បណ្ដាមេដឹកនាំនៃប្រទេសនានានៅសហភាពអឺរ៉ុបបានជួបប្រជុំគ្នាកាលពីថ្ងៃទី ២៨ ខែឧសភាកន្លងទៅនេះ នៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ដើម្បីពិភាក្សាអំពីលទ្ធផលនៃការបោះឆ្នោតសហភាពអឺរ៉ុប និងអំពីបេក្ខជនដែលត្រូវជំនួសតំណែងប្រធានគណៈកម្មការអឺរ៉ុបលោក Jean-Claude Juncker។
លទ្ធផលនៃការបោះឆ្នោតបង្ហាញថា គណបក្សកណ្ដាលនិយមបានបាត់បង់មូលដ្ឋានគាំទ្រមួយចំនួន ចំណែកឯគណបក្សស្ដាំនិយមជ្រុល និងប្រជានិយម ដែលប្រកាន់គោលការណ៍ប្រឆាំងនឹងអន្តោប្រវេសន៍ ទទួលបានការគាំទ្រកើនឡើងនៅក្នុងបណ្ដាប្រទេសសំខាន់ៗមួយចំនួននៅក្នុងសហភាពអឺរ៉ុបដូចជាចក្រភពអង់គ្លេស អ៊ីតាលី និងបារាំងជាដើម។
ប៉ុន្តែសម្រាប់គណបក្សប្រកាន់គោលការណ៍បៃតង ដែលផ្ដោតគោលនយោបាយលើយុត្តិធម៌សង្គម បរិស្ថាន និងអំពើអហិង្សា ក៏ដូចជាគណបក្សសេរីនិយមផ្សេងទៀត ទទួលបានការគាំទ្រកើនឡើងខ្លាំងបំផុត ដែលករណីនេះបង្ហាញថា បញ្ហាសន្តិសុខបរិស្ថាន និងសន្តិសុខសេដ្ឋកិច្ចគឺជាបញ្ហាចម្បងសម្រាប់អ្នកបោះឆ្នោតនៅទ្វីបអឺរ៉ុប។
បន្ទាប់ពីទទួលបានជោគជ័យដែលមិនធ្លាប់មានពីមុនមកនៅក្នុងការបោះឆ្នោតរបស់សហភាពអឺរ៉ុប ឧបនាយករដ្ឋមន្ត្រីប្រទេសអ៊ីតាលីលោក Matteo Salvini ដែលជាមេដឹកនាំនៃគណបក្សសម្ព័ន្ធស្ដាំនិយម បាននិយាយថា ជ័យជំនះរបស់គណបក្សជាតិនិយមនានានៅក្នុងបណ្ដាប្រទេសជាសមាជិកសំខាន់ៗនៃសហភាពអឺរ៉ុបបានបង្ហាញឲ្យឃើញពីការផ្លាស់ប្ដូរនៅក្នុងសហភាពអឺរ៉ុប ដែលមានប្រទេសចំនួន ២៨ ជាសមាជិក។
លោក Matteo Salvini បានបញ្ជាក់ដូច្នេះថា៖
«គណបក្សសម្ព័ន្ធភាពគឺជាគណបក្សដំបូងគេនៅក្នុងប្រទេសអ៊ីតាលី។ ចំណែកឯគណបក្សរបស់អ្នកស្រី Marine Le Pen គឺជាគណបក្សដំបូងគេនៅក្នុងប្រទេសបារាំង រីឯគណបក្ស Brexit របស់លោក Nigel Farage វិញ គឺជាគណបក្សដំបូងគេនៅក្នុងចក្រភពអង់គ្លេស [ដែលទទួលបានការគាំទ្រនៅក្នុងការបោះឆ្នោត]។ នេះគឺជាសញ្ញាបង្ហាញថា ទ្វីបអឺរ៉ុបកំពុងផ្លាស់ប្ដូរ»។
លោក Steve Bannon ដែលជាអតីតអ្នកយុទ្ធសាស្ត្រប្រចាំសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក ដែលពេលបច្ចុប្បន្ននេះកំពុងធ្វើការនៅក្នុងទ្វីបអឺរ៉ុប បានទស្សន៍ទាយស្រដៀងគ្នានេះដែរ។
លោក Steve Bannon បានបញ្ជាក់ដូច្នេះថា៖ «ចលនាសមាហរណកម្ម ដែលជាឥទ្ធិពលមានជាបន្ត និងមិនងាយប្រែប្រួល ដែលជាអ្វីដែលទ្វីបអឺរ៉ុបបង្ហាញឲ្យឃើញកន្លងមក ឥឡូវនេះបានរលាយបាត់បង់ហើយ។ អ្នកនឹងមិនឃើញចលនានេះទៀតទេនៅសហភាពអឺរ៉ុប។ ប្រធានគណៈកម្មការអឺរ៉ុបលោក Jean-Claude Juncker ឬក៏ថ្នាក់ដឹកនាំផ្សេងទៀត ជំរុញឲ្យមានការធ្វើសមាហរណកម្មបន្ថែមទៀត។ ប៉ុន្តែ ពួកគេដឹងថា ប្រជាពលរដ្ឋនៅទ្វីបអឺរ៉ុបមិនគាំទ្ររឿងនេះទេ»។
