ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​បើក​ផ្លូវ​ឲ្យ​តុលាការ​ចាត់ការ​រឿង​ក្ដី​លោក កឹម សុខា


ក្រុម​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា (CPP​)បើក​ផ្លូវ​ឲ្យ​តុលាការ​ចាត់ការ​រឿង​ក្ដី​លោក កឹម សុខា ខណៈ​ក្រុម​តំណាងរាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ (​CNRP) ហែ​ញត្តិ​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ។

សភា​ជាតិ​ដែល​មាន​តែ​អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ៦៨​រូប​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​បោះ​ឆ្នោត​ អនុម័ត​ជាឯកច្ឆន្ទ​ អនុញ្ញាត​ឲ្យ​ ស្ថាប័ន​តុលាការ​បន្ត​ចាត់​ការ​រឿង​ក្ដី​ លោក​ កឹម សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​រង​ការ​ចោទប្រកាន់​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​សញ្ចរ​កម្ម។​

ការ​បោះឆ្នោត​ដោយ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ធ្វើឡើង​ នៅ​គ្រា​ដែល​អ្នកតំណាងរាស្ត្រ​៥៣​រូប​នៃ​គណបក្ស​ប្រឆាំង​ បាន​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​ ហើយ​រង់ចាំ​ទទួល​ញត្តិ​ពី​សកម្ម​ជន​ និង​អ្នកគាំទ្រ​របស់​ខ្លួន​ ដើម្បី​យក​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី។

ការ​បោះ​ឆ្នោត​សម្រេច​នេះ ក៏​ត្រូវ​ធ្វើឡើង​ បន្ទាប់ពី​តុលាការ​បាន​ដាក់​លិខិត​មួយ​ទៅ​សភា​ រៀបរាប់​ពី​វិធានការណ៍​ច្បាប់​ប្រឆាំង​នឹង​ ​លោក​ កឹម សុខា​ និង​ការណ៍​ដែល​លោក​ខកខាន​ មិន​បាន​ចូល​ខ្លួន​បំភ្លឺ​ចំនួន​ពីរ​លើក​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

ក្រុម​អ្នកតំណាងរាស្ត្រ​ ដែលនាំ​យក​ញត្តិ​ពី​ក្រុម​សកម្ម​ជន និង​អ្នកគាំទ្រ​របស់​ខ្លួន​ ទៅ​ថ្វាយ​ព្រះ​មហា​ក្សត្រ​ បាន​ជួប​ការ​រារាំង​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​តាម​រយៈ​ការ​បិទ​ផ្លូវ​ប្រហែល​ជា​ជាង​មួយ​ម៉ោង។​

ប៉ុន្តែ​ពួកគេ​ នៅ​តែ​អាច​យក​ញត្តិ​ដែល​មាន​ស្នាម​ផ្ដិត​មេដៃ​ជិត​ ២០ម៉ឺន​មេដៃ​ ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​បាន​ដដែល​ បន្ទាប់​ពី​មាន​ការ​សម្របសម្រួល​ជាមួយ​នឹង​មន្ត្រី​ប៉ូលិសនៅ​ក្នុង​រាជធានី​ភ្នំពេញ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រឆាំង។

ការ​ដាក់​ញត្តិ​នេះ​ មាន​បំណង​សុំ​ឲ្យ​ព្រះ​មហាក្សត្រ​ ជួយ​ពនិត្យ​ និង​មាន​ព្រះរាជ​អន្តរាគមន៍​ បញ្ឈប់​ការរំលោភ​លើ​អភ័យ​ឯក​សិទ្ធិ​អ្នក​តំណាង​រាស្ត្រ​ពី​សំណាក់​អំណាច​តុលាការ។

លោក ហេង​ ​សំរិន​ ប្រធាន​សភា​ជាតិ​ បាន​ប្រកាស​ពី​សំឡេង​យល់​ព្រម​របស់​អ្នកតំណាងរាស្ត្រ​គណ​បក្ស​គ្រប់​គ្រង​ប្រទេស ​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​ស្ថាប័ន​តុលាការ​ បន្ត​នីតិវិធី​របស់​ខ្លួន​ នៅ​មុន​ការ​ដង្ហែ​ញត្តិ​នេះ។​

