ប្រទេសចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីប្រចាំថ្ងៃ ដែលមានចំនួនខ្ពស់បំផុតចាប់តាំងពីខែកក្កដាមក បន្ទាប់ពីមានករណីឆ្លងជាច្រើនកន្លែងនាពេលថ្មីៗនេះ ក្នុងខេត្ត Hebei ភាគខាងជើងនោះ។
គណៈកម្មការសុខាភិបាលជាតិរបស់ប្រទេសចិនបានប្រកាសរកឃើញនូវករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ១១៥ នាក់ កាលពីថ្ងៃអង្គារ ដោយក្នុងនោះ ៩០ ករណី ត្រូវបានរកឃើញក្នុងខេត្ត Hebei ដែលនៅជិតទីក្រុងប៉េកាំង។ គណៈកម្មការនេះក៏បានលើកឡើងផងដែរថា ករណីឆ្លងថ្មីចំនួន ១០៧ នាក់ជាការឆ្លងក្នុងស្រុក ដែលជាចំនួនឆ្លងហក់ឡើងខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី៣០ ខែកក្កដាមក។
មន្ត្រីចិនក្នុងខេត្ត Hebei បានបញ្ជាឲ្យបិទសកម្មភាពនៅក្នុងទីក្រុងជាច្រើនរបស់ខេត្តនេះ ស្របពេលដែលអាជ្ញាធរក្នុងខេត្តភាគឦសាន Heilongjiang ដែលមានអ្នកឆ្លងថ្មីចំនួន ១៦ ករណីនោះ បានប្រកាសភាពអាសន្ននៅក្នុងខេត្តទាំងមូល ដែលមានប្រជាជនសរុបប្រមាណ ៣៧ លាននាក់។
ទន្ទឹមនឹងនេះដែរ អ្នកស្រាវជ្រាវក្នុងប្រទេសប្រេស៊ីលបានលើកឡើងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិនដែលផលិតដោយក្រុមហ៊ុនចិន Sinovac Biotech មានប្រសិទ្ធភាពលើសចំនួន ៥០% តែបន្តិចប៉ុណ្ណោះ បន្ទាប់ពីធ្វើការចាក់សាកល្បងទៅលើចំនួនមនុស្សក្នុងទ្រង់ទ្រាយធំ នៅក្នុងប្រទេសប្រេស៊ីលរួចមក។ នេះជាកម្រិតប្រសិទ្ធភាពទាបខ្លាំង បើធៀបនឹងប្រសិទ្ធភាព ៧៨% ដែលត្រូវបានប្រកាសកាលពីសប្តាហ៍មុន សម្រាប់ប្រឆាំងនឹងស្ថានភាពជម្ងឺពីស្រាលទៅធ្ងន់ធ្ងរនោះ។
ដោយឡែក មជ្ឍមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក CDC បាននិយាយនៅថ្ងៃអង្គារថា អ្នកធ្វើដំណើរបរទេសទាំងអស់ត្រូវបង្ហាញថា ខ្លួនពុំមានជំងឺកូវីដ១៩ នោះទេ មុនពេលធ្វើដំណើរតាមយន្តហោះចូលមកសហរដ្ឋអាមេរិក។
នៅក្រោមច្បាប់ថ្មីដែលនឹងត្រូវចូលជាធរមាន នៅថ្ងៃទី២៦ ខែមករាខាងមុខនេះ អ្នកធ្វើដំណើរបរទេសទាំងអស់ត្រូវធ្វើតេស្តពិនិត្យមើលថា ខ្លួនពុំមានឆ្លងជំងឺកូវីដ១៩ ឲ្យបាន ៣ ថ្ងៃមុនចូលមកសហរដ្ឋអាមេរិក៕