ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា​លុប​បម្រាម​លក់​អាវុធ​ចោលចំពោះ​វៀតណាម​ដែល​ជា​អតីត​សត្រូវ​​


ប្រធានាធិបតីស.រ.អា លោក Barack Obama (L) ចូលរួមក្នុងសន្និសីទជាមួយប្រធានាធិបតីវៀតណាមលោក Tran Dai Quang នៅឯវិមានប្រធានាធិបតីទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៣ ឧសភា ២០១៦។
ប្រធានាធិបតីស.រ.អា លោក Barack Obama (L) ចូលរួមក្នុងសន្និសីទជាមួយប្រធានាធិបតីវៀតណាមលោក Tran Dai Quang នៅឯវិមានប្រធានាធិបតីទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៣ ឧសភា ២០១៦។

ប្រធានា​ធិបតី Tran Dai Quang ​នៃ​ប្រទេស​វៀត​ណាមបាន​ទម្លាយ​ព័ត៌​មាន​ដោយ​មិន​បាន​ត្រៀម​ទុក​ជាមុន​នៅឯ​សន្និសីទកាសែត​រួម​គ្នា​មួយ​ជាមួយ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ បារ៉ាក់ ​អូបាម៉ា​នៅ​ក្នុង​ទីក្រុង​ហាណូយ​បន្ទាប់​ពី​កិច្ចពិភាក្សា​ទ្វេភាគី​របស់​អស់លោក។ ​ប្រធានា​ធិបតី​វៀត​ណាម ​បាន​និយាយ​ថា​ ​សហរដ្ឋ​អាមេរិក​នឹង​លុប​ចោល​ការហាមឃាត់​ការលក់​អាវុធ​ដ៏យូរអង្វែង​លើ​ប្រទេសវៀត​ណាម។

លោក​ប្រធានា​ធិបតី Quang និយាយ​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាលក្រុង​ហាណូយ​បាន​ព្រម​ព្រៀង​គ្នា​ដើម្បី​ពង្រឹង​ភាព​ជាដៃគូឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដ៏​មាន​សារៈ​សំខាន់ក្នុង​ជំនួយ​ខាង​យោ​ធា ​ពាណិជ្ជកម្ម ​ការថែទាំ​សុខភាព​និង​ការ​ផ្លាស់​ប្តូរ​រវាងពលរដ្ឋ​និង​ពលរដ្ឋ។ លោកប្រធានា​ធិបតី Quang បាន​ស្វាគមន៍​ចំណាត់​ការ​នេះ​ថាជា​ទី​បញ្ចប់​ «ទំព័រ​ប្រវត្តិសាស្រ្ត​ដ៏​ការ​ឈឺ​ចាប់»។

នៅ​ពេលដែល​ដល់​វេន​លោក​ អូបាម៉ា​ ថ្លែង​ម្តង ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បាន​បញ្ជាក់​ពី​ព័ត៌មាន​នេះ​ថា ​«សហរដ្ឋ​អាមេរិក ​នឹង​លុប​ចោល​ទាំង​ស្រុង​នូវការហាម​ឃាត់​ការលក់​ឧបករណ៍​យោ​ធា​ទៅ​ឲ្យ​វៀត​ណាមដែល​ការ​រឹត​ត្បិត​នេះ​មាន​រយៈ​ពេល​អស់៥០​ឆ្នាំ‍»។ ​លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ទៀត​ថា «​ការលក​់អាវុធ​នេះ នៅ​តែ​ចាំបាច់ធ្វើ​ទៅ​តាម​តម្រូវការ​ដ៏​តឹងរ៉ឹង ​រួមមាន​តម្រូវការ​ខាង​សិទ្ធិ​មនុស្ស​ ​ក៏ប៉ុន្តែ ​ការ​ផ្លាស់​ប្តូរ​នេះ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​វៀត​ណាម ​មាន​ឧបករណ៍​ដែល​ខ្លួន​ត្រូវការ​ដើម្បី​ការពារ​ខ្លួនឯង‍»។

លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ទៀត​ថា​កាលពី​សតវត្សរ៍​មុនៗ​សហរដ្ឋ​អាមេរិក​និងវៀត​ណាម ​ធ្លាប់មាន​កិច្ច​សហប្រតិបត្តិការ​និង​ជម្លោះ ​ហើយ​ថា ​បន្ទាប់​ពី​ការ​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ជា​ប្រក្រតី​ភាព​ឡើង​វិញ​អស់​រយៈ​ពេល​ជាង​២​ទសវត្សរ៍មក ​ចំណង​ទាក់​ទង ​បាន​ឈាន​ដល់ពេល​វេលា​ដ៏​សំខាន់​មួយ។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ពួក​អ្នក​យក​ព័ត៌មាន​អំពី​ការ​ឈ្លាន​ពាន​របស់​ចិន​នៅ​ក្នុង​តំបន់​ដែលកាន់​តែ​កើន​ឡើង​ ​លោក​ប្រធានា​ធិបតី អូបាម៉ា មាន​ប្រសាសន៍​ថា ​ការ​សម្រេច​នោះ ​មិន​មែន​អាស្រ័យ​លើ​ចិន​នោះ​ទេ។​ លោក​ប្រធានា​ធិបតី ​មាន​ប្រសាសន៍​ទៀត​ថា ​ការ​សម្រេច​លុប​ចោល​ការ​ហាម​ឃាត់​ការលក់​អាវុធ​នោះ ​ពឹង​ផ្អែក​ទៅ​លើចំណង់​ដើម្បី​បញ្ចប់​ដំណើរ​ការ​ដ៏​យូរអង្វែង​ដែល​បាន​ចាប់ផ្តើម​កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន​ដោយ​អតីតយុទ្ធ​ជន​សង្គ្រាម​វៀត​ណាម​ជា​ច្រើន ​រួម​ទាំង​លោក John McCain ​អតីត​អ្នកទោស​សង្គ្រាម​និង​ជាសមា​ជិក​ព្រឹទ្ធ​សភាខាង​គណបក្ស​សាធារ​ណរដ្ឋ​ផង។

ប្រទេស​ចិន ​បាន​មាន​ប្រតិកម្ម​យ៉ាងប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​នេះ។ លោក​ស្រី Hua Chuying អ្នកនាំ​ពាក្យ​ក្រសួងការបរទេស​ចិន ​បាន​និយាយ​ថា ​«ក្នុង​ឋានៈ​ជា​ប្រទេស​ជិត​ខាង​វៀត​ណាម ​យើង​សូមស្វាគមន៍​ទំនាក់ទំនង​ជាប្រក្រតី​និង​ប្រកប​ដោយ​កិច្ច​សហប្រតិបត្តិការ​រវាងវៀត​ណាម​និង​ប្រទេស​ផ្សេងទៀត ​ហើយ​យើង ប្រាកដ​ជាសង្ឃឹម​ថា ​ការ​អភិវឌ្ឍ​នៃ​ទំនាក់​ទំនង​ទ្វេភាគី​នេះ គឺ​ដើម្បី​សន្តិភាព​និង​សន្តិសុខ​ក្នុង​តំបន់។

លោកស្រី មិន​បានធ្វើ​អត្ថាធិប្បាយ​ថាតើហេតុ​អ្វី​បាន​ជារដ្ឋាភិបាល​ទីក្រុង​ហា​ណូយ​ចង់ឲ្យ​លុប​ចោល​បម្រាម​ការលក់​អាវុធ​នោះទេ​ ​ដោយគ្រាន់​តែ​និយាយ​ថា ​អស់ ​លោក ​អ្នក​គួរ​សួរ​វៀត​ណាម​វិញ។ ​ការ​ដាក់​ទណ្ឌកម្ម​ការ​លក់​អាវុធ ​គឺ​ដោយសារ​ទប់​ស្កាត់​សង្គ្រាម​ត្រជាក់។ វា​មិន​គួរ​មាន​ទេ។ យើង​សង្ឃឹម​ថា​នឹង​មានទំនាក់​ទំនង​ជាប្រក្រតី​រវាងសហរដ្ឋ​អាមេរិក​និង​វៀតណាម។

