មន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថា រុស្ស៊ីបានវាយប្រហារតាមអាកាសកាលពីយប់មិញសំដៅលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅក្នុងតំបន់ Odesa។
មន្ត្រីអ៊ុយក្រែនបានបន្ថែមថា រុស្ស៊ីបានប្រើដ្រូននៅក្នុងការវាយប្រហារលើកំពង់ផែនៅទន្លេ Danube។
អភិបាលតំបន់ Odesa លោក Oleh Kiper បានបញ្ជាក់តាម Telegram ថា អគារផលិតកម្មនិងអគារដឹកជញ្ជូនទំនិញបានរងការវាយប្រហារ និងថាឃ្លាំងស្រូវបានរងការខូចខាត។
លោក Kiper បានបន្ថែមថា មិនមានជនស៊ីវិលណាម្នាក់ស្លាប់ឬក៏រងរបួសនោះទេ។
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Oleksandr Kubrakov បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា គ្រាប់ធញ្ញជាតិនោះត្រូវបានបម្រុងទុកសម្រាប់អេហ្ស៊ីប និងរ៉ូម៉ានី។
លោកKubrakov បាននិយាយថា ការវាយប្រហារនេះបានធ្វើឱ្យខូចខាតដល់ស្ថានីយ និងឃ្លាំងគ្រាប់ធញ្ញជាតិជាច្រើន ហើយវាបានកាត់បន្ថយសមត្ថភាពនាំចេញរបស់កំពង់ផែនេះចំនួន១៥%។
យោធាអ៊ុយក្រែនបានលើកឡើងថា រុស្ស៊ីបានប្រើដ្រូន ២០ គ្រឿងវាយប្រហារលើអ៊ុយក្រែនកាលពីយប់ និងថាប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនអាចបាញ់ទម្លាក់ដ្រូនទាំងនោះចំនួន ៩ គ្រឿងដែលហោះកាត់ពីលើតំបន់ Odesa និងដ្រូន ២ គ្រឿងទៀតនៅតំបន់ Zaporizhzhia។
អាជ្ញាធររុស្ស៊ីបាននិយាយនៅថ្ងៃពុធនេះថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនបានសម្លាប់មនុស្ស ៣ នាក់នៅក្នុងតំបន់ Belgorod ដែលស្ថិតតាមព្រំដែនរវាងប្រទេសទាំងពីរ។
រុស្ស៊ីក៏បានបញ្ជាក់ផងដែរថា ដ្រូនរបស់អ៊ុយក្រែនមួយគ្រឿងបានធ្លាក់ចំអគារមួយកន្លែងនៅកណ្ដាលក្រុងមូស្គូ បន្ទាប់ពីត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបាញ់ទម្លាក់មក។
អភិបាលក្រុងមូស្គូលោក Sergey Sobyanin បាននិយាយថា អគារនោះកំពុងដំណើរការសាងសង់និងថាមិនមានករណីស្លាប់ឬក៏រងរបួសណាមួយទេ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។