នេះគឺជាពលរដ្ឋនៃសហគមន៍ Hopley ស្ថិតនៅជាយរដ្ឋធានីហារ៉ារ៉េ។ ពួកគេកំពុងមកយកទឹកនៅពេលព្រឹកព្រលឹមនៅក្នុងកន្លែងដែលគេមិនធ្លាប់គិតដល់ និងជាកន្លែងដែលគេមិនធ្លាប់មកប៉ះពាល់ពីមុន នោះគឺទីបញ្ចុះសព។
នៅក្នុងវប្បធម៌ស៊ីមបាវ៉េ អ្នកដែលស្លាប់ទៅគឺជាអ្នកដែលត្រូវបានគោរព ហើយទីកន្លែងតម្កល់សាកសពមិនគួរត្រូវបានរំខាននោះទេ ជាពិសេសចាប់ពីពេលព្រលប់រហូតដល់ពេលព្រឹកព្រលឹម។
ប៉ុន្តែ អ្នកនាង Vimbai Sanyamas ដែលមានអាយុ ២៥ ឆ្នាំនិយាយថា កង្វះទឹកធ្ងន់ធ្ងរបានបង្ខំឲ្យគាត់និងអ្នកជិតខាងជាច្រើនទៀតត្រូវមកយកទឹកដែលហ៊ុំព័ទ្ធទៅដោយរណ្ដៅសាកសព។
អ្នកនាង Vimbai Sanyama ថ្លែងថា៖«យើងមិនខ្លាចទៀតទេ ពីព្រោះយើងគ្មានទឹកប្រើប្រាស់ទេ។ បើយើងខ្លាច តើយើងបានទឹកពីណាសម្រាប់បោកគក់និងប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀតទៅ?»
អ្នកនាង Sanyama បន្ទោសទៅលើអ្នកនយោបាយដែលបានសន្យា ប៉ុន្តែមិនគោរពពាក្យសន្យារបស់ពួកគេក្នុងការដោះស្រាយបញ្ហាកង្វះទឹកប្រើប្រាស់ ដោយអ្នកនាងនិយាយថា នៅពេលពួកគេបានជាប់ឆ្នោតហើយនោះ ពួកគេមិនធ្វើអ្វីទាល់តែសោះ។
លោកវេជ្ជបណ្ឌិត Alex Gasasira ប្រធានអង្គការសុខភាពពិភពលោកប្រចាំប្រទេសស៊ីមបាវ៉េ ព្រមានថា ការបរិភោគទឹកមានប្រភពពីអណ្ដូងនៅកន្លែងបញ្ចុះសពមានហានិភ័យប្រឈមនឹងជំងឺនានាដូចជា ជំងឺគ្រុនពោះវៀន និងជំងឺអាសន្នរោគជាដើម។
លោក Gasasiraថ្លែងយ៉ាងដូច្នេះថា៖ «អ្នកដែលបរិភោគទឹកមានប្រភពពីទីវាល ដែលប្រហែលជាបានក្លាយជាទឹកកខ្វក់នោះ អាចទទួលរងគ្រោះដោយសារជំងឺដែលមានប្រភពពីទឹក។ មានជំងឺជាច្រើនដែលមានប្រភពពីទឹក ហើយការបរិភោគទឹកបែបនេះអាចបង្កជាជំងឺជាច្រើននិងអាចបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ។ ជំងឺរាតត្បាតធម្មតា មានដូចជា ជំងឺរាគរូស គ្រុនពោះវៀន និងជំងឺអាសន្នរោគ។ យើងដឹងហើយថា មានប្រភេទជំងឺផ្សេងៗជាច្រើនដែលមិនត្រូវបានគេចាប់អារម្មណ៍នៅតំបន់ត្រូពិច។ ទាំងនេះគឺជាក្ដីបារម្ភយ៉ាងខ្លាំងសម្រាប់ខ្ញុំ»។
ប៉ុន្តែ ពលរដ្ឋសហគមន៍ Hopley និយាយថា ពួកគេមានជម្រើសតិចតួចណាស់។
ពួកគេនិយាយថា កង្វះទឹកគឺជារឿងធម្មតាទៅហើយ ហើយវាកាន់តែមានសភាពធ្ងន់ធ្ងរជាងមុន បើទោះបីជាមានការសន្យាពីសំណាក់មន្ត្រីជាច្រើននៅពេលបោះឆ្នោត ថាពួកគេនឹងដោះស្រាយបញ្ហានេះក៏ដោយ។
លោក July Moyo រដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្នាក់មូលដ្ឋាន និយាយថា លោកមិនបានដឹងថា ប្រជាពលរដ្ឋរងទុក្ខធ្ងន់ធ្ងររហូតដល់ទៅយកទឹកពីកន្លែងបញ្ចុះសពមកប្រើប្រាស់នោះទេ ប៉ុន្តែលោកសន្យាថានឹងចាត់វិធានការលើរឿងនេះ។
លោក July Moyo និយាយដូច្នេះថា៖ «ពិតណាស់ យើងនឹងតាមដាន និងគិតពីអ្វីដែលយើងអាចធ្វើបានដើម្បីលុបបំបាត់គ្រោះមហន្តរាយនេះ។ ទឹកគឺជាវត្ថុធាតុយ៉ាងសំខាន់សម្រាប់មនុស្ស ហេតុដូច្នេះហើយ បានជារៀងរាល់សប្ដាហ៍យើងព្យាយាមពិនិត្យមើលថាតើបញ្ហាបែបនេះកើតឡើងនៅកន្លែងណាខ្លះ ហើយយើងនឹងពិនិត្យមើលបញ្ហាមួយនេះដែរ»។
ប៉ុន្តែសម្រាប់ពលរដ្ឋស៊ីមបាវ៉េដែលរងគ្រោះធ្ងន់ធ្ងរដូចជាអ្នកនាង Sanyama នៅពេលនិយាយពីការផ្គត់ផ្គង់ទឹក អាជ្ញាធរតែងតែមិនសូវជួយដល់ពលរដ្ឋនោះទេ ចាញ់ទាំងអ្នកដែលបានស្លាប់ទៅហើយទៀត៕