ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បោះ​​ឆ្នោត​មួយ​ចំនួន៖ ការជ្រើសរើស​ចៅ​សង្កាត់​សំខាន់​លើ​បុគ្គល​មិនមែន​លើ​គណបក្ស​នយោបាយ​នោះ​ទេ


ពលរដ្ឋបោះឆ្នោត នៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ នៅក្នុងបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥​ នៅថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០២២។ (កាន់​ វិច្ឆិកា/វីអូអេ)
ពលរដ្ឋបោះឆ្នោត នៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ នៅក្នុងបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥​ នៅថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០២២។ (កាន់​ វិច្ឆិកា/វីអូអេ)

ការ​ជ្រើស​រើស​យក​បុគ្គល​ដែល​បម្រើ​ប្រជា​ពល​រដ្ឋ​បាន​ល្អ​ជា​ចៅ​សង្កាត់​ដោយ​មិន​ផ្តោត​ទៅ​លើ​គណបក្ស​នយោបាយ ​គឺ​ជា​ការ​សម្រេច​របស់​ប្រជា​ពល​រដ្ឋមួយ​ចំនួន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​
ដែល​បាន​ចូល​រួម​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ ឃុំ ​សង្កាត់​អាណត្តិ​ទី​៥ ​នៅ​ថ្ងៃ​អាទិត្យ។ នេះ​បើ​តាម​ប្រជា​ពលរដ្ឋ​ដែល​វីអូអេ​បាន​សាកសួរ។

រាជ​ធានី​ភ្នំពេញ​មាន​ការិយាល័យ​បោះ​ឆ្នោត​ចំនួន​២.១៩៧ ហើយអ្នក​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី
បោះ​ឆ្នោត​ជិត​៩០​ម៉ឺន​នាក់​ នៅ​ក្នុង​សង្កាត់​ចំនួន​១០៥ ​ដែល​មាន​អាសនៈ​ក្រុម​ប្រឹក្សាសរុប​ចំនួន​៨៩៩។
នៅ​ក្នុង​មណ្ឌល​បោះ​ឆ្នោត​សាលា​វិចិត្រ​សិល្បៈ​ ​មាន​១៤​ការិយាល័យ​បោះ​ឆ្នោត​ហើយ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​មក​រង់​ចាំ​បោះ​ឆ្នោត​តាំង​ពី​មុន​ការ​បើក​ការិយាល័យ​បោះ​ឆ្នោត។

យុវជន​ ភឺន ​ប្រច័ក្រ​ អាយុ​២៣​ឆ្នាំ​ ជា​មន្ត្រី​ប៉ូលិស ​រស់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ​ខ័ណ្ឌ​សែន​សុខ​ ក្រុង​ភ្នំពេញ​ ដែល​បាន​ទៅ​បោះ​ឆ្នោត​នៅ​មណ្ឌល​បោះ​ឆ្នោត​សាលា​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា​ចៅ​សង្កាត់​ដែល​ត្រូវ​បោះឆ្នោត​ឱ្យ​ជា​ចៅ​សង្កាត់​ដែល​បម្រើ​សេវា​ដល់​ប្រជា​ពលរដ្ឋ​ ដោយ​មិន​គិត​ពី​ពេល​វេលា ​មិន​ប្រកាន់​វណ្ណៈ​ ឬ​បក្ស​ពួក។

«យើង​ជា​ប្រជាជន​ ចឹង​យើង​ត្រូវ​តែ​បំពេញ​កាតព្វ​កិច្ច​របស់​យើង ​បោះ​ឆ្នោត​យើង​ចង់​បាន​អ្នក​ធ្វើ​ការ​
ល្អ​ អ្នក​យល់​ពី​ទុក្ខ​ធុរៈ​ប្រជាជន​ បើ​សិន​ជា​បុគ្គល​ម្នាក់​ហ្នឹង​ធ្វើ​ការ​អត់​ល្អ​ ក៏​អត់​បោះ​ឱ្យ​ដែរ​ពី​ព្រោះ​
អី​បោះ​ឱ្យ​ហើយ​ធ្វើ​ការ​អត់​កើត​ផង​ចឹង​បើ​សិន​ជា​បក្ស​ល្អ​ហើយ​តែ​អ្នក​ធ្វើ​ការ ​ធ្វើ​អត់​កើត​ក៏​យើង​អត់​
បោះ​ឱ្យ​ដែរ»។

