របាយការណ៍របស់រដ្ឋាភិបាលបង្ហាញថា កម្ពុជាមានគម្រោងផលិតថាមពលដែលកំពុងដំណើរការសាងសង់សព្វថ្ងៃនេះចំនួន៩ ដែលមានថាមពលសរុបប្រមាណ១.៥០០មេហ្គាវ៉ាត់ គឺស្មើប្រមាណ៤៥ភាគរយនៃថាមពលសរុបទាំងអស់ ដែលកម្ពុជាត្រូវការបច្ចុប្បន្ននេះ។
បើតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល ដែលVOAទទួលបាននៅថ្ងៃអង្គារនេះ គម្រោងទាំងនោះមានគម្រោងផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ(Solar Power)ដែលកំពុងសាងសង់ចំនួន៦ក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងស្វាយរៀង ហើយមានថាមពលសរុបចំនួន៣២០មេហ្គាវ៉ាត់។
ក្រៅពីនោះ មានរោងចក្រអគ្គិសនីដុតធ្យូងថ្មទំហំថាមពល៧០០មេហ្គាវ៉ាត់ ដែលកំពុងសាងសង់ក្នុងខេត្តព្រះសីហនុ រោងចក្រអគ្គិសនីដុតប្រេងខ្មៅ/ឧស្ម័នក្នុងខេត្តកណ្តាលចំនួន៤០០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ដែលមានថាមពល៨០មេហ្គាវ៉ាត់។
បើតាមរបាយការណ៍ ប្រភពថាមពលអគ្គិសនីរបស់កម្ពុជា រួមមានវារីអគ្គិសនីប្រមាណ៣៣ភាគរយ ស្ថានីយដុតធ្យូងថ្មប្រមាណ៣៣ភាគរយដែរ ថាមពលនាំចូលប្រមាណ២៥ភាគរយ ប្រេងខ្មៅនិងម៉ាស៊ូតប្រមាណ៧ភាគរយ និងថាមពលកកើតឡើងវិញប្រមាណ១,៣ភាគរយ។ របាយការណ៍បន្ថែមថា ទំនប់វារីអគ្គិសនីលើដៃទន្លេមេគង្គ និងដងស្ទឹង រួមមានទំនប់សេសានក្រោមពីរ ដែលអាចផលិតថាមពលសរុបប្រមាណ១.៣៣០មេហ្គាវ៉ាត់។
លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានថ្លែងប្រាប់VOAនៅថ្ងៃអង្គារនេះថា ប្រភពថាមពលរបស់កម្ពុជាបានមកពីទំនប់វារីអគ្គិសនី ធ្យូងថ្ម ការដុតឧស្ម័ន និងការនាំចូលពីប្រទេសជិតខាង ក្នុងនោះមានថៃឡាវ និងវៀតណាម។
លោកបន្តថា កាលពីសប្តាហ៍មុនក្រសួងបានអនុម័តលើការសាងសង់រោងចក្រផលិតអគ្គិសនីដោយដុតធ្យូងថ្ម៧០០មេហ្គាវ៉ាត់ក្នុងខេត្តកោះកុង និងធ្យូងថ្ម២៦៥មេហ្គាវ៉ាត់ក្នុងឧត្តរមានជ័យ។ លោកថា ក្រសួងក៏បានអនុញ្ញាតឲ្យសិក្សាថាមពលខ្យល់នៅបូកគោ ខេត្តកំពត ដែលមានថាមពល៨០មេហ្គាវ៉ាត់។
បើតាម លោក វិចទ័រ ហ្សូនា ផែនការថាមពលរបស់កម្ពុជារយៈពេល១០ឆ្នាំខាងមុខ គឺចាប់ពីឆ្នាំ២០២០ដល់២០៣០ នឹងមិនមានការស្ថាបនាទំនប់វារីអគ្គិសនីលើតួមេទន្លេមេគង្គនោះទេប៉ុន្តែលោកថា ក្រសួងកំពុងសិក្សាការស្ថាបនាទំនប់នៅលើដៃទន្លេមេគង្គ ក្នុងនោះមានទំនប់វារីអគ្គិសនីសេកុង ក្នុងខេត្តស្ទឹងត្រែង ដែលមានទំហំថាមពលប្រមាណ១៩០មេហ្គាវ៉ាត់។
លោកថ្លែងប្រាប់VOAនៅថ្ងៃអង្គារនេះថា៖ «ផែនការអភិវឌ្ឍន៍ថាមពលដែលយើងធ្វើកន្លងមកនេះ ២០២០ដល់២០៣០ ក្នុងនោះអត់មានការអភិវឌ្ឍអគ្គិសនីលើដងទន្លេមេទេ។ ប៉ុន្តែមានការសិក្សាមួយចំនួននៅលើដៃទន្លេមេគង្គ ដូចជាសេកុងជាដើម»។
ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ផលប៉ះពាល់ប៉ុនណានោះទេដោយរង់ចាំបញ្ចប់ការសិក្សា។
លោកបន្ថែមថា៖ «ខ្ញុំអត់អាចឆ្លើយបានព្រោះការសិក្សាអត់ទាន់បានបញ្ចប់ អ៊ីចឹងយើងអត់អាចធ្វើការសន្និដ្ឋានមុនការបញ្ចប់ការសិក្សាបានទេ»។
បើតាមអង្គការទន្លេអន្តរជាតិ(International Rivers) ប្រជាជនជាង៣ម៉ឺនគ្រួសារកំពុងរស់នៅតាមដងទន្លេសេកុង។
