ទីក្រុងតូក្យូ — រដ្ឋមន្ត្រីការបរទេសជប៉ុននៅថ្ងៃពុធនេះបានជំរុញរដ្ឋាភិបាលក្រុងប៉េកាំងឱ្យ «ដើរតួនាទីប្រកបដោយការទទួលខុសត្រូវ» ចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅក្នុងការចរចាលើកដំបូងជាមួយសមភាគីចិនរបស់លោក នៅក្នុងរយៈពេល ៦ ខែនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ជប៉ុនបានចូលរួមជាមួយសម្ពន្ធមិត្តលោកខាងលិចស្តីពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ខ្លាំងប្រឆាំងនឹងរុស្ស៊ីចំពោះវិបត្តិនៅអ៊ុយក្រែន ខណៈដែលរដ្ឋាភិបាលចិនបានបដិសេធថ្កោលទោសការឈ្លានពានរបស់រដ្ឋាភិបាលរុស្ស៊ីនោះឡើយ។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានប្រាប់រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថា ការឈ្លានពានរបស់រុស្ស៊ី «ជាការរំលោភដ៏ច្បាស់ក្រឡែតដល់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិផ្សេងៗទៀត»។ នេះបើតាមសេចក្តីថ្លែង ការណ៍របស់ក្រសួងការបរទេសជប៉ុន។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា លោករដ្ឋមន្ត្រីការបរទេសជប៉ុនបាន «ជំរុញចិនឱ្យដើរតួនាទីប្រកបដោយការទទួលខុសត្រូវ នៅក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខ»។
ក្រសួងការបរទេសជប៉ុនបានបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាលើកទី ១ ហើយដែលត្រូវបានធ្វើឡើងរវាងរដ្ឋមន្ត្រីការបរទេសទាំង ២ ចាប់តាំងពីខែវិច្ឆិកាមក នៅពេលដែលការបារម្ភកើនឡើងចំពោះភាពតានតឹងខាងភូមិសាស្ត្រនយោបាយ។
ចិននិងរុស្ស៊ីត្រូវបានគេដឹងឮថា កំពុងបង្កើនការសម្របសម្រួលគ្នា ដោយរដ្ឋាភិបាលក្រុងប៉េកាំងបានបដិសេធមិនចូលរួមរិះគន់លើការឈ្លានពានរបស់រដ្ឋាភិបាលរុស្ស៊ី ថ្វីបើខ្លួនបានសន្យាថា មិនរារាំងដល់ការដាក់ទណ្ឌកម្មប្រឆាំងនឹងសង្គ្រាមនេះក៏ដោយ។
ជំនួបនេះកើតមានឡើង នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គ្រោងធ្វើដំណើរទៅប្រទេសជប៉ុននៅសប្តាហ៍នេះ បន្ទាប់ពីឈប់សំចតនៅក្នុងរដ្ឋធានីសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងរួច។
លោកប្រធានាធិបតី Biden នឹងជួបប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងចូលរួមជំនួបរបស់ក្រុមប្រទេសចតុភាគី Quad ដែលរួមមានប្រទេសអូស្ត្រាលីនិងឥណ្ឌាផងដែរ៕