លោក ហម វាសនា អាយុ ៥៩ ឆ្នាំ ផ្តល់បទសម្ភាសន៍ដល់វីអូអេ ក្រោយពីបានបោះឆ្នោតហើយ ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)
លោក ហម វាសនា អាយុ ៥៩ ឆ្នាំ ផ្តល់បទសម្ភាសន៍ដល់វីអូអេ ក្រោយពីបានបោះឆ្នោតហើយ ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

ជា​មួយ​គ្នា​នេះ​ដែរ​ លោក​ ហម​ វាសនា ​អាយុ​៥៩​ឆ្នាំ​ ជា​សន្តិ​សុខ​ឯក​ជន​រស់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ ​ក្រុង​ភ្នំពេញ​ ដែល​បាន​ទៅ​បោះ​ឆ្នោត​នៅ​មណ្ឌល​បោះ​ឆ្នោត​សាលា​វិចិត្រ​សិល្បៈ
ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​ការ​បោះ​ឆ្នោត​របស់​លោក ​គឺ​សំដៅ​ទៅ​លើ​បុគ្គល​ដែល​បម្រើ​ប្រជា​ពល​រដ្ឋ​ស្អាត​សំ ​មិន​ពុក​រលួយ ​មិន​ប្រកាន់​គណបក្ស​នយោបាយ។

«​មេ​ឃុំ​ដែល​ខ្ញុំ​ចង់​បាន ​គឺ​ជា​មេ​ឃុំ​ដែល​ស្អាត​ស្អំ​ហើយ​មេ​ឃុំ​ដែល​បម្រើ​ប្រជា​ពលរដ្ឋ​ដោយ​ពុំ​ប្រកាន់​
និន្នាការ​គណបក្ស​នយោបាយ ​ពេល​ដែល​ខ្ញុំ​សម្រេច​បោះ​ឆ្នោត​នេះ​គឺ​ខ្ញុំ​បាន​មើល​ឃើញ​បុគ្គល​ហ្នឹង​
ហើយ​គឺ​គាត់​មាន​សមត្ថភាព ​បុគ្គល​ហ្នឹង​គឺ​គាត់​បម្រើ​ប្រជា​រាស្រ្ត​ដោយ​រលូន ​អា​ហ្នឹង​គឺ​ខ្ញុំ​បោះ​ឆ្នោត​
ឱ្យ​គាត់។​ចៅ​សង្កាត់​អត់​មាន​រើស​អើង​ប្រជា​ពល​រដ្ឋ​នៅ​ពេល​ដែល​ធ្វើ​លិខិត​ស្នាម​អី​គឺ​ខ្ញុំ​ចង់​បាន​ចៅ​សង្កាត់​ហ្នឹង»​។

នៅ​ក្នុង​ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ​ ​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​សាលា​វិចិត្រ​សិល្បៈ ​គេ​សង្កេត​ឃើញ​ថា​មិន​មាន​ករណី​បាត់​ឈ្មោះ​ ឬ​មិន​អាច​ចូល​រួម​ការ​បោះ​ឆ្នោតនោះ​ទេ។

នៅ​ក្នុង​មណ្ឌល​បោះ​ឆ្នោត​សាលា​វិចិត្រ​សិល្បៈ​នោះ​ដែរ​ អ្នក​ស្រី ​ដានី​ អាយុ​៣៣​ឆ្នាំ ​ជា​ស្ត្រី​មេ​ផ្ទះ​
រស់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌសែន​សុខ ​ក្រុង​ភ្នំពេញ​ទើប​តែ​បោះ​ឆ្នោត​រួច ​បាន​ឱ្យ​ដែរ​ថា​អ្នក​ស្រី​
មិន​ប្រកាន់​បក្ស​ណា​នោះ​ទេ ​សំខាន់​បុគ្គល​ណា​ដែល​បម្រី​ប្រជា​ពល​រដ្ឋ​បាន​ល្អ​ប្រសើរ ​អ្នកស្រីបោះឱ្យបុគ្គល​នោះ​។

