កាលពីថ្ងៃអង្គារ លោក John Kasich អភិបាលរដ្ឋ Ohio ដែលជាអ្នកនយោបាយជើងចាស់ម្នាក់បានចូលរួមក្នុងចំណោមឥស្សរជនច្រើននាក់ដែលស្វះស្វែងឱ្យបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតក្នុងឆ្នាំ២០១៦។
លោកKasich ដែលមានអាយុ៦៣ឆ្នាំជាបេក្ខជនទី១៦ខាងគណបក្សសាធារណរដ្ឋនៅក្នុងការប្រកួតប្រជែងគ្នានេះដែលមានរួមបញ្ចូលសមាជិកឬអតីតសមាជិកព្រឹទ្ធសភាស.រ.អ.៥នាក់, អភិបាលរដ្ឋកំពុងកាន់តំណែង៤នាក់និងអតីតអភិបាលរដ្ឋ៤នាក់ព្រមទាំងឥស្សរជនពីរនាក់មកពីពិភពមហាក្រុមហ៊ុននិងវេជ្ជបណ្ឌិតខាងការវះកាត់សរសៃប្រសាទចូលនិវត្តន៍ម្នាក់។
នេះជាការប្រមូលផ្តុំបេក្ខជនប្រធានាធិបតីច្រើនបំផុតខាងគណបក្សសាធារណរដ្ឋក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មុននេះក៏ប៉ុន្តែគ្មានអ្នកនាំមុខគេដាច់ណាត់នៅឡើយទេ។ការស្ទង់មតិក្រុមអ្នកគាំទ្រសាធារណរដ្ឋនៅទូទាំងប្រទេសជាតិបង្ហាញថាលោក Donald Trump ដែលជាមហាសេដ្ឋីខាងដីធ្លីនិងខាងអាគារមានប្រាក់រាប់ពាន់លានដុល្លារ, លោកអតីតអភិបាលរដ្ឋ Florida Jeb Bush ដែលជាកូនប្រុសនិងជាប្អូនប្រុសអតីតប្រធានាធិបតីស.រ.អ.ពីរនាក់និងលោក Scott Walker អភិបាលរដ្ឋ Wisconsin ជាបេក្ខជនមានការគាំទ្រច្រើនជាងបេក្ខជនឯទៀតៗ។
លោក Kasich បានចំណាយពេល១៨ឆ្នាំនៅក្នុងសភាតំណាងរាស្ត្រអាមេរិកាំងហើយបានធ្វើការមួយទសវត្សរ៍ជាអ្នកចាត់ចែងកិច្ចការប្រតិបត្តិខាងជំនួញម្នាក់នៅមុនពេលលោកឈ្នះឆ្នោតកាន់តំណែងជាអភិបាលរដ្ឋ Ohio ក្នុងឆ្នាំ២០១០ហើយលោកបានជាប់ឆ្នោតជាថ្មីកាលពីឆ្នាំទៅមិញ៕