លោក​ ហេង​ សំរិន ប្រធាន​រដ្ឋសភា​ នៅ​ក្នុងកិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​រដ្ឋសភា​ អំពី​ការ​ដក​លោក​ កឹម សុខា​ ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភាកាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥​ (ហ៊ាន សុជាតា​/ VOA)
លោក​ ហេង​ សំរិន ប្រធាន​រដ្ឋសភា​ នៅ​ក្នុងកិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​រដ្ឋសភា​ អំពី​ការ​ដក​លោក​ កឹម សុខា​ ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភាកាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥​ (ហ៊ាន សុជាតា​/ VOA)

ប្រធាន​សភា​ជាតិពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ ​បាន​ប្រកាសសំឡេង​យល់​ព្រម​អនុម័ត​នៅ​ពីមុខ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដ៏​មាន​ឥទ្ធិពល​យ៉ាង​ដូច្នេះ​ថា៖​

«ការ​អនុម័ត​របស់​អង្គ​សភា​អម្បាញ់មិញ​នេះ​ ខ្ញុំ​សូម​ប្រកាស​ថា​ អង្គ​សភា​ បាន​អនុម័ត​ឲ្យ​សមត្ថកិច្ច​បន្ត​ចាត់ការ​តាម​នីតិវិធី​ លើ​ករណី​ឯកឧត្ដម​ កឹម សុខា​ តំណាងរាស្ត្រមណ្ឌល​ខេត្ត​កំពង់​ចាម»។

នៅ​មុន​ការ​ប្រកាស​នេះ​ លោក​ ហេង សំរិន ក៏​បាន​សួរ​ទៅ​ក្រុម​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ថា​តើ​មាន​សមាជិក​សមាជិកា​រូប​ណា​ ចង់​ទាមទារ​ឲ្យ​តុលាការ​ផ្អាក​ការចោទ​ប្រកាន់​លោក កឹម សុខា​ បន្ទាប់​ពី​ការ​បោះឆ្នោត​នោះ​ តែ​ពុំ​មាន​អ្នកតំណាងរាស្ត្រ​រូប​ណា​បញ្ចេញ​យោបល់​នោះ​ទេ។​

នៅ​ក្រោយ​ពេលសភា​ ដែល​គ្រប​ដណ្ដប់​ដោយ​សមាជិក​មក​ពី​គណបក្ស​គ្រប់​គ្រង​ប្រទេសផ្ដល់​ការ​យល់ព្រម​ឲ្យ​តុលាការបន្ត​នីតិវិធី​របស់​ខ្លួន​ក្នុង​សំណុំ​រឿង​លោក​ កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ លោក សុន​ ឆ័យ​ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ហៅ​ការ​បោះ​ឆ្នោត​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជនកម្ពុជា​ ថា​ជា​ការ​រំលោក​រដ្ឋ​ធម្មនុញ្ញ​ធ្ងន់ធ្ងរ។​

«ការ​បង្កើត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ខុស​ច្បាប់​ ជាពិសេស​ច្បាប់​កំពូល​របស់​ជាតិ​ ច្បាប់រដ្ឋធម្មនុញ្ញ​ ដោយ​ឲ្យ​មាន​ការ​បោះឆ្នោត​ ៥០​បូក​មួយ​ ដែល​មិន​មាន​ចែង​ទាល់​តែ​សោះ​នេះ​ ជា​ការ​បំពាន​ធ្ងន់ធ្ងរ​ណាស់»។​

លោក​បាន​ថ្លែង​ថា​ ក្រុម​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច ​មិន​ គោរព​មាត្រា ៨០​ ​នៃ​ រដ្ឋធម្មនុញ្ញ​ ដែល​បាន​សរ​សេរ​ថា​ ដើម្បី​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អាច​ឃាត់​ខ្លួន​ ឬ​ចាប់​ខ្លួន​តំណាងរាស្ត្រ​បាន​ ទាល់​តែតំណាងរាស្ត្រ​នោះ​ បាន​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្ដែង​ ហើយ​ករណី​ផ្សេង​ទៀត​ ដើម្បី​ចាប់​ខ្លួន​តំណាង​រាស្ត្រ​បាន​ លុះ​ត្រា​តែ​ ​មាន​សំឡេង​យល់​ព្រម​ពី​រដ្ឋសភា ២​ភាគ៣។

