លោកធន់ សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុកនៅថ្ងៃពុធនេះ ទទូចឲ្យមេដឹកនាំគណបក្សនយោបាយធំពីរនៅក្នុងរដ្ឋសភាជាតិយក «វប្បធម៌សន្ទនា» មកដោះសា្រយវិវាទដីធ្លីដ៏រ៉ាំរ៉ៃ ដែលបានកើតឡើង និងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជា ទោះជាចំនួននៃវិវាទបានថយចុះបន្តិចក្តីនៅក្នុងអំឡុងពេល៦ខែដំបូងក្នុងឆ្នាំ២០១៥នេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯទីស្នាក់ការកណ្តាលរបស់សមាគមនៅក្នុងរាជធានីភ្នំពេញ លោកធន់ សារ៉ាយបានថ្លែងថាវប្បធម៌សន្ទនា ជាឧបករណ៍នយោបាយមួយដែលអាចប្រើសម្រាប់ជម្រះទំនាស់ដីធ្លីរ៉ាំរ៉ៃធំៗបានមួយចំនួនរវាងប្រពលរដ្ឋខ្មែរ និងក្រុមហ៊ុនដែលទទួលបានដីសម្បទានអភិវឌ្ឍន៍សេដ្ឋកិច្ចពីរាជរដ្ឋាភិបាលកម្ពុជា។
«អញ្ជឹងហើយបានជាយើងសូមធ្វើការអំពាវនាវពីពេលនេះទៅ ថាឲ្យលោកមេត្តា លើកក្រោយបើបានជួបគ្នាទៀត សូមមេត្តាយកបញ្ហារឿងដីធ្លីដែលនៅរ៉ាំរ៉ៃនេះយកទៅជជែកគ្នាផង ហើយជាពិសេសសភាទាំងពីរគណបក្សមានហើយ គឺខាងគណៈកម្មាការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងទាំងរដ្ឋសភា ទាំងព្រឹទ្ធសភាមានដូចគ្នាដឹង ហើយក៏បានទទួលព័ត៌មាននេះក៏ច្រើនដែរ ប៉ុន្តែបើត្រូវការព័ត៌មានបន្ថែមពីអាដហុកទៀត update យើងអាចផ្តល់ជូនថែមទៀត ដើម្បីឲ្យមានការផ្តល់ព័ត៌មានហ្នឹងឲ្យវាគ្រប់ជ្រុងជ្រោយ ក្នុងការសម្រេចចិត្ត ក្នុងការដោះស្រាយ»។
លោកធន់ សារាយបន្តថា ទំនាស់ដីធ្លីរ៉ាំរ៉ៃជាច្រើនបាននៅជាប់គាំងហើយដោះស្រាយមិនចេញ ដោយសារកង្វះឆន្ទៈនយោបាយរបស់មេដឹកនាំប្រទេស និងរនាំងបុណ្យស័ក្តិធំៗរបស់រដ្ឋមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលមួយចំនួន ដែលរារាំងដល់ការដោះស្រាយបញ្ចប់ទំនាស់។ លោកបានពន្យល់អំពីទំនាស់មួយចំនួនយ៉ាងដូច្នេះថា៖
«ដូចយើងដឹងហើយសុទ្ធតែរឿងក្រុមហ៊ុន ដែលអ្នកសារព័ត៌មានយើងដឹងជាទូទៅហើយ មិនពិបាកទេសុទ្ធតែ ដូចជាក្រុមហ៊ុនចំការអំពៅ ក្រុមហ៊ុននៅឡពាង ក្រុមហ៊ុននៅកោះកុង ក្រុមហ៊ុនចិនដែលនៅកោះកុង ដូចជានៅមេមត់ នៅរ៉ាំរ៉ៃនៅហ្នឹង នៅមណ្ឌលគិរីសុទ្ធតែប៉ះជាមួយអ្នកខ្លាំងៗ នៅរតនគិរីសុទ្ធតែដីរបស់អ្នកដែលមានអំណាចខ្លាំងៗ នៅក្នុងរដ្ឋាភិបាលមួយចំនួន ប៉ុន្តែសុទ្ធតែជាអ្នកដែលយើងពិបាកដោះ ហើយខេត្តក៏ពិបាកដោះដែរ»។
