ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ធំៗ​ដែល​បញ្ជាទិញ​ផលិតផល​សម្លៀកបំពាក់​ជំរុញឲ្យ​កម្ពុជា​អភិវឌ្ឍ​ថាមពល​ស្អាត ខណៈ​បង្ហាញ​ក្តីបារម្ភ​លើ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម


រូបឯកសារ៖ កម្មករ​នៅ​រោងចក្រ​មួយ ​កំពុង​ដេរ​សម្លៀកបំពាក់​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាក H&M កម្ពុជា​ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៨។
រូបឯកសារ៖ កម្មករ​នៅ​រោងចក្រ​មួយ ​កំពុង​ដេរ​សម្លៀកបំពាក់​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាក H&M កម្ពុជា​ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៨។

នៅក្នុងលិខិតដែល VOA ទទួលបាន​នៅ​ថ្ងៃពុធ​នេះ ពួកគេ​លើកឡើង​ថា ការដុត​ធ្យូងថ្ម​ប៉ះពាល់​បរិស្ថាន ដែល​ផ្ទុយ​ពី​ការប្តេជ្ញា​ប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការចូលរួម​ការពារ​បរិស្ថាន។ ពួកគេ​ជំរុញ​ឲ្យ​កម្ពុជា​ក្រឡេក​មើល​ថាមពល​កកើត​ឡើងវិញ ដូចជា​ថាមពល​ព្រះអាទិត្យ និង​ថាមពល​ខ្យល់ ដែល​កម្ពុជា​មាន​សក្តានុពល។

ខណៈ​ដែល​កម្ពុជា​កំពុង​ពង្រីក​ការ​ស្ថាបនា​រោងចក្រ​ដុត​ធ្យូង​ថ្ម​ ដើម្បី​បាន​អគ្គិសនី​ប្រើប្រាស់ ​ក្នុង​នោះ​មាន​រោងចក្រ​របស់​លោក​ឧកញ៉ា ​គិត ម៉េង ​ទំហំ​ថាមពល​៧០០​មេហ្គាវ៉ាត់​នៅ​ខេត្ត​កោះកុងនោះ​ ​ក្រុម​ហ៊ុន​បញ្ជា​ទិញ​សម្លៀក​បំពាក់​ធំៗ​ពី​កម្ពុជា ​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​ថាមពល​នេះ​ ដែល​ពួកគេ​ថា​ វា​នឹង​ប៉ះ​ពាល់​បរិស្ថាន​ ផ្ទុយ​ពី​ការ​ប្តេជ្ញា​របស់​ពួកគេ​ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ។​

ពួកគេ​បង្ហាញ​ក្តី​បារម្ភ​នេះ​ ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​១១​ ខែ​សីហា​ ដែល​ដាក់​ទៅ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ លោក​ អូន ព័ន្ធ មុនីរ័ត្ន។ ​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ផលិត​ផល​សម្លៀក​បំពាក់ទាំង​នោះ​ រួម​មាន​ H&M, Adidas, Puma, Gap Inc, Nike ​និង​ក្រុមហ៊ុន​ Specialized។​

នៅ​ក្នុង​លិខិត​ដែល​ VOA ​ទទួល​បាន​នៅ​ថ្ងៃ​ពុធ​នេះ ​ពួកគេ​លើក​ឡើង​ថា​ ​ការ​ដុត​ធ្យូង​ថ្ម​ប៉ះពាល់​បរិស្ថាន​ ដែល​ផ្ទុយ​ពី​ការ​ប្តេជ្ញា​ប្រឹង​ប្រែង​របស់​ពួកគេ​ក្នុង​ការ​ចូលរួម​ការពារ​បរិស្ថាន។ ពួកគេ​ជំរុញ​ឲ្យ​កម្ពុជា​ក្រឡេក​មើល​ថាមពល​កកើត​ឡើង​វិញ ​ដូច​ជា​ថាមពល​ព្រះ​អាទិត្យ​ និង​ថាមពល​ខ្យល់ ​ដែល​កម្ពុជា​មាន​សក្តានុពល។​