លោក សុន​ ឆ័យបន្ត​ថា​ ប្រសិនបើ​ដក​អភ័យ​ឯក​សិទ្ធិ​ហើយ​តែ​តំណាងរាស្ត្រ​នោះ​ មិន​ត្រូវ​បាន​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ណាមួយ​ នោះ​សភា​អាច​បោះឆ្នោត​ផ្ដល់​សិទ្ធិ​ឲ្យ​តំណាង​រាស្ត្រ​នោះ​វិញ​តាម​សំឡេង​៣ភាគ៤។

លោក​សុន ឆ័យ ​អ្នក​តំណាង​រាស្រ្ត​ជាន់ខ្ពស់​នៃគណបក្ស​សង្រ្គោះជាតិនិយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅទីស្នាក់ការ​កណ្ដាល​បក្ស​នៅ​ទី​ក្រុង​ភ្នំពេញនៅ​ថ្ងៃ​ច័ន្ទ​ទី​៣០​ឧសភា​នេះ ​ដើម្បី​ហែរ​ញត្តិ​ទៅ​រដ្ឋសភា​ជាតិ​និង​ថ្វាយជូន​ព្រះ​មហាក្សត្រ​បន្ទាប់ពី​មាន​ករណីតុលាការ​តាមចាប់​ខ្លួន​លោក​កឹម សុខា​ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ​ ក្នុង​ករណី​រឿង​អាស្រូវ​ផ្លូវភេទ​កន្លង​មក(ឡេង ឡែន​/VOA)
លោក​សុន ឆ័យ ​អ្នក​តំណាង​រាស្រ្ត​ជាន់ខ្ពស់​នៃគណបក្ស​សង្រ្គោះជាតិនិយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅទីស្នាក់ការ​កណ្ដាល​បក្ស​នៅ​ទី​ក្រុង​ភ្នំពេញនៅ​ថ្ងៃ​ច័ន្ទ​ទី​៣០​ឧសភា​នេះ ​ដើម្បី​ហែរ​ញត្តិ​ទៅ​រដ្ឋសភា​ជាតិ​និង​ថ្វាយជូន​ព្រះ​មហាក្សត្រ​បន្ទាប់ពី​មាន​ករណីតុលាការ​តាមចាប់​ខ្លួន​លោក​កឹម សុខា​ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ​ ក្នុង​ករណី​រឿង​អាស្រូវ​ផ្លូវភេទ​កន្លង​មក(ឡេង ឡែន​/VOA)

លោក​អះអាង​ថា លោក​ កឹម សុខា​ ពុំ​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្ដែង​ដូច​ការ​ចោទប្រកាន់​ពី​តុលាការ​នោះ​ទេ។

យ៉ាងណាក៏ដោយ​ ផ្នែក​ខ្លះ​នៃ​លិខិត​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ញើ​ជូន​លោក​ ហេង​ សំរិន​កាល​ពី​សប្ដាហ៍​មុន​ បាន​ពន្យល់​ថា​ ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ យល់​ឃើញថា​ ការ​ប្រព្រឹត្ត​របស់​ លោក​ កឹម​ ​សុខា​ ​ដែល​មិន​ចូល​ខ្លួន​មក​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តំណាង​អយ្យការ​ទាំង​ពីរ​លើក​នេះ​ គឺ​ជា​បទ​ល្មើស​ តាម​មាត្រា​៥៣៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ដែល​បាន​ចែង​ថា៖

«រាល់​បុគ្គល​ណា​ ដែល​ត្រូវ​បាន​កោះហៅ​ឲ្យ​មក​ឆ្លើយ​ជា​សាក្សី​ នៅ​មុខ​អយ្យការ​ ឬ​ចៅក្រម​ស៊ើបសួរ​ ឬ​មុខ​តុលាការ​ព្រហ្មទណ្ឌ​ ហើយ​មិន​ព្រម​ចូលខ្លួន​តាម​ដីការ​កោះ​ហៅ​នោះ​ ដោយ​គ្មាន​មូលហេតុ​ស​ម​ស្រប​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី១​ (មួយ)​ ខែ​ ទៅ​ ៦ (ប្រាំមួយ)​ ខែ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០០.០០០​សែន​ ​(មួយ​សែន)​ រៀល​ ទៅ​ ១.០០០.០០០ (មួយ​លាន)​ រៀល»។

