ក្រុមគ្រួសាររបស់ចំណាប់ខ្មាំងអាមេរិកបានទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្កាហ្សា (Gaza) ដោយបាននិយាយថា វាជាមធ្យោបាយតែមួយគត់ដើម្បីដោះលែងមនុស្សជាទីស្រឡាញ់របស់ខ្លួនដែលត្រូវបានក្រុមហាម៉ាស់ (Hamas) ចាប់ឃុំតាំងពីពេលដែលក្រុមនេះបានវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុនមក។
ក្រុមគ្រួសារទាំងនោះបានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃអង្គារថា ពួកគេកំពុងធ្វើការជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្នុងការ «លើកទឹកចិត្តភាគីទាំងអស់ឱ្យសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងមួយ»។
លោក Jonathan Dekel-Chenដែលជាឪពុករបស់លោក Sagui Dekel-Chenដែលជាចំណាប់ខ្មាំងអាមេរិក បាននិយាយថា ប្រសិនបើមានបទឈប់បាញ់ «ភាពរន្ធត់» ដែលជនស៊ីវិលនៃតំបន់ហ្កាហ្សាបានជួបប្រទះក្នុងរយៈពេល ៦ ខែចុងក្រោយនេះក៏អាចបញ្ចប់បានដែរ។
សេតវិមានបានជូនដំណឹងដល់ក្រុមគ្រួសារចំណាប់ខ្មាំងទាំងនោះអំពីកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក Biden នៅក្នុងការជួយឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់និងឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្កាហ្សាក្នុងអំឡុងពេលនៃជំនួបមួយកាលពីព្រឹកថ្ងៃអង្គារជាមួយអនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris។
សហរដ្ឋអាមេរិកកំពុងជំរុញឱ្យក្រុមហាម៉ាស់ទទួលយកនូវកិច្ចព្រមព្រៀងមួយជាមួយអ៊ីស្រាអែលដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងតំបន់ហ្កាហ្សារយៈពេល ៦ សប្តាហ៍ និងដោះលែងចំណាប់ខ្មាំងខ្លះក្នុងចំណោមចំណាប់ខ្មាំងជាង ១៣០ នាក់ដែលក្រុមសកម្មប្រយុទ្ធនេះបានចាប់ឃុំជាថ្នូរទៅនឹងការដោះលែងរបស់អ៊ីស្រាអែលនូវជនជាតិប៉ាឡេស្ទីនរាប់រយនាក់ដែលអ៊ីស្រាអែលបានឃុំខ្លួន៕