«គាត់​ហ្នឹង​ហើយ​ដែល​គេ​ហៅ​ថា​មេ​បា​របស់​យើង​ ចង់​និយាយ​ថា​យើង​អាច​ពឹង​ពាក់​បាន​អី​ចឹង​ យើង​អត់​គិត​ថា​លើ​បក្ស​ឬ​មិន​លើ​បក្ស​ទេ​ សំខាន់​មើល​បុគ្គល​ណា​គាត់​អភិវឌ្ឍ​ភូមិ​ឃុំ​យើង​អត់​ ពី​ព្រោះ​ខ្ញុំ​មើល​តែ​បុគ្គល​មិន​មើល​លើ​បក្ស​ទេ​ ខ្ញុំ​មើល​លើ​បុគ្គល​ថា​គាត់​ មិន​មែន​តែ​យើង​ទេ​ អ្នក​ផ្សេង​ទៅ​ពឹង​ពាក់​អី​ចឹង​បាន ​ឬ​អត់ ​យើង​មិន​មែន​ប្រកាន់​បក្ស​ណា​បក្ស​ណី​ទេ ​ក៏​ប៉ុន្តែ​សំខាន់​អ្នក​ណា​យើង​អាច​ពឹង​ពាក់​បាន​យើង​បោះ​ឱ្យ​អ្នក​ហ្នឹង»។

អ្នកស្រី ដានី អាយុ ៣៤ ឆ្នាំ ជាស្រ្តីមេផ្ទះរស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រុងភ្នំពេញ បានបោះឆ្នោតនៅការិយាល័យបោះឆ្នោតសាលាវិចិត្រសិល្បៈ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២។ (ធីតា វីន/វីអូអេ)
អ្នកស្រី ដានី អាយុ ៣៤ ឆ្នាំ ជាស្រ្តីមេផ្ទះរស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រុងភ្នំពេញ បានបោះឆ្នោតនៅការិយាល័យបោះឆ្នោតសាលាវិចិត្រសិល្បៈ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២។ (ធីតា វីន/វីអូអេ)

នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ គណ​បក្ស​ចំនួន​១១​ ចូល​រួម​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នេះ​ក្នុង​នោះ​គណ​បក្ស​ប្រជាជនកម្ពុជាដាក់​បេក្ខជន​ឈរ​ឈ្មោះ​បាន​ក្នុង​សង្កាត់​ទាំង​អស់ សរុប​ចំនួន១០៥សង្កាត់​ គណ​បក្ស​ភ្លើង​ទៀន ៩៥សង្កាត់ ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​១៩​សង្កាត់ ​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​១៩​សង្កាត់ គណ​បក្ស​ឆន្ទៈ​ខ្មែរ​១១​សង្កាត់ ​គណ​បក្ស​យុវ​ជន​កម្ពុជា​១០សង្កាត់ ​គណ​បក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិប​តេយ្យ៤​សង្កាត់ ​គណ​បក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន​ និងគណ​បក្ស​កម្ពុជា​និយម​មាន​២​សង្កាត់ គណបក្ស​សញ្ជាតិ​កម្ពុជា ​និង​គណ​បក្ស​ខ្មែរ​ស្រលាញ់​ជាតិ​មាន​១​សង្កាត់។

