ក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានទទួលវ៉ាក់សាំងចិន Sinopharm ដំបូងគេ នៅព្រឹកថ្ងៃពុធនេះ ពេលដែលកម្ពុជាផ្ដើមពង្រាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាលើកដំបូង។
ក្រោមពន្លឺភ្លើងកាមេរ៉ាបាញ់ចាំងរាប់ភ្លេចដងក្នុងអគារវិទ្យាសាស្ត្រប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យកាល់ម៉ែត្រ កូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានតម្រង់ជួរឱ្យគ្រូពេទ្យបាញ់បញ្ចូលនូវវ៉ាក់សាំងផលិតដោយចិន ទៅក្នុងដៃស្ដាំរបស់ពួកគេម្នាក់ម្ដងៗ។
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោក ហ៊ុន សែន និងជាមេបញ្ជាការកងទ័ពជើងគោក បានក្លាយជាមនុស្សដំបូងគេដែលបានទទួលវ៉ាក់សាំងជាផ្លូវការ។
«សូមប្រជាពលរដ្ឋទាំងអស់ សូមជឿទុកចិត្ត បើមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលដែលសម្រេចចិត្តនិងមានការទុកចិត្តទៅលើវ៉ាក់សាំងដើម្បីយើងចាក់ការពារសុខភាពរបស់យើង និងសុខភាពសង្គមជាតិរបស់យើងនេះ សូមបងប្អូនទាំងអស់ជឿទុកចិត្តលើការចាក់វ៉ាក់សាំងនេះ»។
លោក ហ៊ុន សែន កាលពីថ្ងៃអាទិត្យបានថ្លែងថា ទោះលោកចាក់វ៉ាក់សាំង Sinopharm នេះមិនទាន់បាន ដ្បិតមានវ័យលើស៥៩ឆ្នាំ ដែលតម្រូវដោយវ៉ាក់សាំងនេះ ក៏កូនៗរបស់លោកនឹងចាក់មុន។
នាយករដ្ឋមន្ត្រីវ័យ៦៨ឆ្នាំរបស់កម្ពុជា បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា៖
«ច្បាស់ណាស់ថ្ងៃនេះកូនប្រុសរបស់ខ្ញុំបានទទួលវ៉ាក់សាំងមុនគេជំនួសអោយឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង»។
នៅមន្ទីរពេទ្យកាល់ម៉ែត្រកាលពីព្រឹកថ្ងៃពុធ ពេលអ្នកសារព័ត៌មានសួរទៅកាន់ លោក ហ៊ុន ម៉ាណែតថាការចាក់នេះជាការស្ម័គ្រចិត្ត ឬជាបញ្ជាពីលោក ហ៊ុន សែន ជាឪពុក លោក ម៉ាណែត ថ្លែងថា៖ «បើមិនស្ម័គ្រចិត្ត អត់មកទេ»។
វ៉ាក់សាំង Sinopharm របស់ចិន ត្រូវបានក្រុមហ៊ុនផលិតប្រកាសថា មានប្រសិទ្ធភាពក្នុងអត្រា ៧៩,៣៤% ក្នុងការសាកល្បងដំណាក់កាលទីបី (Phase 3) ដែលទិន្នន័យលម្អិតនៃការសិក្សានេះមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយ។
នៅពេលត្រូវបានវីអូអេសួរថា ភាគីចិនបានចែករំលែកទិន្នន័យនៃការសាកល្បងដំណាក់កាលទីបី (Phase 3) និងទិន្នន័យចាំបាច់នានា បានពេញលេញគ្រប់ជ្រុងជ្រោយ ជូនភាគីកម្ពុជាដែរឬទេអ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល មិនបានផ្ដល់ចម្លើយជាក់លាក់នោះទេ។
