ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ពិចារណា​ផ្លាស់ប្តូរ​​តំណែង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន


ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ផ្តល់រង្វាន់ដល់កងទ័ពក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅសមរភូមិជួរមុខ ចំពេលមានការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅក្នុងតំបន់ Zaporizhzhia ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ផ្តល់រង្វាន់ដល់កងទ័ពក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅសមរភូមិជួរមុខ ចំពេលមានការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅក្នុងតំបន់ Zaporizhzhia ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ថា លោក​ពិចារណា​ផ្លាស់ប្តូរតំណែង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​ផ្សេងៗ​មិន​ត្រឹមតែ​នៅ​ក្នុង​វិស័យ​យោធា​ប៉ុណ្ណោះ​ទេ​ដើម្បី​តែងតាំង​មន្ត្រី​ល្អ​បំផុត​ឱ្យ​ដឹកនាំ​ប្រទេស​អ៊ុយក្រែន។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែល​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍ RAI របស់​អ៊ីតាលី​កាលពី​ថ្ងៃ​អាទិត្យ លោក Zelenskyy បាន​និយាយ​ថា «ការ​រៀបចំ​ឡើងវិញ​គឺ​ចាំបាច់»។ លោក​លើកឡើង​ដូច្នេះ​នៅ​ពេល​ដែល​លោក​ពិចារណា​ថាតើ​នរណា​អាច​ជា​មន្ត្រី​ល្អ​បំផុត​នៅ​ក្នុង​ការ​ដឹកនាំ​វិស័យ​ផ្សេងៗ​នៅក្នុង​ប្រទេស​អ៊ុយក្រែន។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​កំពុង​និយាយ​អំពី​ការ​ផ្លាស់ប្តូរ​តំណែង​ថ្នាក់ដឹកនាំ​រដ្ឋ​មួយ​ចំនួន​ធំ មិន​ត្រឹមតែ​នៅ​ក្នុង​វិស័យ​យោធា​ប៉ុណ្ណោះ​ទេ។ ខ្ញុំ​កំពុង​គិត​អំពី​ការ​ផ្លាស់ប្តូរ​តំណែង​នេះ … ដែល​ជា​សំណួរ​សម្រាប់​ការ​ដឹកនាំ​ទាំងមូល​លើ​ប្រទេស​អ៊ុយក្រែន»។

ពាក្យ​ចចាមអារ៉ាម​កំពុង​លេចឡើង​ថា លោក Zelenskyy ជិត​ដក​តំណែង​លោក​នាយ​ឧត្តមសេនីយ៍ Valerii Zaluzhnyi ដែលជា​មេបញ្ជាការ​យោធា​កំពូល​របស់​លោក។ បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters គេ​ឃើញ​ថា​លោក Zelenskyy និង​លោក Zaluzhnyi មាន​ការ​ខ្វែង​គំនិត​គ្នា​ទាក់ទិន​នឹង​ទិសដៅ​នៃ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន លោក Zelenskyy បាន​បន្ទោស​លោក Zaluzhnyi ថា​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​របស់​បស្ចិម​ប្រទេស​ថា សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​ឈាន​ដល់​ដំណាក់កាល​ថ្មី​នៃ​ការ​ពង្រេចពង្រឹល។

ប៉ុន្តែ ការ​ដក​តំណែង​លោក Zaluzhnyi ដែល​គេ​និយម​ហៅ​ថា «នាយ​ឧត្តមសេនីយ៍​ដែក» នេះ​អាច​ប៉ះពាល់​ដល់​ទឹកចិត្ត​ទាហាន​អ៊ុយក្រែន​ដែល​កំពុង​ប្រយុទ្ធ​នឹង​កងទ័ព​រុស្ស៊ី​ដែល​បំពាក់​ដោយ​សព្វាវុធ​ជាច្រើន​ដើម្បី​ឈរជើង​នៅ​តាម​ខ្សែ​បន្ទាត់​សមរភូមិ​ជួរមុខ​ប្រវែង​ជាង ១.០០០ គីឡូម៉ែត្រ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ លោក Zelenskyy បាន​ទៅ​សួរ​សុខទុក្ខ​ទាហាន​អ៊ុយក្រែន​នៅ​សមរភូមិ​ភាគ​អាគ្នេយ៍៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters។

XS
SM
MD
LG