ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​នៅ​ខែ​ក្រោយ​ដើម្បី​បង្កើត​រណសិរ្ស​រួបរួម​មួយ​ស្តីពី​កូរ៉េ​ខាង​ជើង​និង​រុស្ស៊ី


រូបឯកសារ៖ លោក​ប្រធានាធិបតី Joe Biden ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​សុក្រ ទី២២ ខែ​មេសា ឆ្នាំ២០២២ នៅ​មហា​វិទ្យាល័យ Green River ក្នុង​ទីក្រុង Auburn រដ្ឋ​វ៉ាស៊ីនតោន។
រូបឯកសារ៖ លោក​ប្រធានាធិបតី Joe Biden ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​សុក្រ ទី២២ ខែ​មេសា ឆ្នាំ២០២២ នៅ​មហា​វិទ្យាល័យ Green River ក្នុង​ទីក្រុង Auburn រដ្ឋ​វ៉ាស៊ីនតោន។

លោក Joe Biden ប្រធានាធិបតី​សហរដ្ឋអាមេរិកនឹង​ធ្វើដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​នៅ​ខែ​ក្រោយ​នេះ​ ​ដែលជា​ទស្សនកិច្ច​លើក​ទី១​របស់​លោកចាប់តាំង​ពី​បាន​ក្លាយ​ជា​ប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០២១មក។ លោក Biden នឹង​ធ្វើ​ការចរចា​ជាមួយ​សម្ពន្ធមិត្ត​នៅ​ក្នុង​ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង ​អំពី​ឥទ្ធិពល​កំពុង​កើន​ឡើង​របស់​ចិន​នៅ​ក្នុង​តំបន់​និង​ការគំរាម​កំហែង​នុយក្លេអ៊ែរ​នៅពេល​ថ្មីៗនេះ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង។ នេះ​បើ​តាមសេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សេតវិមាន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា «ពួក​មេដឹកនាំ​នឹង​ពិភាក្សា​អំពី​ឱកាស​ដើម្បី​បង្កើន​ទំនាក់​ទំនង​សន្តិសុខ​របស់​យើង​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​ឡើង លើក​តម្កើង​ចំណង​ទាក់ទង​សេដ្ឋកិច្ច ហើយ​នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ឡើង​របស់​យើង​ដើម្បី​ធ្វើ​ឱ្យ​មាន​លទ្ធផល​ពិតប្រាកដ»។

លោក​ប្រធានាធិបតី Biden នឹង​ជួប​ប្រធានាធិបតី​ថ្មី​របស់​កូរ៉េ​ខាង​ត្បូង​លោក Yoon Suk-yeol នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល៣ថ្ងៃ​ ដែល​កើត​មាន​ឡើង​ភ្លាមៗ​បន្ទាប់ពី​ការស្បថ​ចូលកាន់​តំណែង​របស់​លោក Yoon នៅ​ថ្ងៃ​ទី១០ ខែឧសភា។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី២២ ខែ​ឧសភា​ ជាទីកន្លែង​ដែល​លោក​នឹង​ជួប​លោក​នាយក​រដ្ឋមន្ត្រី Fumio Kishida មុនពេល​មេដឹកនាំ​ទាំង២ ចូលរួម​ជំនួប​របស់​ក្រុម​សន្តិសុខ​ចតុភាគី (Quad) ជាមួយ​សមភាគី​របស់​អស់​លោក​មកពី​ប្រទេស​អូស្ត្រាលី​ និង​ឥណ្ឌា។

ដំណើរ​ទស្សនកិច្ច​របស់​លោក Biden ទៅកាន់​តំបន់​អាស៊ី​ កើត​មាន​ឡើងនៅពេល​ដែល​រដ្ឋាភិ​បាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ស្វះស្វែង​ពង្រឹង​សាមគ្គីភាព ​និង​ការតាំងចិត្ត​ក្នុង​ចំណោម​សម្ពន្ធមិត្ត​នៅ​ក្នុង​ការឆ្លើយតប​ទាំង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ​និង​ឥទ្ធិពល​សេដ្ឋកិច្ច​និង​សន្តិសុខរបស់​ចិន​ដែល​កំពុង​កើនឡើង​នៅ​ក្នុង​តំបន់។

បញ្ហា​កូរ៉េ​ខាង​ជើង​ត្រូវ​គេ​រំពឹង​ថា នឹង​ក្លាយជា​ប្រធានបទ​ដ៏​សំខាន់​មួយ​សម្រាប់​ការពិភាក្សា​ទាំង​នៅ​ក្នុង​រដ្ឋធានី​សេអ៊ូល​និង​ទីក្រុង​តូក្យូ នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កំពុង​បង្ហាញ​ពីការពង្រីក​លទ្ធិថ្មី​សម្រាប់​ការប្រើ​អាវុធ​នុយក្លេអ៊ែរ។

មេដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jong Un បាន​គំរាម​កំហែង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​វាយ​ប្រហារ​ប្រទេស​ណា​ដែល​រំលោភ«ផលប្រយោជន៍​ដ៏​សំខាន់»របស់​កូរ៉េ​ខាង​ជើង។

ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​លោក Yoon បាន​សន្យា​បង្កើន​សមត្ថភាព​ខាង​ការពារ​ប្រទេស​របស់​កូរ៉េ​ខាង​ត្បូង ​ដើម្បី​ទប់ទល់​នឹង​ការគំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង។

នៅ​ក្នុង​រាជធានី​តូក្យូ​វិញ លោក Biden និង​លោក Kishida នឹង​ស្វះស្វែងរក​មធ្យោបាយ​ដើម្បី​ស្ថាបនា​ចំណង​ទាក់ទង​របស់លោក​ទាំង២ ​ដើម្បី​លើក​កម្ពស់​សន្តិភាព​ និង​វិបុលភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ និង​ហួស​ពី​តំបន់​នេះ​ទៀត។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក Hirokazu Matsuno រដ្ឋមន្ត្រី​ទទួល​បន្ទុក​គណៈរដ្ឋមន្ត្រី​របស់​ជប៉ុន៕

XS
SM
MD
LG