យ៉ាងណាក៏ដោយអ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ថាខាងភាគីកម្ពុជាបានពិចារណារួចរាល់អស់ហើយ មុននឹងមានការអនុញ្ញាតដាក់ឱ្យប្រើប្រាស់ជាបន្ទាន់តាំងពីសប្ដាហ៍មុន។
«ការសម្រេចរបស់យើងមិនមែន Compromise មិនមែនចេះតែធ្វើ ដោយមិនមានការសិក្សានោះទេ»។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ ដែលបានទទួលវ៉ាក់សាំង Sinopharm ដូសទីមួយរបស់ខ្លួននៅព្រឹកថ្ងៃពុធដែរនេះបានបន្ថែមថា៖
«មុននឹងមានការសម្រេច យើងមានការសិក្សារួចមកហើយ បើមិនអ៊ីចឹង ខ្ញុំអត់ហ៊ានចាក់ទេ អាហ្នឹងនិយាយឱ្យស្មោះត្រង់។ ឥលូវខ្ញុំចាក់រួចហើយ។ ហេតុអ្វីខ្ញុំហ៊ានចាក់ ព្រោះខ្ញុំបានសិក្សា ខ្ញុំបានមើល ហើយបញ្ហាវ៉ាក់សាំងនេះ គឺយើងបានសិក្សាទៅឃើញថាគេធ្វើល្អិតល្អន់ណាស់ មួយដំណាក់ៗៗ គេមានសិក្សារបស់គេត្រឹមត្រូវ មិនមែនគេចេះតែធ្វើទេ»។
លោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ដែលមកទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីព្រឹកថ្ងៃពុធដែរ បានលើកឡើងថា លោកទុកចិត្តលើលោក ហ៊ុន សែន រឿងវ៉ាក់សាំងនេះ។
«ទោះបីជាជនអគតិមួយចំនួនបានលើកឡើងបញ្ហាផ្សេងៗជុំវិញបញ្ហាវ៉ាក់សាំងយ៉ាងណាក៏ដោយ ក៏លោកនៅតែខិតខំប្រឹងប្រែងដើម្បីប្រជាពលរដ្ឋរបស់លោក។ ប៉ុន្តែប្អូនត្រូវចងចាំថាលោកបានរំដោះពួកយើងឲ្យរួចផុតពីការកាប់សម្លាប់ គ្មានទឡ្ហីករណ៍ណាដែលលោកសម្លាប់បងប្អូនប្រជាពលរដ្ឋខ្មែរនោះទេ។ នេះជាបញ្ហាមួយសំខាន់ត្រូវចាំជាប់ជានិច្ច»។
កាលពីពាក់កណ្ដាលខែមករា លោក ហ៊ុន សែន បានប្រកាសទទួលជំនួយវ៉ាក់សាំង Sinopharm មួយលានដូស ផ្ដល់ដោយរដ្ឋចិន ជាការផ្លាស់ប្ដូរជំហរដែលលោកប្រកាសកាលពីដំណាច់ខែធ្នូ ថាកម្ពុជាទទួលយកតែវ៉ាក់សាំងណាដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។
អ្នកស្រី ឱ វណ្ណឌីន បានថ្លែងកាលពីថ្ងៃច័ន្ទ ប្រាប់ពលរដ្ឋថា ពលរដ្ឋពុំគួរបារម្ភថាវ៉ាក់សាំង Sinopharm នេះ មានការទទួលស្គាល់ ឬអត់ពីអង្គការសុខភាពពិភពលោក តែគួរបារម្ភថាធ្វើដូចម្ដេចបានទទួលវ៉ាក់សាំង។
ការិយាល័យប្រចាំប្រទេសកម្ពុជានៃអង្គការសុខភាពពិភពលោកមិនបានឆ្លើយតបនឹងសារអេឡិចត្រូនិកសុំការបំភ្លឺរបស់វីអូអេនោះទេ ទៅលើសំណួរសំខាន់ៗ ដូចជាតើអង្គការនេះត្រូវបានមន្ត្រីកម្ពុជាសុំយោបល់ឬអត់ មុនពេលផ្ដល់ការអនុញ្ញាតប្រើប្រាស់បន្ទាន់នៃវ៉ាក់សាំង Sinopharm។
ការិយាល័យប្រចាំប្រទេសកម្ពុជានៃអង្គការសុខភាពពិភពលោក មិនបានបញ្ចេញជំហរអ្វីទេ តាំងពីទីក្រុងភ្នំពេញបានសម្រេចប្ដូរចិត្តមក។ អង្គការនេះបានធ្លាប់ព្រមានពី«ជាតិនិយមវ៉ាក់សាំង» នៃហានិភ័យសម្រាប់ប្រទេសក្រីក្រ ដែលដណ្ដើមទិញវ៉ាក់សាំងមិនទាន់ ឬមិនឈ្នះគេ។
