ក្រុមអ្នកបោះឆ្នោតវ័យក្មេងអាមេរិកាំងគាំទ្រលោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យដែលមិនទាន់ត្រូវបានតែងតាំងផ្លូវការ ច្រើនជាងលោកប្រធានាធិបតី Donald Trump។ នេះបើយោងតាមទិន្នន័យនៃការស្ទង់មតិថ្នាក់ជាតិមួយ ដែលបានចេញផ្សាយកាលពីពេលថ្មីៗ។
ការស្ទង់មតិដែលបានចេញផ្សាយដោយកាសែត New York Times និងមហាវិទ្យាល័យ Siena កាលពីថ្ងៃពុធទី ២៤ ខែមិថុនា បានបង្ហាញថា លោក Biden នាំមុខលោក Trump ៣៤% ក្នុងចំណោមក្រុមអ្នកបោះឆ្នោតដែលបានចុះឈ្មោះរួចហើយ អាយុចន្លោះពី ១៨ ដល់ ៣៤ ឆ្នាំ។
បើធ្វើការប្រៀបធៀប កាលពីឆ្នាំ ២០១៦ នៅថ្ងៃបោះឆ្នោត អ្នកស្រី Hillary Clinton បានទទួលសំឡេងឆ្នោតគាំទ្រចំនួន ៥៥% ក្នុងចំណោមក្រុមអ្នកបោះឆ្នោតវ័យក្មេង ហើយលោក Trump ទទួលបានការគាំទ្រតែ ៣៧% ប៉ុណ្ណោះ ក្នុងចំណោមក្រុមជនទាំងនេះ ដែលធ្វើឲ្យអ្នកស្រី Clinton នាំមុខលោក Trump ចំនួន ១៨ ពិន្ទុ។
ជាសរុប ការស្ទង់មតិនេះបង្ហាញថា លោក Biden នាំមុខលោក Trump ១៤ ពិន្ទុ ដោយមានការនាំមុខខ្លាំងក្នុងចំណោមក្រុមអ្នកបោះឆ្នោតស្បែកខ្មៅ និង Hispanic។ លោក Trump នាំមុខលោក Biden ១៩ ពិន្ទុ ក្នុងចំណោមក្រុមអ្នកបោះឆ្នោតស្បែកសដែលមានការអប់រំកម្រិតក្រោមបរិញ្ញាប័ត្រ។
ចាប់តាំងពីការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីឆ្នាំ ២០១៨ មក និន្នាការបង្ហាញថាមានការកើនឡើងនូវការចូលរួមក្នុងការបោះឆ្នោតពីសំណាក់ក្រុមអ្នកបោះឆ្នោតវ័យក្មេង ការកើនឡើងនូវនិន្នាការរបស់ពួកគេក្នុងការបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យ។
លោក Richard Fry ដែលជាអ្នកស្រាវជ្រាវប្រជាសាស្ត្រនៅឯមជ្ឈមណ្ឌលស្រាវជ្រាវ Pew ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បញ្ជាក់ថា ការបោះឆ្នោតរវាងឆ្នាំ ២០១៤ និងឆ្នាំ ២០១៨ របស់ក្រុមអ្នកបោះឆ្នោតកើតចន្លោះដើមទស្សវត្សរ៍ ១៩៨០ និងចុងទស្សវត្សរ៍ ១៩៩០ បានកើនឡើងជិតពីរដង គឺពី ២២% ទៅ ៤២%។
៣០% នៃមនុស្សកើតចន្លោះឆ្នាំ ១៩៦៥ ដល់ឆ្នាំ ១៩៨០ ដែលមានសិទ្ធិបោះឆ្នោត បានទៅបោះឆ្នោតពាក់កណ្តាលអណត្តិជាលើកដំបូងក្នុងជីវិតរបស់ពួកគេ។ ហើយជាលើកដំបូងនៅក្នុងការបោះឆ្នោតពាក់កណ្តាលអណត្តិ ជាងពាក់កណ្តាលនៃក្រុមមនុស្សកើតចន្លោះចុងទស្សវត្សរ៍ ១៩៩០ និងដើមទស្សវត្សរ៍ ២០១០ បានរាយការណ៍ថាពួកគេធ្លាប់បានបោះឆ្នោត។ នេះបើយោងតាមការរាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew។
នៅក្នុងការបោះឆ្នោតពាក់កណ្តាលអណត្តិកាលពីឆ្នាំ ២០១៨ ពីរភាគបីនៃក្រុមអ្នកបោះឆ្នោតវ័យក្មេងអាយុពី ១៨ ទៅ ២៩ ឆ្នាំ បានគាំទ្របេក្ខជនខាងគណបក្សប្រជាធិបតេយ្យសម្រាប់អាសនៈក្នុងសភាដែលជាភាពខុសឆ្ងាយពីគ្នាខ្លាំងបំផុតខាងការគាំទ្រគណបក្សក្នុងរយៈពេល ២៥ ឆ្នាំ កន្លងមកនេះ។នេះបើយោងតាមមជ្ឈមណ្ឌលសម្រាប់ព័ត៌មាន និងការស្រាវជ្រាវអំពីការសិក្សានិងការចូលរួមខាងសិទ្ធិពលរដ្ឋ នៃសាកលវិទ្យាល័យ Tufts ក្នងរដ្ឋ Massachusetts៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