បន្ទះ​សូឡា​នៅ​ក្នុង​រោងចក្រ​ផលិត​ថាមពល​ព្រះអាទិត្យ​មួយ ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០។ (ស៊ុន ណារិន/វីអូអេ)
បន្ទះ​សូឡា​នៅ​ក្នុង​រោងចក្រ​ផលិត​ថាមពល​ព្រះអាទិត្យ​មួយ ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០។ (ស៊ុន ណារិន/វីអូអេ)

នៅ​ក្នុង​លិខិត​នោះ ​ ពួកគេ​បាន​លើក​ឡើង​ពី​ការ​ផលិត​ថាមពល​ស្អាត​សូឡា​ក្នុង​ប្រទេស​វៀតណាម ​ដែល​អាច​ជា​គំរូ​មួយ​ជំរុញ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លិខិត​នោះ​បញ្ជាក់​ថា៖ ​«ការ​សម្រេច​ចិត្ត​នានា​របស់​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទាក់ទង​នឹង​អគ្គិសនី​(បាន​ពី​ការ​ដុត​ធ្យូង​ថ្ម)​ នឹង​ខ្ទប់​ប្រទេស​កម្ពុជា​នៅ​ពេល​អនាគត​ ដែល​វា​ផ្ទុយ​ទៅ​នឹង​ទំនោរ​សកល ​និង​តំបន់ ​ហើយ​មិន​សូវ​ចាប់​អារម្មណ៍​សម្រាប់​ឧស្សាហ​កម្ម​របស់​យើង​នោះ​ទេ»។​

ការ​លើក​ឡើង​អំពី​ក្តី​បារម្ភ​ទាក់ទង​នឹង​ថាមពល​បាន​មក​ពី​ការ​ដុត​ធ្យូង​ថ្ម​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា ​បាន​បាត់​បង់​ផល​ចំណេញ​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ​(EBA) ​ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ពុធ ទី​១២ ​ខែ​សីហា​នេះ។ ​ការ​បាត់​បង់​នេះ ​គឺ​ដោយសារ​សហភាព​អឺរ៉ុប​រក​ឃើញ​ថា​ កម្ពុជា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ​និង​នយោបាយ​ជា​ប្រព័ន្ធ​ រហូត​ដល់​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ។​

ពួក​គេ​បន្ត​ថា​ ប្រទេស​កម្ពុជា​ ជា​ប្រទេស​រង​គ្រោះ​ខ្លាំង​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ក្នុង​តំបន់​អាស៊ី ​ដូច្នេះ​«ការ​ចាត់​វិធាន​ការ​សកម្ម​ប្រឆាំង​នឹង​ហានិភ័យ​នេះ​មាន​សារៈ​សំខាន់​ណាស់»។​

រូបឯកសារ៖ កម្មករ​កំពុង​ដោត​ខ្សែ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។
រូបឯកសារ៖ កម្មករ​កំពុង​ដោត​ខ្សែ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។

ក្រុម​ហ៊ុន​ទាំង​នោះ​ជា​ក្រុមហ៊ុន​ល្បី​ឈ្មោះ ​និង​ទទួល​ស្គាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ជា​សកល។​ ពួក​គេ​ក៏​មាន​ការ​ប្តេជ្ញា​ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​កម្តៅ​របស់​ផែន​ដី​ផង​ដែរ។ ​

បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​រ៉ែ ​និង​ថាមពល​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០២០​នេះ ​កម្ពុជា​កំពុង​តែ​បង្កើន​គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ដែល​កំពុង​សាងសង់​ចំនួន​៦​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ពោធិ៍សាត់ ​បាត់ដំបង ​បន្ទាយ​មានជ័យ​ និង​ស្វាយរៀង។​

