លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសការគាំទ្រពេញទំហឹង និងជំរុញឱ្យមានសកម្មភាពនានាបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំង និងលើកកម្ពស់ការយល់ដឹងសាធារណៈអំពីជំងឺគ្រុនចាញ់នៅកម្ពុជា។
ក្នុងសារលិខិតមួយរបស់លោក ដើម្បីចូលរួមទិវាជាតិនិងអន្តរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសាខាងមុខ លោក ហ៊ុន សែន អះអាងថា ទន្ទឹមនឹងការបើកឱ្យមានការជំរុញឱ្យមានការយល់ដឹងជាសាធារណៈបន្ថែមទៀតទាក់ទិននឹងជំងឺគ្រុនចាញ់ រដ្ឋាភិបាលកម្ពុជាបានជំរុញឲ្យមានការផ្លាស់ប្តូរគំនិត និងទម្លាប់នៅក្នុងការរស់នៅស្អាត ជាពិសេសនៅតាមទីជនបទ។
លោក ហ៊ុន សែន បានបន្តថា ទិវាគ្រុនចាញ់ក្រោមប្រធានបទ «គ្មានជំងឺគ្រុនចាញ់ ផ្តើមចេញពីខ្ញុំ» គឺសមស្របចំពោះការផ្លាស់ប្តូរនិងដំណើរការវិវត្តថ្មីៗនៃសភាពការណ៍សង្គម-សេដ្ឋកិច្ចកម្ពុជា ដែលកំពុងពង្រីកការអភិវឌ្ឍតាមព្រំដែន និងតំបន់អេកូទេសចរណ៍ធម្មជាតិ ព្រៃភ្នំ ដែលប្រឈមនឹងអត្រាឈឺស្លាប់ខ្ពស់ដោយជំងឺគ្រុនចាញ់នៅឡើយ។
ក្នុងពេលបច្ចុប្បន្ន កម្ពុជាកំពុងអនុវត្តអភិក្រមការងារលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១៦-២០២០ ស្របពេលដែលកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្តេជ្ញានឹងលុបបំបាត់ការរីករាលជំងឺគ្រុនចាញ់នៅលើសាកលលោកឲ្យបាននៅត្រឹមឆ្នាំ ២០៣០។
នៅក្នុងសារលិខិតដដែលខាងលើបានបញ្ជាក់ថា តាមរបាយការណ៍ប្រចាំឆ្នាំក្នុងសេវាសុខាភិបាលសាធារណៈរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ អត្រាជំងឺគ្រុនចាញ់ប្រទេសកម្ពុជាមកទល់ឆ្នាំ ២០១៨ បានថយចុះ៨៥ភាគរយ ដោយធ្លាក់ចុះពី១៧ម៉ឺនករណីនៅឆ្នាំ២០១១ មកត្រឹមប្រមាណ ៦ម៉ឺន៥ពាន់ករណីនៅឆ្នាំ២០១៨ ដោយមិនមានករណីស្លាប់នោះទេ៕