ដៃទាំងពីរកំពុងកាន់ក្តោបដៃកូនប្រុសទាំងសងខាង ដែលកំពុងដេកលង់លក់លើគ្រែ ដែលមានកម្រាលពណ៌សក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ជា ដោយមានបន្តោងសេរ៉ូមផង លោក ថ្លឹង សុខា សម្លឹងមើលមុខកូនរបស់ខ្លួនស្ទើរមិនទម្លាក់ភ្នែក។
ទឹកមុខស្រពោន លោកពោលដោយទឹកភ្នែករលីងរលោងបង្កប់ដោយក្តីបារម្ភ។
«ដូចថាអស់ព្រលឹងពីខ្លួនតែម្តង ពេលដែលឃើញកូនសន្លឹម បាត់ស្មារតី»។
នៅមន្ទីរពេទ្យគន្ធបុប្ជាអាគារសម្រាប់ដាក់កុមារ ដែលមានជំងឺគ្រុនឈាមត្រូវពេញហៀរហូររហូតដល់កុមារដែលមានជំងឺគ្រុនឈាម ត្រូវបញ្ជូនទៅដាក់នៅអគារជំងឺផ្សេងទៀត។ ខ្សែសេរ៉ូមយោលរណេងរណោង ហើយគ្រែនីមួយៗភាគច្រើនត្រូវដាក់ឲ្យកុមារដែលមានជំងឺគេងគ្នាពីរនាក់បញ្ច្រាសជើងគ្នា។ ដោយឡែកនៅមន្ទីរពេទ្យកុមារជាតិវិញ ចំនួនកុមារដែលមានជំងឺគ្រុនឈាមកំពុងកើនឡើងជាបន្តបន្ទាប់។ បន្ទប់ព្យាបាលពេញគ្មានសល់រហូតដល់កុមារដែលមានជំងឺខ្លះត្រូវសម្រាកតាមផ្លូវដើរ។
លោក ហ៊ុល សារួន ជានាយករងនៃសាលាឯកជនមួយក្នុងទីក្រុងភ្នំពេញ កំពុងអង្គុយចុងជើងមើលកូនរបស់លោក ដែលកំពុងបន្តោងសេរ៉ូមក្នុងបន្ទប់ដែលមានកុមារឈឺណែនតាន់តាប់ក្នុងមន្ទីរពេទ្យកុមារជាតិ។
លោក ហ៊ុល សារួន យល់ថា ជំងឺគ្រុនឈាមដែលបានវាយប្រហារមកលើកូនរបស់លោក មួយផ្នែកបណ្តាលមកពីការមិនសម្អាតនៅបរិវេណក្បែរលំនៅដ្ឋាន។
«សម្អាតបានមួយចំនួនតែមួយចំនួនទៀតមិនបានសម្អាតជារៀងរាល់ថ្ងៃនោះ ឬជា រៀងរាល់សប្តាហ៍ទេ ម្យ៉ាងទៀតដោយសារតែយើងរវល់ការងារផង។ ឥឡូវកំពុងតែមានបញ្ហាប្រឈមនឹងជំងឺគ្រុនឈាម ហើយគ្រុនឈាមកើតចេញពីមូសខ្លា ចេញពីការដក់ទឹក»។
យោងតាមឪពុកម្តាយរបស់កុមារដែលមានជំងឺគ្រុនឈាមភាគច្រើន ការធ្វេសប្រហែសដោយគ្មានការប្រុងប្រយ័ត្នក្នុងការបំបាត់ជម្រកមូសខ្លា គឺជាមូលហេតុមួយដែលបង្កឲ្យមានការផ្ទុះឡើងនៃជំងឺគ្រុនឈាមនៅក្នុងឆ្នាំនេះ។
ជំងឺគ្រុនឈាមបង្កឡើងដោយមូសខ្លាញី។ ហើយជំងឺនេះភាគច្រើនកើតនៅក្នុងអំឡុងរដូវវស្សា ដោយគិតចាប់ពីខែមិថុនារហូតដល់ខែតុលា។ ជំងឺនេះអាចបង្កឲ្យស្លាប់បាន ប្រសិនបើអ្នកជំងឺមិនត្រូវបានព្យាបាលមុនរយៈពេលមួយសប្ដាហ៍នោះទេ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្រ បានឲ្យដឹងថា នៅក្នុងឆ្នាំនេះ ក្នុងរយៈពេល២១សប្តាហ៍មានកុមារគ្រុនឈាមទូទាំងប្រទេសចំនួន ១៣,៨៤៣នាក់ ស្លាប់២៤នាក់ ដែលចំនួននេះមានការកើនឡើង ៥ដង បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨ ដែលមានកុមារឈឺត្រឹមតែ ២,៥៣០នាក់ និងស្លាប់៧នាក់។
