ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ស្ដាយ​ថា រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​មក​ប្រជុំ​មិន​គ្រប់​គ្នា ​តែ​ស្នើ​សុំ​ឱ្យ​អាស៊ាន​ស្រុះ​ស្រួល​ឯក​ភាព​គ្នា


លោក​ ប្រាក់ សុខុន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្លែង​សន្ទរកថា​ស្វាគមន៍​នៅក្នុង​ពិធី​ជួបជុំ​ស្វាគមន៍​​ ​ក្នុងពិធីជប់លៀងស្វាគមន៍​គណៈប្រតិភូ​ ក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ​ភ្នំពេញ​ ថ្ងៃ​ទី​១៦​ ខែកុម្ភៈ ឆ្នាំ​២០២២។
លោក​ ប្រាក់ សុខុន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្លែង​សន្ទរកថា​ស្វាគមន៍​នៅក្នុង​ពិធី​ជួបជុំ​ស្វាគមន៍​​ ​ក្នុងពិធីជប់លៀងស្វាគមន៍​គណៈប្រតិភូ​ ក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ​ភ្នំពេញ​ ថ្ងៃ​ទី​១៦​ ខែកុម្ភៈ ឆ្នាំ​២០២២។

នៅ​យប់​មុន​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​លោក​ ប្រាក់ សុខុនរដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​ បាន​អំពាវនាវ​ឱ្យ​អង្គការ​ថ្នាក់​តំបន់​មួយ​នេះ​រួបរួម​ឯក​ភាព​គ្នា​នៅ​ចំ​ពេល​មាន​ការ​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន ​រួម​ទាំង​បញ្ហា​អភិក្រម​តំបន់​ដើម្បី​ឆ្លើយ​តប​នឹង​វិបត្តិ​ក្រោយ​រដ្ឋ​ប្រហារ​នៅ​ប្រទេស​ភូមា។​

ថ្លែង​ប្រាប់​ក្រុម​សមភាគី​អាស៊ាន​ និង​អ្នក​មុខ​អ្នក​ការ​នៅ​ក្នុង​ពិធី​ទទួល​ភោជនាហារ​ទទួល​ស្វាគមន៍​គណៈ​ប្រតិភូ ​ លោក ​ប្រាក់ សុខុន​ បាន​និយាយ​ដោយ​មិន​ចំ​ឈ្មោះ​ដល់​បញ្ហា​មីយ៉ាន់ម៉ា ​ដោយ​បាន​បង្ហាញ​ការ​សោក​ស្ដាយ​ដែល​ក្រុម​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជា​សមាជិក​មក​ប្រជុំ​មិន​ជុំ​គ្នា។​

លោក ប្រាក់ សុខុន បាន​ប្រដូច​អាស៊ាន​ទៅ​នឹង​«គ្រួសារ»​មួយ។

«មិន​មាន​ក្ដី​ពិភាល់​នោះ​ទេ​ ដែល​ថា ​ ជា​រឿយៗ​ យើង​ប្រហែល​ជា​មាន​ទស្សនៈ​យល់​ឃើញ​ខុស​គ្នា​លើ​បញ្ហា​មួយ​ចំនួន។​ យ៉ាង​ណា​ក្ដី​ តើ​មាន​គ្រួសារ​ណា​ដែល​មិន​មាន​បញ្ហា​ទាល់​តែ​សោះ​នោះ?»​

លោក​ ប្រាក់ សុខុន ​បាន​បន្ថែម​ថា៖​

«អ្វី​ដែល​ខ្ញុំ​សោក​ស្ដាយ​បំផុត​នោះ​គឺ​ថា ​កាលៈទេសៈ​បច្ចុប្បន្ន​មិន​បាន​អនុញ្ញាត​ឱ្យ​រដ្ឋមន្ត្រី​ទាំង​១០​[ប្រទេស]​អាច​អង្គុយ​ជុំ​គ្នា​ និង​ពួត​ដៃ​គ្នា​ក្នុង​ការ​ដោះ​ស្រាយ​រាល់​បញ្ហា​ប្រឈម​ដែល​កើត​ឡើង​ចំពោះ​សហគមន៍​របស់​យើង»។​

ប្រមុខ​ការ​ទូត​កម្ពុជា​ថ្លែង​អំពី​បញ្ហា​គ្រួសារ​អាស៊ាន ​និង​ការ​មិន​ជុំ​គ្នា​នេះ​ក្រោយ​ពេល​អាស៊ាន​បាន​សម្រេច​មិន​អញ្ជើញ​រដ្ឋមន្ត្រី​របប​សឹក​ភូមា​លោក​ Wunna Maung Lwin ​ចូល​រួម​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ឡើយ ​ បន្ទាប់​ពី​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​មួយ​ប្រាវ​ ដោយ​រក្សា​សមាសភាព​តំណាង​ប្រទេស​ភូមា​ត្រឹម​កម្រិត​មន្ត្រី​មិន​មែន​នយោបាយ​ប៉ុណ្ណោះ។​

ឧត្ដម​មន្ត្រី​នៃ​ក្រសួង​ការ​បរទេស​ភូមា​ដែល​គ្រប់​គ្រង​ដោយ​របប​សឹក​ បាន​ចូល​រួម​កិច្ច​ប្រជុំ​ឧត្ដម​មន្ត្រី​ការ​បរទេស​អាស៊ាន​កាល​ពី​ព្រឹក​ថ្ងៃពុធ ​តាម​ប្រព័ន្ធ​វីដេអូ​ពី​រដ្ឋធានី​ណៃពិដោ​ ​តែ​លោក​ ជុំ សុន្ទរី ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ ឧត្ដម​មន្ត្រី​រូប​នោះ​នឹង​មិន​ចូល​ប្រជុំ​ជំនួស​រដ្ឋមន្ត្រី​ខ្លួន​ឡើយ​ នៅ​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ថ្ងៃ​ព្រហស្បតិ៍។​

