ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ពិភាក្សា​ការ​ពង្រឹង​មជ្ឈភាព​អាស៊ាន​ក្នុង​ពេល​មាន​ការ​ប្រកួតប្រជែង​ភូមិសាស្រ្ត​នយោបាយ​


លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២។

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​ដែល​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ថ្លែង​ថា​ សមាជិក​បាន​ពិភាក្សា​គ្នា​ដោយ​ស្ថាបនា​និង​ផ្លែផ្កា​លើ​ផែនការ​ការងារ​មួយ​ឆ្នាំ​របស់​អាស៊ាន​ហើយ​ក៏​មាន​ការ​ពិភាក្សា​អំពី​ការ​ពង្រឹង​មជ្ឈភាព​របស់​សមាគម​នេះ​ក្នុង​ពេល​មាន​ការ​ប្រកួត​ប្រជែង​ភូមិ​សាស្រ្ត​នយោបាយ។​

លោក ​ប្រាក់ សុខុន​ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​នៅ​សណ្ឋាគារ​ Sofitel Phnom Penh Phokeethra នៅ​រាជធានី​ភ្នំពេញ។​

លោក​ថ្លែង​ថា​រដ្ឋមន្រ្តី​ការបរទេស​បាន​ពិភាក្សា​ពី​មធ្យោបាយ​នានា​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ការ​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​កសាង​សហគមន៍​អាស៊ាន​ការ​កសាង​សមត្ថភាព​ការ​ពង្រឹង​មជ្ឈភាព​អាស៊ាន​ការ​រួបរួម​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ខាង​ក្រៅ​ការ​ស្តារ​ស្ថានភាព​ក្រោយ​ជំងឺ​កូវីដ១៩​បញ្ហា​ទំនាក់ទំនង​សេដ្ឋកិច្ច​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​និង​បញ្ហា​ប្រទេស​មីយ៉ាន់ម៉ា​ជា​ដើម។

នៅ​ក្នុង​បញ្ហា​ការ​ប្រកួត​ប្រជែង​ភូមិសាស្រ្ត​នយោបាយ​លោក​ ប្រាក់ សុខុន​ បាន​បញ្ជាក់​ថា៖​ «អ៊ីចឹង​យើង​បាន​ពិភាក្សា​គ្នា​ថា​ តើ​ធ្វើ​ម៉េច ​ដឹកនាំ​អាស៊ាន​ដឹកនាំ​ការ​កសាង​សហគមន៍​អាស៊ាន​នេះ​ក្នុង​កម្រិត​ណា​ដែល​មិន​ត្រូវ​ទទួល​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ពី​ការ​ប្រកួត​ប្រជែង​នោះ។​ នេះ​ជា​រឿង​សំខាន់។​ អ៊ីចឹង​ហើយ​បាន​ជា​រដ្ឋមន្រ្តី​ការ​បរទេស​នានា​បាន​លើក​ឡើង​អំពី​ការ​ពង្រឹង​មជ្ឈភាព​របស់​អាស៊ាន»។​

បើ​តាម​លោក​ ប្រាក់ សុខុន​ អាស៊ាន​ក៏​បន្ត​បារម្ភ​អំពី​បញ្ហា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​និង​អំពាវនាវ​ឲ្យ​របប​យោធា​មីយ៉ាន់ម៉ា​«ចាត់​វិធានការ​រឹងមាំ»​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​៥​ចំណុច​ដែល​បាន​ឯកភាព​គ្នា​កាល​ពី​ខែ​មេសា​ឆ្នាំ​២០២១​«ឲ្យ​ឆាប់​រហ័ស»។ ​លោក​បន្ថែម​ថា​ការ​ជជែក​អំពី​បញ្ហា​ប្រទេស​មីយ៉ាន់ម៉ា​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​នាម​ជា​«គ្រួសារ​អាស៊ាន»​ ហើយ​ចង់​ជួយ​ប្រទេស​មីយ៉ាន់ម៉ា​ឲ្យ​ចាក​ផុត​ពី​វិបត្តិ​នយោបាយ។​ លោក​បញ្ជាក់​ថា​ បញ្ហា​មីយ៉ាន់ម៉ា​«ស្មុគ​ស្មាញ​ណាស់» ហើយ​វា​ទាមទារ​ពេល​វេលា​និង​ការ​អត់ធ្មត់។ ​

គួរ​បញ្ជាក់​ថា​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​៦​រូប​បាន​មក​ចូលរួម​ប្រជុំ​ដោយ​ផ្ទាល់​នៅ​រាជធានី​ភ្នំពេញ​ហើយ​៣​នាក់​ទៀត​បាន​ចូលរួម​តាម​វីដេអូ​អនឡាញ​រួម​មាន​រដ្ឋមន្រ្តី​ការ​បរទេស​ព្រុយណេ​វៀតណាម ​និង​ថៃ។​ កិច្ច​ប្រជុំ​នេះ​មិន​មាន​វត្តមាន​រដ្ឋមន្រ្តី​ការ​បរទេស​របស់​របប​យោធា​មីយ៉ាន់ម៉ា​ឡើយ​ដោយសារ​អាស៊ាន​សម្រេច​មិន​អញ្ជើញ​មន្រ្តី​ថ្នាក់​នយោបាយ​ក្រោយ​មិន​មាន​ការ​វិវឌ្ឍ​ជា​ដុំកំភួន​នៃ​ចំណុច​ព្រម​ព្រៀង​ទាំង​៥​កាល​ពី​ខែ​មេសា​ឆ្នាំ​២០២១​នោះ៕

XS
SM
MD
LG