ក៏ប៉ុន្តែ ​កាល​ពី​ថ្ងៃ​អាទិត្យ ​ទីភ្នាក់​ងារ​ព័ត៌មាន​ផ្លូវការ ស៊ីនហួនៃ​ប្រទេស​ចិន ​បាន​ចេញ​ផ្សាយ​បទ​វិចារណកថា​ដែល​និយាយ​ថា «ចំណាត់​ការដែល​មានការគិតគូរនេះ ​នឹង​បម្រើ​ផលប្រយោជន៍យុទ្ធសាស្ត្រ​ដល់​រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន​តែ​ប៉ុណ្ណោះ​នៅពេល​ដែល​សហរដ្ឋ​អាមេរិក ស្វះស្វែង​ធ្វើ​ឲ្យ​មាន​តុល្យភាព​ឡើង​វិញ​នៅ​ក្នុង​តំបន់​អាស៊ី​ ប៉ាស៊ី​ហ្វិក។

​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា ​មាន​ប្រសាសន៍​ថា ​សហរដ្ឋ​អាមេរិក​និង​វៀត​ណាម ​នៅមានការ​ខ្វែង​គំនិត​លើ​បញ្ហា​សិទ្ធិ​មនុស្ស ​ហើយ​ថាករណី​លក់​អាវុធ​ទៅ​កាន់​បុគ្គល​នីមួយៗ ​នឹង​ត្រូវ​ពិនិត្យ​ល្អិត​ល្អន់។ ក៏​ប៉ុន្តែ ​លោក​ប្រធានា​ធិបតី ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ពេលវេលា​មក​ដល់​ហើយ​សម្រាប់​លុប​ចោល​បម្រាម​ការលក់​អាវុធ​ទាំងស្រុងដោយ​ផ្អែក​លើ​ការ​ខ្វែង​គំនិត​ខាង​មនោគមវិជ្ជា។ លោក​ប្រធានា​ធិបតី ​បាន​លើក​ពី​កម្រិត​ថ្មី​នៃ​ការ​ទុក​ចិត្ត​និង​ការ​សន្ទនា​រវាងយោ​ធា​របស់​ប្រទេស​ទាំង​២ ​ហើយ ​បាន​បង្ហើបថា ​ប្រហែល​ជា​នឹង​មាន​នាវា​សហរដ្ឋ​អាមេរិកកាន់​តែច្រើន​ឡើង​មក​កំពង់ផែវៀត​ណាម​ «តាម​ការ​អញ្ជើញ​» របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ។

ការលុបចោល​ការ​ហាម​ឃាត់​ការ​លក់​អាវុធ​ប្រល័យជីវិត​ ​បាន​បណ្តាល​ឲ្យ​មាន​ការ​ឆ្លើយ​តប​យ៉ាង​ខ្លាំង​ពី​លោក Phil Robertson ​នាយករង​ទទួល​បន្ទុកកិច្ចការអាស៊ី​របស់​អង្គការឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) ​ថា ​«​នៅពេល​ដែល​លោក​ប្រធានា​ធិបតី ​អូបាម៉ា កំពុងលុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​ការ​លក់​អាវុធ​របស់​សហរដ្ឋ​អាមេរិក​ ​ក្រុម​អាជ្ញាធរ​វៀត​ណាម ជាប់​រវល់​ចាប់​ខ្លួន​លោក Doan Trang អ្នកកាសែត ​និ​ង​សកម្មជនសិទ្ធ​ិមនុស្សនិង​អ្នកសរសេរប្លុក ​ផ្សេងទៀត​នៅតាម​ផ្លូវ​និង​តាម​ផ្ទះ​រ​បស់​ពួកគេ។ ភ្លាម​ៗ​មួយ​រំពេច ​លោក​ប្រធានា​ធិបតី ​អូបាម៉ា ​បានទម្លាក់​ចោល​អ្វី​ដែល​នៅ​សេសសល់​នៃអានុភាព​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើងនូវសិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​វៀត​ណាម​ហើយ​មិនបាន​ទទួល​អ្វី​ទាល់​តែ​សោះ។

​មេដឹកនាំ​ទាំង​២ ក៏​បាន​ប្រកាស​ពី​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មថ្មី​ដែល​មាន​ទឹក​ប្រាក់​ចំនួន​១៦​ពាន់​លាន​ដុល្លារ​ផង​ដែរ៕

XS
SM
MD
LG