ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃសុក្រនេះថា មនុស្ស ២ នាក់ទៀតបានស្លាប់ ដោយសារជំងឺកូវីដ១៩ ក្នុងនោះមានលោក ម៉ៅ អាយុទ្ធ ដែលជាផលិតករភាពយន្តល្បីឈ្មោះម្នាក់ និងមានតំណែងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។
ករណីស្លាប់ចុងក្រោយ ២ នាក់នេះ ធ្វើឲ្យចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា កើនឡើងដល់ ៣៨ នាក់ ក្នុងរយៈពេលជិត ២ ខែនៃការផ្ទុះឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី ២០ ខែកុម្ភៈមក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃសុក្រ។
ក្រសួងសុខាភិបាលឲ្យដឹងថា បុរសទាំង ២ ដែលម្នាក់អាយុ ៦៥ ឆ្នាំ និងម្នាក់ទៀតអាយុ ៧៧ ឆ្នាំ បានស្លាប់ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ បុរសវ័យ ៦៥ ឆ្នាំ ជាអ្នករស់នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានចូលមកទទួលការព្យាបាលនៅថ្ងៃទី ១៥ ខែមេសា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចំណែកបុរសវ័យ ៧៧ ឆ្នាំ ត្រូវបានគេស្គាល់ថាជាលោក ម៉ៅ អាយុទ្ធ មានទីលំនៅនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាផលិតករភាពយន្តជើងចាស់ម្នាក់។
លោក ម៉ៅ អាយុទ្ធ ដែលបានផលិតរឿង «ស្តេចកន» បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត តាំងពីថ្ងៃទី ៥ ខែមេសា ដោយមានស្ថានភាពហត់ដង្ហក់ខ្លាំង បន្ថែមលើជំងឺទឹកនោមផ្អែមដែលជាជំងឺប្រចាំកាយរបស់លោក។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកទាំង ២ បានស្លាប់នៅថ្ងៃទី ១៥ ខែមេសា ដោយសារវីរុសកូរ៉ូណាដែលបង្កជាជំងឺកូវីដ១៩ ធ្វើឲ្យមានវិបត្តិផ្លូវដង្ហើមស្រួចស្រាវ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មិនផ្តល់អត្ថាធិប្បាយបន្ថែមទៅលើសំណួររបស់អ្នកយកព័ត៌មានវីអូអេ ដោយបញ្ជាក់ថា រាល់ព័ត៌មានមានរាយការណ៍ក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារលោក ម៉ៅ អាយុទ្ធ ផងដែរ។ ចំណែករដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ចាត់ទុកមរណភាពរបស់លោក ម៉ៅ អាយុទ្ធ ថាជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានចូលរួមយ៉ាងសកម្មក្នុងការបម្រើលើវិស័យសារព័ត៌មាន សិល្បៈដែលរួមចំណែកដល់ការកសាងនិងអភិវឌ្ឍប្រទេសជាតិ។
គ្រាដែលការឆ្លងជំងឺកូវីដ១៩ និងការស្លាប់ដោយសារជំងឺនេះបានបន្តកើនឡើង រដ្ឋាភិបាលបានសម្រេចបិទខ្ទប់ទីក្រុងភ្នំពេញ និងភូមិសាស្ត្រក្រុងតាខ្មៅរបស់ខេត្តកណ្តាលយ៉ាងតក់ក្រហល់ កាលពីយប់ថ្ងៃទី ១៤ ខែមេសា ដែលជាវិធានការទប់ស្កាត់ការឆ្លងបន្ថែមនៃជំងឺកូវីដ១៩។
