កម្មករដាក់ញត្តិជូនលោកហ៊ុន សែនទាមទារឡើងប្រាក់ខែ
កម្មកររោងចក្រកាត់ដេរប្រហែល២០០០នាក់នៅកម្ពុជាដើរតវ៉ានៅភ្នំពេញនៅថ្ងៃសុក្រទី២៧ខែកញ្ញានេះទាមទារឡើងប្រាក់ខែនិងប្រាក់ឧបត្ថម្ភ។ បាតុករទាំងនេះដែលច្រើនជាស្ត្រីប្រុងដើរពីរោងចក្រទៅផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែប៉ូលិសបានរារាំងមិនឲ្យគេទៅផ្ទះលោកហ៊ុន សែនទេ។ លោករ័ត្នស្រៀង មេបញ្ជាការកងរាជអាវុធហត្ថក្រុងភ្នំពេញបានចរចាជាមួយបាតុករ ហើយអនុញ្ញាតឲ្យតំណាងកម្មករ៣០នាក់យកញត្តិទៅជូនលោកហ៊ុន សែន។ កម្មករកម្ពុជាបានប្រាក់ខែ៨០ដុល្លារ តែគេទាមទារឡើងដល់១៥០ដុល្លារ។ កម្មករបានធ្វើការតវ៉ាច្រើនលើកមកហើយ តាំងពីថ្ងៃ៨ខែសីហា តែគ្មានលទ្ធផល។ កម្មករក៏ទាមទារឲ្យរដ្ឋាភិបាលបណ្តេញនាយកគ្រប់គ្រងម្នាក់ដោយចោទថា រារាំងមិនឲ្យមានដំណោះស្រាយ៕ (រ័យទ័រ)