អ្នកមានឈ្មោះក្នុងបញ្ចីបោះឆ្នោតប្រមាណ ៧៨% បាននាំគ្នាចេញទៅបោះឆ្នោតនៅថ្ងៃអាទិត្យហើយ នៅឡើយតែគណបក្សចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ នេះ មិនដឹងថាតើពួកគេនឹងប្រកាសទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ ឬយ៉ាងណាទេ នៅពេលមន្ត្រីបក្សគ្រប់គ្រងប្រទេសនិងប្រព័ន្ធផ្សព្វផ្សាយរបស់បក្សកាន់អំណាច បានប្រកាសពីលទ្ធផលនាំមុខគណបក្ស ១៦ ទៀត មុនការចេញលទ្ធផលជាផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ប្រជាពលរដ្ឋជាង ៧ លាននាក់ ក្នុងចំណោមពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតជាង ៩ លាននាក់ បានសម្តែងឆន្ទៈរបស់ខ្លួនរួចហើយ ដោយខ្លះបានសម្រេចចិត្តប្រគល់សន្លឹកឆ្នោតរបស់ពួកគេទៅឲ្យគណបក្សដែលខ្លួនពេញចិត្ត ខណៈអ្នកបោះឆ្នោតខ្លះទៀតជ្រើសរើសវិធីបោះឆ្នោតដែលប្រែក្លាយសន្លឹកឆ្នោតរបស់ពួកគេឲ្យទៅជាសន្លឹកឆ្នោតមិនបានការ។ ប៉ុន្តែគេនៅមិនទាន់ដឹងចំនួនពិតប្រាកដនៃសន្លឹកឆ្នោតមិនបានការនេះនៅឡើយទេ គិតត្រឹមយប់ថ្ងៃអាទិត្យ។ នេះបើយោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលបានធ្វើសន្និសីទកាសែត ក្រោយពីការបោះឆ្នោតបានបញ្ចប់។
មានគណបក្សនយោបាយសរុបចំនួន ១៧ បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ ដើម្បីឲ្យអ្នកបោះឆ្នោតបានជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ១១.៦២២នាក់ ចេញពីបេក្ខជនប្រកួតប្រជែងសរុបចំនួន ៨៦.០៩២ នាក់ទូទាំងប្រទេស។
ប៉ុន្តែក្នុងចំណោមគណបក្សប្រកួតប្រជែងទាំងនេះ មានតែគណបក្ស ៣ ប៉ុណ្ណោះដែលបានឈរឈ្មោះនៅទូទាំង ២៥ ខេត្តនិងរាជធានីគឺគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច គណបក្សភ្លើងទៀនដែលបែកចេញពីសម្ព័ន្ធគណបក្សសង្គ្រោះជាតិ និងគណបក្សខ្មែររួបរួមជាតិដែលបែកចេញពីសម្ព័ន្ធគណបក្សហ្វ៊ុនស៊ិនប៉ិច។
មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានដាក់បេក្ខជនប្រកួតក្នុងគ្រប់ឃុំសង្កាត់ទាំង ១.៦៥២ ទូទាំងប្រទេស។
គណបក្សធំជាងគេទី ២ គឺគណបក្សភ្លើងទៀន ដែលបានដាក់បេក្ខជនចូលរួមប្រកួតប្រជែងក្នុងឃុំសង្កាត់ចំនួន ១.៦២៣។ ចំណែក គណបក្សដែលបានដាក់បេក្ខជនចូលរួមប្រកួតតិចជាងគេ គឺគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលឈរឈ្មោះតែក្នុងខេត្តតែ ៣ នៃឃុំ/សង្កាត់ចំនួន ៤ ដោយមានបេក្ខជនសរុបតែ ៦៤ នាក់ប៉ុណ្ណោះ។ នេះបើយោងតាមបញ្ជី គ.ជ.ប។
គណបក្សភ្លើងទៀន ត្រូវបានប្តូរឈ្មោះពីគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី ដែលបានច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិនៅឆ្នាំ ២០១២។
ប៉ុន្តែ សម្ព័ន្ធគណបក្សប្រឆាំងដែលមានកម្លាំងប្រកួតប្រកៀកប្រកិតគ្នាជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ត្រូវបានតុលាការកំពូលកម្ពុជារំលាយកាលពីឆ្នាំ ២០១៧ ក្រោយការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៤។
ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នេះ មានតែគណបក្សភ្លើងទៀនទេដែលបានសម្រេចចិត្តចូលរួមប្រកួតប្រជែង។ ចំណែកគណបក្សសិទ្ធិមនុស្សមិនបានចូលរួមឡើយ។
មានគណបក្សយ៉ាងតិច ២ ផ្សេងទៀត បានធ្វើពហិការ មិនចូលរួមការបោះឆ្នោតនេះ គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនិងគណបក្សខ្មែរឈប់ក្រ ដោយលើកហេតុផលនិងចោទសួរអំពីនីតិវិធីឯករាជ្យភាពរបស់ គ.ជ.ប។
ទោះជាការបោះឆ្នោតមូលដ្ឋាននេះ មានក្រុមអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិខ្លះមែន ក៏អ្នកឃ្លាំមើលការបោះឆ្នោតខ្លះទៀតដូចជាសហគមន៍អឺរ៉ុបនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បដិសេធមិនបញ្ជូនអ្នកសង្កេតការណ៍ ឬវាយតម្លៃអំពីភាពស្របច្បាប់នៃការបោះឆ្នោតនេះទេ៕