លោក ហ៊ុន សែន លើកឡើងថាស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ ក្នុងទីក្រុងភ្នំពេញ គួរឲ្យបារម្ ភហើយអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយកុំចាកចេញពីលំនៅដ្ឋាន។
លោកមានប្រសាសន៍ថា៖ «សុំអង្វរករបងប្អូនប្រជាពលដ្ឋរបស់យើងខិតខំឡើងរួមគ្នា ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់។ យើងកំពុងតែស្ថិតនៅក្នុងមាត់ជ្រោះនៃមរណៈ ហើយប្រសិនបើយើងមិនប្រឹងរួមគ្នា យើងនឹងឈានទៅរកមរណៈពិតប្រាកដ។ ដូច្នេះវិធីតែមួយគត់ គឺរួមដៃគ្នាទាំងរដ្ឋនិងប្រជាជន ជាពិសេសការគាំទ្រនិងចូលរួមរបស់ប្រជាជន»។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យប្រជាពលរដ្ឋផ្អាកការលក់គ្រឿងស្រវឹងក្នុងរយៈពេល ១៤ ថ្ងៃ ដែលជាផ្នែកមួយនៃការកាត់បន្ថយបន្ថែមទៀតនៃការចម្លងជំងឺកូវីដ១៩។
«ខ្ញុំសំណូមពរមិនមែនគ្រាន់តែទីក្រុងភ្នំពេញទេ នៅតាមខេត្តនានាឥឡូវនេះកំពុងតែការស៊ីផឹក ហើយដែលគ្មានការត្រួតពិនិត្យបាន។ សម្រាប់ក្រុមស៊ីផឹកខ្ញុំសុំអំពាវនាវសុំឲ្យទូទាំងប្រទេសលក់ដូរគ្រឿងស្រវឹង ដើម្បីបញ្ចៀសនូវការស៊ីផឹក ដោយគ្មានការចាំបាច់នៅតាមទីកន្លែងខ្លះ ហើយនៅទីក្រុងភ្នំពេញគ្រឿងស្រវឹងមិនមែនចាត់ទុកថាជាប្រភេទស្បៀងមួយនោះទេ។ ពិតមែនហើយ គេចាត់ទុកថា ស្រា ឬប៊ីយ៉ែគឺជាប្រភេទស្បៀង ក៏ប៉ុន្តែខ្ញុំសុំស្នើឲ្យនៅក្នុងរាជធានីភ្នំពេញផ្អាកការលក់គ្រឿងស្រាផ្អាក ការលក់ប៊ីយ៉ែនៅក្នុងរយៈពេល ១៤ ថ្ងៃនេះ»។
លោក ទឹម វរ៉ា នាយកប្រតិបត្តិគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការសម្រេចរបស់រដ្ឋាភិបាលដែលរឹតបន្តឹងការធ្វើដំណើរក្នុងនិងចេញក្រៅក្រុង នឹងអាចកាត់បន្ថយការឆ្លងបន្តទៀត។
លោកបន្ថែមថា វិធានការផ្អាកការលក់ដូរគ្រឿងស្រវឹង ដែលប្រកាសដោយលោក ហ៊ុន សែន ក៏អាចជួយបានមួយផ្នែកទៀតនៃការកាត់បន្ថយការចម្លងជំងឺកូវីដ១៩ នៅតាមខ្នងផ្ទះរបស់ពលរដ្ឋក្នុងសហគមន៍មួយ ឬក៏ទីតាំងជាក់លាក់មួយនោះ។
លោកមានប្រសាសន៍ថា៖ «រឿងការកាត់បន្ថយក៏មួយចំណែកដែរ ព្រោះអីតែនៅផ្ទះនាំគ្នាហើយហូបហើយ។ ហើយតែហូបសុរាគឺតពីផ្ទះមួយទៅផ្ទះមួយ។ បើសិនជាគាត់ហូបនៅក្នុងចំណោមក្រុមគ្រួសាគាត់នៅក្នុងផ្ទះមានអី។ ប៉ុន្តែតែហូបហ្នឹងគឺឆ្លងពីផ្ទះមួយទៅផ្ទះមួយហៅពីតគ្នាហើយ។ អីចឹង វាអាចបង្កើតនៅក្នុងការឆ្លងចឹងដែរ។ អីចឹងបានជារដ្ឋាភិបាលគាត់បិទនូវការលក់គ្រឿងស្រវឹងហ្នឹងគឺមធ្យោបាយមួយល្អមួយដែរ»។
អ្នកជំនាញអង្គការសុខភាពពិភពលោកបានព្រមានពីមហន្តរាយដែលនឹងខិតជិតមកដល់ បើសិនសាធារណជនខកខានមិនបានបង្ហាញការទទួលខុសត្រូវខ្ពស់ចំពោះសុខសុវត្ថិភាពគ្រួសារ ឬក៏សហគមន៍ពួកគេក្នុងការបង្ការការឆ្លងជំងឺកូវីដ១ ៩ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ឬនៅក្រោយពិធីបុណ្យប្រពៃណីជាតិនេះ៕