លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johson បានអំពាវនាវដល់សហភាពអឺរ៉ុបឱ្យពិចារណាជាថ្មីអំពីសេចក្តីសម្រេចរបស់ខ្លួនក្នុងការមិនធ្វើការចរចាជាថ្មីអំពីកិច្ចព្រមព្រៀង Brexit ហើយលោកបានសន្យាថានឹងដកចក្រភាពអង់គ្លេសចេញពី bloc នេះដែលមានប្រទេសជាតិ២៨ជាសមាជិកដោយមិនមានកិច្ចព្រមព្រៀងថ្មីមួយបើជាការចាំបាច់។
នៅក្នុងសុន្ទរកថាទីមួយរបស់លោកកាលពីថ្ងៃព្រហស្បតិ៍នៅខាងមុខសភាចាប់តាំងពីលោកបានកាន់តំណែងនាយករដ្ឋមន្ត្រីមក លោក Johson បាននិយាយថាកិច្ចព្រមព្រៀង Brexit ដែលបានត្រូវធ្វើការចរចាដោយលោកស្រី Theresa May ដែលជាអ្នកកាន់តំណេងមុនលោកជាការ«មិនអាចទទួលយកបានទេ» ដោយលោកនៅតែនិយាយអះអាងថាលោកស្រីបាន«បោះបង់ចោល» ឯករាជ្យខាងសេដ្ឋកិច្ចនិងខាងរដ្ឋាភិបាលរបស់អង់គ្លេស។
លោក Johson បាននិយាយទទូចថាលោកចង់ឱ្យមានកិច្ចព្រមព្រៀងថ្មីមួយ ក៏ប៉ុន្តែលោកក៏បានថ្លែងដែរថាចក្រភពអង់គ្លេសប្រុងប្រៀបល្អប្រសើរជាងការណ៍ដែលអ្នកសង្កេតការភាគច្រើនមានជំនឿដោយចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងមួយ។
លោក Johson បាននិយាយថា៖ «ខ្ញុំសង្ឃឹមថាសហភាពអឺរ៉ុបក៏មានការប្រុងប្រៀបដូចគ្នាដែរហើយថាពួកគេនឹងពិចារណាជាថ្មីអំពីការប្រកែកក្នុងពេលបច្ចុប្បន្នរបស់ពួកគេមិនព្រមធ្វើការកែប្រែណាមួយដល់កិច្ចព្រមព្រៀងដកខ្លួននេះ។ ប្រសិនបើពួកគេមិនពិចារណាជាថ្មី ជាការពិត យើងនឹងត្រូវតែចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងទេ»។
បើតាមមន្ត្រីសហភាពអឺរ៉ុបម្នាក់ដែលគេមិនប្រាប់ឈ្មោះថាលោក Jean-Claude Juncker ប្រធានគណៈកម្មការសហភាពអឺរ៉ុបបាននិយាយប្រាប់លោក Johson នៅក្នុងការសន្ទនាគ្នាតាមទូរសព្ទកាលពីថ្ងៃព្រហស្បតិ៍ថាកិច្ចព្រមព្រៀងដែលមានហើយនោះជា«កិច្ចព្រមព្រៀងល្អបំផុតនិងជាកិច្ចព្រមព្រៀងតែមួយគត់ដែលអាចមានបាន»៕