លោកបានអះអាងថា ក្រសួងបានដឹងថា ជំងឺគ្រុនឈាមឆ្នាំនេះនឹងមានការកើនឡើងហេតុដូច្នេះហើយ ក្រសួងបានត្រៀមថ្នាំអាប៉េត ថ្នាំបាញ់មូស និងមានការបណ្តុះបណ្តាលតាមមន្ត្រីថ្នាក់ផងដែរ ក្នុងការជួយទប់ស្តាត់បំបាត់ជម្រកមូសខ្លា។
«ដឹងថាស្ថានភាពជំងឺឆ្នាំនេះយ៉ាងដូចម្តេច ឆ្នាំនោះយ៉ាងដូចម្តេច មកដល់ពេលនេះ យើងមានសម្ភារៈនៅហ្នឹងកន្លែងគ្រប់គ្រាន់អស់ហើយ ក្រៅពីនោះទៀតយើងបាន ធ្វើការសហការជាមួយបណ្តាញសារពត៌មាន បណ្តាញសង្គមគឺរង់ចាំតែម្យ៉ាងទេ គឺរង់ចាំការចូលរួមពីបុគ្គលគ្រប់រូប សូមចូលរួមអនុវត្តទើបយើងឈានទៅជួបនូវសេចក្តីសុខ និងជៀសផុតពីជំងឺគ្រុនឈាមហ្នឹងបាន។ គឺជាស្ថានភាពមួយដែរយើងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា»។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រនិង បាណកសាស្ត្រ បានឲ្យដឹងថា ករណីជំងឺគ្រុនឈាមមានប្រមាណជាងមួយម៉ឺនករណីក្នុងមួយឆ្នាំៗ និងជាង ៥០០នាក់ស្លាប់ក្នុងអំឡុងទសវត្សរ៍១៩៨០។ ក៏ប៉ុន្តែអត្រាអ្នកស្លាប់បានធ្លាក់ចុះមកជាង ០.៥ភាគរយប៉ុណ្ណោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជំងឺគ្រុនឈាមកើតនៅលើទាំងមនុស្សចាស់និងក្មេង ក៏ប៉ុន្តែក្មេងក្រោមអាយុ១៥ឆ្នាំមានចំនួន៨៥ភាគរយ។
ខេត្ត រាជធានី ដែលកំពុងទទួលរងការឆ្លងជំងឺគ្រុនឈាមធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជានៅឆ្នាំនេះ មានដូចជាក្រុងភ្នំពេញ ខេត្តកំពង់ធំ សៀមរាប កណ្តាល ខេត្តកំពង់ចាម បាត់ដំបង បន្ទាយមានជ័យ ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ព្រះវិហារ ឧត្តរមានជ័យ ខេត្តព្រៃវែង ត្បូងឃ្មុំ ក្រចេះ និងខេត្តប៉ៃលិន។
លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍ថាប្រជាពលរដ្ឋនៅក្នុងអំឡុងពេលនេះមានការយល់ដឹងច្រើនពីជំងឺគ្រុនឈាម ឪពុកម្តាយភាគច្រើនយកកូនមកមន្ទីរពេទ្យទាន់ពេលវេលា។ ក៏ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ការចូលរួមទប់ស្កាត់របស់ប្រជាពលរដ្ឋដើម្បីកុំឲ្យមានមូសខ្លាញីខាំ នាំឲ្យមានជំងឺគ្រុនឈាមនៅមានកម្រិតនៅឡើយ ដែលជាផ្នែកមួយជំរុញឲ្យមានការឡើងនៃជំងឺគ្រុនឈាមនេះផងដែរ។
«ខ្លះគាត់គិតថា ខាងសុខាភិបាលទេជាអ្នកទទួលខុសត្រូវ ចុះខាងសុខាភិបាលម៉េចក៏មិនទៅបាញ់មូស ម៉េចក៏មិនទៅដាក់ថ្នាំ ម៉េចក៏មិនត្រូវធ្វើអីឥឡូវគ្រុនឈាមច្រើន ណាស់ ម៉េចក៏មិនព្រមទៅធ្វើការដែលយល់ឃើញចឹង វាជាការខុសឆ្គង ពីព្រោះថាជំងឺគ្រុនឈាមគឺថាធ្វើម៉េច ទប់ស្កាត់ធ្វើម៉េចកុំឲ្យមានមូសខ្លាកើតឡើងច្រើនចឹងការទប់ស្តាត់ជំងឺគ្រុនឈាមនេះ គឺថា ប្រជាជនទាំងអស់ចូលរួមទាំងអស់គ្នា មិនថាគ្រួសារនេះមានកូនតូច អត់កូនតូចអីទេត្រូវតែជួយសម្អាត បរិស្ថានរស់នៅរបស់ខ្លួនទាំងអស់គ្នា កុំភ្លេចថាគ្រុនឈាមឥឡូវអាយុ ៧០ឆ្នាំ ៨០ឆ្នាំក៏មានដែរ»។
លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ គី សាន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ជាភ្នំពេញ បានឲ្យដឹងដែរថា ឆ្នាំនេះមន្ទីពេទ្យគន្ធបុប្ជា មានកុមារជំងឺគ្រុនឈាមកើនឡើងជាង៥ដងកាលពីឆ្នាំកន្លងមក។
លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ បានបញ្ជាក់ថា ចំនួនកុមារគ្រុនឈាមកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ជា មានចំនួនជាង៦០០នាក់ គឺស្មើនឹង៣៥ភាគរយនៃកុមារមានជំងឺសរុប ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
«យើងបានយល់ដឹងទាំងអស់ហើយ ប៉ុន្តែត្រូវអនុវត្តប្រឹងទាំងអស់គ្នា យើងកុំពឹងពាក់ទៅលើភ្នាក់ងារសុខាភិបាលត្រូវតែកម្ចាត់មូសខ្លា អត់ទេអាហ្នឹងសំខាន់ណាស់ នៅស្រុកណាក៏ដូចស្រុកណាដែរ គឺធ្វើម៉េច គឺការពារកូន ការពារយើងទាំងអស់គ្នា កុំឲ្យភ្នាក់ងារចម្លងនេះ វាចម្លងមកយើង គឺមូសខ្លាដែរខាំយើងន្នឹង ហើយធ្វើម៉េចកុំឲ្យមានមូសខ្លា គឺបំបាត់ជម្រកវាកុំឲ្យវាកើត»។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ជាភ្នំពេញ បានមានប្រសាសន៍ដែរថា នៅតាមសាលា និងអាជ្ញាធរដែនដីគួរតែជួយជំរុញប្រជាពលរដ្ឋបន្ថែមទៀតក្នុងការជួយបំបាត់ជម្រកមូសខ្លានៅតាមភូមិ។
«ការយល់ដឹងរបស់ឪពុកម្តាយហាក់ដូចជាកើនឡើង ក៏ប៉ុន្តែជាទូទៅអស់លោកជាឪពុកម្តាយហ្នឹង លោកច្រើនតែធ្វេសប្រហែសក្នុងការដែលលោករវល់កាតព្វកិច្ច ក្នុងការរកស៊ីធ្វើការ ប្រកបមុខរបរ ផ្សេងៗ កូនតូចកូនធំ ហើយក៏មានក្មេងខ្លះគាត់ទៅរៀនដែរ ដូច្នេះនៅសាលារៀនហ្នឹង ក៏អាចដែរ ជាកន្លែងមួយដែលឲ្យមូសខាំក្មេងដែរ»។
លោកវេជ្ជបណ្ឌិត ឡូរ៉េង ដេនីស (Laurent Denis)នាយកប្រតិបត្តិប្រចាំការនៃមូលនិធិគន្ធបុប្ជាស្វីសបានឲ្យដឹងថា នៅក្នុងឆ្នាំនេះដោយសារមានការផ្ទុះនៅជំងឺគ្រុនឈាមនេះបានធ្វើឲ្យមន្ទីរពេទ្យគន្ធបុប្ជាត្រូវចំណាយថវិកាលើសពីការគ្រោងទុកជាង១លានដុល្លារអាមេរិក។
សត្វមូសខ្លាដែលជាភ្នាក់ងារចម្លងមេរោគគ្រុនឈាម ចូលចិត្តខាំបឺតឈាមក្នុងអំឡុងពេលថ្ងៃគឺចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៧យប់។ រោគសញ្ញាជំងឺគ្រុនឈាមគឺក្តៅខ្លួនខ្លាំងភ្លាមៗលើសពី៣៨អង្សារ និងអាចអមដោយមុខស្ងួតក្រហម ភ្នែកក្រហម ងងុយគេង ឈឺក្បាល ឈឺសាច់ដុំ ឈឺសន្លាក់ ឈឺពោះ កុមារយំ កន្ទួលក្រហមលើស្បែក ស្បែកជាំខ្មៅដុំៗ ចេញឈាមជាដើម៕