មេដឹកនាំសហភាពអឺរ៉ុបបានស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដោយការក្រោកឈរយ៉ាងអធិកអធម ខណៈដែលលោកបានលើកករណីរបស់លោកដើម្បីជំរុញឱ្យមានអាវុធបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និងចាប់ផ្តើមការពិភាក្សាស្តីពីសមាជិកភាពសហភាពអឺរ៉ុបសម្រាប់ប្រទេសដែលហែកហួរដោយសង្រ្គាម។
ថ្លែងទៅកាន់សភាអឺរ៉ុបនៅទីក្រុងព្រុចសែល លោក Zelenskyy បានថ្លែងអំណរគុណដល់មេដឹកនាំសហភាពអឺរ៉ុបសម្រាប់ការបន្តផ្តល់ជំនួយដល់ប្រទេសរបស់លោក ហើយបាននិយាយថា អ៊ុយក្រែននឹងមានជ័យជម្នះក្នុងសង្គ្រាមនេះ ហើយនឹងក្លាយជាផ្នែកមួយនៃសហភាពអឺរ៉ុប។
ប្រធានសភាអឺរ៉ុបលោកស្រី Roberta Metsola បាននិយាយថា លោកស្រីគាំទ្រការអំពាវនាវរបស់ លោក Zelenskyy សម្រាប់ការគាំទ្របន្ថែមទៀត។
លោកស្រី Metsola បាននិយាយថា៖ «យើងដឹងពីការលះបង់ដែលប្រជាជនរបស់លោកបានស៊ូទ្រាំសម្រាប់អឺរ៉ុប ហើយយើងត្រូវតែគោរព មិនត្រឹមតែដោយពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពផងដែរ។ យន្តហោះដែលលោកត្រូវការដើម្បីការពារសេរីភាព គឺមានប្រទេសជាច្រើនហាក់នៅព្រងើយកន្តើយ»។
លោកស្រី Metsola បានអំពាវនាវឱ្យរដ្ឋជាសមាជិកសហភាពអឺរ៉ុបចាត់វិធានការ។
លោក Zelenskyy បានថ្លែងថា ដោយមានការគាំទ្រពីសម្ព័ន្ធមិត្ត ប្រជាជនអ៊ុយក្រែន «កំពុងការពារខ្លួនយើងប្រឆាំងនឹងកម្លាំងប្រឆាំងអឺរ៉ុបដ៏ធំបំផុតនៃពិភពលោកសម័យទំនើប»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ធ្វើដំណើរទៅកាន់ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នេះដើម្បីស្នើសុំសព្វាវុធបន្ថែមសម្រាប់ទប់ទល់ជាមួយនឹងការឈ្លានពានរបស់រុស្ស៊ី ហើយនឹងចាប់ផ្ដើមពិភាក្សាអំពីសមាជិកភាពរបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប។
លោក Zelenskyy អមដំណើរដោយប្រធានាធិបតីបារាំងលោក Emmanuel Macron។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ខុទ្ទកាល័យលោក Macron។
លោក Zelenskyy កំពុងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៣ ដើម្បីស្វែងរកការគាំទ្រពីសម្ព័ន្ធមិត្តនានានៅទ្វីបអឺរ៉ុប នៅពេលដែលខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីជិតចូលមកដល់។ មន្ត្រីអ៊ុយក្រែនបាននិយាយថា ពួកគេរំពឹងថារុស្ស៊ីនឹងដាក់ពេលវាយលុកថ្មីលើតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែននៅជុំវិញខួបមួយឆ្នាំនៃការឈ្លានពានរបស់ខ្លួនថ្ងៃទី ២៤ ខែកុម្ភៈ។
លោក Zelenskyy បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសកាលពីថ្ងៃពុធដើម្បីថ្លែងអំណរគុណដល់ប្រជាពលរដ្ឋចក្រភពអង់គ្លេសសម្រាប់ការគាំទ្ររបស់ពួកគេនៅក្នុងការតតាំងនឹងការឈ្លានពានជិតមួយឆ្នាំកន្លងមកនេះរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ហើយលោកបានព្យាករណ៍ថា អ៊ុយក្រែននឹងឈ្នះសង្គ្រាមនេះ។
លោក Zelenskyy ក៏បានចូលគាល់ព្រះមហាក្សត្រ Charles នៅព្រះរាជវាំង Buckingham ផងដែរ នៅក្នុងដំណើរទស្សនកិច្ចលើកទីពីររបស់លោកទៅបរទេសនេះតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនមក។ កាលពីខែធ្នូឆ្នាំមុន លោក Zelenskyy បានធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីជួបប្រធានាធិបតីអាមេរិកលោក Joe Biden និងថ្លែងទៅកាន់សភាអាមេរិក។
នៅពេលក្រោយមកកាលពីថ្ងៃពុធម្សិលមិញ លោក Zelenskyy បានជួបជាមួយនឹងប្រធានាធិបតីបារាំងលោក Macron និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។