ចំណែក​ឯ​នៅ​មណ្ឌល​វិទ្យា​ល័យ​ឥន្ទ្រ​ទេវី​វិញ ​លោក​ ជឿន ​សាខុន ​អាយុ​៨៧​ឆ្នាំ​ ជា​ប្រជាពលរដ្ឋ​
រស់​នៅ​សង្កាត់​បឹង​កក់​ទី​២​ខណ្ឌទួល​គោក ​ក្រុង​ភ្នំពេញ។ ​ដៃ​កាន់​ឈើ​ច្រត់​សម្រាប់​ជំនួយ​ក្នុង​ការ​ធ្វើ​
ដំណើរ​ លោក​បាន​ប្រាប់​VOA​ថា​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ​គឺ​សំខាន់​ណាស់ ​ដើម្បី​រើស​អ្នក​គ្រប់​គ្រង​មូល​ដ្ឋាន​ដូច្នេះ​ចៅ​សង្កាត់​ដែល​ត្រូវ​ជ្រើស​រើស ​គឺ​ត្រូវ​ស្គាល់​ពី​សុខ​ទុក្ខ​ប្រជា​ពល​រដ្ឋ​ និង​ជួយ​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​មូល​ដ្ឋាន​ពេល​ប្រជា​ពល​រដ្ឋ​ជួប​ការ​លំបាក។

«អូ​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​ប្រជាជន​ខ្មែរ ​គឺ​ថា​ត្រូវ​ការ​គ្រប់​គ្រង​ភូមិ​ស្រុក​ គឺ​ថា​ត្រូវ​មើល​ប្រជា​
ពលរដ្ឋ​ថា​ក្រី​ក្រ​ ឬ​យ៉ាង​ម៉េច​ៗ​សុខ​ទុក្ខ ​យើង​រើស​អ្នក​កាន់​អំណាច​ណា​ដែល​មាន​សមត្ថ​ភាព ​គឺ​
សំដៅ​ទៅ​លើ​បុគ្គល​បម្រើ​ប្រជា​ពល​រដ្ឋ​តែ​ម្តង​អត់​មើល​គណ​បក្ស​ទេ​។ ​គាត់​អ្នក​គ្រប់​គ្រង​ធ្វើ​ល្អ​ អាហ្នឹង​យើង​ស្រលាញ់​ហើយ ​យើង​មិន​បាន​គិត​គូរ​ទៅ​លើ​បក្ស​អី​»។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ចូលរួមបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នៅការិយាល័យបោះឆ្នោត នៃសង្កាត់បឹងកក់ទី២ ក្នុងបរិវេណវិទ្យាល័យឥន្រ្ទទេវី នៅរាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ចូលរួមបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នៅការិយាល័យបោះឆ្នោត នៃសង្កាត់បឹងកក់ទី២ ក្នុងបរិវេណវិទ្យាល័យឥន្រ្ទទេវី នៅរាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ដែរ​ លោក ​សុន ​ឆ័យ ​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ដែល​បាន​ទៅ​បោះ​ឆ្នោត​នៅ​មណ្ឌល​វិទ្យា​ល័យ​ឥន្ទ្រ​ទេវី​ បាន​គាំ​ទ្រ​ចំពោះ​ការ​យល់​ឃើញ​របស់​ប្រជា​ពលរដ្ឋ​ដែល​ជ្រើស​រើស​មេ​ដឹក​នាំ​មូល​ដ្ឋាន​របស់​ខ្លួន ​ដោយ​សំឡឹ​ងមើល​លើ​សមត្ថភាព​បុគ្គល​ជា​ជាង​លើ​គណ​បក្ស។