ការស្នើសុំឲ្យមេដឹកនាំរដ្ឋាភិបាលគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកសម រង្សី ប្រធានគណបក្សសង្រ្គោះជាតិ យកវប្បធម៌សន្ទនាមកដោះស្រាយវិវាទដីធ្លីនេះ កើតមានឡើងនៅពេលដែលសមាគមសិទ្ធិមនុស្សអាដហុកបញ្ចេញរបាយការណ៍បង្ហាញពីស្ថានភាពជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៤ និងប្រាំមួយខែដំបូងឆ្នាំ២០១៥។
របាយការណ៍ដែលដាក់ចំណងជើងថា «ដីរបស់នរណា?» របស់សមាគមអាដហុកឲ្យដឹងថា នៅក្នុងឆ្នាំ២០១៤ សមាគមអាដហុកបានទទួលពាក្យបណ្តឹងចំនួន១៤០ ពាក់ព័ន្ធទៅនឹងជម្លោះដីធ្លី ដែលមានផលប៉ះពាល់សរុបយ៉ាងហោចណាស់ចំនួន២៤,៧០៨ហិកតា និងប្រជាពលរដ្ឋចំនួន៩,៩៥៨គ្រួសារ។ ខេត្តដែលប៉ះពាល់ច្រើនបំផុត គឺខេត្តសៀមរាប មាន២៨ករណី ខេត្តកំពង់ចាម មាន១២ករណី និងខេត្តបន្ទាយមានជ័យមានចំនួន១២ករណី។
នៅក្នុងអំឡុងពេល៦ខែដំបូងក្នុងឆ្នាំ២០១៥ សមាគមអាដហុកបានទទួល៦៦ពាក្យបណ្តឹង ដែលពាក់ព័ន្ធជាមួយប្រជាពលរដ្ឋចំនួន៣,៥៦៤គ្រួសារ លើផ្ទៃដីចំនួន ៨,៦៦៨.៧៣ហិកតា។ បើប្រៀធៀបទៅនឹង៦ខែដំបូងក្នុង២០១៤ គឺពាក្យបណ្តឹងមានការថយចុះ ដោយសមាគមអាដហុកបានទទួលពាក្យបណ្តឹង ៧៩ពាក្យបណ្តឹងទាក់ទងជាមួយ៥,៩៩៤គ្រួសារ និង១៩,៤៥៥ហិកតា។
របាយការណ៍ដដែលនេះបានកត់សម្គាល់ជាមួយនឹងកង្វល់ថា ទាហាន ឬបុគ្គលមានអំណាច និងបុគ្គលដែលមានខ្នងបង្អែកដូចជា ឧកញ្ញ៉ា និងទីប្រឹក្សារបស់មន្ត្រី មានអំណាចខ្ពង់ខ្ពស់បន្តពាក់ព័ន្ធនៅក្នុងជម្លោះដីធ្លីនេះ។
ទាក់ទិននឹងការប្តឹងផ្តល់វិញ សមាគមអាដហុកឲ្យដឹងថា រដ្ឋាភិបាលបានចោទប្រកាន់ និងបានចាប់ខ្លួនសកម្មជនចំនួន១២១នាក់ ដែលជាប់ពាក់ព័ន្ធជាមួយជម្លោះដីធ្លី។ ក្នុងចំណោម១២១នាក់នេះ អ្នកដែលគេចោទប្រកាន់នេះ មាន៦៨នាក់ត្រូវបានជាប់ពន្ធនាគារ ហើយ៦១នាក់ត្រូវបានគេដោះលែង ហើយរហូតមកដល់ពេលនេះ មាន៧នាក់បន្តនៅក្នុងពន្ធនាគារ។ ប៉ុន្តែនៅក្នុងអំឡុងពេល៦ខែដំបូងក្នុងឆ្នាំ២០១៥ មានតែ១៨នាក់ប៉ុណ្ណោះ ត្រូវបានចោទប្រកាន់។ ក្នុងចំណោមជនទាំងនេះ មាន១២នាក់ ត្រូវបានឃាត់ខ្លួន ហើយ៩នាក់ត្រូវបានបន្តឃុំខ្លួន រីឯ៣នាក់ផ្សេងទៀតត្រូវបានដោះលែង ខណៈដែល៦នាក់ទៀត ត្រូវបានគេចេញដីការចាប់ខ្លួនបន្ត។
លោកសុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់ VOA ថា រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការណ៍ជាច្រើនរួចទៅហើយ ដើម្បីដោះស្រាយវិវាទដីធ្លីដែលជាប់ពាក់ព័ន្ធជាមួយអ្នកមានអំណាចលុយកាក់ ដោយរដ្ឋាភិបាលបានចាប់ឃុំខ្លួនមន្ត្រីមួយចំនួនដាក់ក្នុងពន្ធនាគារ ហើយថាវប្បធម៌សន្ទនាគឺបញ្ហានយោបាយដាច់ដោយឡែកពីកិច្ចការបច្ចេកទេសសម្រាប់ដោះស្រាយទំនាស់ដីធ្លី។