កម្ពុជា​ ដែល​ពី​ដំបូង​ប្រាថ្នា​ចង់​ឱ្យ​លោក ​Wunna Maung Lwin ​ចូល​រួម​ប្រជុំ​ដែរ​នោះ​ បាន​សម្រេច​ចិត្ត​តាម​យោបល់​បណ្ដា​រដ្ឋ​ជា​សមាជិក​ផ្សេង​ទៀត​ រួម​មាន​ ឥណ្ឌូណេស៊ី ​សិង្ហបុរី ​និង​ម៉ាឡេស៊ី ​ក្នុង​ការ​មិន​ឱ្យ​តំណាង​របប​សឹក​ភូមា​រូប​នេះ​ចូល​ប្រជុំ​ ក្រោយ​ហេតុ​ផល​មិន​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​៥​ចំណុច​ជាមួយ​អាស៊ាន ​ក្នុង​ការ​បន្ធូរ​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថាន​ការណ៍​ក្នុង​ប្រទេស​ខ្លួន។​

រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហបុរី ​ហ្វីលីពីន ​ឥណ្ឌូណេស៊ី ​ម៉ាឡេស៊ី ​ឡាវ ​មាន​វត្តមាន​ចូល​រួម​ផ្ទាល់​នៅ​ភ្នំពេញ ​ ខណៈ​វៀតណាម​ ព្រុយណេ​ ថៃ​ ចូល​រួម​តាម​ប្រព័ន្ធ​វីដេអូ។

លោក​ ប្រាក់ សុខុន ​ក៏​ស្នើ​ឱ្យ​បណ្ដា​រដ្ឋ​ជា​សមាជិក​ផ្សេង​ទៀត​គាំទ្រ​ខ្លួន​ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​ស្អែក ​ក្នុង​សណ្ឋាគារ​សូហ្វីតែល​ភូគីត្រា​ នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ។​

«ហើយ​នៅ​ថ្ងៃ​ស្អែក​ ខ្ញុំ​សង្ឃឹម​រំពឹង​លើ​ការ​គាំទ្រ​ពេញ​លេញ​ការ​យល់​យោគ​ និង​ស្មារតី​ស្រុះ​ស្រួល​ពី​អស់​លោក​ដើម្បី​បង្កើត​ និង​ក៏​ដូច​ជា​ស្វែង​រក​ឱ្យ​ឃើញ​ការ​ទម្លុះ​ទម្លាយ​រក​ច្រក​ចេញ​ខ្លះ​លើ​បញ្ហា​ប្រឈម​បំផុត​នានា​នៃ​តំបន់​របស់​យើង»។​

នៅ​ពេល​លោក ​ប្រាក់​ សុខុន ​ថ្លែង​សុន្ទរកថា​មក​ដល់​ចំណុច​ខាង​លើ​នេះវីដេអូ​ដែល​ចែក​ចាយ​ជា​ផ្លូវការ​ដោយ​ក្រុម​ការងារ​រៀបចំ​កិច្ច​ប្រជុំ​ ​បាន​ប្ដូរ​ពី​ថត​លោក​ទៅ​ថត​មុខ​លោក​Saifuddin Abdullah ​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ាឡេស៊ី ​ដែល​មាន​វត្តមាន​នៅ​ពិធី​នោះ​ដែរ។​

តាម​រយៈ​ទំព័រ​សារ​ព័ត៌មាន ​លោក ​Saifuddin Abdullah ​ធ្លាប់​បាន​រិះ​គន់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​វិធី​របស់​លោក​ដោះ​ស្រាយ​បញ្ហា​ភូមា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន។​ ​បន្ទាប់​មក​លោក Saifuddin Abdullah ​ត្រូវ​បាន​លោក​ ហ៊ុន សែន ​បរិហារ​វិញ​ថា​ មាន​ចរិត​«ព្រហើន»​ និង​មិន​យល់​ពី​របៀប​របប​ការ​ទូត។​

ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ លោក​ ប្រាក់ សុខុន ​ត្រូវ​គេ​រំពឹង​ថា ​នឹង​ដឹក​នាំ​សម​ភាគី​អាស៊ាន​កំណត់​របៀប​វារៈ​គោល​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២​នេះ ​ រួម​មាន​អ្វី​ដែល​លោក​បាន​ហៅ​ថា ​ ​បញ្ហា​ប្រកួត​ប្រជែង​គ្មាន​ត្រា​ប្រណី​នៃ​បណ្ដា​ប្រទេស​មហា​អំណាច​ជា​ដើម។​

ពិធី​ជប់​លៀង​ល្ងាច​ថ្ងៃ​ពុធ​បាន​បន្ត​ដោយ​មាន​ការ​សម្ដែង​សិល្បៈ​ខ្មែរ​វង់ស្គរ​ឆៃយ៉ាំ​ ភ្លេង​បុរាណ ​ របាំ​អប្សរា​ចម្រុះ​គ្នា​លាន់​រណ្ដំ​ពេញ​បន្ទប់ ​Ball Room ​នៃ​សណ្ឋាគារ​សូហ្វីតែល​ភូគីត្រា​ខណៈ​ការ​ប្រជុំ​ដ៏​សំខាន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​កំពុង​រង់ចាំ​ភ្ញៀវ​ទាំងអស់៕

XS
SM
MD
LG