ប៉ុន្តែ លោក Guy Verhofstadt ដែលជាមេដឹកនាំនៃគណបក្សសម្ព័ន្ធភាពអ្នកសេរីនិយម និងអ្នកប្រជាធិបតេយ្យនិយមសម្រាប់ក្រុមអឺរ៉ុបនៅក្នុងរដ្ឋសភាអឺរ៉ុប បាននិយាយថា រឿងនេះមិនទៅជាដូច្នេះទេ។
លោក Guy Verhofstadt បញ្ជាក់ដូច្នេះថា៖ «ជ័យជំនះដ៏ធំបំផុតគឺសម្រាប់ក្រុមអ្នកសេរីនិយម។ ប្រហែលជាអ្នកមិនបានដឹងទេនៅល្ងាចនៃថ្ងៃបោះឆ្នោតនោះ។ ប៉ុន្តែ ពួកយើងគឺជាអ្នកដែលឈ្នះបានអាសនៈភាគច្រើន គឺបានជាង ៤០ អាសនៈនៅពេលនោះ ហើយឥឡូវនេះ ពួកយើងក្លាយជាក្រុមដ៏ធំដោយទទួលបានអាសនៈប្រហែល ១១០ អាសនៈ ហើយអាចច្រើនជាងនេះទៀតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រជាប្រិយភាព [របស់គណបក្សនីមួយៗ] គឺអាស្រ័យលើតុល្យភាពអំណាចថ្មីនៅក្នុងរដ្ឋសភាអឺរ៉ុប»។
ការទទួលបានការគាំទ្រកើនឡើងរបស់គណបក្សប្រកាន់គោលការណ៍បៃតង និងរបស់គណបក្សសេរីនិយម និងគណបក្សរិះគន់សហភាពអឺរ៉ុប ត្រូវគេរំពឹងថានឹងបណ្ដាលឲ្យមានការប្រេះស្រាំបន្ថែមទៀតនៅក្នុងរដ្ឋសភារបស់សហភាពអឺរ៉ុប។
ប៉ុន្តែ ទោះបីជាគណបក្សដែលមានទំនោរទៅរកសហភាពអឺរ៉ុបចាញ់ការគាំទ្រមួយចំនួនក៏ដោយ ក៏ពួកគេនៅតែរក្សាការគ្រប់គ្រងអំណាចយ៉ាងខ្លាំងក្លាដដែលនៅក្នុងរដ្ឋសភាសហភាពអឺរ៉ុប បន្ទាប់ពីការបោះឆ្នោត។
មេដឹកនាំនយោបាយនានាបាននិយាយថា អ្នកបោះឆ្នោតបានបង្ហាញយ៉ាងច្បាស់ថា អាទិភាពរបស់ពួកគេគឺបញ្ហាប្រែប្រួលអាកាសធាតុ និងស្ថិរភាពសេដ្ឋកិច្ចនៅទូទាំងសហភាពអឺរ៉ុប។ នាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte បាននិយាយថា បញ្ហាទាំងអស់នេះនឹងក្លាយជាចំណុចផ្ដោតចម្បងបំផុតរបស់សមាជិកសភាសហភាពអឺរ៉ុបនៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ហើយក៏នឹងប៉ះពាល់ដល់ការជ្រើសរើសប្រធានបន្ទាប់នៃគណៈកម្មការអឺរ៉ុប ដើម្បីជំនួសតំណែងរបស់លោក Jean-Claude Juncker ដែលនឹងជិតអស់អាណត្តិផងដែរ។
លោក Mark Rutte និយាយដូច្នេះថា៖ «ប្រសិនបើអាទិភាពនៅរយៈពេល ៥ ឆ្នាំខាងមុខ ផ្ដោតលើបញ្ហាប្រែប្រួលអាកាសធាតុ លើសេដ្ឋកិច្ចខ្លាំងក្លាជាងមុន ដែលផ្ដល់នូវការការពារផងដែរ លើអន្តោប្រវេសន៍ និងលើការការពារព្រំដែនខាងក្រៅរបស់យើង នោះខ្ញុំគិតថា ជំហានបន្ទាប់គឺការពិភាក្សាអំពីបេក្ខជនដ៏សក្ដិសមបំផុតនៅក្នុងការធ្វើរឿងហ្នឹង»។
មន្ត្រីកំពូលសហភាពអឺរ៉ុបផ្សេងទៀតដែលនឹងត្រូវអស់អាណត្តិនៅក្នុងឆ្នាំនេះមានដូចជា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk ប្រធានធនាគារកណ្ដាលអឺរ៉ុបលោក Mario Draghi និងអ្នកតំណាងពិសេសរបស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសអ្នកស្រី Federica Mogherini ជាដើម៕
ប្រែសម្រួលដោយ ភី សុភាដា