បច្ចុប្បន្ន​កម្ពុជា​មាន​រោងចក្រ​ដុត​ធ្យូង​ថ្ម​របស់​ក្រុមហ៊ុន​ពីរ​ក្នុង​ខេត្ត​ព្រះសីហនុ ​ដែល​មាន​ថាមពល​សរុប​ប្រមាណ​៦៣៥​មេហ្គាវ៉ាត់។ ​ នេះ​បើ​តាម​មន្រ្តី​ក្រសួង​រ៉ែ ​និង​ថាមពល។ ​រោងចក្រ​ចំនួន​បី​ទៀត​កំពុង​មាន​ការ​សាងសង់​និង​រៀប​សាងសង់​ ក្នុង​នោះ​មាន​ថាមពល​សរុប​ចំនួន​១.៦៦៥​មេហ្គាវ៉ាត់។ រោងចក្រ​ទាំង​នោះ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​កោះកុង ​និង​ឧត្តរមានជ័យ។​ រោងចក្រ​៣ ចុង​ក្រោយ​នេះ​ គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ទាំង​ស្រុង​នៅ​ក្នុង​ឆ្នាំ​២០២២​ ឆ្នាំ​២០២៣ ​និង​ឆ្នាំ​២០២៤។ ​នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​របស់​ក្រសួង​រ៉ែ ​និង​ថាមពល។​

លោក ​វិចទ័រ ហ្សូនា​ អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ថាមពល​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល ​បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ លោក​កត់​សម្គាល់​ក្តី​បារម្ភ​របស់​ក្រុមហ៊ុន​ធំៗ​ប៉ុន្តែ​លោក​ថា​ ​កម្ពុជា​ត្រូវ​ការ​សន្តិសុខ​អគ្គិសនី​ ​ខណៈ​ដែល​ថាមពល​សូឡា ​និង​ថាមពល​ខ្យល់ ​មិន​អាច​ផ្គត់​ផ្គង់​បាន​គ្រប់​ពេល​នោះ​ទេ​ ពោល​គឺ​បាន​តែ​ពេល​ថ្ងៃ ​និង​ក្នុង​រដូវ​វស្សា។​

មណ្ឌល​សុខភាព​មួយ​ក្នុង​ខេត្ត​ស្ទឹងត្រែង ប្រើប្រាស់​បន្ទះ​សូឡា ដើម្បី​បាន​អគ្គិសនី​ប្រើប្រាស់ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០។ (ស៊ុន ណារិន/វីអូអេ)
មណ្ឌល​សុខភាព​មួយ​ក្នុង​ខេត្ត​ស្ទឹងត្រែង ប្រើប្រាស់​បន្ទះ​សូឡា ដើម្បី​បាន​អគ្គិសនី​ប្រើប្រាស់ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០។ (ស៊ុន ណារិន/វីអូអេ)

លោក​បញ្ជាក់​ថា៖ ​«សម្រាប់​ខ្ញុំ ​ ដោយ​សារ​ក្រសួង​ថាមពល​ យើង​អ្នក​ក្តាប់​យុទ្ធសាស្រ្ត ​យើង​គិត​ថា​ យើង​ត្រូវ​ផ្គត់ផ្គង់​មួយ​ ដោយភាព​ទទួល​ខុសត្រូវ។ ​ហើយ​ទន្ទឹម​នឹង​នោះ យើង​ក៏​មាន​ក្រសួង​បរិស្ថាន​ដែរ។​រាល់​គម្រោង​ទាំង​អស់​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​សាង​សង់​សុទ្ធ​តែ​មាន​ការ​វាយ​តម្លៃ​ EIA​ (ផល​ប៉ះពាល់​បរិស្ថាន) ​ពី​ក្រសួង​បរិស្ថាន ​ ហើយ​កម្រិត​នៃ​ការ​បំពុល​ពី​រោងចក្រ​ទាំង​អស់​នោះ​គឺ​ស្ថិត​នៅ​ទាប​ជាង​ស្តង់​ដារ​ដែល​បាន​កំណត់»។​

