​រាជ​ធានី​ភ្នំពេញ។​

លោក​យន្ត យ័ត គឺជា​អ្នក​ទិញ​ម្ហូប​សម្រាប់​ចម្អិន​អាហារប្រគេន​ព្រះ​សង្ឃ​ក្នុង​វត្ត​ឧណ្ណាលោម។ ​ដៃ​ស្តាំយូរ​ថង់​ផ្លាស្ទិក​ដែល​មាន​បន្លែ​ត្រកួន លោក​យ័ត ធ្លាប់​ទិញ​សាច់ជ្រូក​ចន្លោះ​ពី​កន្លះ​គីឡូ​ក្រាមទៅ​មួយ​គីឡូ​ក្រាម​ក្នុង​មួយ​ថ្ងៃ​នៅ​ផ្សារ​កណ្តាល។​ ប៉ុន្តែ​ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ លោក​ឈប់​ទិញ​សាច់ជ្រូក​តទៅ​ទៀត បើ​ទោះ​ជា​លោក​ដឹង​ថា​ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​មិន​ឆ្លង​មក​មនុស្ស​ក៏​ដោយ។​

«តាំង​ពី​ឮ​អា​ជំងឺ​ប៉េស្ត​ជ្រូក​ហ្នឹង​ផ្ទុះ​ឡើង​មក សម្រាប់​ខ្ញុំ​ ដែល​តែង​មក​ទិញ​ម្ហូប​រាល់​ថ្ងៃ​អ៊ីចឹង​គឺ​អត់​ហ៊ាន​ទិញ»។​

នៅ​ឯ​ផ្សារ​កណ្តាល​ដែរ អ្នកស្រី​នង ចន្ថា​ កំពុង​ដើរ​ទិញ​ម្ហូប​នា​ពេល​ព្រឹក។ ​ដោយ​សារ​មាន​ការ​ផ្សព្វ​ផ្សាយព័ត៌មានអំពី​ជំងឺ​ប៉េស្តជ្រូក​ជាច្រើន​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ​អ្នកស្រី​ចាប់​ផ្តើម​ព្រួយ​បារម្ភ ​និង​កាត់​បន្ថយ​ការ​បរិភោគ​សាច់​ជ្រូក។​

«ចាស! ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ដែរ​ ព្រោះ​ថា ​ខ្លាច​ឆ្លង​ជំងឺ​ហ្នឹង​ហ្អា​ ព្រោះ​អី​អា​ជំងឺ​ហ្នឹង​វា​ពិបាក​ព្យាបាល​ដែរ​មែន​ ហ្អេ​អូន?»​

សាច់ជ្រូកលក់នៅផ្សារកណ្តាលក្នុងរាជធានីភ្នំពេញ​ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
សាច់ជ្រូកលក់នៅផ្សារកណ្តាលក្នុងរាជធានីភ្នំពេញ​ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

ជំងឺនេះ​បាន​ផ្ទុះ​នៅ​ទ្វីប​អាហ្រ្វិក​ចាប់​តាំង​ពី​ដើម​ទស​វត្ស​ឆ្នាំ១៩០០ ​មុន​នឹង​រីករាល​ដាល​ដល់​ទ្វីប​អឺរ៉ុប​៥០​ឆ្នាំ​ក្រោយ។ ​ដោយ​ឡែក​នៅ​ប្រទេស​ចិន​ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​បាន​ចាប់​ផ្តើម​ផ្ទុះ​នៅ​ឆ្នាំ​២០១៨ ​ហើយ​បាន​បន្ត​រាល​ដាល​ដល់​ប្រទេស​វៀតណាម​នៅ​ដើម​ឆ្នាំ​២០១៩​នេះ។ ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ជា​ជំងឺ​ពិបាក​ព្យាបាល​សម្រាប់សត្វ​ជ្រូក ​ប៉ុន្តែ​វា​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ។​

