ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធថា កាំភ្លើងធំដែលកងកម្លាំងរបស់លោកបានទទួលពីសម្ព័ន្ធមិត្តលោកខាងលិច «បានចាប់ផ្តើមដំណើរការយ៉ាងខ្លាំងក្លា» ហើយកំពុងជួយរារាំងកិច្ចប្រឹងប្រែងរបស់យោធារុស្ស៊ី។
លោក Zelenskyy បាននិយាយនៅក្នុងសុន្ទកថាជាវីដេអូពេលយប់ថា «ប្រសិទ្ធភាពជាក់លាក់របស់វា គឺពិតជាចាំបាច់។ ក្រុមប្រយុទ្ធការពាររបស់យើងបានវាយប្រហារគួរកត់សម្គាល់លើឃ្លាំង និងកន្លែងផ្សេងទៀតដែលសំខាន់សម្រាប់ការដឹកជញ្ជូនរបស់កងទ័ពរុស្ស៊ី ហើយវាកាត់បន្ថយយ៉ាងខ្លាំងនូវសក្តានុពលវាយលុករបស់កងទ័ពរុស្ស៊ី»។
លោកក៏បានសន្យាដណ្តើមកាន់កាប់ទឹកដីទាំងអស់របស់អ៊ុយក្រែនមកវិញ ខណៈរុស្ស៊ីជំរុញដណ្តើមយកតំបន់ Donbas នៅភាគខាងកើតប្រទេស។
លោក Zelenskyy បាននិយាយថា៖ «យើងកំពុងប្រយុទ្ធដើម្បីទឹកដីភាគខាងត្បូងនៅ Donbas ដើម្បីអ៊ុយក្រែនទាំងមូល។ ការប្រឈមមុខគ្នាដ៏ឃោរឃៅបំផុត គឺនៅទីនោះនៅជិតក្រុង Slovyansk និង Bakhmut។ យើងកំពុងប្រយុទ្ធដើម្បីតំបន់ Kharkiv ។ កងទ័ពរុស្ស៊ីមិនគួរគិតថា ពួកគេអាចនៅលើទឹកដីនេះបានយូរអង្វែងទេ ហើយឧត្តមភាពនៃកាំភ្លើងធំរបស់ពួកគេដល់ទីបញ្ចប់ហើយ»។
មន្ត្រីអ៊ុយក្រែននៅព្រឹកថ្ងៃពុធបានប្រាប់អ្នកស្រុកដែលនៅសេសសល់ក្នុងខេត្ត Donetsk ដែលជាផ្នែកមួយនៃ Donbas ឱ្យភៀសខ្លួនទៅកាន់តំបន់ដែលមានសុវត្ថិភាពជាង ខណៈរុស្ស៊ីបានបើកការវាយប្រហារថ្មីនៅទីនោះ។
លោក Pavlo Kyrylenko អ្នកគ្រប់គ្រងយោធាក្នុងតំបន់ Donetsk បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនថា៖ «រុស្ស៊ីបានប្រែក្លាយតំបន់ Donetsk ទាំងមូលទៅជាចំណុចក្តៅ ដែលគ្រោះថ្នាក់សម្រាប់ជនស៊ីវិលស្នាក់នៅ»។ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំសូមអំពាវនាវឲ្យអ្នករាល់គ្នាជម្លៀសចេញ។ ការជម្លៀសសង្គ្រោះជីវិត»។
រុស្ស៊ីបានកាន់កាប់ជាងពាក់កណ្តាលនៃខេត្ត Donetsk រួចហើយ បន្ទាប់ពីបាននិយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខ្លួនបានកាន់កាប់ខេត្ត Luhansk ទាំងស្រុង។ អភិបាលខេត្ត Luhansk លោក Serhiy Haidai នៃប្រទេសអ៊ុុយក្រែន បានច្រានចោលការអះអាងនេះកាលពីថ្ងៃពុធ ដោយនិយាយថា នៅមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅជុំវិញទីក្រុង Lysychansk។ កងកម្លាំងអ៊ុយក្រែនបានដកខ្លួនចេញពីទីក្រុងនេះកាលពីថ្ងៃអាទិត្យ ហើយមន្ត្រីអ៊ុយក្រែនបាននិយាយថា ជាចលនាយុទ្ធសាស្ត្រមួយដើម្បីជួយសង្គ្រោះកងទ័ពសម្រាប់ការប្រយុទ្ធនាពេលអនាគត។
លោក Haidai បានចោទកងកម្លាំងរុស្ស៊ីថា «ដុតនិងបំផ្លាញអ្វីៗទាំងអស់ពេលចូលមក»។ លោក Haidai បាននិយាយថា ពលរដ្ឋដល់ ១ ម៉ឺន ៥ ពាន់នាក់នៅក្នុងទីក្រុង Lysychansk ហើយប្រហែល ៨ ពាន់នាក់ រស់នៅក្នុងទីក្រុង Sievierodonetsk ក្បែរនោះ ដែលក្រុមយុទ្ធជនរុស្ស៊ី និងពួកបំបែកខ្លួនបានដណ្តើមយកកាលពីខែមុន។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា គោលដៅសំខាន់មួយនៃការលុកលុយរបស់លោកលើអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ គឺការគ្រប់គ្រងទាំងស្រុងលើតំបន់ Donbas ដែលភាគច្រើននិយាយភាសារុស្ស៊ី។
ប្រជាជនអ៊ុយក្រែនមួយចំនួនមិនព្រមចាកចេញពីខេត្ត Donetsk ប៉ុន្តែលោក Kyrylenko បាននិយាយថា មានតែមនុស្សប្រហែល ៣៤ ម៉ឺននាក់ប៉ុណ្ណោះនៃប្រជាជននៅមុនសង្គ្រាមជិត ១,៧ លាននាក់បន្តនៅទីនោះ។
អភិបាលក្រុងលោក Vadim Lyakh បាននិយាយថា មានតែមនុស្សប្រហែល ២ ម៉ឺន ៣ ពាន់នាក់ប៉ុណ្ណោះនៃប្រជាជនមុនសង្គ្រាមចំនួន ១០ ម៉ឺន ៧ ពាន់នាក់ បន្តនៅក្នុងទីក្រុង Sloviansk ដែលជាគោលដៅថ្មីបំផុតនៃការបាញ់ផ្លោងរបស់រុស្ស៊ី។
ការវាយប្រហាររបស់រុស្ស៊ីបានបង្កើនល្បឿននៃការជម្លៀសចេញ។ អាជ្ញាធរផ្លូវដែកអ៊ុយក្រែនបាននិយាយថា ខ្លួននឹងបន្ថែមរថភ្លើង ដើម្បីសម្រួលដល់ការជម្លៀសចេញ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានThe Associated Press, Reuters និង Agence France-Presse)