«អាហ្នឹងមិនមែនរឿងនយោបាយទេ អាបញ្ហាដីធ្លីនេះ វាបញ្ហាបច្ចេកទេស។ អញ្ជឹងទេវប្បធម៌សន្ទនា ឬមួយក៏កិច្ចព្រមព្រៀងនយោបាយ វាជារឿងនយោបាយ វាខុសគ្នាពីហ្នឹង។ ហើយយើងទៅយករឿងនយោបាយទៅគ្របដណ្តប់លើច្បាប់ លើរដ្ឋធម្មនុញ្ញម៉េចបាន»។
លោកអេង ឆៃអ៊ាង ប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងអង្កេត និងទំនាក់ទំនងរដ្ឋសភានិងព្រឹទ្ធសភា ពុំអាចបញ្ជាក់ពីចំនួនពាក្យបណ្តឹង ដែលគណៈកម្មាការលោកទទួលបានទេ តែបានបញ្ជាក់ថាទំនាស់ដីធ្លីដែលកំពុងស្ថិតក្នុងការដោះស្រាយ គឺច្រើនជាទំនាស់ដែលកប់មកយូរឆ្នាំ ហើយត្រូវការពេលវេលាច្រើនដើម្បីរកដំណោះស្រាយ។
«បញ្ហាដីធ្លីនេះ យើងមិនអាចដោះស្រាយភ្លាមៗបានទេ ព្រោះរឿងខ្លះវាកើតយូរឆ្នាំ កើតយូរឆ្នាំ វាមានភាពរ៉ាំរ៉ៃដូចជំងឺអញ្ចឹងឯង។ ត្រូវហើយកាលណាព្យាបាលជំងឺ វាមិនមែនដាក់ថ្នាំភ្លាមព្យាបាលជាភ្លាមទេ យើងត្រូវធ្វើការទាំងអស់គ្នា»។
លោកបានបន្ថែមថា លោកសម រង្សី ប្រធានសម្លេងភាគតិចក្នុងរដ្ឋសភាក៏ធ្លាប់ប្រើប្រាស់វប្បធម៌សន្ទនានេះ ដើម្បីស្វះស្វែករកច្រកចេញដល់ទំនាស់ដីធ្លីធំៗមួយចំនួនផងដែរ។
«ជាការពិតហើយ តែកាលណារឿងធំៗអញ្ចឹងពេលខ្លះឯកឧត្តមប្រធានពេលជួបជាមួយសម្តេចនាយកគឺលោកតែងតែបាននិយាយដែរ គឺបានជជែកគ្នាដែរណា៎ ហើយក៏នៅក្នុងនោះក៏យើងឃើញថាមានវិធានការណ៍មួយចំនួនដែរ »។
លោកអ៊ូ វីរៈ ប្រធានអង្គការវេទិការអនាគត យល់ឃើញថា វិបត្តិដីធ្លីគួរជាប្រធានបទអាទិភាពមួយនៃវប្បធម៌សន្ទនារបស់មេដឹកនាំគណបក្សនយោបាយក្នុងរដ្ឋសភាជាតិទាំងពីរធ្វើការជជែកនិងពិចារណា។ ប៉ុន្តែលោកបានព្យាករណ៍ថា វប្បធម៌សន្ទនានេះគឺគ្រាន់តែជាវិធីសាស្រ្តនយោបាយសម្រាប់ការបែងចែកអំណាចគ្នារវាងគណបក្សនយោបាយទាំងពីរតែប៉ុណ្ណោះ។
«ការពិតគួរជារឿងនៃមូលហេតុវប្បធម៌សន្ទនាធំជាងគេ ហើយទាក់ទងនឹងរឿងដោះស្រាយបញ្ហាសម្រាប់ប្រជាពលរដ្ឋទាក់ទងនឹងរឿងដីធ្លីក្តីទាក់ទងរឿងការបំពានផ្សេងៗដែលតុលាការពុករលួយក្តី សុទ្ធតែរឿងគួរជជែកគ្នារវាងគណបក្សទាំងពីរ»។
សមាគមអាដហុកបានទទូចស្នើសុំឲ្យរដ្ឋាភិបាលពន្លឿនការចុះបញ្ជីដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចផងដែរ ពីព្រោះថាភាពយឺតយ៉ាវនៃការចុះបញ្ជីអាចធ្វើសហគមន៍ជនជាតិដើមភាគតិចប្រឈមនឹងការបាត់បង់បន្ថែមទៀតនៃដីធ្លីជនជាតិដើមភាគតិច ដីកប់ខ្មោច និងដីព្រៃ ដែលគោរពបូជា៕