ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ចាត់ការ​បណ្តឹង​លោក​ជុំ ម៉ី​ប្រឆាំង​នឹង​លោក​កឹម សុខា


លោក​ជុំ ម៉ៃ អ្នកទោស​គុកទួលស្លែង ថ្លែងទៅ​កាន់អ្នក​យកព័ត៌មាន​នៅតុលាការ​ភ្នំពេញ​​ ពេល​បំភ្លឺ​អំពី​ពាក្យ​បណ្តឹង​ប្តឹង​លោក​កឹម សុខា។
លោក​ជុំ ម៉ៃ អ្នកទោស​គុកទួលស្លែង ថ្លែងទៅ​កាន់អ្នក​យកព័ត៌មាន​នៅតុលាការ​ភ្នំពេញ​​ ពេល​បំភ្លឺ​អំពី​ពាក្យ​បណ្តឹង​ប្តឹង​លោក​កឹម សុខា។
តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃច័ន្ទ​នេះ​បាន​ចាប់​ផ្តើម​បើក​ការស៊ើប​អង្កេត​លើ​សំណុំរឿង​របស់​លោក​ជុំ​ ម៉ី​ អ្នក​រស់​រាន​មាន​ជីវិត​មួយរូប​ពី​មន្ទីរ​ឃុំ​ឃាំង​គុកទួល​ស្លែង​ឬមន្ទីរ​ស២១​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​លោក​កឹម​ សុខា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ។​

លោក​ ជុំ ម៉ី​ កាលពី​ពាក់​កណ្តាល​ខែ​មិថុនា​បានដាក់​ពាក្យ​បណ្តឹង​មួយច្បាប់​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ប្រឆាំង​នឹង​លោក​កឹម សុខា​ពីបទ​បរិហារកេរ្តិ៍​សាធារណៈ​ពាក់ព័ន្ធ​នឹង​សេចក្តី​ថ្លែងការណ៍​អំពីគុក​ទួលស្លែង។​

តុលាការ​ក្រុងភ្នំពេញ​បាន​កោះហៅ​លោក​ជុំ ម៉ី​ដែលជា​ភាគី​ដើម​បណ្តឹង​មក​សាក​សួរ​នៅ​ថ្ងៃច័ន្ទ​នេះ។ចំណែក​លោក​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​តុលាការ​បាន​ចេញ​ដីការ​កោះហៅ​មក​សាកសួរ​នៅថ្ងៃទី​២៧​ខែមិថុនា​ចំថ្ងៃ​ទីមួយ​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ។​

លោក​ ជុំ ម៉ី​បាន​មក​បង្ហាញ​មុខនៅ​ចំពោះ​មុខតុលាការ​ជាមួយ​នឹង​អ្នក​រស់​រាន​មាន​ជីវិត​ពី​គុក​ទួល​ស្លែង​មួយរូប​ទៀត​គឺលោក​នង ចាន់ផល ​ព្រមទាំង​មាន​មេធាវី​អម​មក​ជាមួយ​ផង។​
លោកជុំ ម៉ី​អាយុ​៨៣​ឆ្នាំ​បាន​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​ខាង​ក្រៅ​អគារ​តុលាការ​ថា​លោក​ទាមទារ​ឱ្យ​លោក​កឹម សុខា​ផ្តល់​សំណង​ចំនួន​១.០០០​ដុល្លារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​ឧទ្ទិស កុសល​ដល់​អ្នក​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នង​របប​ខ្មែរ​ក្រហម។​

លោក​មិនបាន​រៀប​រាប់​ឱ្យ​បាន​ពិស្តា​ចំពោះ​សំណួរ​អ្នកកាសែត​ទេ​ដោយ​លោក​តម្រូវ​ឱ្យ​សាកសួរ​មេធាវី។​ក្រោយ​មកលោក​បាន​ដើរ​ទៅឡើង​ជិះរថយន្ត​មួយ​យ៉ាងប្រញ៉ាប់​ដោយ មាន​អ្នក​បើក​រថយន្ត​និង​អ្នក​បើក​ទ្វារ​ឱ្យ​លោកទៀតផង។​

លោកនិយាយថា៖ «ខ្ញុំ​ដាក់​មកចង់​ឱ្យ​តុលាការ​រកយុត្តិធម៌​ឱ្យ​ខ្ញុំបាទ​ដោយសារ​កឹម សុខា​ហ្នឹង​និយាយ​បំផ្លើស​នៅ​ក្នុង​សារមន្ទីរ​ទួល​ស្លែង​ហើយ​ខ្ញុំជាជន​រងគ្រោះ​ផ្ទាល់​នៅក្នុង​សារមន្ទីរ​ទួល​ស្លែង​ហ្នឹង»។