សង្គមស៊ីវិលដែលធ្វើការលើផ្នែកបរិស្ថាននៅកម្ពុជាបានបង្ហាញក្តីព្រួយបារម្ភលើគម្រោងស្ថាបនាទំនប់វារីអគ្គិសនីជាបន្តបន្ទាប់ នៅលើដងទន្លេមេគង្គ ដែលពួកគេអះអាងថា នឹងធ្វើឲ្យកម្រិតទឹកទន្លេមេគង្គធ្លាក់ចុះ ហើយប៉ះពាល់ផលត្រី និងដីល្បាប់នៅផ្នែកខាងក្រោម។
ទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាសរបស់ឡាវនៅផ្នែកខាងលើទន្លេមេគង្គ ដែលនៅជិតកម្ពុជា មានដូចជាទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី (Xayaburi) និងដន សាហុង (Don Sahong)។
បើតាមលោក វិចទ័រ ហ្សូនា ម្រិតទឹកនៅកម្ពុជាស្ថិតក្នុងស្ថានភាពធម្មតាហើយលោកច្រានចោលការរកឃើញរបស់អ្នកស្រាវជ្រាវនានាកាលពីពេលថ្មីៗនេះ ដែលថា ទំនប់នៅប្រទេសចិនប៉ះពាល់កម្រិតទឹកនៅទន្លេមេគង្គក្រោម ក្នុងនោះមានកម្ពុជាផងដែរ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថាទន្លេនៅស្រុកចិនដូចឆ្ងាយ ដូចឆ្ងាយរាប់ពាន់គីឡូពីស្រុកខ្មែរ។នៅលើយើងនេះ មានឡាវ សាយ៉ាប៊ូរី គេធ្វើហើយ ក៏អត់មានប៉ះពាល់ទឹកទន្លេមកលើយើងដែរ។ទឹកនៅមានលំហូរធម្មតា តាមរដូវប្រាំងរដូវវស្សា។ ខែវស្សាទឹកច្រើន ខែប្រាំងទឹកតិច។ក្រៅមកទៀត ដន សាហុងកំពុងដើរពេញទំហឹង ក៏អត់មានផលប៉ះពាល់អីដែរ។ខ្ញុំគិតថា បើនៅស្រុកចិន អត់មានផលប៉ះពាល់អីដល់ស្រុកខ្មែរយើងទេព្រោះវានៅចម្ងាយឆ្ងាយ»។
អ្នកស្រី ផ្លោក សារ៉េត ជាកសិករម្នាក់នៅលើកោះត្នោតជាប់នឹងទន្លេមេគង្គ ក្នុងខេត្តក្រចេះមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកស្រីមើលឃើញថា ទឹកទន្លេប្រែប្រួល ហើយស្រកឡើងខុសពីធម្មតា ដែលប៉ះពាល់ការដាំដំណាំរបស់អ្នកស្រីនៅតាមដងទន្លេ។
អ្នកស្រីមានប្រសាសន៍ថា៖ «កាលពីមុនរដូវប្រាំងចាប់ពីខែណា ដល់ខែណា ទឹកវាស្រកទៅបណ្តោយ។ ដល់ពេលនេះខែ៣ខែ៤ ដែលយើងដាំដំណាំតាមមាត់ទន្លេ បែរជាលិចដំណាំគ្នាតាមមាត់ទន្លេទៅវិញ។ ហើយដល់ពេលវាស្រកស្រកឡើងអាលីងទៅវិញទៅ»។
អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំគិតថា បើធម្មជាតិវាដូចពីមុនហើយតែឥឡូវ វាឃើញទំនប់វាច្រើនដែរ។ យើងគិតថា វាអាចមកពីទំនប់ខ្លះដែរ។ជួនណាទៅ ក៏គេអាចបើកទំនប់ ឬក៏គេបិទទំនប់អីទៅ»។
ប៉ុន្តែលោក វិចទ័រ ហ្សូនាមានប្រសាសន៍ថា នេះគ្រាន់តែជាការយល់ឃើញរបស់ពលរដ្ឋ។ លោកថាឆ្នាំនេះ ទំនប់វារីអគ្គិសនីអាចផលិតថាមពលបានចាប់ពី៧០ទៅ៨០ភាគរយ ដូច្នេះទឹកទន្លេស្ថិតក្នុងកម្រិតធម្មតា។លោកថា ការប្រែប្រួលទឹកទន្លេអាចបណ្តាលមកពីការប្រែប្រួលអាកាសធាតុផងដែរ។
លោក វិចទ័រ ហ្សូនា បានថ្លែងថា ភូមិប្រមាណ៩៣ភាគរយនៅទូទាំងប្រទេសកម្ពុជា មានអគ្គិសនីប្រើប្រាស់ ហើយនៅសល់តែភូមិចំនួន១.០៣៧ទៀត មិនទាន់មានអគ្គិសនីប្រើប្រាស់ដោយសារស្ថិតនៅតំបន់ដាច់ស្រយាល ប្រជាពលរដ្ឋរាយប៉ាយ គ្មានផ្លូវធ្វើដំណើរ ជាតំបន់កោះ តំបន់បណ្តែតទឹក និងទឹកលិចនៅរដូវវស្សា។
លោកបន្តថា ក្រសួងរ៉ែនិងថាមពលនឹងជំរុញការតភ្ជាប់បណ្តាញអគ្គិសនីចូលភូមិឲ្យបាន១០០ភាគរយនៅឆ្នាំ២០២០ និងចូលផ្ទះប្រជាពលរដ្ឋឲ្យបានយ៉ាងហោចណាស់៧៨ភាគរយនៅឆ្នាំ២០២០និង៨១ភាគរយនៅឆ្នាំ២០២១៕