ទោះ​ជា​បែប​នេះ​ក្តី​ អ្នកស្រី​ផាន់ សាណារ័ត្ន ​ជាអ្នក​លក់​សាច់​ជ្រូក​នៅ​ផ្សារ​កណ្តាល​អស់​រយៈ​ពេល​៦ឆ្នាំ​មក​ហើយ ​បាន​ត្អូញត្អែរ​ពី​ការ​រង​ផល​ប៉ះពាល់។​

«និយាយ​ទៅ​ ធ្លាប់​លក់​ពី​មុន​១០០​គីឡូក្រាម​អី​អ៊ីចឹងទៅ!​ ដល់​ពេល​ឥឡូវ​ វា​ដូច​ស្ងាត់​ហ្មង​ណា៎! ផ្អើល​ទៅ​ជា​របស់​យើង​ល្អ​ ទៅ​ជា​មាន​បញ្ហា​ដូច​គេ​ដែរ»។​

អ្នកស្រីសាយ លក្ខណា​ គឺជា​អ្នក​លក់​សាច់ជ្រូក​អស់រយៈ​ពេល​ប្រមាណ​ជាង​១០​ឆ្នាំ​នៅ​ផ្សារ​កណ្តាល​នេះ។ ​អ្នក​ស្រីលើក​ឡើង​ពី​ការ​លំបាក ​ក្រោយ​ពីការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក។​

«បញ្ហា​លំបាក​គឺ​យើង​លក់​មិន​ដាច់!​ ទី​មួយ​បញ្ហា​ជីវភាព។​ តា​យើង​លក់​មិន​ដាច់​ទៅ ជីវភាព​យើង​គឺ​វា​យ៉ាប់​ទៅ​តាម​ហ្នឹង​ដែរ»។​

អ្នកស្រីសាយ លក្ខណា​ បាន​បន្ត​ថា ​ពី​មុន​ក្នុង​មួយ​ថ្ងៃ​អ្នក​ស្រី​ចំណេញ​៤​ទៅ​៥​ម៉ឺន​រៀល​ តែ​ដោយសារ​ការ​ផ្ទុះ​ជំងឺ​ប៉េស្តជ្រូក​ អ្នកស្រី​ខាត​ពី៤​ទៅ៥ម៉ឺន​រៀល​ទៅ​វិញ។ ​អ្នកស្រី​ក៏​បាន​ស្នើ​ឲ្យ​អ្នក​ទទួល​ទាន​សាច់​ជ្រូក​ពិចារណា​ទទួលទាន​ឡើង​វិញ។​

«អ៊ីចឹង​ ​យើង​ឲ្យ​អ្នក​ដើរ​ផ្សារ​ហ្នឹង​ពិចារណា​ឡើង​វិញ​អំពី​ការ​ញាំ​សាច់​ជ្រូក​ឡើង​វិញ​ ព្រោះ​អី​យើង​មុន​នឹង​យើង​នាំ​ចូល​ទីផ្សារ​ ​យើង​មាន​ពេទ្យ​អី​ពិនិត្យ​ត្រឹមត្រូវ។​ អ៊ីចឹងអត់​បញ្ហា​អី​ទេ​ ឲ្យ​ពួកគាត់​ញាំ​វិញ​ចុះ!»​

សាច់ជ្រូកលក់នៅផ្សារកណ្តាលក្នុងរាជធានីភ្នំពេញ​ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
សាច់ជ្រូកលក់នៅផ្សារកណ្តាលក្នុងរាជធានីភ្នំពេញ​ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

យោង​តាម​លោក​ស្រ៊ុន ពៅ ​ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ​ការ​លក់ជ្រូក​រស់​បាន​ធ្លាក់​ចុះ​ពី​ប្រមាណ​៧០០០​ក្បាល​ក្នុង​មួយ​ថ្ងៃ ​មក​ត្រឹម​២០០០​ទៅ​៣០០០​ក្បាលប៉ុណ្ណោះ។​

ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជារូប​នេះ​លើក​ឡើង​ថា តម្លៃ​សាច់ជ្រូក​នៅ​តាម​ទីផ្សារមិន​ធ្លាក់​ចុះ​នោះ​ទេ​ ប៉ុន្តែ​ការ​ទិញ​សាច់ជ្រូក​បាន​ថយ​ចុះ​យ៉ាង​ហោច​ណាស់​ពី​៥០​ទៅ​៦០​ភាគរយ ​ដោយសារ​តែ​មាន​ព័ត៌មាន​លេច​ឡើង​នា​ពេល​ថ្មីៗ​នេះ​អំពី​ការ​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​នៅ​កម្ពុជា។​

លោក​ស្រ៊ុន ពៅ ​បញ្ជាក់ថា ​សមាគម​របស់​លោក​បាន​សហការ​ជាមួយ​នឹង​ភ្នាក់ងារ​ពេទ្យ​សត្វ​ និង​មន្រ្តី​មូលដ្ឋាន​ ចាប់​តាំង​ពី​ថ្ងៃ​ទី​៩​ខែ​កក្កដា​មក ដើម្បីធ្វើ​អនាម័យ​តាម​កន្លែង​សត្វ​ឃាត ​និង​មូលដ្ឋាន​ដែល​មាន​ផ្ទុះ​ជំងឺ។ ​ស្រប​ពេល​នោះ​ដែរ ភ្នាក់​ងារ​មាន​សមត្ថកិច្ច​ក៏​បាន​ចុះ​ផ្សព្វផ្សាយ​នៅ​តាម​ទី​ផ្សារ​នានា​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ងាក​មក​បរិភោគ​សាច់ជ្រូក​ឡើង​វិញ។​

«ឥឡូវ​នេះ​កំពុង​សុំ​ធ្វើ​ការ​ជាមួយ​គាត់​ទៀត​ទៅ​លើ​ផែនការ​ធ្វើ​ជា​លតប័ត្រ​ ដើម្បី​ចែកចាយ​តាម​ទីផ្សារ​ផ្សព្វផ្សាយ​អំពី​ជំងឺ​នេះ ​ហើយ​ផ្សព្វផ្សាយ​ពី​រឿង​សាច់​ជ្រូក។​ គាត់​អាច​ហូប​បាន​ដោយ​មិន​ភិត ​មិន​ភ័យ​ មិន​ខ្លាច​មិន​អី​ទេ។​ ម៉េច​បាន​ថា​ មិន​ភិត​មិន​ភ័យ? ​ព្រោះ​យើង​សព្វថ្ងៃ​នេះ​គឺ​សុទ្ធ​តែ​យក​ពី​កសិដ្ឋាន​ធំៗ​ដែល​គេ​ធ្វើ​ជីវៈ​សុវត្ថិភាព។​ ដើមទុនគេ​ធ្វើ​អស់​រាប់​សិប​លាន ដូច្នេះ​មិន​អាច​មាន​ជំងឺ​ទេ»។​

វីអូអេ​បាន​ព្យាយាម​ទាក់​ទង​មន្ត្រី​ក្រសួង​កសិកម្ម​ដើម្បី​សុំ​ការ​បំភ្លឺ​ តែ​មិន​អាច​ទាក់​ទង​បាន​ទេ ​ដោយ​សារ​តែ​ទូរស័ព្ទ​របស់​អស់​លោក​រោទិ៍​ ដោយ​គ្មាន​អ្នក​ទទួល។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ​ស្តី​ពី​ការ​កំណត់​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ចុះ​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​កក្កដា​កន្លង​ទៅ​នេះ ​បាន​ឲ្យ​ដឹង​ថា​ ​ក្រសួង​នឹង​ចាត់​បញ្ជូន​មន្រ្តី​ជំនាញ​បសុព្យាបាល​ រួម​ទាំង​ឧបករណ៍​សម្រាប់​វិភាគ​ ចុះ​ពិនិត្យ​ជា​បន្ទាន់​ដល់​ទី​កន្លែង ​និង​យក​សំណាក​ឈាម​សត្វជ្រូកនៅ​តំបន់​ផ្ទុះ​ជំងឺមក​ធ្វើ​ការ​វិភាគ ដើម្បី​រក​មេ​រោគ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក៕

XS
SM
MD
LG