លោក​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ ត្រូវ​បាន​រាយការណ៍​ថា ​បាន​និយាយ​ថា ​គុក​ទួលស្លែង​ជា​គុក​សិប្បនិមិត្ត​ និង​រៀបចំ​ដោយ​ប្រទេស​វៀតណាម។ ការ​លើកឡើង​នេះបាន​បង្ក​ឲ្យ​លោក​ជុំ ម៉ី​ដឹកនាំ​បាតុកម្ម​ធំ​មួយ​ទាមទារ​ឲ្យ​លោក​កឹម សុខា​សុំទោស​ជន​រងគ្រោះ​គុក​ទួលស្លែង​កាលពី​ថ្ងៃទី​៩​ខែមិថុនា​ហើយ​ចុងក្រោយ​ទើបឈាន​ដាក់​ពាក្យប្តឹង​មកកាន់​តុលាការ។​

លោក​ គួយ ធុនណា​មេធាវីការពារ​ក្តី​ឱ្យ​លោក​ ជុំ ម៉ី​បាន​និយាយ​ថាមូលហេតុនៃ​ការ​ដាក់​ពាក្យ​បណ្តឹង​នេះ​គឺ​កើត​ចេញពី​លោក​កឹម សុខា។​

លោកនិយាយ​ថា៖ «រឿង​នេះវាចេញ​មកពី​លោក​កឹម សុខាថា​ទួល​ស្លែង​ប្រឌិត​ទើប​ក្រោយ​មកទើ​បគាត់​ថា​គាត់​អត់​បាន​និយាយ​អញ្ចឹងទេ​ ពូ ជុំ ម៉ី​ កាត់​កាសែត​គាត់​ត​ អញ្ចឹង​គាត់​ក្នុង​នាម​គាត់​ជាអ្នក​ធ្វើ​កាសែត​ហ្នឹង​ហើយ​នឹង​អ្នកទោស​ទទួល​ស្លែង​គាត់​ឈឺចាប់​ គាត់​អត់បាន​កាត់​ត​ទេ​។​អញ្ចឹង​លោក​កឹម សុខា​ បរិហារ​កេរ្តិ៍​គាត់»។​

លោក​ កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​មាន​បេសកកម្ម​នៅ​ឯប្រទេស​អូស្ត្រាលី​មិនអាច​ស្នើសុំ​ដើម្បី​ទំនាក់​ទំនង​បានទេ។​ក៏ប៉ុន្តែលោក​ យឹម សុវណ្ណ​អ្នកនាំពាក្យ​គណបក្ស​បាន​និយាយ​ថា​លោក​មិន​ចាប់អារម្មណ៍​និង​ពាក្យ​បណ្តឹង​នេះ​ទេ។​

​លោកឲ្យដឹងថា៖ «អត់​មានពេល​វេលា​អ្វីទេ​។​ខ្ញុំក៏មិន​បានដឹង​ ហើយ​ឯកឧត្តម​កឹម សុខា​គាត់​មិនទាន់​មកពី​ជប៉ុន»។​

លោក​កឹម​សុខា​ បាន​ជាប់​ពាក្យ​បណ្តឹង​ចំនួនបី​ក្នុង​ខណៈពេល​ដែល​គណបក្ស​របស់​លោក​បាន​បូក​បញ្ចូល​ជាមួយ​គណបក្ស​សម​ រង្ស៊ី។​

បណ្តឹង​ទាំងបី​រួម​មាន​បណ្តឹង​របស់​លោក​ជុំ ម៉ី​ និង​បណ្តឹង​ពីរ​ទៀតធ្វើ​ឡើង​រវាង​ស្ត្រី​ជាម្តាយ​និង​កូន​ដែល​អះអាងថា​ត្រូវជា​ភរិយា​ទីពីរ​របស់​លោក​កឹម​សុខា។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​ប្រទេស​កម្ពុជា​បាន​និយាយ​ថា​រដ្ឋាភិបាល​កំពុង​ឱ្យ​មេធាវី​សិក្សា​ដើម្បី​ប្តឹង​លោក​កឹម សុខា​មួយ​ករណី​ទៀត​ពីបទ​ចោទថា​គណបក្ស​គ្រប់​គ្រង​អំណាច​នៅ​ពីក្រោយ​ខ្នង​បាតុកម្ម​កាល​ពី​ថ្ងៃទី​៩​ខែមិថុនា។

បណ្តឹង​ផ្ទួនៗ​ប្រឆាំង​នឹង​លោក​កឹម សុខា​ត្រូវ​បាន​អ្នក​វិភាគ​ស្ថានការណ៍​ក្នុង​ប្រទេស​កម្ពុជា​ថា​ជារឿង​នយោបាយ​ច្រើន​ជាង​ផ្លូវច្បាប់​ក្នុងពេល​ដែល​ការ​បោះឆ្នោត​ជាតិ​គ្រោង​នឹង​ខិត​ជិតមកដល់​នៅ​ថ្ងៃទី​២៨​ខែ​កក្កដា​ខាង​មុន​នេះ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​សក្តិសម​ជា​គូ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​គ្រប់​គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន៕
XS
SM
MD
LG