លោក​បន្ត​ថា​ ​កម្ពុជា​កំពុង​ជំរុញ​ការ​ស្ថាបនា​ថាមពល​សូឡា​ដែល​មាន​ទំហំ​សរុប​៤៥០​មេហ្គាវ៉ាត់​ក្នុង​នោះ​មាន​១៨០​មេហ្គាវ៉ាត់ ​កំពុង​ត​ភ្ជាប់​មក​បណ្តាញ ​និង​២៧០​មេហ្គាវ៉ាត់​ទៀត​ កំពុង​សាង​សង់​នៅ​ទូទាំង​ប្រទេស។​ លោក​ថា ​ក្រសួង​ក៏​បាន​អនុញ្ញាត​ឲ្យ​សិក្សា​ថាមពល​ខ្យល់​នៅ​បូកគោ ​ខេត្ត​កំពត ​ដែល​មាន​ថាមពល​៨០​មេហ្គាវ៉ាត់។​

បើ​តាម​លោក ​ហ្សូណា ​នៅ​ពេល​បញ្ចប់​ការ​សាងសង់​រោងចក្រ​ដុត​ធ្យូង​ថ្ម​ទាំង​អស់ ​ ​កម្ពុជា ​នឹង​អាច​ផលិត​ថាមពល​សរុប​បាន​មក​ពី​រោងចក្រ​ទាំង​នោះ​ជាង​២​ពាន់​មេហ្គា​វ៉ាត់។​

លោក ​វិចទ័រ ហ្សូណា ​បញ្ជាក់​ថា ​ផែនការ​ថាមពល​របស់​កម្ពុជា​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ ​គឺ​ចាប់​ពី​ឆ្នាំ​២០២០ ​ដល់​២០៣០ ​នឹង​មិន​មាន​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​លើ​តួ​មេ​ទន្លេ​មេគង្គ​នោះ​ទេ​ ​ ប៉ុន្តែ​លោក​ថា​ ​ក្រសួង​កំពុង​សិក្សា​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​នៅ​លើ​ដៃ​ទន្លេ​មេគង្គ ​ក្នុង​នោះ​មាន​ទំនប់​វារី​អគ្គិសនី​សេកុង ​ក្នុង​ខេត្ត​ស្ទឹងត្រែង ​ដែល​មាន​ទំហំ​ថាមពល​ប្រមាណ​១៩០​មេហ្គា​វ៉ាត់។

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ស្តីពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ និង​ផល​ប៉ះពាល់​ក្នុង​ប្រទេស​កម្ពុជា​លោក នេត្រ ភក្រ្តា ​អ្នក​នាំពាក្យ​និង​ជា​រដ្ឋ​លេខាធិការ ​ក្រសួង​បរិស្ថាន ​មាន​ប្រសាសន៍​ថា​ការ​វិនិយោគ​លើ​រោងចក្រ​ធ្យូង​ថ្ម​នេះ​ ជា​ផល​ប្រយោជន៍​សេដ្ឋកិច្ច​មួយ។ ​លោក​ថ្លែង​ការពារ​ថា​ ​ក្រសួង​បរិស្ថាន​បាន​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​បរិស្ថាន ​និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គម្រោង​ដុត​ធ្យូង​ថ្ម​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​ «តាម​អ្វី​ដែល​ខ្ញុំ​ដឹង​ គឺ​មន្រ្តី​ជំនាញ​សំខាន់ៗ​បាន​ចូល​រួម​នៅ​ក្នុង​ការ​វាយ​តម្លៃ​លើ​ហេតុប៉ះពាល់​បរិស្ថាន​....​[វាយ​តម្លៃ]​ទៅ​លើ​គម្រោង​នេះ​ រួម​ជាមួយ​វិធាន​ការ​ដ៏​ហ្មត់​ចត់ ​ម៉ឺង​ម៉ាត់​ពី​ផល​ប៉ះពាល់»។​

រូបឯកសារ៖ កម្មករ​កំពុង​ដេរ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។
រូបឯកសារ៖ កម្មករ​កំពុង​ដេរ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។

បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​រ៉ែ ​និង​ថាមពល ​ ប្រភព​ថាមពល​អគ្គិសនី​របស់​កម្ពុជា ​រួម​មាន​វារី​អគ្គិសនី​ប្រមាណ​៣៣​ភាគ​រយ​ស្ថានីយ​ដុត​ធ្យូង​ថ្ម​ប្រមាណ​៣៣​ភាគរយ​ដែរ ​ថាមពល​នាំ​ចូល​ប្រមាណ​២៥​ភាគរយ​ប្រេង​ខ្មៅ​ និង​ម៉ាស៊ូត​ប្រមាណ​៧​ភាគរយ ​និង​ថាមពល​កកើត​ឡើង​វិញ​ប្រមាណ​១,៣​ភាគរយ។​

លោកស្រី​ Courtney Weatherby ​អ្នក​វិភាគ​មួយ​រូប​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ ​Stimson Center ​ដែល​ស្រាវជ្រាវ​អំពី​ថាមពល​ និរន្តរភាព ​និង​ទឹក ​ថ្លែង​ថា​ ការ​ប្រកាស​របស់​កម្ពុជា​ក្នុង​ការ​បង្កើត​រោងចក្រ​ដុត​ធ្យូង​ថ្ម ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​ជា​«ការ​ភ្ញាក់​ផ្អើល​មួយ​សម្រាប់​អ្នក​តាម​ដាន​ជា​ច្រើនពី​ព្រោះ​វា​ផ្ទុយ​នឹង​ទំនោរ​វិនិយោគ​ថាមពល​របស់​អន្តរជាតិ»។​

លោក​ស្រី​បន្ត​ថា​ ​ការ​វិនិយោគ​លើ​ថាមពល​ដុតធ្យូង​ថ្ម​ បាន​ធ្លាក់​ចុះ​ជា​សកល​ប្រហែល​៧៥​ភាគរយ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដោយ​សារ​ការ​ទទួល​ស្គាល់​ដោយ​អ្នក​បង្កើត​គោល​នយោបាយ​ថា ​ធ្យូង​ថ្ម​នេះ​ មាន​ឥទ្ធិពល​អវិជ្ជ​មាន​ខ្លាំង​លើ​បរិស្ថាន​សុខភាព​ និង​សេដ្ឋកិច្ច។ ​លោកស្រី​បន្ត​ថា​ ថាមពល​សូឡា ​និង​ថាមពល​ខ្យល់​ក៏​មាន​តម្លៃ​ទាប​ផង​ដែរ។​

លោកស្រី​ថ្លែង​ប្រាប់​ VOA​ តាម​អ៊ីម៉ែល​ថា៖ ​«ប្រទេស​កម្ពុជា​មាន​សក្តានុពល​ថាមពល​សូឡា​ខ្លាំង​ ដែល​តាម​ការ​ប៉ាន់ស្មាន​ ចាប់​ផ្តើម​ដំបូង​ អាច​មាន​ប្រមាណ​៨​ពាន់​មេហ្គា​វ៉ាត់។ ​ ទំហំ​នេះ​ច្រើន​ជាង​៤​ដង​នៃ​សមត្ថភាព​ការ​បង្កើត​ថាមពល​សរុប​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ»។​

លោក​ស្រី​បន្ថែម​ថា៖​ «ទោះ​ជា​យ៉ាង​ណា​ការ​វិនិយោគ​រោងចក្រ​ដុត​ធ្យូង​ថ្ម​ដើម្បី​លុប​បំបាត់​ការ​ខ្វះ​ខាត​ថាមពល​អគ្គិសនី​ភ្លាមៗ​នឹង​ខ្ទប់​ប្រទេស​កម្ពុជា​ ហើយវា​នាំ​ប្រទេស​នេះ​ក្នុង​ដំណើរ​មួយ​ទៅ​រក​ថាមពល​ដែល​មិន​ត្រូវ​តាម​ស្តង់ដារ​ឬ​មិនមាន​គុណភាព​ខ្ពស់​បំផុត ​ហើយ​វា​នឹង​មាន​តម្លៃ​ថ្លៃ ​ក្នុង​ពេល​អនាគត»៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG