ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ស៊ីមបាវ៉េ​ និង​ចិន​សម្រាល​ភាព​ភ័យ​ខ្លាច​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​ក្រុមហ៊ុន Sinopharm


មន្ត្រី​សុខាភិបាល​ស៊ីមបាវ៉េ​ម្នាក់​ជញ្ជូន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ Sinopharm ចេញ​ពី​យន្ដហោះ​មួយ​គ្រឿង​ដែល​ដឹក​មក​ពី​ចិន ទៅ​ក្នុង​រថយន្ដ​ដឹកទំនិញ​របស់​រដ្ឋាភិបាល​ស៊ីមបាវ៉េ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Robert Gabriel Mugabe ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
មន្ត្រី​សុខាភិបាល​ស៊ីមបាវ៉េ​ម្នាក់​ជញ្ជូន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ Sinopharm ចេញ​ពី​យន្ដហោះ​មួយ​គ្រឿង​ដែល​ដឹក​មក​ពី​ចិន ទៅ​ក្នុង​រថយន្ដ​ដឹកទំនិញ​របស់​រដ្ឋាភិបាល​ស៊ីមបាវ៉េ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Robert Gabriel Mugabe ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រទេស​ស៊ីមបាវ៉េ ​កាលពី​ថ្ងៃ​ច័ន្ទ​ បាន​ទទួល​វ៉ាក់សាំង​ចំនួន​២សែន​ដូស​របស់​ក្រុមហ៊ុន Sinopharm ​ចិន​ដែល​ត្រូវ​បាន​ជួយ​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ជួយ​បញ្ឈប់​ការ​រាលដាល​ជំងឺ​កូវីដ​១៩។ ស៊ីមបាវ៉េ​ដូច​ជា​ប្រទេស​ភាគច្រើន​ទៀត​នៅ​ទ្វីប​អាហ្វ្រិក ​នឹង​ត្រូវការ​វ៉ាក់សាំង​រាប់​លាន​ដូស​ទៀត​បន្ទាប់ពី​ការ​ឆ្លង​បាន​កើន​ឡើង​យ៉ាង​ខ្លាំង។

លោក​អនុប្រធានាធិបតី Costantino Chiwenga នៃ​ប្រទេស​ស៊ីមបាវ៉េ​ ហើយ​ក៏​ជា​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ផង​ដែរ​នោះ ​បាន​ញញឹម​ស្វាគមន៍​នៅ​ឯ​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ Robert Mugabe ដោយ​លោក​បាន​និយាយ​ទៅ​កាន់​ក្រុម​អ្នក​កាសែត​បន្ទាប់ពី​យន្តហោះ​មួយ​គ្រឿង​ដែល​ដឹក​ជញ្ជូន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinopharm បាន​ចុះចត​មុន​ថ្ងៃ​ទើប​នឹង​រះ​កាលពី​ថ្ងៃ​ច័ន្ទ។

លោក Chiwenga បាន​ថ្លែង​ថា៖ «នេះ​ជា​អំណោយ​ទាន់​ពេល​វេលា​ដែល​បាន​ផ្តល់​ឲ្យ​នៅ​អំឡុង​សោកនាដកម្ម​និង​ការបំផ្លិច​បំផ្លាញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​របស់​យើង​ដោយសារ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩។ ការ​ទទួល​បាន​វ៉ាក់សាំង​ទាំង​នេះ ​ជា​ពន្លឺ​នៃ​ក្តីសង្ឃឹម​សម្រាប់​ប្រទេស​ជាតិ​ដែល​នៅ​ទីបញ្ចប់​យើង​អាច​ជិត​វិលត្រឡប់​ទៅ​កាន់​ភាពប្រក្រតី ​ដែល​ប្រជាពល​រដ្ឋ​របស់​យើងបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី។ នៅ​ពេល​ដែល​យើងត្រូវ​ការ​ចាំបាច់​ ការ​ឆ្លើយ​តប​វ៉ាក់សាំង​របស់​ចិន​មុន​ដំបូង​ជា​ការសំខាន់​សម្រាប់​ប្រទេស​យើង»។ ​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ កាល​ពី​ចុង​សប្តាហ៍​កន្លង​មក ​មន្ត្រី​ម្នាក់​នៃ​មហាវិទ្យាល័យ​សុខភាព​សាធារណៈ​របស់​ស៊ីមបាវ៉េ ​បាន​ប្រាប់VOAថា​ វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinopharm ​មិន​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​វិវត្ត​ថ្មី​របស់​អាហ្វ្រិក​ខាង​ត្បូង​ដែល​បាន​រាលដាល​ចូល​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​ទេ។

