ក្នុងរយៈពេល៤១ឆ្នាំក្រោយការបញ្ចប់សង្គ្រាមមួយក្នុងបណ្តាសង្គ្រាមដែលនាំឲ្យមានការបែកបាក់គ្នាខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកាំង ក្រុមអ្នកជំនាញនិយាយថា ចំណងទាក់ទងគ្នារវាងស.រ.អា និងប្រទេសវៀតណាមមិនដែលជិតស្និទ្ធជាងពេលនេះទេ។ ជាការពិតជាក់ស្តែង មានការអំពាវនាវពីខាងក្នុងក្រសួងការពារប្រទេសស.រ.អា និងពីរដ្ឋាភិបាលក្រុងហាណូយសុំឲ្យលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាពង្រឹងការទាក់ទងគ្នាថែមទៀតដោយលុបចោលទាំងស្រុងការដាក់ទណ្ឌកម្មខាងអាវុធ ដែលមានរយៈពេលច្រើនទសវត្សរ៍មកហើយនោះ។
លោកអូបាម៉ាឋិតនៅក្នុងប្រទេសវៀតណាមដើម្បីបំពេញទស្សនកិច្ចបីថ្ងៃ។ លោកប្រធានាធិបតីមានអំណាចវៀងពីសភា ហើយលុបចោលដោយខ្លួនលោកផ្ទាល់នូវការហាមប្រាមខាងអាវុធប្រល័យជីវិតលើប្រទេសវៀតណាម។ ក៏ប៉ុន្តែមានសមាជិកសភាស.រ.អាម្នាក់ ដែលរដ្ឋបាលលោកចង់ឲ្យមានការគាំទ្រគឺលោក John McCain ប្រធានគណៈកម្មាធិការសេវាកម្មកងប្រដាប់អាវុធរបស់ព្រឹទ្ធសភាស.រ.អា។ លោក McCain បានឃើញដោយផ្ទាល់នូវការផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ ដែលជាសត្រូវនឹងគ្នានៅពេលមានសង្គ្រាម។
សមាជិកព្រឹទ្ធសភាស.រ.អាប្រចាំរដ្ឋ Arizona រូបនេះ និងជាបេក្ខជនប្រធានាធិបតីស.រ.អាខាងគណបក្សសាធារណរដ្ឋកាលពីឆ្នាំ២០០៨ជាអ្នកបើកយន្តហោះវ័យក្មេងម្នាក់នៃកងទ័ពជើងទឹកអាមេរិកាំងក្នុងសង្គ្រាមវៀតណាម។ យន្តហោះលោកបានត្រូវបាញ់ធ្លាក់ ហើយលោកបានចំណាយពេល៥ឆ្នាំកន្លះជាឈ្លើយសង្គ្រាមក្នុងក្រុងហាណូយដោយលោកបានទ្រាំទ្រនឹងការធ្វើទារុណកម្ម និងការមិនអើពើ។
ក៏ប៉ុន្តែទាហានជើងដែលបានទទួលមេដាយរូបនេះ គ្មានភាពជូរចត់អ្វីទេ សមដូចលោកបានមានប្រសាសន៍ប្រាប់វីអូអេនៅក្នុងសេចក្តីសម្ភាសន៍ផ្តាច់មុខមួយថា «ខ្ញុំយល់ថានៅពេលណាយើងធ្វើឲ្យមានការទាក់ទងគ្នាជាធម្មតាប្រក្រតីវិញ នោះនឹងមានការផ្សះផ្សាគ្នារវាងប្រទេសនិងប្រជាជនរបស់យើង។ មានបុគ្គលខ្លះដែលបានធ្វើបាបខ្ញុំនៅក្នុងគុក ដែលខ្ញុំសង្ឃឹមថា មិនឃើញពួកនេះទៀតទេ។ ក៏ប៉ុន្តែការណ៍នេះមិនកែប្រែមតិរបស់ខ្ញុំ ដែលថា ប្រជាជនវៀតណាមជាប្រជាជនអស្ចារ្យ និងជាមិត្តល្អ ហើយយើងត្រូវការពួកគេ ហើយពួកគេក៏ត្រូវការយើងដែរ។ ខ្ញុំឃើញអនាគតល្អត្រចះត្រចង់មួយនៅក្នុងការទាំក់ទងរបស់យើង ដោយមានសេចក្តីសង្ឃឹមលើការកែលម្អអំពីបញ្ហាសិទ្ធិមនុស្សផងដែរ»៕