​លោក​ លី សុផាន់ណា​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បដិសេធ​មិន​ធ្វើការ​អធិប្បាយ បន្ទាប់​ពី​ការ​អនុម័ត​របស់​សភា​នៅ​ព្រឹក​នេះ។

លោក​បាន​ប្រាប់​ VOA​ ថា​លោក​ជាប់​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។​

ទាក់​ទិន​ការ​ដាក់​ញត្តិ​មក​ដល់ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ តំណាង​គណបក្ស​ប្រឆាំង​មកពី​បណ្ដា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស​ បាន​ប្រាប់​ទៅ​អ្នកចូលរួម​ក្នុង​ពិធី​ប្រគល់​ញត្តិ​ទីស្នាក់ការ​ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ ថា​ អាជ្ញាធរ​មូលដ្ឋាន​ បាន​គំរាម​កំហែង​ និងឃាត់ខ្លួន​សកម្មជន​ខ្លួន​នៅ​ក្នុង​ការ​ប្រមូល​ស្នាម​មេដៃ​ដើម្បី​ធ្វើ​ញត្តិ តែ​ពុំ​មាន​ការ​ឃុំ​ខ្លួន​នោះ​ទេ។​

លោក​នាយ​ឧត្ដមសេនីយ៍​ ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ បដិសេធ​ មិន​ធ្វើ​ការ​អធិប្បាយ​អំពី​រឿង​ឃាត់​ខ្លួន​នេះ​ តែ​លោកថា​ ករណី​លោក កឹម សុខា ថា​គឺ​ ជា​រឿង​បុគ្គល​តែ​ប៉ុណ្ណោះ។

«​ស្រុក​ទេស​យើង​វា​មិន​ទៅដល់​ដូច​ថា​ វា​ធ្វើ​ញ្ញត្តិ​ ធ្វើ​អី​ណា​ទេ​ ចង់​និយាយថា​ ហើយ​បើ​គិត​ពិចារណា​ឲ្យ​មែន​ទែន​ រឿង​ ដែល​រឿង​តូច​បំផុត​ រឿង​តែ​ពីរនាក់​។​ រឿង​ប្រុស​ រឿងស្រី​ហ្នឹង​ និយាយ​មែន​ទែន​ទៅ​ចាំបាច់​ទៅដល់​ញ្ញត្តិ​អី​ៗ​ ទៅពេញ​ប្រទេស​ នាំចលាចល​វឹកក្នុង​សង្គម​អីចឹង។ សូមឲ្យ​បងប្អូន​លោក​ ពិចារណា​ ឲ្យ​ច្បាស់​លាស់​ទៅរឿងហ្នឹង​ ហើយ​វាមិនមែន​ប៉ះពាល់​ទៅដល់​ប្រទេស​ជាតិ​ អីទេ​។​ អាហ្នឹង​រឿងកំប៉ិកកំប៉ុក»។​

លោក​ឧត្ដមសេនីយ៍ ក៏​ពុំ​បាន​អធិប្បាយ​ទៅលើ​ហេតុផល​នៃ​ការណ៍​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ បើក​ផ្លូវ​ឲ្យ​ក្រុម​អ្នកតំណាងរាស្ត្រ​យក​ញត្តិ​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ​ខ្មែរ​នោះ​ដែរ។​

ក្រោយ​ពី​ក្រុម​អ្នកតំណាង​រាស្ត្រ​បាន​វិល​ត្រឡប់​ពី​ព្រះបរមរាជវាំង​ លោក​ អេង ឆៃអ៊ាង​ មន្ត្រី​ជាន់​ខ្ពស់គណបក្ស​សង្គ្រោះជាតិ​ បាន​ប្រាប់​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ថា​ មន្ត្រី​ព្រះបរមរាជវាំង​បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ក្រុម​អ្នកតំណាងរាស្ត្រ​ តែ​លោក​មិន​ទាន់បញ្ជាក់​ថា​ ព្រះមហាក្សត្រ​ខ្មែរ​ទ្រង់​មាន​ព្រះរាជ​តម្រិះយ៉ាង​ណា​នោះ​ទេ៕

XS
SM
MD
LG