លោក​សង្ឃឹម​ថា​ស៊ីមបាវ៉េ នឹង​ទទួល​បាន​វ៉ាក់សាំង​ភ្លាមៗ​នៅ​ក្រោម​កម្មវិធី COVAX និង​សហភាព​អាហ្វ្រិក​ ដូច្នេះ​ប្រទេស​អាច​មាន​«វ៉ាក់សាំង​ល្បីៗ​ផ្សេង​ទៀត​ដែល​មាន​ទិន្នន័យ​ច្បាស់​លាស់»។

កាល​ពី​ថ្ងៃ​ច័ន្ទ លោក Guo Shaochun ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ស៊ីមបាវ៉េ បាន​ច្រាន​ចោល​ការ​មន្ទិល​សង្ស័យ​ណា​មួយ​អំពី​វ៉ាក់សាំង​ក្រុមហ៊ុន Sinopharm នៅ​ពេល​ដែល​ត្រូវ​បាន​សួរ​ដោយVOA។

លោក Guo ថ្លែងថា៖ «ខ្ញុំ​មិន​មែន​ជា​អ្នក​វិទ្យាសាស្ត្រ​ទេ ដូច្នេះ ខ្ញុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​គ្មាន​វិជ្ជាជីវៈ​នោះ​ទេ។ ក៏​ប៉ុន្តែ​ខ្ញុំ​ចង់​និយាយ​ថា​ វ៉ាក់សាំង​ចិន​បាន​បង្ហាញ​សុវត្ថិភាព​រួច​ហើយ»។

វេជ្ជបណ្ឌិត Elopy Nimele Sibanda គឺ​ជា​សាស្ត្រាចារ្យ​ផ្នែក​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នៅឯ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​នៃ​សាកល​វិទ្យាល័យ​ស៊ីមបាវ៉េ។

លោក​និយាយ​ប្រកប​ដោយ​សុទិដ្ឋិនិយម​ថា​ វ៉ាក់សាំង​របស់​ក្រុមហ៊ុនSinopharmនឹង​ជួយ​ស៊ីមបាវ៉េ​ បន្ទាប់ពី​ករណី​ជំងឺ​កូវីដ១៩​ឡើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​។

លោក​បាន​និយាយ​ថា៖«មាន​វ៉ាក់សាំង​ប្រសើរ​ជាង​អត់។ នេះ​ជា​ការ​សំខាន់។ យើង​នឹង​ដឹង​ពី​ប្រសិទ្ធភាព​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​នេះ​ហើយ។ យើង​នឹង​មិន​ដឹង​ពី​ប្រសិទ្ធភាព​របស់​វា​ទេ​ លុះត្រា​តែ​វ៉ាក់សាំង​នោះ​ត្រូវ​បាន​សាកល្បង​នៅ​ក្នុង​ប្រទេស​របស់​យើង។ យើង​មិន​បាន​ដឹង​អំពី​វ៉ាក់សាំង​របស់​សាកលវិទ្យាល័យ Oxford ទេ ហើយ​ថា​តើ​វា​មាន​ប្រសិទ្ធភាព​យ៉ាង​ដូចម្តេច​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ​រហូត​ទាល់តែ​ពួកគេ​បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ ពលរដ្ឋ​ជា​និច្ចកាល​មាន​បញ្ហា​ថា​តើ​វ៉ាក់សាំង​នោះ​មាន​ប្រសិទ្ធភាព​ឬ​ក៏​អត់»។

រដ្ឋាភិបាល​ស៊ីមបាវ៉េ ​និយាយ​ថា​ វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinopharm មាន​អត្រា​ប្រសិទ្ធភាព​ពី​ចន្លោះ​៧៦​ទៅ​៨៦ភាគរយ។

នៅ​ថ្ងៃ​ច័ន្ទ លោក​វេជ្ជបណ្ឌិត Robert Mudyirandima រដ្ឋលេខាធិការ​ស្តី​ទី​នៃ​ក្រសួង​សុខាភិបាល​នឹង​ធ្វើ​ការ​សាកល្បង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinopharm នៅ​សប្តាហ៍​នេះ​មុន​ពេល​ចាប់​ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ដោយ​មិន​គិត​ថ្លៃ​និង​ស្ម័គ្រចិត្ត​នៅ​ទូទាំង​ប្រទេស។

រដ្ឋាភិបាល​ស៊ីមបាវ៉េ​បាន​បញ្ជាក់​ថា ​ខ្លួន​មាន​គម្រោង​ចាក់​វ៉ាក់សាំង​ប្រជាពលរដ្ឋ​ចំនួន៦០ភាគរយ​នៃ​ប្រជាពលរដ្ឋ​ប្រហែល​១៤លាន​នាក់​នៅ​ក្នុង​ប្រទេស​ដោយ​សង្ឃឹម​ថា សហគមន៍​ទាំង​មូល​នឹង​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ហើយ៕

ប្រែសម្រួល​ដោយលោក ​ជឹង ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG