ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​​ព្រមាន​ថា​ យុវជន​ក្មេងៗ​អាច​ឆ្លង​ជំងឺ​កូវីដ​១៩​ខ្លាំង​បំផុត


មនុស្ស​ម្នា​កំពុង​ដើរ​នៅ​កន្លែង​ដើរទិញ​ទំនិញ នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ខែ​មិថុនា ២០២០។
មនុស្ស​ម្នា​កំពុង​ដើរ​នៅ​កន្លែង​ដើរទិញ​ទំនិញ នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ខែ​មិថុនា ២០២០។

ការផ្ទុះ​ឡើង​វិញ​នូវ​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​ជាច្រើន​ មួយ​ផ្នែក​បណ្តាលមក​ការ​មិន​ប្រុង​ប្រយ័ត្ន​​របស់​ពួក​យុវជន​ក្មេងៗ​ក្នុង​អំឡុង​នៃ​រដូវ​ក្តៅ​នៅ​អឌ្ឍគោល​ខាង​ជើង។នេះ​បើ​តាម​លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភព​លោក​ដែល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

យុវជន​ក្មេងៗ​ ភាគច្រើន​មិន​ពាក់​ម៉ាស់​ កំពុង​មិន​អើពើ​អនុសាសន៍​ឲ្យ​ឃ្លាត​នៅ​ឆ្ងាយ​ពី​គ្នា​នៅ​តាម​រង្គសាល​ ក្លឹប​រាត្រី​និង​ឆ្នេរ​សមុទ្រ​ដែល​បាន​បើក​ឡើង​វិញ​ចាប់​តាំង​ពីពួក​អាជ្ញាធរ​បាន​លុប​ចោល​ការ​រឹតត្បិត​ដោយសារ​មេរោគ​កូរ៉ូណា​មក។

លោក​ស្រី Maria Van Kerkhove ​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ឆ្លង​របស់​អង្គការ​សុខភាព​ពិភព​លោក​ដែល​បាន​ហៅ «ក្លឹប​រាត្រី​ថា​ជា​កន្លែង​ធ្វើ​ឲ្យ​មាន​ការ​ឆ្លង​ខ្លាំង​បំផុត​នោះ»​បាន​និយាយ​ថា​ «ភាគ​ច្រើន​នៃយុវជន​ក្មេងៗ​ បានឆ្លង​ជំងឺ​នោះ​ស្រាល។ ក៏ប៉ុន្តែ ការឆ្លង​នោះ មិន​ដូច​គ្នា​ទាំងអស់​ទេ»។

ពួក​យុវជន​ក្មេង​ៗ​ដែល​បាន​បង្ហាញ​រោគ​សញ្ញា​ស្រាល​ឬមិន​មាន​រោគសញ្ញា អាច​ចម្លង​វីរុស​ដល់​មនុស្ស​ចាស់ៗ​ដែល​ងាយ​ទទួល​រងគ្រោះ។

នៅ​ក្នុង​ប្រទេស​ប្រេស៊ីល លោក​ប្រធានាធិបតី ​Jair Bolsonaro​ ដែល​បាន​ធ្វើ​តេស្ត​មាន​មេរោគ​កូរ៉ូណា​វិជ្ជមាន​កាលពី​ថ្ងៃ​ទី៧ ខែ​ក្កដា​ហើយ​បាន​ធ្វើ​តេស្ត​អវិជ្ជមាន​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន បាន​និយាយ​ថា បន្ទាប់ពី​ស្ថិត​នៅ​ក្នុងផ្ទះ​ចំនួន​២០​ថ្ងៃ​មក លោក​មាន​ផ្សិត​នៅ​លើ​សួត​របស់​លោក។ លោក​ត្រូវ​បាន​ព្យាបាល​ដោយ​ប្រភេទ​ថ្នាំ Antbiotics។លោក​បាន​និយាយ​ម្តង​ហើយម្តង​ទៀត​ដោយ​ចាត់​ទុក​ជំងឺ​កូវីដ​១៩​ថា​ជា​«គ្រុនផ្តាសាយ​តូច»។

រហូត​មកទល់​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ ប្រេស៊ីល​មាន​ការឆ្លង​២​លាន​៦​សែន​ករណី​និង​មនុស្ស​ស្លាប់​៩១.២៦៣​នាក់។ នេះ​បើ​តាម​សាកល​វិទ្យាល័យ ​Johns Hopkisn របស់​សហរដ្ឋ​អាមេរិក។

តាម​សេចក្តី​ថ្លែងការណ៍​មក​ពី​វិមាន​ប្រធានាធិបតី​ប្រេស៊ីល​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នកឆ្លង​នៅ​ប្រេស៊ីល​គឺ​លោក​ស្រី ​Michelle Bolsonaro ​ភរិយា​របស់​ប្រធានា​ធិបតី​ដែល​បាន​ធ្វើ​តេស្តមាន​ជំងឺ​កូវីដ​១៩​វិជ្ជមាន។

លោក Marcos Pontes រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ បាន​និយាយ​ថា លោក​បាន​ធ្វើ​តេស្ត​មាន​មេរោគ​កូរ៉ូណា​វិជ្ជមាន​ដែល​បាន​ធ្វើ​ឲ្យ​លោក​បាន​ក្លាយ​ជា​សមាជិក​គណៈ​រដ្ឋមន្ត្រី​ទី៥​ដែល​បាន​ឆ្លង​វីរុស​នោះ៕

XS
SM
MD
LG