កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបានឲ្យដឹងថាខ្លួនកំពុងតែជួបការលំបាកក្នុងការរៃអង្គាសថវិកាឲ្យបានលើសពីជាង ២០០ លានដុល្លារ ដើម្បីកាត់បន្ថយបញ្ហាអសន្តិសុខស្បៀងនៅក្នុងប្រទេសហ្ស៊ីមបាវ៉េ។ ការដួលរលំសេដ្ឋកិច្ច និងគ្រោះរាំងស្ងួត បណ្ដាលឲ្យប្រជាជនហ្ស៊ីមបាវ៉េ ចំនួន ៥លាន ប្រាំសែននាក់ ខ្វះស្បៀងអាហារបរិភោគ។
អ្នកស្រី Maria Gunzi កំពុងឆាយដី ខណៈពេលរដូវវស្សាក្នុងប្រទេសស៊ីមបាវ៉េបានឈានចូលមកដល់។ ប៉ុន្តែស្ត្រីមេម៉ាយអាយុ ៦៦ ប្រកបរបរកសិកម្មរូបនេះបារម្ភថាគ្រួសាររបស់អ្នកស្រីនឹងមិនមានអាហារគ្រប់គ្រាន់។
អ្នកស្រី Gunzi បាននិយាយថា៖ «ភាពអន់ឃ្លាន និងភាពក្រីក្រមានពិតមែននៅទីនេះ សូម្បីតែជីរក៏ខ្ញុំគ្មានសម្រាប់ដាក់ដីដែលខ្ញុំកំពុងឆាយនេះដែរ។ ដំណាំរបស់ខ្ញុំត្រូវខ្លោចអស់ដោយសារកម្ដៅព្រះអាទិត្យរដូវមុន ហើយមិនមានជំនួយស្បៀងអាហារទេ។ ផ្លែឈើព្រៃទាំងនេះគ្មានអ្នកទិញទេ ដោយសារប្រជាជនគ្មានប្រាក់។ ខ្ញុំប្រាថ្នាថារដ្ឋាភិបាលនឹងនាំជំនួយយកជួយយើង ជាពិសេសជួយដល់ចាស់ជរាដូចពួកខ្ញុំ។ ភាពអត់ឃ្លានពិតជាធ្វើឲ្យខ្ញុំឈឺក្បាលណាស់»។
អ្នកស្រី Gunzi សង្ឈឹមថានឹងមានអ្នកទិញផ្លែឈើព្រៃ ដើម្បីស្រីអាចកិនពោតកន្លះ ធុងដែលអ្នកស្រីទទួលបានពីអ្នកចិត្តល្អនានា កាលពីខែមុន និងយកប្រាក់ខ្លះទៅទិញប្រេងឆា សម្រាប់ចម្អិនបន្លែក្រៀមរបស់អ្នកស្រី។
អ្នកស្រី Gunzi គឺជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនប្រាំលានប្រាំសែននាក់នៅក្នុង ប្រទេសស៊ីមបាវ៉េ ដែលកម្មវិធីស្បៀងអាហារពិភពលោកបានឲ្យដឹងថា ប្រឈមបញ្ហា អសន្តិសុខស្បៀង យ៉ាងហោចណាស់អូសបន្លាយដល់ខែមេសាឆ្នាំក្រោយ ដោយសារការដួលរលំ សេដ្ឋកិច្ចនិងគ្រោះរាំងស្ងួតដែលកើតឡើងជាថ្មី។
លោក Eddie Rowe នាយកកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសស៊ីមបាវ៉េ បាននិយាយថា៖ «សម្រាប់យើង យើងផ្ដោតទៅលើកម្រិតធ្ងន់ធ្ងរនៃស្ថានភាពសេដ្ឋកិច្ច និងភ្ជាប់ទៅនឹងការពិតដែលថាការព្យាករណ៍សម្រាប់រដូវដំាដុះឆ្នាំ ២០១៩-២០២០ គឺមិនសមប្រកបឡើយ វាស្រដៀងគ្នាទៅនឹងការព្យាករណ៍កាលពីឆ្នាំមុន។ យើងគិតថា យើងនឹងប្រឈមមុខនឹងបញ្ហានេះរយៈពេលវែង»។
កម្មវិធីស្បៀងអាហារពិភពលោក បានឲ្យដឹងថា ប្រទេសសំប៊ី ក្បែរខាងដែលកន្លែងដែលទីភ្នាក់ងារអង្គការសហប្រជាជាតិ នាំចេញស្បៀងទៅជួយស្ដារស្ថានការណ៍នៅប្រទេសស៊ីមបាវ៉េ ក៏ត្រូវបានប៉ះពាល់ដោយសារគ្រោះរាំងស្ងួត និងបានដាក់បំរាមហាមឃាត់មិនឲ្យនាំចេញពោត។
លើសពីនេះ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនេះ បានឲ្យដឹងថាខ្លួនត្រូវការអង្គាសថវិកាច្រើនជាងនេះ ដើម្បីជួយដល់ប្រទេសស៊ីមបាវ៉េ។
លោក Eddie Rowe នាយកកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសហ្ស៊ីមបាវ៉េ បានបន្ថែមថា៖ «យើងជិតអស់ពេលហើយ។ យើងត្រូវការស្បៀងអាហារឲ្យបានត្រឹមខែមករា។ សម្រាប់ពួកយើង ដើម្បីអនុវត្តគម្រោងនេះជាទ្រង់ទ្រាយធំ គឺចែកចាយអាហារដល់មនុស្ស ៤លាន១សែននាក់ ពីខែមករា ដល់ខែមេសា ហើយបន្ទាប់មក ១លាន៥សែននាក់ ពីចន្លោះខែឧសភា ដល់ខែមិថុនា ដែលសរុបមកយើងត្រូវការថវិកា ២៩៣លានដុល្លារ។ យើងទើបតែទទួលបាន ៣០ ភាគរយនៃចំនួននេះប៉ុណ្ណោះ។ មានន័យថាយើងខ្វះប្រមាណ២១១ លានដុល្លារទៀត»។
លោក Rowe នៅតែមានសង្ឃឹមថាម្ចាស់ជំនួយអន្តរជាតិ នឹងជួយដល់ប្រទេសស៊ីមបាវ៉េ ទោះបីជាលោកដឹងថាប្រទេសនេះកំពុងប្រជែងយកថវិកាជាមួយស្ថានភាពអាសន្ន នៅប្រទេសផ្សេងទៀតដែលកំពុងហែកហួរដោយសារសង្គ្រាមដូចជាប្រទេសយ៉េមែន ស៊ូដង់ និងសូម៉ាលី។
ជំនួយបែបណាក៏ដោយនឹងជួយសម្រាលបន្ទុកដល់អ្នកស្រី Maria Gunzi ដែលបាននិយាយថាការផ្លាស់ប្ដូរអាកាសធាតុប៉ះពាល់ដល់ជីវិតរស់នៅរបស់អ្នកស្រី ដែលពីមុនអ្នកស្រីធ្លាប់តែអាចដាំដុះចិញ្ចឹមជីវិតខ្លួនឯងបាន។
ប្រែសម្រួលដោយ សឿន វឌ្ឍនា