លោកស្រី Theresa May នាយករដ្ឋមន្រ្តីអង់គ្លេសចុះចេញពីតំណែងជាមេដឹកនាំគណបក្សអភិរក្សនិយមកាលពីថ្ងៃសុក្រ ហើយការបោះឆ្នោតដើម្បីជ្រើសរើសអ្នកស្នងតំណែងរបស់លោកស្រីរំពឹងថា នឹងធ្វើនៅសប្តាហ៍ក្រោយ។
លោកស្រីនឹងបន្តកាន់តំណែងនេះរហូតដល់មេដឹកនាំថ្មីត្រូវបានជ្រើសរើសនៅចុងខែកក្កដា ប៉ុន្តែលោកស្រីបានលះបង់ការគ្រប់គ្រងលើការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប ដែលគេហៅថា Brexit ដែលគ្រោងធ្វើនៅថ្ងៃទី៣១ខែតុលា។
នាយករដ្ឋមន្ត្រីថ្មីមានពេលមិនដល់ប្រាំខែទេក្នុងការសម្រេចថា តើត្រូវព្យាយាមបន្តផែនការរបស់លោកស្រីឬពន្យារពេលការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុបម្តងទៀត ឬចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។
លោកស្រី Theresa May បានចូលកាន់តំណែងបន្ទាប់ពីការបោះឆ្នោតប្រជាមតិកាលពីឆ្នាំ២០១៦ អំពីការកាត់ផ្តាច់អង់គ្លេសពីសហភាពអឺរ៉ុប ហើយបានចំណាយពេលច្រើនបំផុតនៃរយៈពេលបីឆ្នាំដើម្បីធ្វើផែនការ ប៉ុន្តែបានបរាជ័យបីដងក្នុងការបញ្ចុះបញ្ចូលឲ្យសមាជិកសភាគាំទ្រកិច្ចព្រមព្រៀង Brexit របស់លោកស្រី។
អ្នកខ្លះក្នុងចំណោមបេក្ខជន១១រូបជំនួសលោកស្រី ដែលរួមមានអតីតរដ្ឋមន្រ្តីការបរទេស លោក Boris Johnson បាននិយាយថា ពួកគេគ្រោងធ្វើការផ្លាស់ប្តូរកិច្ចព្រមព្រៀងនេះ បើទោះបីជាសហភាពអឺរ៉ុបបាននិយាយថា ខ្លួននឹងមិនធ្វើការចរចាឡើងវិញក៏ដោយ។
ពួកគេស្ថិតនៅក្រោមសម្ពាធពីលោក Nigel Farage ដែលគាំទ្រជម្រើសមិនឲ្យមានការព្រមព្រៀងហើយគណបក្សរបស់លោកបានមានសំឡេងច្រើនលើសគេក្នុងការស្ទង់មតិកាលពីខែមុន។ ទោះយ៉ាងណា អ្នកប្រជាធិបតេយ្យសេរីនិយមអឺរ៉ុបដែលចង់ប្តូរ Brexit ក៏មានការគាំទ្រច្រើនគួរសមដែរក្នុងការបោះឆ្នោតនៅអឺរ៉ុបដែលបង្ហាញពីការបែកបាក់ទាក់ទងនឹងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប៕