ស្ថាប័នមន្ទីរពិសោធន៍សំខាន់ៗចំនួនពីរដែលទទួលបន្ទុកចម្បងក្នុងការធ្វើតេស្ដរកវីរុសកូវីដ១៩ និងចូលរួមក្នុងការប្រយុទ្ធឆ្លើយតបនឹងមេរោគនេះ រួមមានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) របស់ បារាំង និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) របស់រដ្ឋ។
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) បានបញ្ជាក់ប្រាប់វីអូអេថា ខ្លួនមិនបានពាក់ព័ន្ធនឹងដំណាក់កាល សម្រេចយល់ព្រមទទួលវ៉ាក់សាំង Sinopharm នោះទេ ដ្បិតខ្លួនទទួលបន្ទុកតែរឿងធ្វើតេស្ដ។
នាយកវិទ្យាស្ថានបាស្ទ័រកម្ពុជា អ្នកស្រី Laurence Baril បានសរសេរក្នុងសារអេឡិចត្រូនិកក្នុងន័យដើមថា៖
«មិនមានការចាំបាច់ក្នុងការពិគ្រោះជាមួយ IPC ទេព្រោះយើងមិនបានរួមចំណែកក្នុងដំណើរការផ្តួចផ្តើមនៃការចាក់វ៉ាក់សាំងនោះទេ ប៉ុន្តែយើងផ្តោតលើការធ្វើរោគវិនិច្ឆ័យ (ការធ្វើតេស្ត PCR) និងសកម្មភាពស្រាវជ្រាវដែលមិនទាក់ទងនឹងការឆ្លើយតបប្រតិបត្តិការនៃវ៉ាក់សាំង»។
លោកវេជ្ជបណ្ឌិត ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) ក៏មិនបានបញ្ជាក់នោះទេ ថាលោកទទួលបានព័ត៌មានទិន្នន័យអំពីវ៉ាក់សាំងយកមកសិក្សា មុនពេលរដ្ឋសម្រេចកាលពី ថ្ងៃទី០៦ ខែកុម្ភៈ ថាកម្ពុជាអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់។
ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត ឈា ឆវណ្ណ និយាយថាព័ត៌មានអំពីប្រតិកម្មថ្នាំវ៉ាក់សាំងជាក់លាក់របស់វ៉ាក់សាំងណាមួយ មិនមែនជាមូលហេតុតែមួយ ដើម្បីកំណត់ការប្រើប្រាស់ក្នុងករណីអាសន្ននោះទេ។
លោករដ្ឋមន្ត្រីការពារជាតិ ទៀ បាញ់ នៅរសៀលថ្ងៃពុធនេះ បានថ្លែងថា លោកបានទទួលវ៉ាក់សាំង Sinopharm នេះនៅមន្ទីរពេទ្យព្រះកេតុមាលា ដែលចាក់ដោយគ្រូពេទ្យចិនប្រចាំការនៅទីនោះ តាំងពីថ្ងៃទី២០ ខែមករា មុនពេលក្រសួងសុខាភិបាលប្រកាសអនុញ្ញាតឱ្យចាក់ទៅទៀត។
ថ្លែងនៅមន្ទីរពេទ្យយោធា រដ្ឋមន្ត្រីវ័យ៧៥ឆ្នាំរូបនេះ ប្រកាសថាទោះលើសអាយុដែលមានការធានាឱ្យចាក់ក៏ដោយ លោកបានទទួលវ៉ាក់សាំង Sinopharm ដោយ«មិនមានបញ្ហា» ហើយថាអ្នកក្រោមបង្គាប់លោកប៉ុន្មាននាក់ ក៏បានទទួលក្នុងពេលជាមួយគ្នាដែរ កាលពីខែមករា។
ក្រសួងការពារជាតិដែលទទួលបានវ៉ាក់សាំង៣០ម៉ឺនដូស នឹងដឹកវ៉ាក់សាំងនេះចាក់ជូនកងទ័ពតាមអង្គភាពនៅបណ្ដោយព្រំដែន នាពេលខាងមុខនេះ។ នេះបើយោងតាមលោក ទៀ បាញ់៕