«​ប្រជា​រាស្រ្ត​រើស​តំណាង​របស់​គេ ​គឺ​ដើម្បី​ឱ្យ​អ្នក​តំណាង​បម្រើ​គេ​មិន​មែន​បម្រើ​បក្ស​ទេ​ដូច្នេះ​ខ្ញុំ​ពេញ​ចិត្ត​នូវ​គំនិត​របស់​ពល​រដ្ឋ​ដែល​បាន​សម្តែង​នេះ។ ខ្ញុំ​ថា​បើ​ពល​រដ្ឋ​ខ្មែរ​ទូ​ទៅ​យក​ចិត្ត​ទុក​ដាក់​រើស​មនុស្ស​ល្អ​ ដើម្បីបម្រើ​ខ្លួន​ជា​ជាង​រើស​បក្ស​ដែល​ក្នុង​នោះ​អាច​មាន​មនុស្ស​មិន​ល្អ​ដែល​អាច​យក​ឈ្មោះ​បក្ស​ហ្នឹង​ទៅ​លាយ​ឡំ​អាច​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំ​អាក្រក់​ហ្នឹង​ ដូច្នេះ​ខ្ញុំ​គាំ​ទ្រ​នូវ​គំនិត​នេះ​ ហើយ​យើង​នៅ​បន្ត​គំនិត​ថា​ឃុំ​ត្រូវ​បម្រើ​រាស្រ្ត​កុំ​បម្រើ​បក្ស​នេះ​ត​ទៅ​ទៀត»។

ប្រជា​ពល​រដ្ឋ​ដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​នេះ មួយ​ចំនួន​មាន​ការ​ខ្លាច​រអា​ក្នុង​ការ​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារ​ពត៌មាន។ ​ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ឲ្យ​ដឹង​ថា​ពួកគេ​ស្គាល់​តែ​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​ភ្លើង​ទៀន។

ជុំ​វិញ​ការ​យល់​ឃើញ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ជ្រើស​រើស​មេដឹក​នាំ​ថ្នាក់​មូល​ដ្ឋាន​របស់​ខ្លួន​ដោយ​សំដៅ​ទៅ​លើ​បុគ្គល​ច្រើន​ជាង​គណ​បក្ស ​លោក ​សុខ ​ឥសាន​ អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា ​បាន​ឱ្យ​ដឹង​ថា​វា​គឺជា​សិទ្ធ​របស់​ប្រជា​ពលរដ្ឋ ​ក៏​ប៉ុន្តែ​នៅ​មិន​ទាន់​បាន​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ប្រជា​ពល​រដ្ឋ​បែប​នេះ។

លោក​ថ្លែង​ថា៖ «គាត់​គ្រាន់​តែ​ឃើញ​ឈ្មោះ​អត់​ដែល​ស្គាល់​បេក្ខជន​ហ្នឹង​ផង​ គាត់​ធ្វើ​ម៉េច​ថា​ចៅ​សង្កាត់​ល្អ​ឬ​មិន​ល្អ​ចឹង​បាន​ជា​គេ​ឱ្យ​យើង​វាយ​តម្លៃ​ទៅ​លើ​កម្ម​វិធី​នយោបាយ​របស់​គណបក្ស​អាហ្នឹង​ទី១​ ទី​២ ​បើ​ចៅ​សង្កាត់​ឬ​មួយ​មេ​ឃុំ​ណា​ដែល​មាន​មុខ​តំណែង​ហើយ ​ហើយ​ឆ្លង​កាត់​ការងារ​អា​ហ្នឹង​បាន​អាច​វាយ​តម្លៃ​ទៅ​បាន។ ​ចំពោះ​បេក្ខជន​ភាគ​ច្រើន​គឺ​ថា​អត់​ទាន់​បាន​ឆ្លង​កាត់​ការងារ​ផង​ធ្វើ​ម៉េច​ឱ្យ​វាយ​តម្លៃ​កើត​ថា​មនុស្ស​នេះ​ល្អ ​ឬ​អាក្រក់​ យើង​មិន​អាច​គ្រាន់​តែឮឈ្មោះ​ហើយ​ឮ​ការ​សន្យា​យើង​វាយ​តម្លៃ​ថា​ល្អ​ទេ»។

គួរ​បញ្ជាក់​ថា​កាល​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៤ ​កន្លង​ទៅ​ អតីតគណបក្ស​សង្គ្រោះ​ជាតិបាន​ឈ្នះ​តំណែង​ចៅ​សង្កាត់​ចំនួន​៥៧​ក្នុង​រាជធានី​ភ្នំពេញ ​ហើយ​៤៨​សង្កាត់​បាន​ទៅ​គណបក្ស​ប្រជាជនកម្ពុជា៕

XS
SM
MD
LG